រុស្ស៊ីចាប់កាត់បន្ថយបរិមាណឧស្ម័នដែលបង្ហូរទៅបេឡូរុស្ស៊ី
ទៅតាមការផ្ទុកផ្តាក់របស់លោកប្រធានាធិបតី រុស្ស៊ី Medvedev ក្រោយពីម៉ោង ១០ព្រឹកមិញផុតទៅ រយៈពេល ៥ថ្ងៃដែលបានត្រូវកំហិតទុកសំរាប់ភាគីប្យេឡូរុស្ស៊ី សងមករុស្ស៊ីនូវបំណុលដែលរដ្ឋប្យេឡូរុស្ស៊ី ជំពាក់ក្រុមហ៊ុនរដ្ឋរុស្ស៊ីខាងឧស្ម័ន Gazprom ក្នុងទឹកប្រាក់ ១៩២លានដុល្លារ ស.រ.អា. និងក្រោយពីកិច្ចចរចាជុំវិញសាច់រឿងដែលមានមកទល់ម៉ោងនោះ បានចប់ទៅ ដោយគ្មានលទ្ធផលទេ។ ទោះយ៉ាងណាក្តី កាត់បន្ថយបណ្តើរ កិច្ចចរចា នៅបន្តប្រព្រឹត្តទៅបណ្តើរ ទៅតាមអនុសាសន៍លោកប្រមុខរដ្ឋរុស្ស៊ី។
ចុះផ្សាយនៅថ្ងៃ៖
បទអន្តរាគមន៍របស់កែវ ឆាយាពីទីក្រុងម៉ូស្គូ
បេឡូរុស្ស៊ីធ្លាក់ខ្លួនជំពាក់បំណុលនេះ មកពីភាគីនេះនៅតែបន្តបង់មកឲ្យក្រុមហ៊ុនរុស្ស៊ី Gazprom តាមថ្លៃចាស់ដដែល គឺថ្លៃឧស្ម័នដែលមានកំណត់ទុកសំរាប់ឆ្នាំមុន ឆ្នា២០០៩ គឺត្រឹម ១៥០$/១.០០០ម៣ ប៉ុន្តែសំរាប់ឆ្នាំ ២០១០នេះ ថ្លៃនៃឧស្ម័នដែលរុស្ស៊ីលក់ទៅឲ្យ បេឡូរុស្ស៊ី គឺឡើងដល់ ១៦៩$ ទៅហើយក្នុង១.០០០ម៣។ ហេតុដែលធ្វើឲ្យបំណុលដែលបេឡូរុស្ស៊ីជំពាក់ក្រុងម៉ូស្គូ ឡើងដល់១៩២លានដុល្លារទៅហើយ។
បើបេឡូរុស្ស៊ី នៅតែរឹងត្អឹងបង់តាមថ្លៃចាស់ដដែល នោះទៅទល់ចុងឆ្នាំ ២០១០នេះ បំណុលនេះអាចឡើងដល់៥០០ ឬ ៦០០លានដុល្លារឯណោះ។ កំរិតនៃតម្លៃឧស្ម័ន មានចែងក្នុងកិច្ចព្រមព្រៀងចុះសំរាប់អំឡុងពេល ៥ឆ្នាំ រវាងរុស្ស៊ី និង បេឡូរុស្ស៊ី កាលពីយប់ថ្ងៃ ៣១ធ្នូឆ្នាំ ២០០៦ ហៀបឆ្លងចូលឆ្នាំ២០០៧។ ឯកសារដែលមានចុះសំរាប់ ៥ឆ្នាំនោះ ប្រមើលនូវរូបមន្ត ដែលចែងអំពីមេគុណនៃតម្លៃដែល បេឡូរុស្ស៊ីត្រូវបង់មកឲ្យរុស្ស៊ី គឺថា៖
-មុនដំបូង ក្នុងឆ្នាំ ២០០៧ គឺបង់តាមមេគុណ ០,៥៤ នៃតម្លៃ ១៨៧ដុល្លារកន្លះ ឬ ១០០ដុល្លារ ក្នុង ១.០០០ម៣
- បន្ទាប់មកក្នុងឆ្នាំ ២០០៨ មេគុណនេះឡើងដល់ ០,៦៧ ឫ ១២៥ដុល្លារ
- តមកទៀត ក្នុងឆ្នាំ ២០០៩ មេគុណនេះឡើងដល់ ០,៨០ ឬដល់ ១៥០ដុល្លារ
- ហើយក្នុងឆ្នាំ ២០១០នេះ មេគុណនេះ គឺក្នុងកំរិត ០,៩០ ទៅហើយ ឬដល់ ១៦៩ដុល្លារ
- លុះក្នុងឆ្នាំក្រោយ ឆ្នាំ២០១១ មេគុណនេះ នឹងឡើងដល់ ១,០គត់ ឬ ១០០% នៃតម្លែ
១៨៧ដុល្លារកន្លះ ក្នុង ១.០០០ម៣ ដែលម៉ូស្គូត្រូវលក់ទៅឲ្យបេឡូរុស្ស៊ី។
ឥរិយាបថដែលបេឡូរុស្ស៊ី ប្រកាន់ក្នុងរឿងបំណុលនេះគឺថា ខ្លួនឥតជំពាក់បំណុលរុស្ស៊ីអ្វីណា ទេ។ ផ្ទុយទៅវិញ គឺក្រុមហ៊ុនរុស្ស៊ី Gazprom ទេតើ ដែលជំពាក់បេឡូរុស្ស៊ី ដល់ទៅ២០០ លានដុល្លារចំពោះថ្លៃឈ្នួលបង្ហូរឧស្ម័នរបស់រុស្ស៊ីឆ្ពោះទៅបណ្តាប្រទេសសហភាពអឺរ៉ុប តាមបំពង់ដែលលូនឆ្លងកាត់ដែនដី បេឡូរុស្ស៊ី ទៅកាន់ប្រទេសបែបយ៉ាង ប៉ូឡូញ និង អាល្លឺម៉ង់ជាដើម។
ស្របនឹងកិច្ចព្រមព្រៀងចុះសំរាប់ ៥ឆ្នាំនោះ ថ្លៃឈ្នួលបង្ហូរនោះ មុនដំបូងមានកំណត់ ក្នុងតម្លៃ
១ ដុល្លារ៤៥សេន ចំពោះការបង្ហូរឧស្ម័នរុស្ស៊ី បរិមាណ ១.០០០ម៣ ទៅចម្ងាយ រាល់តែ ១០០គម។ ហើយថ្លៃឈ្នួលបង្ហូរនេះចេះតែកើនឡើង ជាបន្តបន្ទាប់ទៅដែរ លុះដល់ជិត ២ដុល្លារទៅហើយ។
ដូច្នេះ តាមយោបល់ទីក្រុងMinsk បើទូទាត់បំណុលដែលរុស្ស៊ីជំពាក់ បេឡូរុស្ស៊ីដែរ គឺរួចគ្នាទៅហើយ គ្មាននរណាជំពាក់នរណាទេ។ ប៉ុន្តែរុស្ស៊ី មិនទទួលស្គាល់ថា ខ្លួនជំពាក់បំណុលបេឡូរុស្ស៊ីឡើយ ពីព្រោះ បេឡូរុស្ស៊ីរុញច្រានចេញមកនូវការទាមទារនេះដោយគ្មានតឹកតាង អ្វីជាសំអាងសោះ។
ជាលទ្ធផលនៃកិច្ចចរចាជាបន្ទាន់ តាំងពីម៉ោង ៧ព្រឹកមិញមក បេឡូរុស្ស៊ីក៏សុខចិត្តសារភាព ទទួលស្គាល់ថា ខ្លួនជំពាក់បំណុលម៉ូស្គូ ១៩២លានដុល្លារមែន។ ប៉ុន្តែសុំសងបំណុលនេះ គឺដោយបញ្ជូនមកឲ្យរុស្ស៊ី ជាគ្រឿងម៉ាស៊ីន និងផលិតផលផ្សេងៗទៀត។ ចំណែកម៉ូស្គូ សុខចិត្តទទួលសំណងពីខាងបេឡូរុស្ស៊ី គឺតែជាលុយប៉ុណ្ណោះមិនមែនជាទំនិញទេ។ ម៉ូស្គូយោងលើ ទឡ្ហីករណ៍ដែលថា ៖ “ស្របនឹងច្បាប់រុស្ស៊ី បរទេសដែលជំពាក់បំណុលរុស្ស៊ីអាចបង់មកឲ្យ រុស្ស៊ី គឺតែជារូបិយវត្ថុបរទេសប៉ុណ្ណោះ ពុំនោះសោតទេ គឺវាផ្ទុយនឹងច្បាប់ដែលមាន”។
ម្យ៉ាងទៀត តាមដែលម៉ូស្គូប្រាកដក្នុងចិត្ត ភាគីបេឡូរុស្ស៊ី ពិតជាមានរូបិយវត្ថុបរទេសបែបនេះ សំរាប់សងមករុស្ស៊ី ដ្បិតរុស្សីពេលថ្មីៗ បានផ្ទេរប្រាក់ ៦២៥លានដុល្លារ ទៅឲ្យបេឡូរុស្ស៊ីទៅហើយ ចំពោះថ្លៃហ៊ុនចុងក្រោយក្នុងទំហំ ១២,៥% ពីក្នុងហ៊ុនទាំង៥០% នៃក្រុមហ៊ុនបង្ហូរឧស្ម័នរបស់រដ្ឋបេឡូរុស្ស៊ី ហៅថា BelTrangas ដែលធ្លាក់មកជាចំណែករបស់រុស្ស៊ី ក្នុងតម្លៃសរុប ២ពាន់ ៥រយលានដុល្លារ។
ជាបឋមគួរនិយាយថា ពីក្នុងបរិមាណឧស្ម័ន ១៤០-១៦០ពាន់លានម៣ ដែលរុស្ស៊ីលក់ទៅ សហភាពអឺរ៉ុប ក្នុង១ឆ្នាំៗ ២០% គឺបង្ហូរឆ្លងកាត់ដែនដីបេឡូរុស្ស៊ី។ បើដោយមកពីការកាត់បន្ថយលើកនេះ បេឡូរុស្ស៊ីស្រាប់តែខ្វះឧស្ម័នប្រើជាកំដៅ នោះគឺមុខជាបង្ខំចិត្តលួចបូមយកខ្លះៗ ពុំខាន នូវឧស្ម័នរបស់រុស្ស៊ីដែលបង្ហូរតាមបំពង់លូនកាត់ដែនដីបេឡូរុស្ស៊ី ទៅកាន់សហភាពនោះ។ ភាគីរុស្ស៊ីគូសបញ្ជាក់ហើយគូសបញ្ជាក់ទៀតថា ការកាត់បន្ថយបរិមាណឧស្ម័នសំរាប់បេឡូរុស្ស៊ី គឺនឹងពុំនាំជាផលវិបាកអ្វីណាទេ ដល់បណ្តាប្រទេស សហភាពអឺរ៉ុប ដែលទិញឧស្ម័នពីរុស្ស៊ី ដ្បិតរុស្ស៊ីនៅតែព្យាយាមបង្ហូរទៅសហភាពនោះ ឧស្ម័នខ្លួន ក្នុងបរិមាណពេញលេញ ដូចដែលមានចែងក្នុងកុងត្រាអ៊ីចឹង។
ទីក្រុងម៉ូស្គូបន្តដាស់សតិក្រុងMinskថា បើបេឡូរុស្ស៊ីនៅតែពុំព្រមសងបំណុលមករុស្ស៊ីទេ នោះរុស្ស៊ីនឹងតំឡើងការកាត់បន្ថយពី ១៥% នៅថ្ងៃនេះ លុះរហូតដល់ ៨៥% តែម្តង ទៅតាម ទំហំនៃបំណុលដែលបេឡូរុស្ស៊ីជំពាក់។ ចំណែក ឧស្ម័ន១៥% ដែលនឹងនៅតែត្រូវម៉ូស្គូ បង្ហូរទៅឲ្យបេឡូរុស្ស៊ីដដែល គឺវានឹងអនុញ្ញាតឲ្យបេឡូរុស្ស៊ី ទ្រទ្រង់ប្រព័ន្ធបង្ហូរឧស្ម័នរបស់ខ្លួន នៅអាចដំណើរការដដែលទំរាំដល់ពេលដែល ទីក្រុងMinsk សងមករុស្ស៊ីនូវបំណុលទាំងអម្បាលមាណ ដែលខ្លួនជំពាក់រុស្ស៊ី។
អាចរងគ្រោះមុនគេ គឺប្រទេសប៉ូឡូញដែលប្រើឧស្ម័នរុស្ស៊ីដល់ទៅ៥០% សំរាប់បំពេញដល់ តម្រូវការខ្លួន។ ប៉ុន្តែ ការអូសទាញទំនាក់ទំនងជាមួយប៉ូឡូ្ញញឲ្យធ្លាក់ក្នុងភាពស្មុគស្មាញ ដោយមកពីរឿងឧស្ម័ននេះ គឺវាឥតស្ថិតនៅឯណាក្នុងផែនការរបស់ទីក្រុងម៉ូស្គូ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ