អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហេតុអ្វី​ជម្លោះ​ប្រដាប់អាវុធ​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន​កើតឡើង​នៅពេលនេះ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​ព្រហស្បតិ៍​នេះ គឺ​ជា​ថ្ងៃ​ទី៣ហើយ ដែល​អ៊ីស្រាអែល​បាន​បើក​ប្រតិបត្តិការ​យោធា​ទៅលើ​តំបន់​ហ្កាហ្សា​ ទឹកដី​ប៉ាឡេស្ទីន។ ការវាយប្រហារ​តាមផ្លូវ​អាកាស​ទៅលើ​ហ្កាហ្សា​មាន​សន្ទុះកាន់តែ​ខ្លាំង ការបាញ់ផ្លោង​រ៉ុកកែត​ពី​ហ្កាហ្សា​ចូល​ក្នុង​ទឹកដី​អ៊ីស្រាអែល​ក៏​នៅតែ​បន្តធ្វើ ហើយ​ចំនួន​អ្នក​ស្លាប់​និង​របួស​ចេះតែ​កើនឡើង​ជារៀងរាល់ថ្ងៃ។ ខាងក្រោម​នេះ ជា​សំណួរ-ចម្លើយ ជុំវិញ​វិបត្តិ​នេះ។

ទីក្រុង​ Rafah ក្នុង​ទឹកដី​ហ្កាហ្សា ដែល​ទទួល​រង​ការវាយប្រហារ​តាមផ្លូវ​អាកាស​ពី​សំណាក់​អ៊ីស្រាអែល កាលពីថ្ងៃ​អង្គារ ៨ កក្កដា ២០១៤
ទីក្រុង​ Rafah ក្នុង​ទឹកដី​ហ្កាហ្សា ដែល​ទទួល​រង​ការវាយប្រហារ​តាមផ្លូវ​អាកាស​ពី​សំណាក់​អ៊ីស្រាអែល កាលពីថ្ងៃ​អង្គារ ៨ កក្កដា ២០១៤ REUTERS/Ibraheem Abu Mustafa
ផ្សាយពាណិជ្ជកម្ម

សំណួរ-តើអ្វី​ទៅជា​ដើមហេតុ ដែល​នាំ​ឲ្យ​ផ្ទុះ​ជម្លោះ​ប្រដាប់អាវុធ​នៅពេលនេះ?

ការ​វាយតបតគ្នា​ទៅវិញទៅមក រវាង​អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស់ នៅ​ហ្កាហ្សា​​ តែងតែ​កើតមាន​ឡើង​ជាញឹកញាប់ តាំងពីយូរមកហើយ។ ជារឿយៗ ក្រុម​ហាម៉ាស់ ដែល​កាន់កាប់​តំបន់​ហ្កាហ្សា ​ប្រើ​រ៉ុកកែត​បាញ់​ផ្លោង​​ពី​ហ្កាហ្សា ទៅលើ​ទឹកដី​អ៊ីស្រាអែល ចំណែក​អ៊ីស្រាអែល​ប្រើ​យន្តហោះ ឬ​ឧទ្ធម្ភាគចក្រ​វាយប្រហារ​ទៅលើ​ហ្កាហ្សា

ជម្លោះ​​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​បាន​រាលដាល​ខ្លាំង​នៅពេលនេះ គឺ​នៅក្រោយ​ពី​មាន​ហេតុការណ៍​​ចាប់ជំរិត​ និង​សម្លាប់​យុវជន​អ៊ីស្រាអែល ៣នាក់ កាលពីខែ​មុន ដែល​អ៊ីស្រាអែល​ចោទថា​ជា​ស្នាដៃ​របស់​ក្រុមហាម៉ាស់។ អ៊ីស្រាអែល​ក៏​បាន​ចាប់ខ្លួន​ជនសង្ស័យ​ប៉ាឡេស្ទីន​ ព្រមទាំង​បាន​កម្ទេចផ្ទះសម្បែង​របស់​ពួកគេចោល។ លើសពីនេះ​ទៅទៀត​ កងទ័ព​អ៊ីស្រាអែល​​​បាន​បើក​ការ​វាយប្រហារ​តាមផ្លូវអាកាស​ទៅលើ​ទីតាំង​របស់​ក្រុម​ប្រដាប់អាវុធ​ហាម៉ាស់ នៅ​ក្នុង​តំបន់​ហ្កាហ្សា។ ឆ្លើយតបមកវិញ ក្រុមហាម៉ាស់​ក៏​បាន​បាញ់ផ្លោង​រ៉ុកកែត​រាប់រយគ្រាប់​ទៅ​លើទឹកដី​​អ៊ីស្រាអែល។ នៅថ្ងៃ​អង្គារ រដ្ឋាភិបាល​អ៊ីស្រាអែល​ក៏​បាន​ប្រកាស​ជាផ្លូវការ​បើក​ប្រតិបត្តិការ​យោធា ដែល​គេ​ប្រសិទ្ធនាម​ជា​ភាសា​អង់គ្លេសថា “Operation Protective Edge”។ កងទ័ព​អ៊ីស្រាអែល​ក៏​បាន​បញ្ជាក់ផងដែរ​ថា ប្រតិបត្តិការ​យោធា​​នេះ​នឹង​ត្រូវ​ធ្វើ​​​ដោយ​គ្មាន​ពេលកំណត់​ រហូតទាល់តែ​​អាច​បញ្ឈប់​ការ​បាញ់ផ្លោងរ៉ុកកែត​ពី​ហ្កាហ្សា​មក​លើ​អ៊ីស្រាអែល​បាន។

សំណួរ-តើ​រហូតមកទល់​នឹង​ពេលនេះ មាន​ភាគី​ណាមួយ ដែល​បង្ហាញ​ពី​ជំហរ​ចង់​សម្របសម្រួល​បញ្ចប់​ជម្លោះ​ដែរទេ?
 
រហូតមក​ទល់​នឹង​ពេលនេះ គេ​ហាក់ដូចជា​មិនឃើញ​មាន​ភាគី​ណាមួយ​បង្ហាញ​អំពី​ជំហរ​សម្របសម្រួល​បញ្ចប់​ជម្លោះ​នោះទេ គឺ​មានតែ​ការ​ព្រមាន​គ្នា​ទៅវិញ​ទៅមក។ អ៊ីស្រាអែល​ព្រមាន​ថា បើ​​​ការ​បាញ់ផ្លោង​​រ៉ុកកែត​លើ​អ៊ីស្រាអែល​​នៅតែ​បន្ត​ធ្វើ​តទៅទៀត អ៊ីស្រាអែល​អាច​នឹង​បើក​ប្រតិបត្តិការ​ទ័ព​ជើងគោកចូល​ឈ្លានពាន​ទឹកដី​ហ្កាហ្សា​តែម្តង។ ចំណែក​ក្រុម​ហាម៉ាស់វិញ​បាន​ព្រមានតបវិញ​ថា បើសិន​ជា​​អ៊ីស្រាអែលនៅតែ​បន្ត​វាយប្រហារ​លើ​ពួកគេ គឺ​ដូចជា​បើក​ទ្វារ​នរក។

នៅ​ពេលនេះ គេ​សង្កេតឃើញ​ថា ទាំង​ខាង​អ៊ីស្រាអែល និង​ខាង​ប៉ាឡេស្ទីន ​សុទ្ធតែ​មាន​បញ្ហា​នយោបាយ​ក្នុងស្រុក​ខ្លួនឯង ដែល​ពិបាក​នឹង​​សម្របសម្រួលគ្នា។

ខាង​អ៊ីស្រាអែល រដ្ឋាភិបាល​របស់​លោក​នេតាន់យ៉ាហ៊ូ​កំពុង​ទទួលរង​នូវ​សម្ពាធ​ពី​សំណាក់​គណបក្ស​ស្តាំនិយមជ្រុល ដែល​ជា​ដៃគូ​ក្នុង​រដ្ឋាភិបាល​ចម្រុះ ឲ្យ​ប្រើ​ធម៌​ក្តៅលើ​ប៉ាឡេស្ទីន ដើម្បី​បញ្ឈប់​ឲ្យ​បាន​ជា​ស្ថាពរ​នូវការ​បាញ់​ផ្លោងរ៉ុកកែត​លើ​អ៊ីស្រាអែល។ ពួកគេ​ថែមទាំង​ទាមទារ​ឲ្យ​អ៊ីស្រាអែល​បញ្ជូន​ទ័ព​ចូល​ឈ្លានពាន​កាន់កាប់​តំបន់​ហ្កាហ្សា​ទៀតផង។  

ចំណែក​ខាង​ប៉ាឡេស្ទីនវិញ ការប្រជែងគ្នា​ រវាង​ក្រុម​ហ្វាតា​របស់​លោក​ម៉ះមូដ អាបាស់ និង​ក្រុម​ហាម៉ាស់ នៅតែ​បន្ត​កើតមាន បើទោះបី​ជា​ភាគី​ទាំងពីរ​បាន​ចុះ​កិច្ចព្រមព្រៀង​ផ្សះផ្សា​គ្នា​ហើយ​ក៏ដោយ។ បច្ចុប្បន្ន​នេះ ទឹកដី​ប៉ាឡេស្ទីន​នៅតែ​បន្ត​បែក​ជាពីរ​ដដែល គឺ​តំបន់ Cisjordanie (West Bank) ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុម​ហ្វាតា ចំណែក​តំបន់​ហ្កាហ្សា ដែល​កំពុង​មាន​ជម្លោះ​ជាមួយ​អ៊ីស្រាអែល​នៅពេលនេះ នៅតែ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុម​ហាម៉ាស់ ដែល​ជាទូទៅ​តែងតែ​ប្រកាន់​ជំហរ​ហិង្សា ដើម្បី​ដោះស្រាយ​ជម្លោះ​ជាមួយ​អ៊ីស្រាអែល ហើយ​ដែល​ប្រទេស​ជាច្រើន​ចាត់ទុក​ថា​ជា​ក្រុម​ភេរវជន។

សំណួរ-ចុះ​សហគមន៍​អន្តរជាតិ​វិញ តើ​​អាច​ដើរតួនាទី​អ្វី​​ក្នុងការ​សម្របសម្រួល​បញ្ចប់​ជម្លោះ​នេះ​បានដែរ​ឬទេ?
 
នៅ​ក្នុង​ជម្លោះ​ពេលនេះ ក៏ដូចជា​ជម្លោះ​មុនៗ​ដែរ គេ​ដូចជា​មិន​ឃើញ​សហគមន៍​អន្តរជាតិ​អាច​ដើរតួនាទី​អ្វី​សំខាន់ ក្នុងការ​សម្របសម្រួល​បញ្ចប់​ជម្លោះ រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​នេះ​ទេ។ ជាទូទៅ យើងឃើញថា សហគមន៍​អន្តរជាតិ​​​ក៏​មាន​ជំហរ​ផ្ទុយ​គ្នា​ខ្លាំង​ដែរ។ ប្រទេស​ដែល​គាំទ្រ​ប៉ាឡេស្ទីន​នាំគ្នា​ប្រកាស​ថ្កោលទោស​ប្រតិបត្តិការ​យោធា​​អ៊ីស្រាអែល ចំណែក​ប្រទេស​គាំទ្រ​អ៊ីស្រាអែល​នាំគ្នា​ថ្កោលទោស​ការ​បាញ់​ផ្លោងរ៉ុកកែត​​ពី​ហ្កាហ្សា​ទៅលើ​ទឹកដី​អ៊ីស្រាអែល។ ប្រទេស​ដែល​ប្រកាន់​ជំហរ​កណ្តាល​ថ្កោលទោស​ទាំងសងខាង។ ក៏ប៉ុន្តែ សរុបចុងក្រោយ​មក​វិញ គ្រប់ប្រទេស​ទាំងអស់​​​បាន​ត្រឹមតែ​ថ្កោលទោស ហើយ​មិនមានធ្វើ​សកម្មភាព​អ្វី ដែល​អាច​ជួយដោះស្រាយ​បញ្ឈប់​ជម្លោះ​នេះ​បានទេ។

ងាកទៅ​អ.ស.ប​វិញ ក្រុមប្រឹក្សា​សន្តិសុខ​ត្រូវ​ជួប​ប្រជុំ​បន្ទាន់មួយ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ទៅតាម​សំណើ​របស់​សម្ព័ន្ធ​អារ៉ាប់ ដើម្បី​ជជែក​ពី​ជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន ក៏ប៉ុន្តែ បើ​មើល​ទៅលើ​បទពិសោធន៍​មុនៗ នៅ​ក្នុង​ជម្លោះ រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន ក្រុមប្រឹក្សា​សន្តិសុខ​បាន​ត្រឹមតែ​ថ្កោលទោស​ការ​សម្លាប់​ជនស៊ីវិល ឬ​​អំពាវនាវ​ឲ្យ​ភាគី​មាន​ការអត់ធ្មត់​ ប៉ុន្តែ មិនដែល​ចេញ​សេចក្តីសម្រេច​អ្វី​​ជា​សាច់ការ​ធំដុំ​​នោះទេ។

អ្នកដែល​ធ្លាប់​​ដើរតួនាទីសំខាន់ ក្នុងការ​សម្របសម្រួល​ឲ្យ​​មាន​បទឈប់បាញ់ រវាង​អ៊ីស្រាអែល និង​ក្រុមហាម៉ាស់ នៅ​ក្នុង​ជម្លោះ​មុនៗ គឺ​អេហ្ស៊ីប ព្រោះ ​អេហ្ស៊ីប​មាន​ទំនាក់ទំនង​ល្អ​ជាមួយក្រុម​ហាម៉ាស់​ផង និង​ជាមួយ​អ៊ីស្រាអែល​ផង។ ក៏ប៉ុន្តែ អេហ្ស៊ីប​ដែល​ចេញមុខ​សម្របសម្រួល​ជម្លោះ​អ៊ីស្រាអែល និង​ហាម៉ាស់ កាល​ពីពេលមុន គឺ​អេហ្ស៊ីប ក្រោម​ការដឹកនាំ​របស់​លោក​មូបារ៉ាក់។ ឥឡូវនេះ លោក​មូបារ៉ាក់​ត្រូវ​គេ​ទម្លាក់​ពី​អំណាច​បាត់ទៅហើយ។ គេ​មិនដឹង​ថា តើ​មេដឹកនាំ​ថ្មី​របស់​អេហ្ស៊ីប គឺ​ឧត្តមសេនីយ៍ អាប់ឌែល អាល់ស៊ីស៊ី មាន​សមត្ថភាព ឬ​មាន​ឆន្ទៈ ក្នុងការ​ចេញមុខ​សម្របសម្រួល​ជម្លោះ​នេះ ដូច​លោក​មូបារ៉ាក់​ដែរ​ឬ​ក៏អត់ទេ។

សំណួរ-តើ​ជ​ម្លោះ​ប្រដាប់អាវុធ រវាង​អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស់ នៅពេលនេះ អាច​នឹង​ជះផលវិបាក​អ្វីខ្លះ​ដល់​ដំណើរការ​​ស្វែងរក​សន្តិភាព​យូរអង្វែង​នៅ​ដើមបូព៌ា​នេះ?
 
តាម​ពិត​ទៅ ដំណើរការ​ចរចា​សន្តិភាព រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន ត្រូវ​ជាប់គាំង​តាំង​ពី​មុន​ផ្ទុះ​ជម្លោះ​ប្រដាប់អាវុធ​នេះម៉្លេះ។ កិច្ចចរចា​សន្តិភាព រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន ក្រោម​ការសម្របសម្រួល​របស់​សហរដ្ឋ​អាមេរិក ត្រូវ​ទទួល​បរាជ័យ​តាំង​ពី​ខែមេសា ហើយ​​ចាប់តាំង​ពីពេលនោះមក គេ​មិនឃើញ​មាន​គម្រោង​បើក​ការចរចា​ណាមួយ​ថ្មី​ទៀតទេ។

នៅ​ក្នុងពេលបច្ចុប្បន្ន​នេះ គេ​បារម្ភ​​ថា ទាំងអ៊ីស្រាអែល និង​ទាំង​ប៉ាឡេស្ទីន​​អាច​ធុញទ្រាន់នឹង​ការចរចា ដែល​ទើប​នឹង​ទទួលបរាជ័យ​​ថ្មីៗ​នេះ​ផង ហើយ​ជម្លោះ​ប្រដាប់អាវុធ​ក៏​ផ្ទុះឡើង​ទៀត ក៏នាំគ្នា​ងាក​ទៅរក​អំពើ​ហិង្សា​ជា​ដំណោះស្រាយ​ទៅវិញ។ អ៊ីស្រាអែល​អាច​នឹង​បញ្ជូន​កងទ័ព​ចូល​ឈ្លានពាន​កាន់កាប់​តំបន់​ហ្កាហ្សា​ដូចកាល​ពីពេលមុនវិញ ដែល​អាច​បង្ក​ឲ្យមាន​មនុស្ស​ស្លាប់​រាប់ពាន់នាក់។ ចំណែក​​ប្រជាជន​ប៉ាឡេស្ទីន​​វិញ​អាច​នឹង​នាំគ្នា​ងើបឡើង​​បះបោរ​ប្រើ​អំពើ​ហិង្សា​ទៅលើ​អ៊ីស្រាអែល (ដែល​គេហៅថា Intifada) ដូចកាល​ពី២លើកមុន គឺ​ លើកទី១ ពីឆ្នាំ​១៩៨៧​ដល់​ឆ្នាំ​១៩៩៣ និង​​លើកទី២ ពីឆ្នាំ​២០០០​ ដល់​ឆ្នាំ​២០០៥៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ