អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អំពើហិង្សា​ប្រឆាំង​ចិន​នៅ​វៀតណាម​​រាលដាល​​ខ្លាំង​​រហូត​​ដល់​​មាន​​អ្នក​​ស្លាប់​​និង​​របួស

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចលនា​បាតុកម្ម​ប្រឆាំង​ចិន​នៅវៀតណាម​ ​កំពុងតែ​រីករាលដាល​កាន់តែ​ធំ​មិនធ្លាប់មាន។ រោងចក្រ​ជាច្រើន​កន្លែង​ត្រូវ​ដុតបំផ្លាញ ហើយ​ជនជាតិ​ចិន ដែល​ធ្វើការ​នៅ​ក្នុង​ប្រទេស​វៀតណាម​ត្រូវ​ស្លាប់ របួស ហើយ​រាប់រយ​នាក់​ត្រូវ​បង្ខំ​ចិត្ត​រត់ភៀសខ្លួន​ចេញ​ពី​វៀតណាម ចូល​មក​ក្នុង​ប្រទេស​កម្ពុជា។ អាជ្ញាធរ​វៀតណាម​ដែល​បើក​ឲ្យ​មាន​បាតុកម្ម​ប្រឆាំង​ចិន កាល​ពីចុងសប្តាហ៍ ត្រូវ​ប្រឈមមុខ​នឹង​ស្ថានការណ៍​ដែល​ពិបាក​គ្រប់គ្រង។

បាតុកម្ម​ប្រឆាំង​ចិន នៅ​ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម
បាតុកម្ម​ប្រឆាំង​ចិន នៅ​ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម REUTERS/Kham
ផ្សាយពាណិជ្ជកម្ម

អ្វីដែល​កំពុងកើតឡើង​នៅ​វៀតណាម នៅពេលនេះ ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​​កាន់តែ​ច្បាស់​ថា ប្រសិនបើ​មិនមាន​ការ​ប្រយ័ត្នប្រយែងទេ ចលនា​ជាតិនិយម​​​ងាយ​នឹង​រាលដាល​ទៅ​ជា​អំពើ​ហិង្សា គ្រប់គ្រង​លែង​ជាប់។ វាជា​អ្វី​ដែល​យើង​ធ្លាប់​ឃើញ នៅ​​ក្នុង​ប្រទេស​កម្ពុជា កាល​ពី​ឆ្នាំ​២០០៣ ដែល​ចលនា​បាតុកម្ម​ប្រឆាំង​ថៃ រាលដាល​ទៅជា​អំពើ​ហិង្សា​ដុតទូតថៃ និង​ក្រុមហ៊ុន​ថៃ។

បរិបទ​នៃ​នយោបាយ​ក្នុងស្រុក គឺ​ជា​កត្តា​សំខាន់​មួយ​ទៀត បន្ថែម​ពីលើ​សន្ទុះ​នៃ​ចលនា​ជាតិ​និយម។ ជាទូទៅ គេ​សង្កេតឃើញ​ថា នៅវៀតណាម រាល់​ការ​បញ្ចេញ​មតិ​តាម​គ្រប់​រូបភាព​ទាំងអស់ ទាំង​តាមរយៈ​ការ​និយាយ​ស្តី ការ​សរសេរ និង​ការ​ជួបជុំ​ធ្វើ​បាតុកម្ម ​តែងតែ​ត្រូវ​អាជ្ញាធរ​ហាមឃាត់​ជានិច្ច។ នៅពេលដែល​អាជ្ញាធរ​កាន់តែ​បិទខ្ទប់ ចំណង់​របស់​ប្រជាជន​កាន់តែ​មានសន្ទុះ​កាន់តែ​ខ្លាំង រង់ចាំតែ​នឹង​ថ្ងៃ​ផ្ទុះចេញ​មក​ក្រៅ។

អំពើ​ហិង្សា​ប្រឆាំង​ចិន នៅពេលនេះ កំពុងតែ​ធ្វើ​ឲ្យ​​រដ្ឋាភិបាល​វៀតណាម​​​ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា ដែល​អាច​បង្ក​ផលប៉ះពាល់​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​ទាំង​ខាង​នយោបាយ។

ចលនា​បាតុកម្ម​ប្រឆាំង​ចិន​នេះ​មិនមែន​ធ្វើការ​វាយប្រហារ​តែ​ទៅលើ​រោងចក្រ​ចិន​ទេ តែ​ទៅលើ​ស្ទើរតែ​គ្រប់រោងចក្រ ដែល​មាន​ស្លាកសញ្ញា ឬ​អក្សរ​ចិន រួមមាន​ទាំង រោងចក្រ​ចិន​ដីគោក ចិនតៃវ៉ាន់ កូរ៉េ​ និង​​សិង្ហបុរី ជាដើម។ រោងចក្រ​ដែល​មិនទទួល​រង​ការ​វាយប្រហារ​ក៏​ត្រូវ​បង្ខំ​ចិត្ត​បិទទ្វារ​ជា​បណ្តោះអាសន្ន ដោយសារ​តែ​ម្ចាស់រោងចក្រ​បារម្ភ អំពី​សុវត្ថិភាព​បុគ្គលិក​របស់​ខ្លួន។ ទាំង​នេះ​វា​​អាច​បង្ក​ផល​អវិជ្ជមាន​ចំពោះ​វិស័យ​វិនិយោគ នៅ​វៀតណាម ដែល​បច្ចុប្បន្ន​នេះ ​កំពុងតែ​ប្រឈមមុខ​នឹង​បញ្ហា​សេដ្ឋកិច្ច​ស្រាប់។

បញ្ហា​ធំ​មួយទៀត ដែល​រដ្ឋាភិបាល​​​វៀតណាម​ត្រូវ​ប្រឈម គឺ​បញ្ហា​នយោបាយ។ យើងឃើញ​ស្រាប់​ហើយ​ថា នៅ​ក្នុង​ចលនា​បាតុកម្ម​ប្រឆាំង​ចិន​នេះ ភាគច្រើន​គឺ​យុវជន​ក្មេងៗ និង​ជា​ក្រុម​កម្មករ​រោងចក្រ។ ដូច្នេះ ចលនា​បាតុកម្ម​ប្រឆាំង​ចិន​នេះ​វា​អាច​ជា​ឆ្នួន​មួយ ដែល​អាច​ដុតបញ្ឆេះ​ឲ្យ​ទៅ​ជា​ចលនា​ប្រឆាំង​នឹង​នយោបាយ​ក្នុងស្រុក ដូចជា ការ​ទាមទារ​ដំឡើង​ប្រាក់​ខែ ឬ​ចលនា​ប្រឆាំង​នឹង​របបកុម្មុយនិស្ត ក៏​អាច​ថាបាន។

គួររំឭកឡើងវិញ​ថា ចលនា​បាតុកម្ម​ប្រឆាំង​ចិន​នៅ​វៀតណាម​ពេលនេះ បាន​ផ្ទុះឡើង ក្រោយ​​ពី​ចិន​បាន​បញ្ជូន​នាវា​ចូល​ទៅ​ខួងរកប្រេង​ក្រោម​បាតសមុទ្រ នៅ​ក្នុង​តំបន់​សមុទ្រ​ជាប់ជម្លោះ ក្បែរ​ប្រជុំកោះ Paracel។

ថ្វីដ្បិត​តែ​​កន្លងមក ចិន​ធ្លាប់​បាន​​ចូល​ទៅ​ធ្វើ​សកម្មភាព នៅ​ក្នុង​តំបន់​សមុទ្រ​ជាប់ជម្លោះ ក៏ប៉ុន្តែ នេះ​​ជា​លើកទីមួយ ដែល​ចិន​ចូល​ទៅ​ខួងរកប្រេង ដែល​ជា​បញ្ហា​រសើប​សម្រាប់​រដ្ឋាភិបាល​ ក៏ដូចជា​សាធារណមតិ​វៀតណាម។ ម្យ៉ាង ប្រេង គឺ​ជា​​ធនធានធម្មជាតិ ដែល​ប្រទេសណា​ក៏ដូចជា​ប្រទេស​ណា តែងតែ​ចាត់ទុក​ជា​ធនធាន​ដ៏​​​​មាន​តម្លៃ និង​ជាប្រភព​ថាមពល​ជា​​យុទ្ធសាស្រ្ត សម្រាប់​ប្រទេស។

ម្យ៉ាងទៀត សកម្មភាព​ខួង​រកប្រេង​ ដែល​ចិន​កំពុងធ្វើ​នៅពេល​នេះ គឺ​ជា​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ ដោយ​មានទាំង​គ្រឿង​ចក្រសម្រាប់​ខួង​រកប្រេង និង​​មាន​ទាំង​នាវា​តូចធំ​រាប់សិប ចូល​មក​ក្នុង​តំបន់​ជម្លោះ ដើម្បី​ការពារ​ប្រតិបត្តិការ​បូមប្រេង។ ​ចិន​ថែមទាំង​បាន​ប្រកាស​​កំណត់​តំបន់​រាប់​គីឡូម៉ែត្រ​ជុំវិញ​ទីតាំង​ខួង​រកប្រេង​នេះ​ជា​តំបន់​ហាមឃាត់​​ទៀតផង ដោយ​មិន​ឲ្យ​អ្នកណា​ចូល​ទៅ​ជិត។

សកម្មភាព​ខួងរកប្រេង​នេះ​ក៏​​ជា​សកម្មភាព​ដែល​​អាច​មាន​លក្ខណៈ​យូរអង្វែង​ផងដែរ។ តាមគម្រោង​របស់​ចិន ប្រតិបត្តិការ​ខួងរកប្រេង នៅ​ក្នុង​តំបន់​ជាប់ជម្លោះ​ជាមួយ​វៀតណាម​នេះ ត្រូវ​ធ្វើ​យ៉ាងតិច រហូត​ដល់​ថ្ងៃ​ទី១៥​សីហា។ រដ្ឋាភិបាល​វៀតណាម​ប្រហែល​ជា​បារម្ភ​ថា បើខ្លួន​​មិន​បញ្ចេញ​ប្រតិកម្ម​​ប្រឆាំង​ខ្លាំងៗ​ទេ ចិន​អាច​នឹង​នៅ​បន្ត​សកម្មភាព​ខួង​រកប្រេង​នេះ នៅ​ក្នុង​រយៈពេល​វែង ក្រោយ​ពីថ្ងៃ១៥​សីហា​នេះ​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ