អានតួអត្ថបទ
ចិន

ប៉ូលិស​ចិន​នឹង​ឡើង​ឆែកឆេរ​ទូក​បរទេស​ដែល​ចូល​ក្នុង​ដែនសមុទ្រ​ជាប់​ជម្លោះ

ប៉ូលិស​មូលដ្ឋាន​ នៅ​ខេត្ត​ប៉ែក​ខាង​ត្បូង​ប្រទេស​ចិន ត្រូវ​បាន​ផ្តល់​សិទ្ធិអំណាច​ឲ្យ​ឡើង​ឆែកឆរ​ទូក​បរទេស​ទាំងឡាយណា ដែល​​​ចូល​មក​ក្នុង​​​សមុទ្រ​ចិន​ខាង​ត្បូង​ ដែល​ចិន​ចាត់ទុក​ថា​ជា​ដែន​ទឹក​របស់​ខ្លួន។ នេះ​បើយោងតាម​កាសែត​ផ្លូវការ​របស់​រដ្ឋចិន ដែល​បាន​ចុះផ្សាយ នៅថ្ងៃ​ពុធ​នេះ។ វិធានការ​នេះទំនង​ជា​នឹង​ធ្វើ​ឲ្យ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​មាន​សភាព​កាន់តែ​តានតឹង​ខ្លាំងឡើង​ថែម​ទៀត។

តំបន់​ដែល​ចិន​ទាមទារ នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង (ខ្សែបន្ទាត់ក្រហម)
តំបន់​ដែល​ចិន​ទាមទារ នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង (ខ្សែបន្ទាត់ក្រហម)
ផ្សាយពាណិជ្ជកម្ម

យោងតាម​កាសែត China Daily បទបញ្ជាថ្មី ដែល​នឹង​ចាប់ចូល​ជាធរមាន នៅថ្ងៃ​ទី១មករា ឆ្នាំ​២០១៣​ខាងមុខនេះ ផ្តល់​សិទ្ធិ​អំណាច​ដល់​ប៉ូលិស​មូលដ្ឋាន ក្នុង​ខេត្ត​ហៃណាន (Hainan) ឲ្យ​ឡើង​ឆែកឆេរ និង​រឹបអូស​ទូកបរទេស​ទាំងឡាយណា ដែល​ “ចូល​ដោយ​ខុសច្បាប់” ក្នុង​ដែនទឹក​របស់​ចិន។ ដែនសមុទ្រ ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ចិន​ចាត់ទុក​ថា​ជាដែនទឹក​របស់​ខ្លួន​នេះ កំពុង​ជាប់មាន​ជម្លោះ​ជាមួយ​ប្រទេស​​មួយចំនួន ដែល​ជា​សមាជិក​អាស៊ាន។

កាសែត China Daily ក៏​បាន​ផ្សាយ​ឲ្យដឹង​ផងដែរ​ថា រដ្ឋាភិបាល​ចិន​គ្រោង​នឹង​បញ្ជូន​កប៉ាល់​ល្បាត​ដែន​សមុទ្រ​ជាច្រើន​គ្រឿង​បន្ថែម​ទៀត ឲ្យ​ទៅ​ល្បាត​ក្នុង​សមុទ្រ​ចិនខាងត្បូង។

វិធានការ​ថ្មីនេះ ទំនង​ជា​នឹង​ធ្វើ​ឲ្យ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​មាន​ភាព​តានតឹង​កាន់តែ​ខ្លាំងឡើង​ថែមទៀត បន្ថែម​ពីលើ​រឿង​​ចិន​បោះផែនទី​ជាប់ជម្លោះ នៅលើ​លិខិតឆ្លងដែន​ថ្មី។ គួររំឭកឡើងវិញថា លិខិតឆ្លងដែន​ថ្មី​របស់​ចិន​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​តវ៉ា​យ៉ាងខ្លាំងក្លា​ពី​សំណាក់​ប្រទេស​ជាប់ជម្លោះ ទាំង​ឥណ្ឌា ដែល​ជាប់ជម្លោះ​ព្រំដែន​គោក ទាំង​វៀតណាម និង​ហ្វ៊ីលីពីន ដែល​ជាប់ជម្លោះ​ដែនទឹក​ ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ ក្រៅពី​បាន​ផ្ញើ​កំណត់​ទូតតវ៉ា​ ប៉ូលិស​ព្រំដែន​​វៀតណាម និង​ហ្វ៊ីលីពីន​បាន​បដិសេធមិនបោះត្រា​លើ​លិខិតឆ្លងដែន​ថ្មីនេះ។ ចំណែក​ឥណ្ឌា​វិញ បាន​ប្រើ​ផែនទី​ខ្លួនឯង​ធ្វើជាត្រា ដើម្បី​បោះលើ​លិខិតឆ្លងដែន​ចិន​ដ៏​ចម្រូងចម្រាស​នេះ។ ឥណ្ឌូណេស៊ី និង​សហរដ្ឋ​អាមេរិក​ក៏​បាន​រិះគន់​​ដែរ ចំពោះ​ការ​គូសផែនទី​ជាប់ជម្លោះ លើ​ទំព័រ​លិខិតឆ្លងដែន​ថ្មី​របស់​ចិន​នេះ។

នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ដែរ ហ្វ៊ីលីពីន​បាន​ចេញមុខ​តវ៉ា​សាជាថ្មី​ទៀត ទាមទារ​ឲ្យ​ចិន​ដក​នាវារបស់​ខ្លួន​ចេញ​ពី​តំបន់​ជម្លោះ។ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ហ្វ៊ីលីពីន​បាន​អះអាង​ថា ហ្វ៊ីលីពីន​បាន​សុខចិត្ត​ដក​នាវា​ចេញ​ពី​តំបន់​ជម្លោះ​នេះ​ តាំង​ពី​ដើមខែមិថុនា​ម៉្លេះ ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង ដោយ​រដ្ឋាភិបាល​ចិន​បាន​សន្យា​ថា​នឹង​ដក​នាវា​របស់​ខ្លួន​ចេញ​ដែរ។ ក៏ប៉ុន្តែ រហូតមកទល់ពេលនេះ ជិត ៦ខែ​ហើយ នាវា​ទាំង ៣គ្រឿង របស់​រដ្ឋាភិបាល​ចិន​ នៅតែ​បន្ត​ស្ថិត​នៅ​ក្នុង​តំបន់​ជម្លោះ​ដដែល។

យើងសង្កេតឃើញ​ថា នៅ​ក្នុង​ចំណោម​ប្រទេស​ជាប់ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ហ្វ៊ីលីពីន ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក គឺ​ជា​ប្រទេស​ដែល​បាន​ចេញមុខ​តវ៉ា​ទល់​ជាមួយ​ចិន​ខ្លាំងជាងគេ ជាពិសេស នៅ​ក្នុង​អំឡុង​កិច្ចប្រជុំ​អាស៊ាន និង​អាស៊ីបូព៌ា ដែល​មាន​ចិន និង​អាមេរិក​​ចូលរួម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ