អានតួអត្ថបទ
រុស្ស៊ី-អាមេរិក

សភា​អាមេរិក​ហាម​មិន​ឲ្យ​ក្រសួង​ការពារ​ជាតិ​ទិញ​អាវុធ​ពី​រុស្ស៊ី​

ហាម​​នេះ​គឺ​​រំលង​​តែ​​ប៉ុន្មាន​​ម៉ោង​ក្រោយ​ពី​​រុស្ស៊ី​ បាន​​ប្រើ​​ជា​​ថ្មី​​សិទ្ធិ​​វេតូ​ខ្ទប់​​មិន​​ឲ្យ​ក្រុម​​ប្រឹក្សា​​សន្តិសុខ​​អ.ស.ប.​ អនុម័ត​​ទៅ​​កើត​គម្រោង​​នៃ​​សេចក្តី​​សម្រេច​​ដាក់​​ចេញ​ដោយ​​ពួក​​បស្ចិម​​ប្រទេស​​ដើម្បី​​បន្តឹង​​ទណ្ឌកម្ម​​ទល់​​នឹង​​របប​​គ្រប់​​គ្រង​​នៅ​​ស៊ីរី។​ មូល​ហេតុ​​មក​​ពី​​ក្រុម​ហ៊ុន​​រដ្ឋ​រុស្ស៊ី​​ខាង​​លក់​​អាវុធ​​ទៅ​​ក្រៅ ​RosOboronExport​ ចេះ​​តែ​​លក់​​ទៅ​​ឲ្យ​​របប​​នេះ​ អាវុធ​​ដែល​​សម្លាប់​​ប្រជា​ជន​​ស៊ីវិល​​ស្លូត​ត្រង់​​សោះ។

សភា​​​អាមេរិក​​​ហាម​មិន​ឲ្យ​ក្រសួង​ការពារជាតិ​ទិញ​អាវុធពីរុស្ស៊ី
សភា​​​អាមេរិក​​​ហាម​មិន​ឲ្យ​ក្រសួង​ការពារជាតិ​ទិញ​អាវុធពីរុស្ស៊ី RFI/Keo Chhaya
ផ្សាយពាណិជ្ជកម្ម

តាម​ទិន្នន័យនៃ​ស្ថាប័នស្រាវជ្រាវ​របស់​រដ្ឋសភា​អាមេរិក​គ្រាន់តែ​ក្នុង​ឆ្នាំ ២០១១ កន្លង​ទៅ​ក្រុមហ៊ុន​រដ្ឋ​រុស្ស៊ី​ខាង​នាំ​អាវុធ​ទៅ​ក្រៅ RosOboronExport បាន​លក់​ទៅ​ឲ្យ​ស៊ីរី គឺ​អាវុធ​ក្នុង​ទឹកប្រាក់ ៣.៥០០​លាន​ដុល្លារ​អាមេរិក ដែល​ធានា​បាន​មិន​តិច​ជាង​១០% ឡើយ​នៃ​ចំណូល​រុស្ស៊ី តាម​មុខ​ព្រួញ​នេះ។ ក្នុង​បញ្ជី​នៃ​អាវុធ​លក់​ទៅ​ស៊ីរី គឺ​មាន យន្តហោះ​ប្រដេញ​ធុន Mig-29 ចំនួន ២៤ គ្រឿង យន្តហោះធុន Yak-130 ចំនួន ៣៦គ្រឿង ប្រព័ន្ធ​ការពារ​ដែន​អាកាស​ធុន Buk-M2 ចំនួន ៨ប្រព័ន្ធ រ៉ុកកែតធុន X-55 សម្រាប់​បាញ់​ពន្លិច​នាវា និង គ្រឿង​បច្ចេកទេស​យោធា​​ផ្សេង​ទៀត។

មិនតែ​ប៉ុណ្ណោះ តាម​យោបល់​ទីក្រុង​វ៉ាស៊ីនតោន ក្រុមហ៊ុន RosOboronExport ក៏​គ្រោង​លក់​ទៅ​ឲ្យ​ទីក្រុង​ដាម៉ាស នូវ ប្រព័ន្ធ​ការពារ​ឆ្នេរ​សមុទ្រ ធុន Bastion បំពាក់​ទៅ​ដោយ​កាំជ្រួច មីស្ស៊ីល Yakhon ដែល​មាន​ប្រសិទ្ធិភាព​ខ្ពស់។

សម័យ​ប្រជុំ​នៃ​សភាអ្នកតំណាងរាស្ត្រ ជាសភាជាន់ក្រោមនៃរដ្ឋសភាអាមេរិក ដែល ដោយ សំឡេង​គាំទ្រ ដល់ទៅ៤០៧ ទល់នឹងសំឡេងជំទាស់តែ ៥ប៉ុណ្ណោះ បានទាមទារពីក្រសួង ការពារជាតិអាមេរិក ឲ្យហែកចោលទៅ កិច្ចសន្យាដែលមានចុះជាមួយ RosOboronExport ដើម្បីទិញ ឧទ្ធម្ភាគចក្រពីរុស្ស៊ី សម្រាប់យកទៅបំពាក់ឲ្យកងទ័ពអាហ្វហ្កានីស្ថាន។

ដ្បិត សម្រា​​ប់​​ស.រ.អា. ជា​ការ​មិនអាចទទួលយកបានឡើយ ការសហការជាមួយក្រុមហ៊ុនរុស្ស៊ី ដែល​លក់អាវុធទៅ របបផ្តាច់ការនៅស៊ីរី របបដែលជាប់ពិរុទ្ធក្នុងការធ្វើឃាត បុរស ស្ត្រី កុមារ រាប់ពាន់នាក់ដែល ដែលគ្មានទោសពៃរ៍អ្វីសោះ។ ការសហការនេះ គឺវាផ្ទុយនឹង ”គោលការណ៍​នៃ​សេរីភាព​និង ប្រជាធិបតេយ្យ” របស់ ប្រជាជន​អាមេរិក។

គួររំលឹកថា ក្នុងឆ្នាំ២០១១ ក្រសួងការពារជាតិអាមេរិក បានចុះកុងត្រាទិញ ឧទ្ធម្ភាគចក្រ​រុស្ស៊ី​ធុន Mi-17ចំនួន​២១​គ្រឿងក្នុងតម្លៃ៣៦៧លាន៥សែនដុល្លារសម្រាប់​កងទ័ព​អាហ្វហ្កានីស្ថាន។

ឧទ្ធម្ភាគចក្រទាំងនេះ តាមដែលកាសែតរុស្ស៊ីចុះផ្សាយ គឺមានបញ្ជូនឲ្យទៅទីក្រុង Kaboul រួច​រាល់​អស់​ហើយ មក​ទល់​កណ្តាល​ខែ​មិថុនា​កន្លង​ទៅ។

ហើយ​ថ្ងៃ​១៨​កក្កដាម្សិលម៉្ងៃ ក្រសួងការពារជាតិអាមេរិក បានប្រកាសថា ទើបមាន​ចុះ​ជា​មួយ​ក្រុមហ៊ុន​រដ្ឋ​រុស្ស៊ី RosOboronExport កុងត្រា​មួយ​ថ្មី ដើម្បី​ទិញ​ឧទ្ធម្ភាគចក្រ​ធុន​នេះ ចំនួន ១០ គ្រឿង​ថែម​ទៀត ក្នុង​តម្លៃ ១៧១​លាន​ដុល្លារ សម្រាប់​ផ្តល់​ទៅ​ពួក​យោធា​អាហ្វហ្កាន​ដដែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ