បារាំងមានទឹកមាត់ប្រៃឡើងវិញ នៅក្នុងពិភពអារ៉ាប់
នៅថ្ងៃព្រហស្បតិ៍ទី១កញ្ញានេះ សន្និសីទអន្តរជាតិដែលគេប្រសិទ្ធនាមឲ្យថា«សន្និសីទនៃប្រទេសមិត្រ របស់លីប៊ី»ត្រូវរៀបចំធ្វើ នៅប៉ារីសប្រទេសបារាំង ក្រោមអធិបតីភាពរបស់លោកប្រធានាធិបតីសាកូហ្ស៊ី(Sarkozy)។ ប្រទេសចំនួនជិត៦០ រួមទាំងរុស្ស៊ីនិងចិនផង បានបញ្ជូនតំណាងរបស់គេមកចូលរួមក្នុងសន្និសីទនេះ។ ព្រឹត្តិការណ៍នេះ ស្តែងឲ្យឃើញនូវជ័យជំនះរបស់ការទូតបារាំង នៅក្នុងចលនាបដិវត្តន៍ប្រជាធិបតេយ្យអារ៉ាប់។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០៤:១៧
គឺជាជ័យជំនះមួយ ប្រកែកមិនបាន សម្រាប់ប្រទេសបារាំង សម្រាប់លោកប្រធានាធិបតីបារាំងNicolas Sarkozy និងសម្រាប់លោករដ្ឋមន្ត្រីក្រសួងការបរទេសបារាំង Alain Juppé។ មិនមែនជារឿងចៃដន្យទេ ដែលសន្និសីទនៃប្រទេសមិត្ររបស់លីប៊ីប្រព្រឹត្តទៅ នៅទីក្រុងប៉ារីស និងក្រោមអធិបតីភាពរបស់ប្រទេសបារាំង ពីព្រោះ ប្រទេសបារាំងជាអ្នកដើរតួនាទីសំខាន់ជាងគេតាំងពីដំបូងមក នៅក្នុងដំណោះស្រាយវិបត្តិលីប៊ី។
បារាំងជាអ្នកផ្តួចផ្តើមតុបតែងសេចក្តីសម្រេចចិត្តលេខ១៩៧៣របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីបើកដៃឲ្យវាយប្រហារតាមផ្លូវអាកាសទៅលើរបបKadhafi។ បារាំង និងអង់គ្លេសជាអ្នកអូសទាញលោកប្រធានាធិបតីអាមេរិកាំងObama ទៅក្នុងសង្គ្រាមលីប៊ី។ គឺបារាំងនិងអង់គ្លេសដែលជាអ្នកដឹកនាំប្រតិបត្តិការយោធារបស់អង្គការអូតង់ នៅលីប៊ី។ នេះជាចំណុចមួយវិសេសវិសាលណាស់ ដ្បិតមកទល់ពេលនេះឲ្យតែមានអន្តរាគមន៍យោធាអន្តរជាតិម្តងៗ ទោះជានៅអាហ្វហ្កានីស្ថានក្តី និងនៅក្នុងទ្វីបអឺរ៉ុបផ្ទាល់តែម្តងក្តី ដូចនៅបូស្នី ឬនៅកូសូវ៉ូជាដើម គឺសហរដ្ឋអាមេរិកជាអ្នកនាំមុខរហូត។
គេនៅចាំបានថា នៅដើមដំបូងនៃចលនាបដិវត្តន៍ប្រជាធិបតេយ្យក្នុងពិភពអារ៉ាប់ ការទូតបារាំងដូចមនុស្សខ្វាក់អ៊ីចឹង មើលសភាពការណ៍អត់ធ្លុះទេ។ ជាក់ស្តែង គឺឥរិយាបថហេងហាង និងការនិយាយប៉ាតណា ប៉ាតណី គ្មានដឹងខ្យល់អ្វីរបស់លោកស្រី Michèlel Alliot-Marieដែលកាលណោះជាប្រមុខការទូតបារាំង។ គាត់បានថ្លែងជាសាធារណៈថា ប្រទេសបារាំងចង់ជួយផ្តល់បទពិសោធន៍ទៅឲ្យអាជ្ញាធរទុយនីស៊ី ដើម្បីត្រួតពិនិត្យ និងខ្ទប់ចលនាបាតុកម្មកុំឲ្យរីករាលដាលធំបាន។
គេត្រូវរង់ចាំរហូតដល់ចុងខែកុម្ភៈ ក្រោយពេលដែលលោកAlain Juppé បានឡើងមកធ្វើរដ្ឋមន្រ្តីការបរទេសជំនួសលោកស្រីAlliot-Marie ទើបឃើញបារាំងតម្រែតម្រង់បានល្អឡើងវិញ នយោបាយការបរទេសរបស់ខ្លួន។ តាំងពីពេលនោះមក តាមរយៈសំដី និងទង្វើរបស់លោកAlain Juppé ប្រទេសបារាំងគាំទ្រពេញទំហឹងបដិវត្តន៍ប្រជាធិបតេយ្យ នៅគ្រប់ទីកន្លែងក្នុងពិភពអារ៉ាប់ និងថ្កោលទោសគ្រប់ការវាយបង្ក្រាបទៅលើពួកបាតុករ។ គឺនៅក្នុងបរិបទនេះហើយដែលបារាំងបានទទួលស្គាល់មុនគេបង្អស់ ក្រុមប្រឹក្សាជាតិអន្តរកាលCNTរបស់ពួកឧទ្ទាមលីប៊ី។ នៅថ្ងៃនេះ សូម្បីតែប្រទេសរុស្ស៊ីក៏យល់ព្រមទទួលស្គាល់CNTដែរ។ តាមមើលទៅ ប្រទេសចិនក៏នឹងច្បាស់ជាត្រូវបង្ខំចិត្តទទួលស្គាល់ពួកឧទា្ទមលីប៊ីដែរ នៅទីបំផុត។
លីប៊ីជាប្រទេសមួយសម្បូរទៅដោយប្រេងកាត មានប្រេងកាតច្រើនជាងគេបង្អស់នៅអាហ្វ្រិក ច្រើនជាងប្រទេសនីហ្សេរីយ៉ា និងប្រទេសអាល់ហ្សេរីទៅទៀត។ ក្នុងនាមជាប្រទេសដែលបានគាំទ្រពេញទំហឹងពួកឧទ្ទាមមុនគេបង្អស់ បារាំងទំនងជានឹងត្រូវទទួលផលចំណេញសេដ្ឋកិច្ចច្រើនជាងពីប្រទេសលីប៊ី ក្រោយសករាជKadhafi។ ជាក់ស្តែង ព័ត៌មានផ្តើមលេចឮឲ្យដឹងថា ៣៥%នៃប្រេងកាតទាំងស្រុងរបស់លីប៊ីនឹងធ្លាក់ទៅក្នុងដៃរបស់ក្រុមហ៊ុនបារាំងTotal៕
សរុបមកវិញ បារាំងដែលតែងតែចាត់ទុកអាហ្វ្រិកថា ជាដែនអំណាចរបស់ខ្លួនកំពុងយក សំណុំរឿងលីប៊ីមកធ្វើជាឈ្នាន់ ដើម្បីពង្រឹងវត្តមានរបស់ខ្លួននៅក្នុងទ្វីបនេះ។ ប៉ុន្មានឆ្នាំ ចុងក្រោយនេះ បារាំងបាត់បង់មិនតិចទេ ឥទ្ធិពលរបស់ខ្លួននៅអាហ្វ្រិក ដ្បិតចិន ឥណ្ឌា ប្រេស៊ីល ដែលសុទ្ធសឹងជាមហាយក្សដែលមានសេដ្ឋកិច្ចលូតលាស់ខ្លាំង បានដាក់ជើងមក ជាន់ទ្វីបនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ