អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បញ្ហាចម្រូងចម្រាស​នៅ​អាមេរិក​ជុំវិញ​វិធានការ​ទប់ស្កាត់​មេរោគ​អេបូឡា

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​សហរដ្ឋ​អាមេរិក បញ្ហា​ចម្រូងចម្រាស​បាន​កើតឡើង​តាំង​ពី​ប៉ុន្មាន​ថ្ងៃ​មក​ហើយ ជុំវិញ​វិធានការ​តឹងរ៉ឹង​របស់​រដ្ឋ​មួយ​ចំនួន ទៅលើ​អ្នក​ធ្វើ​ដំណើរ​មក​ពី​តំបន់​អាហ្វ្រិក​ខាងលិច ជាពិសេស​បុគ្គលិក​ពេទ្យ ដែល​វិលត្រឡប់​ពី​ជួយ​ព្យាបាល​អ្នក​ជំងឺ​អេបូឡា។ រដ្ឋខ្លះ​បាន​បន្ធូរបន្ថយ​វិធានការ​នេះវិញ ក្រោយ​ពី​ទទួលរង​នូវ​ការ​រិះគន់ និង​ការ​ដាក់សម្ពាធ​ពី​សំណាក់​សេតវិមាន។

លោក Chris Christie អភិបាល​រដ្ឋ New Jersey (រូបថតឯកសារ)
លោក Chris Christie អភិបាល​រដ្ឋ New Jersey (រូបថតឯកសារ) REUTERS/Carlo Allegri
ផ្សាយពាណិជ្ជកម្ម

 

វិធានការ​ដ៏តឹងរ៉ឹង ដាក់ចេញ​ដោយអភិបាល​​រដ្ឋ​ចំនួន New York រដ្ឋ​ New Jersey និង​រដ្ឋ​ Illinois ​ហើយ​ដែល​ចាប់អនុវត្ត​តាំង​ពីថ្ងៃ​សុក្រ ២៤តុលា​កន្លងទៅនេះ ត្រូវ​ធ្វើ​ទៅលើ​អ្នកដំណើរ​ពី​តំបន់​អាហ្វ្រិក​ខាងលិច ដែលមេរោគ​អេបូឡា​កំពុងតែ​រីករាលដាល​ខ្លាំង។ យោងតាម​បទបញ្ជា​របស់​អភិបាល​រដ្ឋ​ទាំង ៣ នេះ គ្រប់​អ្នក​ដំណើរ​ទាំងអស់ ពី​អាហ្វ្រិក​ខាងលិច នឹង​ត្រូវ​គេ​ចាំ​ស្ទាក់​ចាប់ នៅ​ព្រលាន​យន្តហោះ រួចហើយ​ដាក់​ឲ្យ​ដាច់ពីគេ ក្នុងរយៈពេល ២១ថ្ងៃ បើទោះបីជា​អ្នក​នោះ​មាន​ ឬ​គ្មាន​រោគសញ្ញា​ដែល​នាំ​ឲ្យ​គេ​សង្ស័យ​ថា​ឆ្លង​មេរោគ​អេបូឡា​ក៏ដោយ។

វិធានការ​នេះ​​ធ្វើ​ឲ្យ​​មាន​ការ​រិះគន់​យ៉ាង​ខ្លាំង ទាំង​ពី​សំណាក់​អ្នក​ជំនាញ​ខាង​មេរោគ​អេបូឡា ក៏ដូចជា ពី​សំណាក់​រដ្ឋាភិបាល​របស់​លោក​អូបាម៉ា។
 
អ្នករិះគន់​បាន​លើកឡើង​ថា វិធានការ​ចាប់បង្ខំ​​​គ្រប់​អ្នក​ដំណើរ​ពី​តំបន់​មាន​មេរោគ​អេបូឡា សូម្បីតែ​អ្នក​គ្មាន​រោគសញ្ញា​សង្ស័យ ​ដាក់​ឲ្យ​នៅ​ដាច់តែ​ឯង​រយៈពេល ២១​ថ្ងៃ គឺ​ជា​ការ​ធ្វើ​ជ្រុល​ហួសហេតុ ហើយ​​ជាវិធាន​ការ​ដែល​​ធ្វើ​ទៅតាម​អារម្មណ៍​ភ័យខ្លាច​ជាជាង​ផ្អែក​ទៅលើ​វេជ្ជសាស្រ្ត។ យោងតាម​អ្នក​ជំនាញ​ខាង​មេរោគ​អេបូឡា ​អ្នក​ជំងឺ​ដែល​​មិន​ទាន់​ចេញ​រោគ​សញ្ញា​​មិន​ទាន់​អាច​ចម្លង​មេរោគ​អេបូឡា​ទៅ​អ្នក​ដទៃ​បាន​នោះទេ។ ម្យ៉ាងទៀត មេរោគ​អេបូឡា​​​ក៏​មិនមែន​​អាចឆ្លង​ងាយៗ​ដែរ ពោលគឺ ទាល់តែ​មាន​ការ​ប៉ះពាល់​អ្នក​ជំងឺ​ដោយ​ផ្ទាល់​​ទើប​អាច​ឆ្លង។

រដ្ឋាភិបាល​របស់​លោក​អូបាម៉ា​វិញ​បាន​បង្ហាញ​នូវ​ក្តីបារម្ភ​ថា វិធានការ​ដាក់ចេញ​ដោយ​រដ្ឋ ទាំង ៣​ខាង​លើ​នេះ អាច​នឹង​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​​បុគ្គលិក​ពេទ្យ​ ដែល​​បាន​ប្រថុយ​នឹង​គ្រោះថ្នាក់ ស្ម័គ្រចិត្ត​ទៅជួយ​​ប្រទេស​មាន​មេរោគ​អេបូឡា ក៏ប៉ុន្តែ នៅ​ពេល​ដែល​វិលត្រឡប់​មក​អាមេរិក​វិញ បែរជា​ត្រូវ​គេ​ចាប់ទុក​ឲ្យ​នៅ​ដាច់​ពីគេ​ដល់​ទៅ ៣សប្តាហ៍ សូម្បីតែ​ពួកគេ​គ្មាន​រោគសញ្ញា​អេបូឡាសោះ។ វិធានការ​ដ៏តឹងរ៉ឹង​នេះ​អាច​នឹង​ធ្វើ​ឲ្យ​បុគ្គលិក​ពេទ្យ​ស្ម័គ្រ​ចិត្ត​ទៅ​អាហ្វ្រិក​អាច​នឹង​ត្រូវ​ថយចុះ នៅ​ក្នុង​ពេល​ដែល​គេ​កំពុងតែ​ត្រូវការ​​ពួកគេខ្លាំង។

បញ្ហា​ចម្រូងចម្រាស​​បាន​កើតមានឡើង​កាន់តែ​ខ្លាំង ​ក្រោយ​ពី​​បុគ្គលិក​ពេទ្យ​ម្នាក់​ ឈ្មោះ Kaci Hickox ដែល​ទើប​នឹង​មក​ពី​ធ្វើការ​នៅ​អាហ្វ្រិក​ខាងលិច ហើយ​ត្រូវ​អាជ្ញាធរ​រដ្ឋ New Jersey ចាប់​ដាក់​ឲ្យ​នៅ​ដាច់តែ​ឯង កាល​ពីថ្ងៃ​សុក្រ បាន​ធ្វើការ​តវ៉ា​​ជុំវិញ​លក្ខខណ្ឌ​នៃ​ការ​​ “ឃុំខ្លួន” គាត់​ថា អាជ្ញាធរ​ធ្វើ​មក​លើ​លោកស្រី​ធ្វើមើល​តែ​ធ្វើ​ទៅលើ​ឧក្រិដ្ឋជន។ មេធាវី​របស់​លោកស្រី​បាន​ប្រកាស​​គ្រោង​នឹង​​​ប្តឹង​ទៅ​តុលាការ​សហព័ន្ធ​អាមេរិក ដើម្បី​ប្រឆាំង​នឹង​ចំណាត់ការ​របស់​អាជ្ញាធរ ដែល​គាត់​ចាត់ទុក​ថា​ជា​ការ​រំលោភ​លើ​សិទ្ធិសេរីភាព​ជា​មូលដ្ឋាន ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​អាមេរិក។

ក្រោយ​ពី​ដោយសារ​តែ​មាន​ការ​រិះគន់​ និង​មាន​សម្ពាធ​ពី​សេតវិមាន​ អភិបាល​រដ្ឋ New York និង​រដ្ឋ New Jersey ទើប​នឹង​បាន​សម្រេច​បន្ធូរបន្ថយវិធានការ​មក​វិញ​បន្តិច ដោយ​ធ្វើការ​បែងចែក​ជា​ពីរ​ករណី។ អ្នក​ដំណើរ​ពី​អាហ្វ្រិក​ខាងលិច ដែល​គ្មានរោគសញ្ញា​សង្ស័យ ហើយ​ដែល​​ធ្លាប់មាន​ការ​ប៉ះពាល់​ដោយ​ផ្ទាល់​ជាមួយ​អ្នក​ជំងឺ​អេបូឡា នឹង​មិន​ត្រូវ​ចាប់​ដាក់​ឲ្យ​នៅ​ដាច់​ពី​គេ​នោះទេ ដោយ​គ្រាន់តែ​មាន​​​គ្រូពេទ្យ​ឲ្យ​ទៅ​ពិនិត្យ​ដល់​ផ្ទះ មួយថ្ងៃ ២ដង ដើម្បី​តាម​ដាន​មើល​។ ​អ្នក​ដំណើរ​ពី​​អាហ្វ្រិក​ខាងលិច ដែល​គ្មាន​រោគសញ្ញា​សង្ស័យ ក៏ប៉ុន្តែ ​​ធ្លាប់​បាន​​ប៉ះពាល់​អ្នក​ជំងឺ​អេបូឡា ក៏​​ត្រូវ​អនុញ្ញាត​ឲ្យ​​​​​ទៅ​ផ្ទះវិញ​បាន​ដែរ ប៉ុន្តែ ​​ត្រូវ​ស្ថិត​នៅ​ក្នុង​ផ្ទះ ដោយ​មិន​ឲ្យ​ចេញ​ទៅ​ក្រៅ រយៈពេល ២១ថ្ងៃ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ