អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ចិន​ជម្លៀស​ប្រជាជន​ខ្លួន​​ចេញពី​វៀតណាម​ និង​ប្រកាស​ព្យួរ​ផែនការ​ពាណិជ្ជកម្ម​ទ្វេភាគី​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រោយពី​មាន​ការបះបោរ​ហិង្សា​ប្រឆាំង​ចិន នៅវៀតណាម នៅ​សប្តាហ៍​នេះ​ ​ចិន​បាន​ជម្លៀស​ប្រជាជន​​ខ្លួន​ជាង​៣ពាន់នាក់ នៅ​​ថ្ងៃ​​អាទិត្យ​​១៨ឧសភា​​នេះ​​ អោយ​​ចាកចេញ​ពី​​វៀតណាម​។​​ ​ចិន​បាន​បញ្ជូន​នាវា​៥គ្រឿង មក​ជួយជម្លៀស​ប្រជាជន​ខ្លួន​អោយបាន​ឆាប់​បំផុត។ ​ទន្ទឹម​នេះដែរ ចិន​បាន​សម្រេច​​ព្យួរ​​នូវ​ផែនការ​ផ្តោះ​ប្តូរ​​ពាណិជ្ជកម្ម​​ទ្វេភាគីមួយចំនួន​​ជាមួយ​រដ្ឋាភិបាល​​ក្រុង​ហាណូយ​​។ នៅថ្ងៃ​អាទិត្យ​នេះ​ដែរ ​វៀតណាម​​​បាន​ពង្រាយ​​ប៉ូលិស​ដើម្បី​ទប់ស្កាត់​​បាតុកម្ម​​ប្រឆាំង​ចិន​ក្នុង​ស្រុក ទប់ស្កាត់​បាតុករ​មិនអោយ​ចូល​ទៅ​តវ៉ា​នៅ​មុខ​ស្ថានទូត​ចិន​នៅ​ក្រុង​ហាណូយ។ ប៉ូលិស​បាន​ចាប់​ខ្លួន​មនុស្ស​ជាច្រើន​នាក់​នៅ​ក្រុង​​ហាណូយ និងក្រុង​​ហូជីមិញ។

ប៉ូលិស​វៀតណាម​​​កំពុង​ដើរ​​​​​​តាម​ក្រុមបាតុករ​ដើម្បី​​ទប់ស្កាត់​ការបះបោរ​ណាមួយ ​នៅ​ខាងត្បូង​​ក្រុងហូជីមិញ ថ្ងៃ​អាទិត្យ​១៨ឧសភា​នេះ។
ប៉ូលិស​វៀតណាម​​​កំពុង​ដើរ​​​​​​តាម​ក្រុមបាតុករ​ដើម្បី​​ទប់ស្កាត់​ការបះបោរ​ណាមួយ ​នៅ​ខាងត្បូង​​ក្រុងហូជីមិញ ថ្ងៃ​អាទិត្យ​១៨ឧសភា​នេះ។ REUTERS/Peter Ng
ផ្សាយពាណិជ្ជកម្ម

 
ចិន​​​​លេងពាណិជ្ជកម្ម​យ៉ាង​​ចាស់ដៃ​​ជាមួយ​វៀតណាម​


នៅថ្ងៃ​អាទិត្យ​នេះ​ ​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​បាន​អំពាវនាវ​អោយ​​ប្រជាជន​ចុះធ្វើ​បាតុកម្ម​​ប្រឆាំង​ចិន​បន្តទៀត តែ​ក្នុង​បែបផែន​សន្តិភាព ពោល​គឺ​មិនត្រូវ​បង្ក​ហិង្សា​ដាច់ខាត។ ទន្ទឹម​នេះដែរ នាយករដ្ឋមន្ត្រីវៀតណាម​បាន​បញ្ជា​អោយ​កងកម្លាំង​វៀតណាម​ប្រកាន់​ជំហរ​ដាច់​ខាត​ ​​ទប់ស្កាត់​មិន​អោយ​មាន​ភាព​ចលាចល​ក្នុង​ស្រុក។ ទោះ​យ៉ាងនេះ​​​ក្តី ​ចិន​​​​មិន​អាច​រង់ចាំរហូត​ដល់​វៀតណាម​ដោះស្រាយ​​ចប់សព្វគ្រប់​នូវ​បញ្ហា​​​បាតុកម្ម​ប្រឆាំង​ចិន ក្នុង​ស្រុក​​ទេ​។ ​ចិន​ត្រូវតែ​លេង​មួយដៃ​អោយធ្ងន់​បែបនេះ​ហើយ ដើម្បី​ជំរុញ​រដ្ឋាភិបាល​​វៀតណាម​អោយ​​ប្រុងប្រយ័ត្ន​​ខ្ពស់​ករណី​មាន​សកម្មភាព​​ រឺ​ទង្វើ​ថ្មី​ណាមួយ​ប្រឆាំង​ចិនទៀត។ ក្រុងប៉េកាំង​​ដឹងច្បាស់​ណាស់​ថា ការអភិវឌ្ឍន៍​ និង​​សេដ្ឋកិច្ច​​វៀតណាម​ពឹងផ្អែក​​ខ្លាំង​លើ​ការវិនិយោគ​របស់​​​បរទេស ពឹង​លើ​​សហគ្រាស​បរទេស។ ថ្មីៗនេះ ​ចិន​ទើប​តែ​បាន​ក្លាយខ្លួន​ជា​ប្រទេស​​មហាអំណាច​​សេដ្ឋកិច្ច​ពិភពលោក​ទី១ ដូច្នេះ ចិន​មាន​​​អំណាច​ខ្ពស់​ក្នុង​ការជំរុញ​អោយ​មាន​ការដោះស្រាយ​បញ្ហា​បង្ក​ឡើង​ដោយ​បាតុកម្ម​ហិង្សា​ប្រឆាំង​​ចិន​នៅវៀតណាម។

ម្យ៉ាងទៀត តាម​រយៈ​ការ​​សម្រេ​ចព្យួរ​ចោល​នូវ​ផែនការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​ទ្វេភាគី​មួយចំនួន​ជាមួយវៀតណាម​​ ​ថ្ងៃនេះ ​ក្រុង​ប៉េកាំងក៏​ប្រហែល​​ចង់ប្រាប់​ទៅ​​អាមេរិក ដែល​ជា​ដៃគូ​​យោធា​​របស់​វៀតណាម​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះដែរ​ថា ដើម្បី​ដោះស្រាយ​​បញ្ហា ​ក្រៅពី​វិធានការ​​ប្រើកម្លាំង​បាយ​ដណ្តើម​​បូរណភាពនៅ​សមុទ្រ​ចិន​​ ចិន​ក៏​​មិន​ខ្លាច​នឹង​ប្រើ​វិធានការ​ផ្សេង​ទៀត បែប​សន្តិវិធី​​ ​ដូច​ជា​​តាម​ផ្លូវ​ពាណិជ្ជកម្ម រឺ​ក៏​អាច​ថា​តាម​បែប​ទំនាក់​ទំនង​ការទូត​ផ្សេងៗនោះដែរ។

បើ​មើល​ហេតុការណ៍ជាក់ស្តែង ​បាតុកម្ម​ប្រឆាំង​ចិនបាន​​​រាលដាល​​​រហូត​ដល់​២២ខេត្ត​ ក្នុង​ចំណោម​ខេត្ត​សរុប​៦៣នៅ​វៀតណាម និង​​បាន​សម្លាប់​មនុស្ស​ និង​បង្ក​អោយ​មាន​មនុស្ស​របួស​​១៤០នាក់។ ក្នុងនោះ​ក៏​មាន​ជនជាតិចិនស្លាប់​ដែរ។ បញ្ហា​សំខាន់​ពេលនេះ គឺសុវត្ថិភាព ​និង​សន្តិសុខ​ប្រជាជន​ចិន។ ​ការធានា​​សន្តិសុខនេះ​ ​​ជា​ជម្រើសទី​១​របស់​រដ្ឋាភិបាល​ចិន​។ ដូច្នេះ ​​ចិន​ត្រូវតែ​ជម្លៀស​ប្រជាជន​ខ្លួន បូក​រួមផ្សំ​​នឹងការព្យួរ​ផែនការ​ផ្តោះប្តូរ​​ពាណិជ្ជកម្ម​​​ ដែល​ជា​​ទណ្ឌកម្ម​ពាណិជ្ជកម្ម​លើ​វៀតណាម​​នេះ ដើម្បី​​​រុញ​​​វៀតណាម​អោយ​​ទ័លច្រក បញ្ឈប់​ហិង្សា​តែម្តង។ ​យើង​អាច​ថា​ ​នេះ​ជា​វិធានការ​ដ៏​មាន​ប្រសិទ្ធភាពសម្រាប់​ក្រុងប៉េកាំង​​បាន។  

 
ទោះជា​ចិន​ប្រកាស​បន្ត​​សកម្មភាព​ខួង​រកប្រេង ​ក្នុង​តំបន់​​ជាប់​ជម្លោះ​ ក្បែរ​ប្រជុំ​កោះ​ប៉ារ៉ាសែល​ ​រដ្ឋាភិបាល​វៀតណាម​​​សម្រេច​​​ប្រើ​ជំហរ​ដាច់ខាត​ទប់ស្កាត់​បាតុកម្ម ​ចៀសវាង​​​​មិនអោយ​អ្នកវិនិយោគ​បរទេស​ដក​ទំនុកចិត្តពី​វៀតណាម
 
​​រដ្ឋាភិបាល​ក្រុង​ហាណូយ​​​មិនអាច​បណ្តែត​​បណ្តោយ​អោយ​បាតុកម្ម​ប្រឆាំង​ចិន រាលដាល​ទៀត​ឡើយ។ ​ក្នុង​សប្តាហ៍​នេះ​ ក្រុម​បាតុករ​​ក៏បាន​វាយប្រហារ​រោងចក្រ​បរទេស​ផ្សេងទៀត​​​ ដូច​ជា​រោងចក្រ​​ចិន​តៃវ៉ាន់ ​រឺក៏​សិង្ហបុរីដែល​បាន​រងប៉ះពាល់​ខ្លាំង។ ​រោងចក្រ​តៃ​វ៉ាន់​ជាង​៥០០ បាន​រង​ការ​​ខូចខាត​ដោយសារ​បាតុកម្ម​ហិង្សា​​​។ ​សិង្ហបុរី​បាន​​​​​សំដែង​ការ​តវ៉ាប្រឆាំង​នឹង​បាតុកម្ម​​​បំផ្លាញ​រោងចក្រ​ខ្លួន។ តាម​រយៈ​បាតុកម្ម​ហិង្សា​នេះ វៀតណាម​កំពុង​បាក់មុខ នៅ​ចំពោះ​មុខ​អ្នក​វិនិយោគ​​បរទេស​នានា។ ​​​​​ដូច្នេះ បើ​រដ្ឋាភិបាល​វៀតណាម​​ប្រហែស​ខ្លួន គឺ​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឈន៍​ក្នុង​ស្រុក​ឯណោះទេ ដែល​អាច​រង​ការប៉ះពាល់​ធ្ងន់​ធ្ងរ​បាន។ ដោយសារ​បាតុកម្ម​ប្រឆាំង​​​ចិន​ ​​វៀតណាម​អាច​នឹង​ត្រូវ​សង​ការខូចខាត​​ដល់​ក្រុមហ៊ុន​បរទេស​​​នានា ដែល​មាន​រោងចក្រ​​​រង​ការ​​ខូចខាត។ ​

ចុះញ៉ម​ចិន រឺក៏​មិនចុះញ៉ម​ចិន រដ្ឋាភិបាល​វៀតណាម​ត្រូវតែ​​បន្ថយ​​ឥរិយាបថ​សិន​ ដើម្បី​ស្រោចស្រង់​​​​មុខមាត់​វៀតណាម​ឡើងវិញ។ 

ម្យ៉ាងទៀត ​វៀតណាម​​​​មិនដឹង​ថា តើ​ចិន​អាច​នឹង​ប្រើ​កម្លាំង​បាយ​រឺយ៉ាងណា​ទេ ប្រសិន​បើ​ជម្លោះ​បូរណភាព​នៅ​សមុទ្រ​ចិន​ ​នៅតែ​បន្ត​ពុះ​កញ្ជ្រោល​នោះ។ គួររំលឹក​ថា កន្លងមក ចិន​ធ្លាប់​វាយប្រហារ​វៀតណាម​ច្រើន​ដង​ហើយដែរ។ កាលពី​ឆ្នាំ​១៩៧៩ ពេល​វៀតណាម​ចូល​រំដោះ​កម្ពុជា​ បណ្តេញ​ខ្មែរក្រហម​ដែល​ជា​សម្ព័ន្ធមិត្ត​ចិន ចេញពី​កម្ពុជា ​ចិន​ខឹង​សម្បារ​និង​បាន​សម្រច​​ធ្វើ​សង្គ្រាម​ជាមួយ​វៀតណាម។​ ​មួយទៀត កាលពី​ឆ្នាំ​១៩៨៨ ចិន​និង​វៀតណាម​ក៏​បាន​ប្រយុទ្ធ​គ្នា​ដោយសារ​ជម្លោះ​កោះ​Spratleys ធ្វើ​អោយ​មាន​មនុស្ស​ស្លាប់​ជិត​២០០នាក់​ដែរ។

​ប្រឈម​នឹង​ចិន​ វៀតណាម​ក៏​កំពុង​ប្រឈម​នឹង​បាតុកម្ម​ក្នុង​ស្រុក​ ​ដែល​អាច​រាលដាលទៅ​​ជាបាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​​កុម្មុយនិស្ត​​ខ្លួន​ឯង​វិញ ក៏ថាបាន។ ម្យ៉ាងទៀត ​ទោះ​ជា​អាមេរិក​​ចោទ​ចិន​ថា បាន​ធ្វើ​សកម្មភាព​ខួង​បូមប្រេង បង្ក​ការផ្គើន​ក៏ដោយចុះ​ ​អាមេរិក​ក៏​បាន​សុំអោយ​វៀតណាម និង​ចិន​អោយ​​​​​ស្ងប់ស្ងាត់​​ ​នឹងគ្នាដែរ។

ដូច្នេះ ពេលនេះ​អ្នក​ដែល​អាច​បាត់បង់​ប្រយោជន៍ធំ​គឺ​វៀតណាម​ ហើយ​អ្នក​ដែលមាន​ឥទ្ធិពល​​ខ្ពស់ ​គឺមហាអំណាច​សេដ្ឋកិច្ច​​​ចិន។ ចង់​មិនចង់​ វៀតណាម​ត្រូវតែ​​ចាត់វិធានការ​បញ្ចប់​បាតុកម្ម​ហិង្សា​​ប្រឆាំង​ចិន ដើម្បីស្រោចស្រង់​មុខមាត់​ខ្លួន​ឡើងវិញ៕ ​
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ