អានតួអត្ថបទ
រុស្ស៊ី- លីប៊ី

ម៉ូស្គូ​ទើប​ប្រកាស​ទទួល​ស្គាល់​ក្រុម​ប្រឹក្សា​ជាតិ​អន្តរកាល នៅ​លីប៊ី

ក្នុងសេចក្តីថ្លែងការណ៍ ចេញព្រឹក​ថ្ងៃទី១​កញ្ញានេះ ក្រសួង​ការបរទេស​រុស្ស៊ី ចាត់ទុក ”ក្រុម​ប្រឹក្សា​ជាតិ​អន្តរកាល“ ជា​អំណាច​ស្របច្បាប់​តែ​មួយគត់ ដែល​ដំណើរការ នៅ​ប្រទេស​លីប៊ី។ តាម​ក្រសួង​ការបរទេស​រុស្ស៊ី ទីក្រុងម៉ូស្គូ ទទួល​ស្គាល់នេះ ដោយ​ឃើញ​ថា “ក្រុមប្រឹក្សា​ជាតិ​អន្តរកាល“ បាន​ប្រកាស ”កម្មវិធី​កំណែទម្រង់” ដែល​ប្រមើល តាក់តែង​ឡើង​រដ្ឋធម្មនុញ្ញ​ថ្មី ធ្វើការ​បោះឆ្នោត​សកល ដើម្បី​បង្កើត​រដ្ឋាភិបាល​ពេញ​លក្ខណៈ។

ប្រជាជន​លីប៊ី​ នៅ​ម៉ូស្គូ​អបអរ​ការដួល​រលំ​របប​កាដាហ្វី
ប្រជាជន​លីប៊ី​ នៅ​ម៉ូស្គូ​អបអរ​ការដួល​រលំ​របប​កាដាហ្វី ©Reuters
ផ្សាយពាណិជ្ជកម្ម

ក្រសួង​ការបរទេស​រុស្ស៊ី ក៏​រំលឹក​ថា រុស្ស៊ី ”មាន​ទំនាក់ទំនង​ការទូត​ជាមួយ​លីប៊ី តាំងពី​ថ្ងៃ​ទី​៤កញ្ញា ឆ្នាំ១៩៥៥ ជំនាន់​សហភាព​សូវៀត​ម៉្លេះ ហើយ​មិនដែល​បាន​ផ្តាច់ ទំនាក់ទំនង នេះម្តង​ណាឡើយ ដោយ​មិន​អាស្រ័យ តើ​រដ្ឋាភិបាល​ណា​បាន​កាន់អំណាច ក្នុង​ប្រទេស​លីប៊ី។

ក្រសួង​ការបរទេស​រុស្ស៊ី ក៏​សំដែង​នូវ​ជំនឿ​ជឿជាក់​ថា “រាល់តែ​សន្ធិសញ្ញា​ដែល​ក្រុងម៉ូស្គូ​បានចុះ កាល​ពី​មុន​ទៅហើយ ជាមួយ​ក្រុង​ទ្រីប៉ូលី មុខជា​នឹង​ត្រូវ ភាគី​លីប៊ី បំពេញ​យ៉ាង​ម៉ត់ចត់​ពុំខាន។

សេចក្តី​ថ្លែងការណ៍ ជាផ្លូវការ របស់​ទីក្រុង​ម៉ូស្គូ ដែល​សង្ឃឹម​ថា ភាគី​លីប៊ី មុខជា​នឹង​បំពេញ​តាម​រាល់​តែ​កិច្ច​ព្រមព្រៀង​ដែលមាន​ចុះ​ទៅហើយ ជាមួយ​រុស្ស៊ី ពិតជា ដក់​ជាប់ដោយ ប្រយោជន៍ ដែល​រុស្ស៊ី​ចិញ្ចឹមទុក នៅលីប៊ី។ ផលប្រយោជន៍​នេះ សណ្ឋិត​នៅ តាមមុខ​ព្រួញពីរ។ ទី១ គឺ រុស្ស៊ី​តែង​ទទួល​បានចំណូល យ៉ាង​ក្រាស់ក្រែល ពី​ការលក់​អាវុធ​ខ្លួន ទៅ​លីប៊ី។ គ្រាន់តែ កិច្ចសន្យា​ចុងក្រោយ ដែល​មិនទាន់​ចេញ​រូបរាង​បាន​រួច ដោយសារ សង្គ្រាម​បាន​ផ្ទុះឡើង នៅ​លីប៊ី គឺ​មាន​តម្លៃ​ជា​ទឹកប្រាក់៤.០០០​លានដុល្លារ​ឯណោះ។ ទី២-ក្រុមហ៊ុន​ប្រេងកាត និង​ឧស្ម័ន​របស់រុស្ស៊ី​ចំនួន ៣ អាចខាតបង់ អស់ជាច្រើន​រយលាន​ដុល្លារ ដែលខ្លួន​បានចំណាយ​ទៅហើយ ដើម្បី​ប្រកប​អាជីវកម្ម​ខ្លួន នៅលីប៊ី។

ដ្បិតក្រោយ​ពីទ័ព​ពួក​ឧទ្ទាម បាន​ចូល​កាន់កាប់​ក្រុង​ទ្រីប៉ូលីភ្លាម តំណាង​របស់​ក្រុមហ៊ុន​រដ្ឋលីប៊ី ខាងជីក​ប្រេងកាត Arabian Gulf Oil Company បាន​ថ្លែង​ព្រមាន​ថា ក្រុមហ៊ុន​នេះ នឹង​បន្ត​ធ្វើការ គឺតែ​ជាមួយ​ប្រទេស​ណា ដែលបាន​គាំទ្រ ដល់​ការផ្តួល​រំលំ របប​ផ្តាច់ការ Kadhafi បាន​ន័យ​ថា នឹង​បន្ត​សហការ តែ​ជាមួយ​ក្រុមហ៊ុន អ៊ីតាលី បារាំង អង់គ្លេស អាមេរិកាំង។ ប៉ុន្តែ ដំណឹងនេះ បន្ទាប់មក​បាន​ត្រូវ​ច្រានចោល​វិញ ដោយ “ក្រុមប្រឹក្សា​ជាតិ​អន្តរកាល” នៅលីប៊ី។

ចំណែក​រុស្ស៊ី​បាន​ត្រឹម​តែ​បញ្ចេញ​សំឡេង​អនុបវាទ ប្រៀបបាន លេងល្បែង ដោយ “ចាក់ខ្សែ” ប៉ុណ្ណោះ ដើម្បី​មិនខាត មិន​ចំណេញ គ្រាន់តែ​ស្រង់ដើម​បានវិញ ខុស​ពី​អ្នកហ៊ាន ចាក់ចំ “កៅឪ” ដែល​បើ​ចាក់ត្រូវ គឺ​ចំណេញ​កប់ក្តោង។

ការ​ដែល​រុស្ស៊ី នៅទីបំផុត ទទួល​ស្គាល់ ក្រុមប្រឹក្សា​ជាតិអន្តរកាល ជា​អំណាច​ស្របច្បាប់ នៅលីប៊ី ពីព្រោះ រុស្ស៊ីគ្មាន​ក្រឡា​ណា​ផ្សេង សម្រាប់​ដើរឡើយ ក្រោយពី​របបកាដាហ្វ៊ី ដួល រលំទៅ។ នេះបើទោះបី​ជា​រុស្ស៊ី ខំព្យាយាម​ឲ្យ​ស្ថានទូត​ខ្លួន នៅបន្ត​ដំណើរការ​ជាប់នឹង​របបនេះ​ក្តី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ