អានតួអត្ថបទ
ចិន-អាមេរិក

មេទ័ពចិន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​អាមេរិក​ចំពេល​កំពុង​មាន​ភាព​តានតឹង​នៅ​សមុទ្រ​ចិន​ខាងត្បូង

ប្រមុខដឹកនាំ​កងទ័ព​ចិន​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​រយៈពេល ៤ថ្ងៃ នៅ​សហរដ្ឋ​អាមេរិក ដោយ​ចាប់ផ្តើម​ពី​ថ្ងៃ​អង្គារ​នេះ។ ក្រសួង​ការពារជាតិ​អាមេរិក​បាន​ឲ្យដឹង​ថា ដំណើរទស្សនកិច្ច​នេះ ធ្វើឡើង​ក្នុងគោលដៅ​ពង្រឹង​ទំនាក់ទំនង​យោធា​រវាង​ប្រទេស​ទាំងពីរ ក៏ប៉ុន្តែ គេ​ឃើញ​ថា ដំណើរទស្សនកិច្ច​នេះ​កើតមាន​ឡើង នៅ​ចំ​ពេល​ដែល​អាមេរិក និង​ចិន​​កំពុង​ប៉ះពាក្យ​សម្តី​គ្នា ជុំវិញ​ជម្លោះ នៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង។

ឧត្តមសេនីយ៍ Martin Dempsey (ឆ្វេង) និង​ឧត្តមសេនីយ៍ Fang Fenghui (រូបថតឯកសារ)
ឧត្តមសេនីយ៍ Martin Dempsey (ឆ្វេង) និង​ឧត្តមសេនីយ៍ Fang Fenghui (រូបថតឯកសារ) US Departmen of Defense
ផ្សាយពាណិជ្ជកម្ម

ឧត្តមសេនីយ៍ ហ្វាង ហ្វេងហ៊ុយ (Fang Fenghui) នាយ​អគ្គសេនាធិការ​កងទ័ព​ចិន ចាប់ផ្តើម​ដំណើរទស្សនកិច្ច រយៈពេល ៤ថ្ងៃ​របស់​លោក ដោយ​ធ្វើ​ដំណើរទៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​ដ៏ធំ​មួយ​របស់​អាមេរិក ស្ថិត​នៅ​ទីក្រុង San Diego (កាលីហ្វ័រញ៉ា)។ មូលដ្ឋាន​ទ័ព San Diego នេះ គឺជា​​ផ្នែក​មួយ​នៃ​កងទ័ព​ជើងទឹក​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក ដែលលោក​អូបាម៉ា​ចង់​ពង្រឹង ដើម្បី​បង្កើន​ឥទ្ធិពល​អាមេរិក នៅ​អាស៊ី។

នៅ​ San Diego ឧត្តមសេនីយ៍ ហ្វាង ហ្វេងហ៊ុយ នឹងចូល​ទៅ​មើល​នាវាចម្បាំង​ទំនើបៗ​មួយចំនួន​របស់​អាមេរិក ក្នុងនោះ ក៏​រួមមាន​ទាំង នាវាផ្ទុក​យន្តហោះ Ronald Reagan ផងដែរ។ គួររំឭកថា លោក​ Chuck Hagel រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​អាមេរិក​ ក៏​ធ្លាប់​បាន​ធ្វើ​ដំណើរទៅ​មើល​នាវាផ្ទុក​យន្តហោះ​ចិន (Liaoning) ម្តងដែរ នៅ​ពេល​លោក​ទៅ​បំពេញ​ទស្សនកិច្ច នៅ​ក្នុង​ប្រទេស​ចិន កាល​ពី​ខែ​មេសា​កន្លងទៅនេះ។

នៅថ្ងៃ​ព្រហស្បតិ៍ ឧត្តមសេនីយ៍ ហ្វាង ហ្វេងហ៊ុយ នឹង​ត្រូវ​​ជួប​ជជែក​ជាមួយ​សមភាគី​របស់​លោក គឺ​ឧត្តមសេនីយ៍ Martin Dempsey នៅ​ឯ​ក្រសួង​ការពារជាតិ​អាមេរិក នៅ​វ៉ាស៊ីងតោន ដែល​នៅទីនោះ ប្រមុខ​ដឹកនាំ​កងទ័ព​ចិន​នឹង​ត្រូវ​គេ​រៀបចំ​ពិធី​ទទួល ក្នុង​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​បំផុត។

យោងតាម​ក្រសួង​ការពារជាតិ​អាមេរិក​ ដំណើរទស្សនកិច្ច​របស់​ប្រមុខដឹកនាំ​កងទ័ព​ចិន នៅ​អាមេរិក​​ពេលនេះ ធ្វើឡើង​ក្នុងគោលដៅ​ពង្រឹង​ទំនាក់ទំនង រវាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ។ ទំនាក់ទំនង ដែល​កំពុង​ស្ថិត​ក្នុង​ភាព​តានតឹង ក្រោយ​ពី​ប្រទេស​ទាំងពីរ​បាន​ប៉ះពាក្យ​សម្តី​គ្នា​ខ្លាំង ជុំវិញ​ជម្លោះ នៅសមុទ្រ​ចិន​ខាង​ត្បូង។

នៅ​ក្នុង​កិច្ចសន្ទានា​តាម​ទូរស័ព្ទ កាលពីថ្ងៃ​ចន្ទ​ម្សិលមិញ លោក​ចន ឃែរី រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាមេរិក​បាន​ប្រាប់​ទៅ​​សមភាគី​ចិន គឺ​លោក វ៉ាង អ៊ី (Wang Yi)​ ថា ការណ៍​ដែល​ចិន​បញ្ជូន​នាវា​ទៅ​ខួង​បូមប្រេង​ក្រោម​បាតសមុទ្រ ក្នុង​តំបន់​ជាប់​ជម្លោះ​ជាមួយ​វៀតណាម វា​គឺ​ជា​ “ទង្វើ​បង្ក​ហេតុ” ដែល​គួរ​ឲ្យ​ព្រួយបារម្ភ ហើយ​បាន​ជំរុញ​ឲ្យ​ភាគី​ជម្លោះ ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី តាមរយៈ​ការចរចា ដោយ​ឈរលើ​ច្បាប់​អន្តរជាតិ។

ក៏ប៉ុន្តែ ចិន​បាន​រិះគន់​តបមកវិញ​ថា ទង្វើ​​បង្កហេតុ​ ពិត​ជា​កើតមាន​មែន នៅ​សមុទ្រ​ចិន​ខាង​ត្បូង តែ​មិនមែន​មក​ពី​ខាង​ចិន​នោះទេ គឺ​មក​ពី​ភាគី​ជម្លោះ​ផ្សេងទៀត ហើយ​ថា វា​គឺ​ជា​កំហុស​របស់​សហរដ្ឋ​អាមេរិក ដែល​ជា​អ្នក​លើកទឹកចិត្ត​ឲ្យ​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ធ្វើ​សកម្មភាព​បង្កហេតុ​អស់​ទាំងនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ