អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ជម្លោះ​អ៊ីស្រាអែល-ប៉ាឡេស្ទីន៖​អាមេរិក​សុំខ្លួន​ធ្វើ​ជា​អាជ្ញាកណ្តាល តែ​ភាគី​នីមួយៗ​បន្ត​រក្សា​ជំហរ​រៀងៗ​ខ្លួន

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​តំបន់​ដើមបូព៌ា ថ្ងៃ​សុក្រ ទី១១ កក្កដា​នេះ គឺ​ជា​ថ្ងៃទី៤​ហើយ​ដែល​កម្លំាង​ទ័ព​អ៊ីស្រាអែល​បាន​បើក​ការ​វាយប្រហារ​ផ្លូវអាកាស​លើ​ទឹកដី​ប៉ាឡេស្ទីន​ក្នុង​តំបន់​ហ្កាហ្សា​ដែល​កំពុង​កាន់កាប់​ដោយ​ក្រុម​ប៉ាឡេស្ទីន​ហាម៉ាស់។ គិត​តំាង​ពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​មក កងទ័ព​អ៊ីស្រាអែល​បាន​ធ្វើ​ការ​ទម្លាក់​គ្រាប់បែក​លើ​ទីតំាង​សំខាន់ៗ​ប្រមាណ​ជា ៨០០កន្លែង​របស់​ក្រុម​ហាម៉ាស់ ដោយ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាង ៩៥នាក់ ក្នុង​នោះ​មាន​កូនក្មេង​ជាង ២០នាក់ និង​មាន​អ្នករងរបួស​ជាង ៥០០នាក់​ផ្សេង​ទៀត។ រីឯ​ក្រុម​ហាម៉ាស់​ក៏​បាន​បន្ត​បាញ់​ផ្លោង​គ្រាប់​រ៉ូកែត​ចូល​ក្នុង​ទឹកដី​អ៊ីស្រាអែល​វិញ​ដែរ។ ខណៈនេះ គេ​នៅ​មិន​ទាន់​ឃើញ​មាន​ភាគី​ជម្លោះ​ណា​មួយ​យល់ព្រម​ចុះចាញ់ ឬ​មួយ​ក៏​ត្រៀម​ខ្លួន​ដើម្បី​ធ្វើ​សម្បទាន​ឲ្យ​គ្នា​ទៅវិញ ទៅ​មក​ទេ។

គំនរផ្ទះសម្បែងបាក់បែក​​ក្នុង​តំបន់​ហ្កាហ្សា​ទឹកដី​ប៉ាឡេស្ទីន​ដែល​រង​ការ​ទម្លាក់​គ្រាប់​បែក​អ៊ីស្រាអែល ថ្ងៃទី១០ កក្កដា ២០១៤
គំនរផ្ទះសម្បែងបាក់បែក​​ក្នុង​តំបន់​ហ្កាហ្សា​ទឹកដី​ប៉ាឡេស្ទីន​ដែល​រង​ការ​ទម្លាក់​គ្រាប់​បែក​អ៊ីស្រាអែល ថ្ងៃទី១០ កក្កដា ២០១៤ Reuters
ផ្សាយពាណិជ្ជកម្ម

 

នៅ​ព្រឹកមិញ​នេះ និង​ក្រៅ​ពី​គ្រាប់រ៉ូកែត​របស់​ក្រុមហាម៉ាស់​ប៉ាឡេស្ទីន ក៏​គេ​ឃើញ​មាន​ការ​បាញ់​គ្រាប់​រ៉ូកែត​ចេញ​ពី​តំបន់​ប៉ែកខាងត្បូង​លីបង់​ទៅ​ប៉ែកខាងជើង​អ៊ីស្រាអែល​ដែរ។ នេះ​ពិត​ជា​ក្តី​កង្វល់​ថ្មី​មួយ​ដែល​គ្មាន​នរណា​ម្នាក់​ហ៊ាន​សន្និដ្ឋាន​ឲ្យ​បាន​ច្បាស់​យ៉ាង​ម៉េច​ទេ។ តែ​នេះ ក៏​ជា​សម្មតិកម្ម​មួយ​ដែល​គ្មាន​នរណា​ម្នាក់​ហ៊ាន​និយាយ​បដិសេធ​ជា​មុន​ដែរ។ ពិត​ណាស់​ថា ទំាង​កងទ័ព​អ៊ីស្រាអែល និង​លីបង់​សុទ្ធ​តែ​បាន​បញ្ជាក់​ស្រប​គ្នា​ថា គ្រាប់​រ៉ូកែត​ដែល​បាន​ធ្លាក់​ក្នុង​ទឹកដី​អ៊ីស្រាអែល​ប៉ែក​ខាង​ជើង​នៅ​ព្រឹកមិញ​ពិត​ជា​គ្រាប់​រ៉ូកែត​ដែល​បាន​បាញ់​ចេញ​ពី​ប៉ែកខាងត្បូង​ប្រទេស​លីបង់​មែន។ តែ​គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ទេ​ថា តើ​ក្រុម ឬ​ចលនា​ណា​ដែល​ជា​អ្នក​បាញ់​គ្រាប់​រ៉ូកែត​នោះ។ អ្វី​ដែល​គេ​អាច​សន្និដ្ឋាន​បាន​ពេល​នេះ គឺ​អាច​ជា​ក្រុម​ប៉ាឡេស្ទីន​រស់​ក្នុង​ទឹកដី​លីបង់​ដែល​ចង់​ជួយ​គំាទ្រ​ក្រុមហាម៉ាស់។ ក្រសួង​ការពារជាតិ​លីបង់​បាន​បញ្ជូន​អ្នកតំណាង​របស់​ខ្លួន​ឲ្យ​ចុះ​ទៅ​តំបន់​ប៉ែកខាងត្បូង និង​បាន​ប្រកាស​បើក​ការ​ស៊ើបអង្កេត​មួយ​ដើម្បី​ស្វែង​រក​ប្រភព​នៃ​ការ​បាញ់​គ្រាប់​រ៉ូកែត​នោះ។

នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​មួយ កងទ័ព​លីបង់​បាន​បញ្ជាក់​ថា មាន​ការ​បាញ់​គ្រាប់​រ៉ូកែត​ចំនួន ៣គ្រាប់​សំដៅ​ប្រទេស​អ៊ីស្រាអែល​ដោយ​ក្រុម​មិន​ស្គាល់​អត្តសញ្ញាណ​មួយ និង​ថា កងទ័ព​ក៏​រឹបអូស​បាន​ជើង​តម្កល់​បាញ់​គ្រាប់​រ៉ូកែត និង​គ្រាប់​រ៉ូកែត​ចំនួន ២គ្រាប់។ ដោយឡែក សេចក្តី​ជូន​ដំណឹង​ដដែល​ក៏​បាន​សម្គាល់​ឃើញ​មាន​ក្បាល​គ្រាប់​កំាភ្លើងត្បាល់​ចំនួន ២៥គ្រាប់​ដែល​អ៊ីស្រាអែល​បាន​បាញ់​សំដៅ​ប្រទេស​លីបង់។ ខណៈ​នេះ ស្ថានការណ៍​នៅ​តាម​បណ្តាយ​ព្រំដែន​អ៊ីស្រាអែល លីបង់​មាន​សភាព​ស្ងប់ស្ងាត់​ធម្មតា។ ជា​ការ​ពិត អ្វី​ដែល​គ្រប់​គ្នា​បារម្ភ​ខ្លំាង​នោះ គឺ​ខ្លាច​តែ​ក្រុម Hezbollah លីបង់​លូក​ដៃ​ចូល​ប្រឡូក​ក្នុង​សង្រ្គាម​រវាង​អ៊ីស្រាអែល និង​ក្រុម​ប៉ាឡេស្ទីន​ហាម៉ាស់ ព្រោះ​ថា ការ​ផ្ទុះ​សង្រ្គាម​រវាង​អ៊ីស្រាអែល និង​លីបង់​កាល​ពី​ឆ្នំា ២០០៦ ក៏​បាន​ផ្តើម​ចេញ​ពី​ការ​វាយប្រហារ​របស់​អ៊ីស្រាអែល​លើ​ក្រុម​ហាម៉ាស់​ដូច​សព្វ​ថ្ងៃ​ដែរ។ កាល​ណោះ ក្រុម Hezbollah បាន​ជួយ​ក្រុម​ហាម៉ាស់ ដោយ​បាន​ចាប់​ទាហាន​អ៊ីស្រាអែល​ចំនួន ២នាក់​ធ្វើ​ជា​ចំណាប់​ខ្មំាង។

យ៉ាង​ណា​ក៏​ដោយ អ្នក​ទទួល​ខុស​ត្រូវ​កងទ័ព​អ៊ីស្រាអែល​បាន​បញ្ជាក់​នៅ​ថ្ងៃ​នេះ​ថា គ្រាប់រ៉ូកែត​ដែល​បាន​បាញ់​សំដៅ​ទឹកដី​អ៊ីស្រាអែល​នៅ​ព្រឹកមិញ ប្រហែល​ជា​មិនមែន​ជា​ទង្វើ​របស់​ក្រុម Hezbollah លីបង់​ទេ និង​បាន​ឆ្លៀត​ព្រមាន​ថា ពួក​នេះ​មិន​គួរ​សាកល្បង​ចូល​ខ្លួន​មក​ឈឺ​ឆ្អាល​នា​ពេល​នេះ​ឡើយ។

លោក​ប្រធានាធិបតី​អាមេរិក​សុំ​ខ្លួន​ធ្វើ​ជា​អាជ្ញាកណ្តាល

ស្ថានការណ៍​កំពុង​បន្ត​តានតឹង​ដោយ​គ្មាន​ភាគី​ណា​មួយ​យល់ព្រម​ធ្វើ​សម្បទាន​ឲ្យ​គ្នា​ទៅ​វិញ ទៅ​មក​ទេ។ ចំណែក​នៅ​ខាង​សហគមន៍​អន្តរជាតិ​វិញ សហរដ្ឋអាមេរិក តាម​រយៈ​លោក​ប្រធានាធិបតី​អូបាម៉ា​បាន​សុំ​ខ្លួន​ធ្វើ​ជា​អាជ្ញាកណ្តាល​ដើម្បី​ជួយ​បន្ធូរបន្ធយ​ភាព​តានតឹង។ គួរ​បញ្ជាក់​ជូន​ថា តំាង​ពី​ស្ថានការណ៍​បាន​ផ្តើម​ផ្ទុះ​ប៉ុន្មាន​ថ្ងៃ​មក សហគមន៍​អន្តរជាតិ​ហាក់​ដូច​ជា​គ្មាន​ដំណោះស្រាយ​ណា​មួយ​ពិត​ប្រាកដ​ទេ ពោល​បាន​ត្រឹម​តែ​អំពាវនាវ​ឲ្យ​ភាគី​ជម្លោះ​បញ្ឈប់​ការ​ប្រទូស្រ្តាយ​គ្នា និង​ឲ្យ​ចេះ​អត់ធ្មត់​តែ​ប៉ុណ្ណោះ។ បើ​គេ​ពិនិត្យ​ឲ្យ​បាន​ស៊ីជ្រៅ​បន្តិច​ទៅ​ឃើញ​ថា នៅ​ក្នុង​ជម្លោះ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន និយាយ​ជា​រួម និង​រវាង​អ៊ីស្រាអែល និង​ក្រុម​ប៉ាឡេស្ទីន​ហាម៉ាស់ និយាយ​ដោយឡែក សហគមន៍​អន្តរជាតិ​បាន​ត្រឹម​តែ​ចេញ​សេចក្តី​ថ្លែងការណ៍​អំពាវនាវ​យ៉ាង​ដូច​នេះ​តំាង​ពី​អើយ​មក ពោល​មិន​ដែល​មាន​ដំណោះស្រាយ​ពិត​ប្រាកដ​ណា​មួយ​សម្រាប់​ជម្លោះ​ដ៏​រុំារ៉ៃ​មួយ​នេះ​ទេ។

និយាយ​ពី​សំណើ​សុំ​ធ្វើ​ជា​អាជ្ញាកណ្តាល​របស់​លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​ទៀត​សោត ក៏​មិន​មែន​ជា​រឿង​អ្វី​ថ្មី គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ដែរ។ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​លោក​អូបាម៉ា​មាន​ដំណោះស្រាយ​អ្វី​ដើម្បី​អាច​ឲ្យ​ភាគី​ជម្លោះ​ទំាង​ពីរ​ទទួល​យក​បាន​ទេ។ នៅ​ក្នុង​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​បេនយ៉ាមីន នេតាន់យ៉ាហ៊ូ លោក​អូបាម៉ា​បាន​សម្តែង​ក្តីបារម្ភ​ចំពោះ​ស្ថានការណ៍​ដែល​កាន់តែ​ធ្លាក់​ដុនដាប និង​បាន​និយាយ​ធានា​ថា អាមេរិក​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ចូលរួម​ជួយ​បន្ធូរបន្ធយ​ភាព​តានតឹង។ តែ​លោក​ប្រមុខ​រដ្ឋាភិបាល​អ៊ីស្រាអែល​ធ្លាប់​បាន​បញ្ជាក់​រួច​ហើយ​ថា ល្គឹក​ណា​ពួក​ហាម៉ាស់​នៅ​តែ​បន្ត​បាញ់​ផ្លោង​គ្រាប់​រ៉ូកែត​ចូល​ដី​អ៊ីស្រាអែល នោះ​អ៊ីស្រាអែល​នឹង​មិន​បញ្ឈប់​ការ​ទម្លាក់​គ្រាប់​បែក​លើ​តំបន់​ហ្កាហ្សា​ទេ។

វា​ពិត​ជា​ល្អ​ណាស់​ដែល​លោក​អូបាម៉ា​បាន​សុំ​ខ្លួន​ធ្វើ​ជា​អាជ្ញាកណ្តាល​នៅ​ក្នុង​ជម្លោះ​រវាង​អ៊ីស្រាអែល និង​ក្រុមប៉ាឡេស្ទីន​ហាម៉ាស់ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា ក្រុមប៉ាឡេស្ទីន​ហាម៉ាស់​ត្រូវ​បាន​អាមេរិក​ចាត់​ទុក​ជា​ក្រុម​ភេរវជន​ដែល​នយោបាយ​អាមេរិក​មិន​អនុញ្ញាត​ឲ្យ​ជ្រលក់​មាត់​រក និង​ក៏​មិន​ត្រូវ​ជួប​ចរចា​ជាមួយ​ដែរ ពោល​ជា​ក្រុម​ដែល​គេ​ត្រូវ​កំចាត់។ ដូច្នេះ​មាន​ផ្លូវ​មួយ​ដែល​អាមេរិក​អាច​ដើរ​វៀង​បាន គឺ​ទៅ​ពឹង​ប្រទេស​អេហ្ស៊ីប​ឲ្យ​ធ្វើ​ជា​អាជ្ញាកណ្តាល​មួយ​ដំណ​ទៀត ព្រោះ​អេហ្ស៊ីប​ជា​ប្រទេស​អារ៉ាប់​តែ​មួយ​គត់​នៅ​ក្នុង​តំបន់​ដែល​អាមេរិក​អាច​ពឹងពាក់​បាន។ ឃើញ​ថា នេះ​ពិត​ជា​រឿង​មួយ​ស្មុគស្មាញ​ខ្លំាង​ណាស់។

តើ​ការ​ចូលលូក​ដៃ​របស់​អាមេរិក​ពេល​នេះ​នឹង​អាច​មាន​សង្ឃឹម​ដែរ ឬ​ទេ?

សង្ឃឹម ឬ​មិន​សង្ឃឹម ជា​ជម្រើស​មួយ ឬ​ក៏​ថា​ជា​កាតព្វកិច្ច​មួយ​ដែល​អាមេរិក​ចំា​បាច់​ត្រូវ​តែ​ធ្វើ​ដោយ​ខាន​មិន​បាន។ បើ​មិន​ដូច្នោះ​ទេ មាន​តែ​ទុក​បណ្តោយ​ឲ្យ​ស្ថានការណ៍​កាន់​តែ​ធ្លាក់​ដុនដាប​ថែម​ទៀត។ នៅ​ពេល​នោះ ស្ថានការណ៍​ដុនដាប​នឹង​មិន​កម្រិត​ត្រឹម​ជម្លោះ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ប៉ុណ្ណោះ​ទេ តែ​វា​នឹង​ឆ្លង​រាលដាល​ទៅ​ជា​ជម្លោះ​រវាង​អ៊ីស្រាអែល និង​ប្រជាជន​អារ៉ាប់​ទំាង​មូល​តែ​ម្តង។ ដូច្នេះ​ក្នុង​នាម​ជា​អាណាព្យាបាល​ពិភពលោក អាមេរិក​គ្មាន​ជម្រើស​អ្វី ក្រៅ​ពី​ចូល​ខ្លួន​អន្តរាគមន៍​ទេ នោះ​បើ​ទោះ​បី​ជា​លោក​អូបាម៉ា​បាន​ដឹង​ខ្លួន​រួច​ជា​ស្រេច​ថា លោក​គ្មាន​ទឹកមាត់​ប្រៃ​អ្វី​ដើម្បី​និយាយ​បញ្ចុះបញ្ចូល​ភាគី​ជម្លោះ​ទំាង​ពីរ​ឲ្យ​ស្តាប់​ខ្លួន​នោះ។

ដូច​គ្រប់​គ្នា​បាន​ដឹង​រួច​ហើយ​ថា ជម្លោះ​អ៊ីស្រាអែល ប៉ាឡេស្ទីន​ជា​ជម្លោះ​ប្រចំា​សតវត្ស​ដែល​ប្រហែល​ជា​គ្មាន​ថ្ងៃ​បញ្ចប់​ទេ។ កន្លង​មក សហគមន៍​អន្តរជាតិ​បាន​ចំណាយ​ពេល និង​ថវិកា​យ៉ាង​ច្រើន​សម្បើម​ដើម្បី​ជួយ​រក​សន្តិភាព​ឲ្យ​ប្រជាជន​ជិតខាង​ទំាង​ពីរ​អាច​រស់នៅ​ក្បែរ​គ្នា​ដោយ​សុខសាន្ត។ ប្រធានាធិបតី​អាមេរិក​សឹង​តែ​គ្រប់​រូប​សុទ្ធ​តែ​បាន​ព្យាយាម​គ្រប់​មធ្យោបាយ​ទំាង​អស់។ ថ្មីៗ​ចុង​ក្រោយ​នេះ លោក​ប្រមុខ​ការទូត​ចន ឃ៊ែរី​ក៏​បាន​ចំណាយ​ពេល​ជិត ១ឆ្នំា។ តែ​នៅ​ទីបំផុត លទ្ធផល​ដែល​ទទួល​បាន​នៅ​តែ​ដដែល នោះ​គឺ​ការ​បង្ហូរ​ឈាម​គ្នា​គ្មាន​ទីបញ្ចប់​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ