អានតួអត្ថបទ
បេឡូរុស្ស៊ី

ពិធី​ឡើង​កាន់​តំណែង ក្នុង​ផ្ទៃ​នៃ​ទណ្ឌកម្ម​ពី​ខាង​បស្ចិម​លោក

ថ្ងៃនេះ លោក Alexandre Loukachenko ដែល​ជា​លទ្ធផល​នៃ​ការបោះឆ្នោត​ នា​ថ្ងៃ​១៩​ធ្នូ​កន្លង​ទៅ ត្រូវបាន​គ.ជ.ប.​ប្រកាស​ថា​​ ឈ្នះឆ្នោត​ជា​ថ្មី ទទួល​សច្ចា​ប្រណិធាន​ជា​លើក​ទី​៤ ​ឡើង​កាន់​តំណែង​កំពូល​ជា​ប្រធានាធិបតី​បេឡូរុស្ស៊ី សំរាប់​អាណត្តិ​៥​ឆ្នាំ​ទៅ​មុខ​ទៀត។ ប៉ុន្តែ​ពិធី​នេះ ប្រព្រឹត្ត​ទៅ​ក្នុង​ផ្ទៃ​នៃ​ទណ្ឌកម្ម​ អនុម័ត​ម្សិលមិញ​ដោយ​សភា​អឺរ៉ុប ទាំង​មាន​ការ​គាំទ្រ​ពី​ខាង​ស.រ.អា​ផង​ ទល់​នឹង​អំណាច​លោក Loukachenko។

លោក Alexandre Loukachenko ថ្ងៃទី ២០ ធ្នូ ២០១០
លោក Alexandre Loukachenko ថ្ងៃទី ២០ ធ្នូ ២០១០ AFP PHOTO/ SERGEI SUPINSKY
ផ្សាយពាណិជ្ជកម្ម

02:45

សេចក្តី​រាយការណ៍​របស់ កែវ ឆាយា ពីទីក្រុង​ម៉ូស្គូ

អគ្គរដ្ឋទូត​ទាំង ២៧​ប្រទេស​នៃ​សហភាព​អឺរ៉ុប ដែល​ធ្វើ​ពហិការ ចំពោះ​ពិធី​ឡើង​កាន់​អំណាច​ជា​ថ្មី​នៃ​លោក Loukachenko នាំ​គ្នា​ដក​ខ្លួន​មួយ​រយៈ​សិន​ចេញ​ពី​បេឡូរុស្ស៊ី ទៅ​កាន់​ប្រទេសលីទុយអានី នៅ​ជិត​ខាង។ ចំណែក​អគ្គរដ្ឋទូត​អាមេរិក ដែល​សាមគ្គី​ជាមួ​យ​អឺរ៉ុប គឺ​ដក​ខ្លួន​ទៅ​កាន់​ប្រទេស​ហ្ស័រហ្ស៊ី ជា​សម្ពន្ធមិត្ត។

ចំណែក​ អគ្គរដ្ឋទូត​ដែល​មាន​មុខ​ក្នុង​ពីធី​ទទួល​សច្ចាប្រណិធាន​នេះ គឺ​តំណាង​ឲ្យ​ប្រទេស​ប្លែកៗ ចំនួន​៣២ ក្នុង​នោះ​មាន​សហព័ន្ធ​រុស្ស៊ី​ផង។

ថ្លែង​ម្សិលមិញ នៅ​ទីក្រុង​ម៉ូស្គូ ក្នុង​សន្និសីទ​កាសែត​រួម​ជាមួយ​នាយក​រដ្ឋមន្ត្រី​បេឡូរុស្ស៊ី ដែល​មក​ធ្វើ​កិច្ចចរចា​ជុំវិញ​រឿង​ឧស្ម័ន​និង​ប្រេងកាត ដែល​រុស្ស៊ី​លក់​ទៅ​ឲ្យ​បេឡូរុស្ស៊ី លោក​ប្រមុខ​រដ្ឋាភិបាល​រុស្ស៊ី Poutine គូស​បញ្ជាក់​ថា ៖​ សភា​ឌូម៉ា​រុស្ស៊ី គ្មាន​គម្រោង​ចេញ​ជា​ឯកសារ​អ្វី​ណា​ពាក់ព័ន្ធ​នឹង​ទំនាស់​រវាង​សហភាព​អឺរ៉រុប និង បេឡូរុស្ស៊ី​ឡើយ។

បើនិយាយ​ពី សេចក្តី​សំរេច​អនុម័ត​ដោយ​សភា​អឺរ៉ុប​នោះ គឺ​ស្នើ​ទៅ​ក្រុម​ប្រឹក្សា​សហភាព​អឺរ៉ុប​ឲ្យ​ដាក់​ទណ្ឌកម្ម​ទល់​នឹង​រដ្ឋអំណាច លោក Loukachenko​ ក្នុង​ទម្រង់​បែប​យ៉ាង ៖
- កុំ​ចេញ​ទិដ្ឋាការ ដល់​មន្ត្រី​បេឡូរុស្ស៊ី ប្រមាណ ១០០​នាក់​ ក្នុង​នោះ​មាន​ពួក​អ្នក​ដឹកនាំ​ក្រសួង​មហាផ្ទៃ ក្រសួង​សន្តិសុខ ចៅក្រម រដ្ឋ​អាជ្ញា ជាដើម បូក​ទាំង​រូប លោក Loukachenko ផង ដែល​ជាប់​ឈ្មោះ​ប្រឡាក់​ក្នុង​ការ​ប្រើ​អំពើ​ហិង្សា​វាយ​ធ្វើ​បាប ហើយ​ចាប់​ដាក់​គុក​តែ​ម្តង​បេក្ខជន​ប្រធានាធិបតី​៧​នាក់​ខាង​បក្ស​ប្រឆាំង និង​ពួក​បាតុករ​រាប់​រយ​នាក់ ខាង​បក្ស​ប្រឆាំង ដែល​ហ៊ាន​តវ៉ា​ ដោយ​ចាត់ទុក​ជា​ការ​ក្លែងបន្លំ​សន្លឹក​ឆ្នោត​ទេ​តើ លទ្ធផល​នៃ​ការ​បោះឆ្នោត ដែល​ថា​លោក Loukachenko ឈ្នះ​ឆ្នោត​ដោយ​សំឡេង​គាំទ្រ​ដល់​ជិត ៨០% ស្អី​ណា។

-ខ្ទប់ កុំឲ្យ​ប្រើប្រាស់​ទៅ​កើត​លុយ​ដែល​ពួក​មន្ត្រី​បេឡូរុស្ស៊ី ទាំង​នោះ​មាន​នៅ​តាម​ធនាគារ​ប្រទេស​សហភាព​អឺរ៉ុប។

-ពិនិត្យ​សើ​រើ​ឡើង​វិញ​នយោបាយ​ចំពោះ​បេឡូរុស្ស៊ី បូក​ទាំង​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ផង។

គឺ​ថ្ងៃ​៣១​មករា​ខាង​មុខ ដែល​ក្រុម​ប្រឹក្សា​សហភាព​អឺរ៉ុប ក្នុង​សម័យ​ប្រជុំ​ជាន់​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស ទាំង​២៧​ប្រទេស​របស់​សហភាព​នេះ គ្រោង​អនុម័ត​យក​សេចក្តី​សំរេច​ដាក់​ទណ្ឌកម្ម​មែន​ទល់​នឹង​បេឡូរុស្ស៊ី។

ទណ្ឌកម្ម​បែប​នេះ​ធ្លាប់​បាន​ត្រូវ​សហភាព​អឺរ៉ុប​ដាក់​ម្តង​ទៅ​ហើយ ពី​ឆ្នាំ​២០០៦​ដល់​ឆ្នាំ​២០០៨ ទល់​នឹង​ពួក​មន្ត្រី​បេឡូរុស្ស៊ី ប៉ុន្តែ​កាលណោះ គឺ​តែ​៣៦​នាក់​ប៉ុណ្ណោះ។

ប្រតិកម្ម​ពី​ខាង​លោក Loukachenko វិញ គឺ​គាត់​ចោទ​ប្រទេស​ប៉ូឡូញ​និង​អាល្លឺម៉ង់ ថា​ជា​អ្នក​ផ្តល់​លុយ និង​ជា​មេ​ចាត់ចែង​បាតុកម្ម​ពួក​ប្រឆាំង​លើក​នេះ ដើម្បី​ធ្វើ​រដ្ឋ​ប្រហារ​នៅ​បេឡូរុស្ស៊ី។​ តាម​សំដី​គាត់ ភស្តុតាង​បែប​នេះ​បង្ហាញ​ដោយ​ពួក​បាតុករ​ដែល​បាន​ត្រូវ​ចាប់​ខ្លួន។
លោក Loukachenko ​ក៏​កំញើញ​ចាត់​វិធានការ​យ៉ាង​តឹង​រ៉ឹង​បក​វិញ ​ក្នុង​ករណី​បើ​សហភាព​អឺរ៉ុប ហ៊ាន​ដាក់​ទណ្ឌកម្ម​ជា​ថ្មី​ទល់​នឹង​ប្រទេស​គាត់។ គាត់​ថា គាត់​មិន​ធ្លាក់​ខ្លួន​ធ្វើ​ត្រុនៗ ចុះ​ញ៉ម នៅ​ពី​មុខ​សហភាព​នោះ​ឡើយ ឫ ក៏​នៅ​ពីមុខ​មហាអំណាច​ណា​ក៏ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ