អានតួអត្ថបទ
កម្ពុជា

សង្គម​ស៊ីវិល ​និង​មន្ត្រី​រដ្ឋាភិបាល​ ជួបជុំ​ និយាយ​ពី​សេចក្តី​ព្រាង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី

មន្ត្រី​រដ្ឋាភិបាល​ និង​អង្គការ​សង្គម​ស៊ីវិល​ បាន​ជួប​ប្រជុំគ្នា​ជា​ថ្មី​ទៀត​ ក្នុង​វេទិកា​ពិគ្រោះ​យោបល់​ ពេញ​មួយ​ថ្ងៃ​ នៅ​ថ្ងៃ​ចន្ទ​ ​ទី​២០តុ​លា​នេះ ​ដើម្បី​និយាយ​ពី​សេចក្តី​ព្រាង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី។ ​តំណាង​អង្គការ​សង្គម​ស៊ីវិល ​បាន​ស្នើ​ដល់​រដ្ឋសភា ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​ ឲ្យ​បាន​ឆាប់​ ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ នៅ​កម្ពុជា ​ដែល​សព្វ​ថ្ងៃ​ យ៉ាង​ហោច​ណាស់​ មាន​មនុស្ស​ស្លាប់​ច្រើន​ជាង​ ៥​ នាក់​ ក្នុង​មួយ​ថ្ងៃ។

មន្ត្រី​​រដ្ឋាភិបាល​​ និង​​អង្គការ​​សង្គម​​ស៊ីវិល​​ បាន​​ជួប​​ប្រជុំគ្នា​ ដើម្បី​​និយាយ​​ពី​​សេចក្តី​​ព្រាង​​ច្បាប់​​ចរាចរណ៍​​ផ្លូវ​​គោក​​ថ្មី​។
មន្ត្រី​​រដ្ឋាភិបាល​​ និង​​អង្គការ​​សង្គម​​ស៊ីវិល​​ បាន​​ជួប​​ប្រជុំគ្នា​ ដើម្បី​​និយាយ​​ពី​​សេចក្តី​​ព្រាង​​ច្បាប់​​ចរាចរណ៍​​ផ្លូវ​​គោក​​ថ្មី​។ RFI/ Ly Meng Hour
ផ្សាយពាណិជ្ជកម្ម

ជា​វេទិកា​ពិគ្រោះ​យោបល់​ថ្មី​មួយទៀត ដែល​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា បានរៀបចំ​ឡើង នៅ​ថ្ងៃ​ចន្ទ ទី២០តុលា​នេះ។ វេទិកា​ជួបជុំ​ពេញ​មួយ​ថ្ងៃនោះ ផ្តល់ឱកាស​ដល់​សាធារណជន អង្គការ​​​សង្គម​ស៊ីវិល ជាពិសេស​ដៃគូ​ពាក់ព័ន្ធ​នឹង​សុវត្ថិភាព​ចរាចរណ៍ ដើម្បី​ឲ្យ​ពួកគេ​ផ្លាស់ប្តូរ​ព័ត៌មាន ទាក់ទង​នឹង​សុវត្ថិភាព​ចរាចរណ៍​នៅ​កម្ពុជា។ សង្គម​ស៊ីវិល ក៏បាន​លើក​អនុសាសន៍​មួយចំនួន បញ្ជូន​ទៅកាន់​រដ្ឋសភា ដើម្បី​អនុម័ត​សេចក្តីព្រាងច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី។

សេចក្តីព្រាងច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី មាន ១២ ជំពូក និង ៩២ មាត្រា ត្រូវបាន​លោក ចាន់​តារា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន របស់​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន លើក​ឡើង​ពី​ចំណុចសំខាន់។ ក្នុងនោះ រួមមាន​ការកំណត់​ឲ្យ​អ្នកជិះ​ម៉ូតូ បានតែ​មនុស្ស​ពេញ​វ័យ​ពីរ​នាក់ ហើយ​អាចមាន​កុមារ​ម្នាក់ តែ​អ្នកជិះ​ម៉ូតូ​ទាំងអស់ ត្រូវ​ពាក់មួក​សុ​វត្តិភាព រាប់ទាំង​កុមារ ចាប់ពី​អាយុ ៣ ឆ្នាំ។ ច្បាប់​ថ្មី ក៏បាន​កំណត់​ពី​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ និង​ពិន័យ​ជា​ប្រាក់ ធ្ងន់ធ្ងរ​ជាង​មុន ពិសេស​លើ​អ្នក​ស្រវឹង និង​គ្រឿងញៀន ជាដើម។

លោក គង់ សុវណ្ណ ប្រធាន​អង្គការ​ដៃគូ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សកល ប្រចាំ​កម្ពុជា និង​ប្រទេស​ឡាវ បាន​កត់សម្គាល់ថា សេចក្តីព្រាងច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី មាន​លក្ខណៈ​ប្រសើរ​​ជាង​ច្បាប់ ដែល​កំពុងមាន​ជា​ធរមាន។ ក្នុងនោះ ការកំណត់​ឲ្យ​មានទោស​ទណ្ឌ និង​ការពិន័យ​ធ្ងន់​ជាង​មុន ធ្វើ​ឲ្យ​មាន​ឥទ្ធិពល​ផ្លាស់ប្តូរ​ឥរិយាបថ​អ្នកប្រើប្រាស់​ផ្លូវ ឈាន​មករក​សុវត្ថិភាព​ចរាចរណ៍​ឡើងវិញ។

តាម​តំណាង​សង្គម​ស៊ីវិល លោក គង់ សុវណ្ណ នៅពេល​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ដែលមាន​លក្ខណៈ​ពេញលេញ ត្រូវបាន​រដ្ឋសភា​អនុម័ត ដាក់​ឲ្យ​ប្រើប្រាស់ នោះគេ​នឹង​អាច​ការពារ​ជីវិត​ពលរដ្ឋ​កម្ពុជា ជាង ៧០០០ នាក់ និង​ការពារ​អ្នកប្រើប្រាស់​ម៉ូតូ កុំ​ឲ្យ​មាន​របួស​ក្បាល​បាន​ជាង​​ ១០.០០០ នាក់។

សេចក្តីព្រាងច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី កំពុងស្ថិត​ក្នុង​ដៃ​គណៈកម្មការ​ជំនាញ​រដ្ឋ​សភា។ នៅ​ថ្ងៃទី២១តុលា​នេះ រដ្ឋសភា នឹង​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់ លើ​សេចក្តីព្រាងច្បាប់​ថ្មី​នោះ មុននឹង​ដាក់​ឆ្លង​កិច្ចប្រជុំពេញអង្គ​រដ្ឋសភា ពិភាក្សា និង​អនុម័ត។

របាយការណ៍​បង្ហាញថា នៅ​កម្ពុជា គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​ឆ្នាំ២០១៣ មាន​ជនរងគ្រោះ ចំនួន​ ១៦.២២៧ នាក់ ក្នុងនោះ មាន​អ្នកស្លាប់ ១៩៥០ នាក់ និង​របួសធ្ងន់ ៥៦៧១ នាក់។ ក្នុង​រយៈពេល ៩ ខែ ក្នុង​ឆ្នាំ២០១៤ មាន​អ្នកស្លាប់ ១៦៣០ នាក់ និង​របួស ៦០១៨ នាក់។ ជា​មធ្យម គ្រោះថ្នាក់​ចរាចរណ៍ បណ្តាល​ឲ្យ​មាន​អ្នកស្លាប់​ច្រើនជាង ៥ នាក់ ក្នុង​មួយថ្ងៃ។ ៦៩% នៃ​អ្នកស្លាប់​សុ​រប គឺជា​អ្នកជិះ​ម៉ូតូ ហើយ​មិន​ពាក់មួក​សុវត្ថិភាព៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ