អានតួអត្ថបទ
លីប៊ី-បារំាង

ការ​ស្ថាបនា​លីប៊ី​ថ្មី ក្រោយ​របប​កាដាហ្វី​កំពុង​បោះជំហាន​ទៅ​មុខ

សន្និសីទ​អន្តរជាតិ​ស្តីពី​ប្រទេស​លីប៊ី​ថ្មី​ដែល​រៀបចំ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១ កញ្ញា​ម្សិលមិញ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារំាង បាន​សម្រេច​បង្វែរ​ប្រាក់​របស់​កាដាហ្វី​ដែល​សហគមន៍​អន្តរជាតិ​បាន​បិទខ្ទប់​ទៅ​ឲ្យ​ក្រុមប្រឹក្សាជាតិអន្តរកាល​លីប៊ី ដែល​គេ​​ហៅ​កាត់​ថា CNT។ ក្រៅ​ពី​ដក​ប្រាក់​មួយ​ចំនួន​របស់​កាដាហ្វី​នៅ​បរទេស​ទៅ​ឲ្យ​រដ្ឋអំណាច​ថ្មី​លីប៊ី សន្និសីទ​ក៏​បាន​សម្រេច​ឲ្យ​អង្គការ​អូតង់​បន្ត​ប្រតិបត្តិការ​​របស់​ខ្លួន ដរាប​ណា​មនុស្ស​ខ្លាំង​កាដាហ្វី​នៅ​តែ​បង្ក​ជា​គ្រោះថ្នាក់​សម្រាប់​ប្រជាជន​លីប៊ី។ ចំណែក​លោក​ប្រធាន​ក្រុមប្រឹក្សាជាតិអន្តរកាល​លីប៊ី Moustapha Abdeljalil បាន​អំពាវនាវ​ប្រជាជន​លីប៊ី​ឲ្យ​ចូលរួម​រៀបចំ​ស្ថិរភាព សន្តិភាព និង​ការ​ផ្សះផ្សា​គ្នា។

លោក Moustapha Abdeljalil (រូបស្តំា) ប្រធាន​ក្រុមប្រឹក្សាជាតិអន្តរកាល​លីប៊ី និង​លោក​ប្រធានាធិបតី​បារំាង នីកូឡា សាកូហ្ស៊ី
លោក Moustapha Abdeljalil (រូបស្តំា) ប្រធាន​ក្រុមប្រឹក្សាជាតិអន្តរកាល​លីប៊ី និង​លោក​ប្រធានាធិបតី​បារំាង នីកូឡា សាកូហ្ស៊ី MIGUEL MEDINA / AFP
ផ្សាយពាណិជ្ជកម្ម

គឺ​ជា​មួយ​នឹង​រូបថត​ក្រុមគ្រួសារ​នៃ​បណ្តា​ប្រទេស​ជា​មិត្ត​របស់​លីប៊ី​ថ្មី និង​ទឹកប្រាក់​ប្រមាណ​ជា ១ម៉ឺន ៥ពាន់លានដុល្លារ ដែល​ក្រុមប្រឹក្សាជាតិ​អន្តរកាល​លីប៊ី​បាន​ទទួល​នៅ​ពេល​បិទ​បញ្ចប់​សន្និសីទ​អន្តរជាតិ​ស្តីពី​លីប៊ី​ថ្មី​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារំាង​នា​ថ្ងៃ​ព្រហស្បតិ៍ ទី១ កញ្ញា​ម្សិលមិញ។ សន្និសីទ​ដែល​ចូល​រួម​ដោយ​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល និង​តំណាង​អង្គការ​អន្តរជាតិ​សរុប ៦២នាក់។ សូម​ជម្រាបជូន​ថា ទឹកប្រាក់​ចំនួន ១ម៉ឺន ៥ពាន់​លានដុល្លារ​ដែល​ក្រុមប្រឹក្សាជាតិ​អន្តរកាល​លីប៊ី​បាន​ទទួល​ពេល​នេះ មិន​មែន​ជា​ប្រាក់​ជំនួយ​របស់​សហគមន៍​អន្តរជាតិ​ដើម្បី​ជួយ​កសាង​លីប៊ី​ថ្មី នៅ​ក្រោយ​កាដាហ្វី​ទេ តែ​ជា​ប្រាក់​របស់​កាដាហ្វី និង​មនុស្ស​ជំនិត​កាដាហ្វី​ដែល​បាន​លួច​បង្វែរ​ទុក​នៅ​ឯ​បរទេស សរុប​មាន​ប្រមាណ​ជា​ជាង ៥ម៉ឺនលានដុល្លារ។

រហូត​មក​ដល់​ពេល​បច្ចុប្បន្ន ប្រាក់​ទំាង​អស់​នេះ​ត្រូវ​បាន​សហគមន៍​អន្តរជាតិ​បិទខ្ទប់​មិន​ឲ្យ​របប​កាដាហ្វី​យក​ទៅ​ប្រើប្រាស់​ទេ។ លោក​ប្រធានាធិបតី​បារំាង នីកូឡា សាកូហ្ស៊ី​ដែល​បាន​ធ្វើ​ជា​អធិបតីភាព​នៃ​សន្និសីទ​នោះ​បាន​ថ្លែង​ថា ទឹកប្រាក់​ទំាង​អស់​ដែល​កាដាហ្វី និង​មនុស្ស​ជំនិត​របស់​កាដាហ្វី​បាន​លាក់​ទុក​នៅ​បរទេស នឹង​ត្រូវ​ប្រគល់​ទៅ​ឲ្យ​ប្រជាជន​លីប៊ី​វិញ។ ក៏​ប៉ុន្តែ ការ​គំាទ្រ​របស់​សហគមន៍​អន្តរជាតិ​ទំាង​ផ្នែក​ហិរញ្ញវត្ថុ និង​នយោបាយ​ចំពោះ​ក្រុមប្រឹក្សាជាតិអន្តរកាល​លីប៊ី​ត្រូវ​មាន​លក្ខខណ្ឌ នោះ​គឺ​របប​លីប៊ីថ្មី​ត្រូវ​តែ​ដើរ​តាម​គន្លង​លទ្ធិប្រជាធិបតេយ្យ។

នៅ​ត្រង់​ចំណុច​នេះ ក្រុមប្រឹក្សាជាតិអន្តរកាល​លីប៊ី​ហាក់​ដូច​ជា​បាន​យល់​យ៉ាង​ច្បាស់​ថា គេ​ត្រូវ​តែ​គោរព​តាម​ពាក្យ​សន្យា និង​ធានា​មិន​ឲ្យ​សម្ព័ន្ធមិត្ត​ខកចិត្ត​ទេ។ អ្វី​ដែល​សហគមន៍​អន្តរជាតិ​ចង់​បាន​ត្រលប់​វិញ​នោះ គឺ​សុំ​ឲ្យ​រដ្ឋអំណាចថ្មី​លីប៊ី​ផ្តើម​អនុវត្ត​នូវ​នយោបាយ​មួយ​ដែល​មាន​លក្ខណៈ​សន្តោសប្រណី និង​ការ​ផ្សះផ្សា។ សម្រាប់​លោកស្រី​ប្រមុខការទូត​អាមេរិក Hillary Clinton លោកស្រី​បាន​ស្នើ​រដ្ឋអំណាចថ្មី​លីប៊ី​ឲ្យ​បើក​យុទ្ធនាការ​ប្រយុទ្ធប្រឆំាង​នឹង​ក្រុម​ជ្រុលនិយម ពិសេស ក្រុម​ឧទ្ទាម​មួយ​ចំនួន​ដែល​គេ​សង្ស័យ​ថា ស្និត​នឹង​ក្រុម​អ៊ីស្លាមជ្រុលនិយម ឬ​ក្រុម​អាល់កៃដា។

ជា​ការ​ឆ្លើយ​តប លោក​ប្រធាន​ក្រុមប្រឹក្សាជាតិអន្តរកាល​លីប៊ី Moustapha Abdeljalil បាន​អំពាវនាវ​ប្រជាជន​លីប៊ី​ឲ្យ​ចូលរួម​រៀបចំ​ស្ថិរភាព សន្តិភាព និង​ការ​ផ្សះផ្សា​គ្នា។ អ៊ីចឹង​ឃើញ​ថា នៅ​ពេល​នេះ គេ​បាន​ទទួល​ត្រឹម​តែ​ពាក្យ​សន្យា​ប៉ុណ្ណោះ ចំណែក​ឯ​ការ​អនុវត្តន៍​ជាក់ស្តែង​យ៉ាងណា​នោះ គេ​នៅ​មិន​ទាន់​ដឹង​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ