អានតួអត្ថបទ
សមុទ្រចិនខាងត្បូង

វៀតណាម​បដិសេធ​មិន​បោះត្រា​លើ​លិខិតឆ្លងដែន​ចិន​ដែល​មាន​ផែនទី​ជាប់​ជម្លោះ

ប៉ូលិស​ព្រំដែន​វៀតណាម​បាន​ឲ្យដឹង​នៅថ្ងៃ​អង្គារ​នេះ​ថា ពួកគេ​បាន​បដិសេធ​មិន​បោះត្រា​លើ​លិខិតឆ្លងដែន​ថ្មី​របស់​ចិន ដោយសារ​តែ​នៅលើ​លិខិត​ឆ្លងដែន​នេះ​មាន​រូបផែនទី សមុទ្រ​ចិន​ខាង​ត្បូង​ដែល​កំពុង​ជាប់ជម្លោះ។ លិខិតឆ្លងដែន​ដ៏ចម្រូងចម្រាសនេះ​ក៏​បាន​បង្ក​ឲ្យ​មាន​ការតវ៉ា​ផងដែរ​ពី​សំណាក់​ហ្វ៊ីលីពីន និង​ឥណ្ឌា។

ផែនទី​នៅលើ​ទំព័រ​ទី៨ នៃ​លិខិតឆ្លងដែន​ចិន ដែល​បង្ក​បញ្ហា​ចម្រូងចម្រាសជាមួយ​ប្រទេស​ជិតខាង
ផែនទី​នៅលើ​ទំព័រ​ទី៨ នៃ​លិខិតឆ្លងដែន​ចិន ដែល​បង្ក​បញ្ហា​ចម្រូងចម្រាសជាមួយ​ប្រទេស​ជិតខាង REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

វៀតណាម​បាន​អះអាង​ថា លិខិតឆ្លងដែន​អេឡិចត្រូនិក​ ដែល​រដ្ឋាភិបាល​ចិន​ទើប​នឹង​ចេញ​ថ្មីនេះ រំលោភលើ​អធិបតេយ្យភាព​របស់​វៀតណាម ដោយសារ​តែ​នៅលើ​ទំព័រ​លិខិតឆ្លងដែន​នេះ​ មាន​ផែនទី​ ដែល​រាប់បញ្ចូល​ប្រជុំកោះ​ទាំងអស់​នៅ​ក្នុង​សមុទ្រ​ចិនខាង​ត្បូង​ ទៅក្នុង​ទឹកដី​ចិន។

មន្រ្តី​ប៉ូលិស​ព្រំដែន​វៀតណាម ទាំង​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុង​ហាណូយ និង​នៅ​តាម​ច្រក​ព្រំដែន​គោក​ បាន​អះអាង​ថា ពួកគេ​បាន​បដិសេធ​មិន​បោះត្រា​លើ​លិខិត​ឆ្លងដែន​ថ្មីនេះ​ទេ ប៉ុន្តែ វៀតណាម​នៅតែ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ចិន ដែល​កាន់លិខិតឆ្លងដែន​ថ្មីនេះ​ ធ្វើ​ដំណើរ​ចូល​ក្នុង​ប្រទេស​វៀតណាម​បាន​ដដែល ដោយគ្រាន់តែ​ចេញទិដ្ឋាការ​ដោយឡែក។

ពលរដ្ឋ​ចិន​មួយចំនួន ដែល​កាន់លិខិត​ឆ្លងដែន​ថ្មីនេះ បាន​នាំគ្នា​រអ៊ូរទាំ​តាម​បណ្តាញ​សង្គម​ថា ពួកគេ​​ជួប​នឹង​បញ្ហា​ស្មុគស្មាញ​ច្រើន ក្នុងការ​ឆ្លងដែន​ចូល​ទៅកាន់​ប្រទេស​វៀតណាម ដោយសារ​តែ​វៀតណាម​មិន​ទទួលស្គាល់​លិខិត​ឆ្លងដែន​ថ្មីនេះ។

គួរបញ្ជាក់ថា ផែនទីដែល​ចិន​បោះពុម្ពលើ​ទំព័រ​លិខិតឆ្លងដែន​អេឡិចត្រូនិក​ថ្មីនេះ គឺ​មាន​ទាំង​ផែនទី​ដីគោក​របស់​ចិន​ផង ហើយ​មាន​ទាំង​ខ្សែ​បន្ទាត់​ព្រំដែន ដែល​គូស​វាត​​ពេញ​សមុទ្រ​ចិន​ខាង​ត្បូង ស្ទើរតែ​ដល់​ឆ្នេរ​សមុទ្រ​ហ្វ៊ីលីពីន និង​ម៉ាឡេស៊ី ក៏ប៉ុន្តែ មិនមាន​បញ្ចូល​កោះ​ដែល​ជាប់ជម្លោះ​ជាមួយ​ជប៉ុន​ទេ។

កាលពីសប្តាហ៍មុននេះ ទាំង​ហ្វ៊ីលីពីន និង​ទាំង​វៀតណាម សុទ្ធតែ​បាន​នាំគ្នា​ផ្ញើ​កំណត់​ទូត​តវ៉ា​ជាផ្លូវការ​ទៅកាន់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ចំពោះ​ការ​ចេញ​លិខិតឆ្លងដែន​ថ្មីនេះ។

ចំណែក​ខាង​បន្ទាត់​ព្រំដែន​គោកវិញ ផែនទី​នៅលើ​លិខិតឆ្លងដែន​ថ្មីនេះ ក៏​បាន​បង្ក​ឲ្យ​មាន​ការ​តវ៉ា​យ៉ាងខ្លាំង​ដែរ ពី​ខាងរដ្ឋាភិបាល​ឥណ្ឌា​ ដោយសារ​តែ​នៅលើ​ផែនទីនេះ ចិន​បាន​គូស​ខ្សែ​ព្រំដែន​វាតយក​​តំបន់​មួយចំនួន នៅ​​​អរុណាចាល់ ប្រាដេស្ហ (Arunachal Pradesh) និង​អាក់សៃ ជីន (Aksai Chin) ដែល​កំពុងជាប់ជម្លោះ​ជាមួយ​នឹង​ឥណ្ឌា។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​វិញ បាន​ព្យាយាម​បន្ធូរបន្ថយ​ភាព​ចម្រូងចម្រាស ចំពោះ​​លិខិត​ឆ្លងដែន​ថ្មីនេះ ដោយ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​លើកឡើង​ថា ផែនទី​នៅលើ​លិខិតឆ្លងដែន​ថ្មីនេះ មិនមែន​ធ្វើ​ឡើង ដើម្បី​​បង្កជម្លោះ​ជាមួយ​ប្រទេស​ណាមួយ​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ