អានតួអត្ថបទ
ចិន-រុស្ស៊ី

រុស៊្សី​ធ្វើ​សមយុទ្ធ​ជាមួយ​ចិន​ដើម្បី​រក្សា​ស្ថិរភាព​តំបន់

កងទ័ព​ជើងទឹក ចិន និង​រុស្ស៊ី​បាន​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​រួមគ្នា នៅថ្ងៃ​អាទិត្យនេះ នៅក្នុង​សមុទ្រ​លឿង។ សមយុទ្ធ​រួមគ្នា រយៈពេល​៦ថ្ងៃ (ពី​ថ្ងៃ ២២ ដល់ ២៧​មេសា) ធ្វើឡើង នៅក្នុង​ខណៈពេល​ដែល​ចិន កំពុងមាន​ជម្លោះដែនទឹក​ជាមួយ​ជប៉ុន ជុំវិញ​ប្រជុំកោះ​ស៊ិនកាគូ និង​ជម្លោះ​ជាមួយ​វៀតណាម និង​ហ្វីលីពីន ក្នុង​រឿង​ដណ្តើម​គ្រប់គ្រង​ប្រជុំកោះ​Paracels និង​Spratleysទ្រ នៅ​សមុទ្រ​ចិន​ខាងត្បូង។

ចិន​ និង​រុស្ស៊ី​រួម​គ្នា​ធ្វើ​សមយុទ្ធ​នៅក្នុង​សមុទ្រ​លឿង ដោយ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី ២២​ ដល់​ថ្ងៃ​ទី ២៧ មេសា
ចិន​ និង​រុស្ស៊ី​រួម​គ្នា​ធ្វើ​សមយុទ្ធ​នៅក្នុង​សមុទ្រ​លឿង ដោយ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី ២២​ ដល់​ថ្ងៃ​ទី ២៧ មេសា ©
ផ្សាយពាណិជ្ជកម្ម

 

រុស្ស៊ី និង​ចិន​បានចាប់ផ្តើម​ធ្វើ​លំហាត់សឹក​រួមគ្នា​បួនលើក​មកហើយ តាំងពីឆ្នាំ ២០០៥ ប៉ុន្តែ នេះ​ជា​លើក​ទីមួយ​ដែល​ប្រទេស​អតីត​គូសត្រូវ​ក្នុង​សម័យ​សង្រ្គាម​ត្រជាក់​ទាំងពីរ​បាន​ធ្វើសមយុទ្ធ​រួមគ្នា​ខាង​ផ្នែក​ជើងទឹក។ ក្នុង​សមយុទ្ធ​លើកនេះ ចិន​ប្រើនាវា​ចម្បាំង​១៦គ្រឿង និង​នាវា​មុជទឹក ២គ្រឿង ចំណែក​រុស្ស៊ី​វិញ​បាន​បញ្ជូន​នាវា​ចម្បាំង​៤គ្រឿង​របស់ខ្លួន ដែល​មាន​បីគ្រឿង ជា​នាវា​ពិឃាដ។

លំហាត់​សឹក​លើកនេះ​ផ្តោត​សំខាន់​លើ​ប្រតិបត្តិការ​រួមគ្នា​ដើម្បី​ការពារ​ផ្នែកអាកាស ​យុទ្ធសាស្រ្ត​ប្រឆាំង​នាវា​មុជទឹក​របស់​សត្រូវ និង​ការរុករក ជួយសង្រ្គោះ​កងម៉ារីន ក្នុង​ករណី​នាវា​ចម្បាំង​របស់ពួកគេ ត្រូវ​សត្រូវ​វាយប្រហារ។ កងម៉ារីន​ប្រទេស​ទាំងពីរ​សាកល្បង​ផងដែរ​ពី​វិធីសាស្រ្ត​ជួយរំដោះ​នាវា​ដែល​ពួកភេរវជន​ចាប់​ធ្វើ​ជា​ចំណាប់ខ្មាំង។

យោងតាម​អគ្គមេបញ្ជាការ​កងទ័ព​ចិន សមយុទ្ធ​ជើងទឹក​លើកនេះ​សំដៅ​ពង្រឹង​សហប្រតិបត្តិការ​យុទ្ធសាស្រ្ត និង​ការជឿទុកចិត្ត​គ្នា​ទៅវិញ ទៅមក​រវាង​រុស្ស៊ី និង​ចិន។ ខាង​ផ្នែក​យោធា ប្រទេស​ទាំងពីរ​បាន​ផ្លាស់ប្តូរ​ទំនាក់ទំនង​គ្នា​ជា​ញឹកញយ បើទោះ​ជា​រុស្ស៊ី​នៅ​ចោទ​ប្រកាន់​ចិន​ថា ជា​ចោរ​លួច​ចម្លង​យក​បច្ចេកទេស​របស់ខ្លួន ដើម្បី​ផលិត យន្តហោះ​ចម្បាំង​របស់ខ្លួន ឈ្មោះ Sukhoi។ កន្លងមក ចិន​ជា​អតិថិជន ទិញ​អាវុធ​ពី​រុស្ស៊ី។ ប៉ុន្តែ ការរីកចម្រើន​ទៅមុខ​ខាងផ្នែក​បច្ចេកវិទ្យា​របស់​ចិន​បាន​ធ្វើ​ឲ្យ​ចិន​ចេះ​ផលិត​អាវុធ​ខ្លួនឯង និង​លែង​សូវ​ពឹងផ្អែក​លើ​សព្វាវុធ​រុស្ស៊ី​ដូចមុន។

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​វិញ និយាយ​ថា សមយុទ្ធ​ដែល​មាន​ឈ្មោះ “សហ​ប្រតិបត្តិការ​​នៅ​សមុទ្រ ឆ្នាំ ២០១២” ត្រូវ​ចិន និង​រុស្ស៊ី ព្រមព្រៀង​គ្នា​តាំងពី​យូរណាស់មកហើយ ដើម្បី​ចូលរួម​រក្សា​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់។

សមយុទ្ធ​លើកនេះ​ធ្វើ​ឡើង នៅក្នុង​បរិបទ​មួយ​ដែល​ចិន កំពុងមាន​វិវាទ​ដែនទឹក​ជាមួយ ប្រទេស​ជិតខាង​នៅ​អាស៊ី។ ចិន​នៅ​ឈ្លោះ​ជាមួយ​វៀតណាម ហ្វីលីពីន និង​ប្រទេស​អាស៊ី​ផ្សេង​ទៀត នៅក្នុង​សមុទ្រចិន​ខាងត្បូង ដោយ​ភាគី​ជម្លោះ​ទាមទារ​ធ្វើ​ជា​ម្ចាស់​ប្រជុំកោះ Paracels និង​Spratleys​ដែល​សម្បូណ៍​ដោយ​ធនធាន​ធម្មជាតិ ត្រី ប្រេង និង​ឧស្ម័ន។

ជប៉ុន​វិញ​ដែល​មាន​ជម្លោះ​ទាំង​ជាមួយ​ចិន និង​រុស្ស៊ី រឿង​ដណ្តើម​កោះដែរនោះ មិន​សូវ​ខ្វល់ខ្វាយ ពី​សមយុទ្ធ​ចិន រុស្ស៊ី​លើកនេះ​ ប៉ុន្មាន​ទេ។ ប៉ុន្តែ យ៉ាងណា​ក៏​ដោយ​ ជប៉ុន​បាន​បង្ហាញ​ក្តី​បារម្ភ បន្ទាប់ពី​បាន​ឃើញ​ចិន ចេះ​តែ​ឈ្លានពាន​កាន់​តែញយ​ចូល​មក​ជិត​ប្រជុំ​កោះ​ស៊ិនកាគូ របស់​ជប៉ុន ចំណែក​រុស្ស៊ី​ឯណោះវិញ ឧស្សាហ៍​ធ្វើ​សមយុទ្ធ​នៅ​ជិត​ប្រជុំកោះ គូរីល​ដែល​មាន​កោះ​មួយ​ចំនួន ត្រូវ​ជប៉ុន​ចាត់ទុក​ជា​ទឹកដី​របស់ខ្លួន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ