អានតួអត្ថបទ
កម្ពុជា

មន្ត្រី​ដោះមីន​ពីរ​នាក់​ស្លាប់​ដោយសារ​ការ​ផ្ទុះ​គ្រាប់​សល់ពី​សម័យ​សង្គ្រាម

គ្រាប់​កាំភ្លើង​សល់​ពី​សម័យ​សង្គ្រាម​​​បានផ្ទុះ ​កាល​ពី​ព្រឹកមិញ​ នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ សម្លាប់​មន្ត្រី​ដោះ​មីន​ចំនួន​ពីរ​នាក់​ និង​ម្នាក់​របួស​ធ្ងន់។ មន្ត្រី​ជំនាញ​សន្និដ្ឋាន​ជា​ដំបូង​ថា ការ​ផ្ទុះ​នេះ​គឺ​អាច​បណ្ដាល​មក​ពី​គ្រាប់​ធ្លាក់​លើ​គ្នា ​ឬ​កកិត​គ្នា​ នៅ​ពេល​មន្ត្រី​ដោះ​មីន​រុះរើ​គ្រាប់​ទាំង​នេះ​នៅ​កន្លែង​ស្តុក​ទុក។

ភ្នាក់ងារ​ CMAC ​កាន់​គ្រាប់​មិនទាន់​ផ្ទុះ ដែល​សល់​ពី​សម័យ​សង្រ្គាម
ភ្នាក់ងារ​ CMAC ​កាន់​គ្រាប់​មិនទាន់​ផ្ទុះ ដែល​សល់​ពី​សម័យ​សង្រ្គាម ©ស៊ីវ ចាន់ណា/RFI
ផ្សាយពាណិជ្ជកម្ម

 

មន្ត្រី​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា ​ហៅ​កាត់​ថា (CMAC) ចំនួន​ពីរ​នាក់​ បាន​បង់​ជីវិត​​ និង​ម្នាក់​របួស​ធ្ងន់​នៅ​ក្នុង​ឧប្បត្តិហេតុ​ផ្ទុះ​គ្រាប់​កាំភ្លើង​សល់​ពី​សម័យ​សង្គ្រាម ​នៅ​ក្នុង​ក្រុង​ច្បារមន​ ខេត្ត​កំពង់ស្ពឺ ​កាល​ពី​វេលា​ម៉ោង​១០​ព្រឹកមិញ​នេះ។

មន្ត្រី CMAC ​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ ម្នាក់​ទៀត​បាត់បង់​ជីវិត​ នៅ​ពេល​ដឹក​មក​ដល់​មន្ទីរ​ពេទ្យ​ខេត្ត​កំពង់ស្ពឺ​ និង​ម្នាក់​ទៀត​ ដែល​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ​ត្រូវ​បាន​គេ​ដឹក​មក​សង្គ្រោះ​បន្ទាន់ ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ទីក្រុង​ភ្នំពេញ។ នេះ​គឺ​ជា​របាយការណ៍​ដែល​ផ្តល់​ដោយ​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ ​និង​អគ្គនាយក​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា (CMAC)។

លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា (CMAC) បាន​បញ្ជាក់​ប្រាប់​តាម​ទូរស័ព្ទ​ នៅ​ថ្ងៃ​សៅរ៍​នេះ​ ក្រោយ​ឧប្បត្តិហេតុ​បន្តិច​ថា តាមពិត​អ្នក​ស្លាប់​មាន​ចំនួន​តែ​ពីរ​នាក់​ទេ​ ពោល​គឺ ​មិនមែន​៣​នាក់​ដូច​សេចក្តី​រាយការណ៍​ដំបូង​នោះ​ទេ។ មន្ត្រី​ទីបី​ដែល​រង​របួស​ធ្ងន់​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ទីក្រុង​ភ្នំពេញ។

លោក ហេង រតនា​ បាន​បញ្ជាក់​ទៀត​ថា ការ​ផ្ទុះ​នេះ​អាច​បណ្ដាល​មក​ពី​គ្រាប់​ចាស់​ៗ​ប៉ះ​ទង្គិច​គ្នា ​ឬ​កកិត​គ្នា​ នៅ​ពេល​ពួកគាត់​បាន​លើក​តម្រៀប​ដាក់​លើ​គ្នា​ នៅ​ក្នុង​ឃ្លាំង​ស្តុក​ ដើម្បី​ត្រៀម​កំទេច​ចោល​នា​ពេល​ខាង​មុខ​នេះ។ នេះ​គ្រាន់តែ​ការ​សន្និដ្ឋាន​បឋម​នៅ​ឡើយ​ទេ ​រីឯ​ការស៊ើបអង្កេត​រក​មូលហេតុ​ពិតប្រាកដ​បាន​ចាប់​ផ្ដើម​ហើយ។

លោក កែវ ពិសី ស្នងការ​នគរ​បាល​ខេត្ត​កំពង់ស្ពឺ​បាន​បញ្ជាក់​ប្រាប់​នៅ​ថ្ងៃ​នេះ​ដែរ​ថា នេះ​គឺ​ជា​ការ​ផ្ទុះ​ចៃដន្យ​​ ដែល​បង្ក​ឡើង​ដោយ​ការ​ធ្លាក់​ ឬ​ការ​ប៉ះទង្គិច​ពេល​មន្ត្រី​ទាំង​នោះ​​រៀប​ចំ​​គ្រាប់​ ពោល​គឺ​ មិន​មាន​ការ​លួច​ដុត​ ឬ​ទង្វើ​ផ្ដេសផ្ដាស​ពី​ជន​ខិលខូច​នោះ​ទេ។ លោក​ស្នងការ​បាន​បន្ត​ទៀត​ថា ការ​ផ្ទុះ​បាន​កើត​ឡើង​មួយ​រយៈ​ខ្លី​ប៉ុណ្ណោះ​ហើយ​ក៏​ត្រូវ​បាន​ចប់​ទៅ​វិញ។

នៅក្នុង​ប្រទេស​កម្ពុជា ជារឿយៗ​ ប្រជាជន​ខ្មែរ​តែងតែ​រងគ្រោះ​ដោយសារ​គ្រាប់មីន ​និង​គ្រាប់​មិនទាន់​ផ្ទុះ​សល់​ពី​សម័យ​សង្គ្រាម។ ចាប់​តាំង​ពី​ឆ្នាំ​១៩៧៩​មកដល់ពេលនេះ ប្រជាជន​ខ្មែរ​ប្រមាណ​ជា​៦​ម៉ឺន​នាក់​បាន​ទទួល​រង​របួស​និង​ស្លាប់​ដោយសារ​គ្រាប់មីន​ និង​គ្រាប់​មិនទាន់​ផ្ទុះ​សល់​ពី​សម័យ​សង្គ្រាម​ស៊ីវិល។ ប្រទេស​កម្ពុជា​នៅ​មាន​ផ្ទៃ​ដី​ប្រមាណ​ជា​ ៦៤៨​គីឡូ​ម៉ែត្រ​ក្រឡា​ទៀត​ ដែល​គេ​សង្ស័យ​ថា​នៅ​មាន​គ្រាប់​មីន​មិន​ទាន់​ផ្ទុះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ