អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ចិន​បង្កើន​ឥទ្ធិពល​នៅ​អាមេរិកឡាទីន​ដែល​ធ្លាប់ជា​ដែន​ឥទ្ធិពល​របស់​អាមេរិក

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រោយ​ពីបាន​ឡើង​កាន់តំណែង​ជា​ប្រធានាធិបតីចិន លោក​ស៊ី ជីនពីង បាន​ចេញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​តាម​បណ្តា​ប្រទេស និង​តំបន់ ដែល​ជា​អាទិភាព​នៃ​នយោបាយ​ការបរទេស​ចិន។ បន្ទាប់​ពី​រុស្ស៊ី និង​អាហ្វ្រិក គឺ​ដល់​តំបន់​អាមេរិក​ឡាទីន។ អាមេរិក​ឡាទីន ដែល​តាមទម្លាប់​ គឺ​ជា​ដែន​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក ក៏ប៉ុន្តែ ដែល​មើលទៅ ចិន​ក៏​កំពុងតែ​ស្វះស្វែង​បង្កើន​ឥទ្ធិពល​របស់​ខ្លួន​ដែរ។

លោក​ប្រធានាធិបតីចិន​ ស៊ី ជីនពីង ពេល​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​តំបន់​អាមេរិក​ឡាទីន
លោក​ប្រធានាធិបតីចិន​ ស៊ី ជីនពីង ពេល​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​តំបន់​អាមេរិក​ឡាទីន REUTERS/Andrea De Silva
ផ្សាយពាណិជ្ជកម្ម

ដំណើរទស្សនកិច្ច​របស់​លោក​ស៊ី ជីនពីង ទៅកាន់​ប្រទេស​ក្នុង​តំបន់​អាមេរិក​ឡាទីន តាំង​ពីថ្ងៃ​សុក្រ​មុនមកនោះ គឺ​ជា​សារ​បង្ហាញ និង​បញ្ជាក់​​អំពី​អាទិភាព​នៃ​នយោបាយ​ការបរទេស​ចិន ក្រោម​អាណត្តិ​របស់​លោក​។ ក៏ប៉ុន្តែ ចិន​មិនមែន​ទើប​តែ​ចាប់ផ្តើម​ចង់​បង្កើន​វត្តមាន​ នៅ​ក្នុង​តំបន់​អាមេរិកឡាទីន នៅ​ពេលនេះ​ទេ។

អស់រយៈពេល​ប្រមាណ​ជា ៥ឆ្នាំមកហើយ ដែល​គេ​សង្កេតឃើញ​ថា ចិន​ចាប់ផ្តើម​ពង្រីក​វត្តមាន​​របស់​ខ្លួន នៅ​អាមេរិក​ឡាទីន តាម​រូបភាព​ផ្សេងៗ​គ្នា ដោយ​ចាប់ផ្តើម​ពី​ការ​ពង្រីក​មុខជំនួញ ដើម្បី​ធានាការផ្គត់ផ្គង់​នូវ​ប្រភព​ធនធាន​មួយចំនួន រួមមាន ប្រេង និង​រ៉ែទង់ដែង ជាដើម។

ចាប់តាំង​ពី​ឆ្នាំ​២០១១មក ចិន​បាន​ក្លាយ​ទៅជា​ដៃគូ​ពាណិជ្ជកម្ម​​ដ៏ធំ​លំដាប់ទី២ របស់​អាមេរិកឡាទីន បន្ទាប់​ពី​សហរដ្ឋ​អាមេរិក។ ចិន​បាន​ចុះកិច្ចព្រមព្រៀង​ជាច្រើន ជាមួយ​នឹង​ប្រទេស​ក្នុង​តំបន​នេះ ជាពិសេស នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ធនធានធម្មជាតិ និង​ថាមពល។ បើ​យោងតាម​ទិន្នន័យ​របស់​រដ្ឋាភិបាល​ចិន កាលពីឆ្នាំ​២០១២​កន្លងទៅនេះ ការដោះដូរ​ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក​ឡាទីន បាន​កើនឡើង​ជាង ៨% បើ​គិត​ជា​ទឹកប្រាក់ គឺ​មាន​រហូតដល់​ទៅ ជាង ២៦១ពាន់លាន​ដុល្លារ។

អ្វី​ដែល​គួរ​ជា​ការ​កត់សម្គាល់ នៅ​ក្នុង​ពេល​ដែល​ការដោះដូរ​ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក​ឡាទីន​មាន​ការកើនឡើង ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​អាមេរិក​ឡាទីន ជាមួយ​សហរដ្ឋ​អាមេរិក​វិញ មាន​ការ​ធ្លាក់ចុះ ដែលជា​ការ​បង្ហាញ​ថា ទីផ្សារ​សម្រាប់​អាមេរិក នៅ​ក្នុង​តំបន់​អាមេរិក​ឡាទីន កំពុង​តែ​ប្រឈមមុខ​នឹង​ការ​វាយលុក​ពី​ចិន។ ហើយ​តំបន់​អាមេរិក​ឡាទីននេះ តាំង​ពីដើម​មក គឺ​ជា​ដែន​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក។

គេធ្លាប់​ឮ​ថា សហរដ្ឋ​អាមេរិក ក្រោម​អាណត្តិ​របស់​លោក​អូបាម៉ា ដាក់ចេញ​នូវ​យុទ្ធសាស្រ្ត​ថ្មីមួយ គឺ​បង្កើន​ឥទ្ធិពល នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ យុទ្ធសាស្រ្ត​នេះ​ធ្វើ​ឲ្យ​ចិន​មិន​សប្បាយចិត្ត ដោយ​ចិន​ចាត់ទុក​ថា តំបន់​អាស៊ី គួរ​តែ​ជា​ដែន​ឥទ្ធិពល​របស់​ចិន ហើយ​អ្វី​ដែល​អាមេរិក​កំពុង​ធ្វើ គឺ​ជា​យុទ្ធសាស្រ្ត​ឡោមព័ទ្ធ រាំងខ្ទប់​ឥទ្ធិពល​របស់​ចិន។

 
ដូច្នេះ ការ​ដែល​ចិន​ខិតខំ​ពង្រឹង​វត្តមាន​របស់​ខ្លួន នៅ​ក្នុង​តំបន់​អាមេរិក​ឡាទីន អាច​ជា​ការ​ឆ្លើយតប​ចំពោះ​អាមេរិក នៅ​ក្នុង​ន័យថា បើ​អ្នក​ចូល​មក​លុកលុយ​ដែន​ឥទ្ធិពល​របស់​ខ្ញុំ បង្កើន​វត្តមាន​មក​ដល់​ទ្វារ​របង​របស់​ខ្ញុំ ខ្ញុំ​ក៏​នឹង​ឈានជើង​ចូល​មក​ទ្វារ​របង​របស់​អ្នកឯងវិញ​ដែរ!

​ដើម្បី​បោះជំហាន​ចូល​មក​​ដល់​ដែន​ឥទ្ធិពល​របស់​អាមេរិក​នេះ ចិន​គ្មាន​​កម្លាំង​ទ័ព គ្មាន​អាវុធ​យុទ្ធភ័ណ្ឌ​ទំនើប គ្មាន​នាវាមុជទឹក ឬ​នាវាផ្ទុក​យន្តហោះ​សន្ធឹកសន្ធាប់​ដូចជា​សហរដ្ឋ​អាមេរិក​នោះទេ តែ​ចិន​មាន​អាវុធ​ដ៏សំខាន់​មួយផ្សេងទៀត គឺ​លុយ។ ចិន​មាន​លុយ មាន​សក្តានុពលខាង​ពាណិជ្ជកម្ម ដែល​អាច​ទាក់ទាញ​ប្រទេស​នៅ​តំបន់​អាមេរិក​ឡាទីននេះ​បាន ហើយ​បើ​តាមមើលទៅ អាវុធ​នេះ ក៏មាន​ប្រសិទ្ធិភាព​មិនចាញ់​មហាអំណាច​យោធា​អាមេរិក​ប៉ុន្មាន​នោះដែរ។

ជាក់ស្តែង​យើងសង្កេតឃើញ​ថា បណ្តា​ប្រទេស​នៅ​អាមេរិក​ឡាទីន ដែល​កាលពីមុន​មិនមាន​ទំនាក់ទំនង​ការទូត​ជាមួយចិន ដោយ​ពួកគេ​ទទួលស្គាល់​តែ​កោះតៃវ៉ាន់ ចាប់ផ្តើម​ងាកចេញ​ពី​តៃវ៉ាន់ មក​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួ​យចិន​វិញ​ម្តងមួយៗ។ ហើយ​នៅ​ក្នុង​ប្រទេស​ណា ដែល​ងាក​ចេញ​ពី​តៃវ៉ាន់​មក​រក​ចិនដីគោក គេ​ឃើញ​ថា ទំនាក់ទំនង​ការទូត​រវាង​ចិន និង​ប្រទេស​នោះ​ច្រើន​តែ​អភិវឌ្ឍ​ទៅ​ជា​ទំនាក់ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ថាមពល។

ថាមពល! ជាការពិតណាស់​ថា យុទ្ធសាស្រ្ត​របស់​ចិន នៅ​ក្នុង​តំបន់​អាមេរិក​ឡាទីន​នេះ មិនមែន​មាន​គោលដៅ​ត្រឹមតែ​ចង់​មក​ផ្គើន​អាមេរិក​ដល់​ទ្វារ​របង​អាមេរិក​នោះទេ។ ក៏ប៉ុន្តែ ចិន​​ក៏​សំឡឹង​មើលឃើញ​ផងដែរ​នូវ​ផលប្រយោជន៍​ជាក់ស្តែង ដែល​អាច​ទាញយក​ពី​តំបន់​នេះ​បាន ក្នុង​ចំណោម​នោះ គឺ​មាន​ធនធាន​ប្រេង។ ប្រេង ដែល​ចិន​កំពុង​តែ​ត្រូវការ​ខ្លាំង ជាមួយ​នឹង​កំណើន​សកម្មភាព​សេដ្ឋកិច្ច​យ៉ាង​លឿន​រហ័ស។ ហើយ​ប្រេង​ ដែល​មាន​ស្តុក​យ៉ាង​សម្បើម នៅ​ក្នុង​តំបន់​អាមេរិក​ឡាទីន ដូចជា វ៉េណេហ្ស៊ុយអេឡា ដែល​គេ​រកឃើញ​ថា ជា​ប្រទេស​ដែល​មាន​ស្តុក​ប្រេងឆៅ​ច្រើន​ជាងគេ​បំផុត នៅលើ​ពិភពលោក ពោលគឺ ច្រើន​ជាង​អារ៉ាប៊ីសាអ៊ូឌីត​ទៅទៀត។ ក្រៅពីវ៉េណេហ្ស៊ុយអេឡា ក៏នៅមាន​ប្រទេស​មួយចំនួន​ផ្សេងទៀត នៅ​ក្នុង​តំបន់​អាមេរិក​ឡាទីន ដែល​សម្បូរ​ធនធាន​ប្រេង ដូចយ៉ាង ម៉ិចស៊ិក ប្រេស៊ីល អាក្វាទ័រ កូឡុំប៊ី និង​អាហ្សង់ទីន​ ជាដើម។

ដូច្នេះ សរុបមកវិញ យុទ្ធសាស្រ្ត​របស់​ចិន​ដែល​​កំពុង​បង្កើន​ឥទ្ធិពល​នៅ​អាមេរិក​ឡាទីន អាច​មាន​គោលដៅពីរ។ ម្យ៉ាង ចូល​មក​បង្កើន​វត្តមាន នៅ​ក្នុង​តំបន់​ដែល​ជា​ដែន​ឥទ្ធិពល​អាមេរិក ដើម្បី​ជា​ការ​ឆ្លើយតប​ទៅនឹង​យុទ្ធសាស្រ្ត​របស់​អាមេរិក ដែល​កំពុង​តែ​បង្កើន​ឥទ្ធិពល​នៅ​អាស៊ី ដែល​ក្រុងប៉េកាំង​​យល់ថា​ជា​យុទ្ធសាស្រ្ត​ឡោមព័ទ្ធចិន។ គោលដៅ​មួយទៀត គឺ​គ្រប់គ្រង​តំបន់ ដែល​សម្បូរ​ទៅដោយ​ធម្មជាតិ ជាពិសេស ធនធានប្រេង ដែល​ចិន​កំពុង​តែ​ត្រូវការ​ខ្លាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ