អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

គណបក្ស​ប្រជាធិបតេយ្យ​បើក​សមាជ​តែងតាំង​លោកស្រី​ Hillary Clinton​

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់​ពី​​សមាជ​គណបក្ស​សាធារណរដ្ឋ​ នា​សប្តាហ៍​នេះ​ ក្រសែ​ភែ្នក​ពិភព​លោក​ទាំងមូល​នឹង​ផ្តោត​លើ​សមាជ​គណបក្ស​ប្រជា​ធិបតេយ្យ។​​ សមាជ​នេះ​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​ ២៥ ដល់​ទី​ ២៨ កក្កដា​នេះនៅ​ទីក្រុង​ Philadelphia នៃ​រដ្ឋ​ Pennsylvania។​​ លោកស្រី​ Hillary Clinton នឹង​ត្រូវ​តែងតាំង​ជា​បេក្ខនារី​ប្រធានាធិបតី​ផ្លូវការ​តំណាង​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ​ សំរាប់​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ប្រធានាធិបតី​នា​ថ្ងៃ​ទី​ ៨ វិច្ឆិការ​ខាង​មុខ​នេះ។ គាប់ជួន​ពេល​គ្នា​នេះ​ផង​ដែរ​ វេបសាយ៍​ Wikileaks ​ទើប​ទម្លាយ​ឯកសារ​សំងាត់​ផ្ទៃ​ក្នុងរបស់​គណបក្ស​ប្រជា​ធិបតេយ្យ។​ ​ឯកសារ​នោះ​លាតត្រដាង​ពីភាព​លំអៀង​កាន់​ជើង​លោកស្រី​ Hillary Clinton ​ពី​សំណាក់​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​បក្ស។ រឿង​អាស្រូវ​ថ្មី​នេះ​កើតឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​​​មុន​ការ​បើក​សមាជ​គណបក្ស​ប្រជា ធិបតេយ្យ។

ការ​ត្រៀម​រៀបចំ​បើក​សមាជ​របស់​បក្ស​ប្រជាធិបតេយ្យ​
ការ​ត្រៀម​រៀបចំ​បើក​សមាជ​របស់​បក្ស​ប្រជាធិបតេយ្យ​ (Photo : Reuters)
ផ្សាយពាណិជ្ជកម្ម

សមាជ​គណបក្ស​ប្រជាធិបតេយ្យ​ចាប់​ផ្តើម​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ហើយ។​ បើ​ប្រៀប​ធៀប​គ្នា​នឹង​សមាជ​គណបក្ស​សាធារណរដ្ឋ​កាលពី​សប្តាហ៍​មុន​ យើង​ឃើញ​ថា​សមាជ​គណបក្ស​ប្រជាធិបតេយ្យ​ខុស​គ្នា​ស្រឡះ។​ ខុស​គ្នា​ត្រង់​សមាជ​តែង​តាំង​លោកស្រី​ Hillary Clinton ស្ថិត​ក្រោម​រូបភាព​សាមគ្គី​ឯកភាព​ផ្ទៃក្នុង​បក្ស​។​ ផ្ទុយ​ទៅ​វិញ​ ការ​តែងតាំង​បេក្ខជន​ដ៏​មហា​ចម្រូង​ចម្រាស់​ គឺ​លោក​ Donald Trump បាន​បង្ក​ឲ្យ​មាន​ភាព​ចលាចល​បះបោរ​ក្នុង​បក្ស​ ជា​ពិសេស​ពី​សំណាក់​អ្នក​ដែល​មិន​ពេញ​ចិត្ត​មួយ​ចំនួន។​

បី​ថ្ងៃ​មុន​ការ​បើក​សមាជ​បក្ស​នេះ​ លោកស្រី​ Hillary Clinton បាន​បង្ហាញ​អត្តសញ្ញាណ​បេក្ខជន​​អនុប្រធានាធិបតី​ គឺ​លោក​ Tim Kaine ក្នុង​ករណី​ដែល​លោកស្រី​ឈ្នះឆ្នោត​នា​ខែ​វិចិ្ឆការ​ខាង​មុខ​នេះ។​ អ្នក​ទាំងពីរ​បាន​បង្ហាញ​មុខ​រួម​គ្នា​ជា​លើក​តំបូង​នា​ជំនួប​ជាមួយ​អ្នក​គាំទ្រ ​ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​សាកលវិទ្យាល័យ​អន្តរជាតិ​រដ្ឋ​ Florida ស្ថិត​ក្នុង​ទីក្រុង​ Miami។​

នា​ជំនួប​នោះ​ នៅ​លើ​វេទិការ​ លោកស្រី​ Hillary Clinton អាយុ​ ៦៨ ឆ្នាំ​ឈរ​នៅ​ពីមុខ​ ហើយ​លោកស្រី​ថ្លែង​សុន្ទរកថា​ទៅ​កាន់​អ្នក​គាំទ្រ។​ ចំណែក​លោក​ ​Tim Kaine​ អាយុ​ ៥៨ ឆ្នាំ​ឈរ​នៅ​ពីក្រោយ​ស្តាប់​ពាក្យ​ពេចន៍​របស់​លោកស្រី​ Clinton​ ក្រោម​សំរែក​គាំទ្រ​ពី​ហ្វូង​មហាជន។​ ជាការ​គួរ​ឲ្យ​កត់​សំគាល់​ លោកស្រី​ Hillary Clinton បាន​មាន​ប្រសាន៍​ថា​ សមាជ​គណបក្ស​ប្រជាធិបតេយ្យ​ក្នុង​សប្តាហ៍​នេះ​នឹង​បង្ហាញ​ពី​ចក្ខុ​វិស័យ​ថ្មី​មួយ​របស់​សហរដ្ឋ​អាមេរិក។ វា​ខុស​ពី​អ្វី​ដែល​បាន​កើត​ឡើង​កាលពី​សប្តាហ៍​មុន​។ សមាជ​នេះ​នឹង​ធ្វើ​ជា​ស្ពាន​ចម្លងផ្លូវ​ តែ​មិន​មែន​ធ្វើ​ជា​ជញ្ជាំង​បិទបាំង​ទេ​។ សមាជ​នេះ​នឹង​លើក​តំកើង​ភាព​រស់​នៅ​ចំរុះ​ជាតិ​សាសន៍​ និង​ការ​រស់​នៅ​ជាមួយ​គ្នា​នៅ​សហរដ្ឋ​អាមេរិក​ ដែល​បាន​ធ្វើ​ឲ្យ​ប្រទេស​នេះ​រីក​ធំធាត់។

នៅ​ក្នុង​កម្មវិធី​ ​ ស្រ្តី​ទីមួយ​សហរដ្ឋ​អាមេរិក​ គឺ​លោកស្រី​ Michelle Obama នឹង​ឡើង​ថ្លែង​សុន្ទរកថា​បើក​សម្ពោធ​សមាជ​ដ៏​អធិក​អធម​នេះ។​ លោក​ប្រធានាធិបតី​បច្ចុប្បន្ន​ គឺ​លោក​ បារ៉ាក់ អូបាម៉ា​និង​លោក​អតីតៈ​ប្រធានាធិបតី​ គឺ​លោក​ Bill Clinton ក៏​នឹង​ឡើង​ថ្លែង​សារ​ទៅ​កាន់​អ្នក​ចូលរួម​ផង​ដែរ។ សូម្បី​តែ​លោក​ Bernie Sanders​ គូ​ប្រជែង​ក្នុង​បក្ស​របស់​លោកស្រី​ Hillary Clinton ក៏​នឹង​មាន​កិត្តិយស​ត្រូវ​ឡើង​បញ្ចេញ​ពាក្យពេចន៍​ផងដែរ។​

សូមបញ្ជាក់​ថា​ លោក​ Sanders បាន​ប្រកួត​ប្រជែង​រហូត​ដល់​វគ្គ​ចុង​បញ្ចប់​នៃការ​បោះឆ្នោត​ជ្រើស​រើស​បេក្ខជន​តំណាង​ឲ្យ​បក្ស។​ លោក​បាន​ចរចារ​កម្មវិធី​នយោបាយ​មួយ​ចំនួន​​ជាមួយ​លោកស្រី​ Hillary Clinton។​ ហើយ​រហូត​ដល់​ថ្ងៃ​ទី​ ១២ ខែ​កក្កដា​នេះ​ទើប​លោក​សុខចិត្ត​​ប្រកាស​ទទួល​ស្គាល់​បរាជ័យ​ ហើយ​គាំទ្រ​បេក្ខភាព​លោកស្រី​ Hillary Clinton។

ឯកសារ​បែកធ្លាយ​ដ៏​គួរ​ឲ្យ​រំខាន
ជាមួយ​សាមគ្គី​ផ្ទៃ​ក្នុង​បក្ស​នេះ​ ដំណឹង​មួយ​ក៏​កំពុង​ធ្វើ​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ​រំជើប​រំជួល​ផង​ដែរ។​នាចុង​សប្តាហ៍​នេះ​ វេបសាយ៍​ Wikileaks បាន​ផ្សព្វផ្សាយ​​សារ​ឆ្លើយ​ឆ្លង​តាម​រយៈ​អ៊ីម៊ែល​ចំនួន​ ២ ម៉ឺន​ឯកសារ។​ គឺ​ជាឯក​សារ​ផ្ទៃក្នុង​គណបក្ស​ប្រជាធិបតេយ្យ​របស់​បុគ្គល​សំខាន់ៗ​មួយ​ចំនួន​នៅ​ក្នុង​ជួរ​បក្ស។ បើ​តាម​ការ​ប៉ាន់​ស្មាន​ជា​បឋម​ ខ្លឹមសារ​នៃ​ការ​ឆ្លើយ​ឆ្លង​ខ្លះ​អាច​ឆ្លុះ​បញ្ចាំង​ឲ្យ​ដឹង​ពីភាព​លំអៀង​នៅ​ក្នុង​បក្ស​ ដែល​ក្រុម​អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់រួម​​ផ្សំ​គំនិត​គ្នា​ជួយ​ជ្រោម​ជ្រែង​លោកស្រី​ Hillary Clinton ក្នុង​កំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើស​រើស​បេក្ខជន​ផ្លូវការ​តំណាង​បក្ស​នារយៈ​ពេល​ប៉ុន្មាន​ខែ​កន្លង​មក​នេះ។​​

កន្លង​មក​​ គូ​ប្រជែង​ គឺ​លោក​ Bernie Sanders ក៏​ធ្លាប់​បាន​ថ្អូញ​ថ្អែរ​ពី​បញ្ហា​នេះ​ផង​ដែរ។ គិត​មក​ដល់​ពេល​នេះ​ លោក​ Bernie Sanders នៅ​ពុំ​ទាន់​សំដែង​ប្រតិកម្ម​ឡើយ​ជុំ​វិញ​ការ​លាត​ត្រដាង​ឯកសារ​សំម្ងាត់​នេះ​។​ បើទោះបី​ជា​វេបសាយ៍​ Wikileaks​ ពុំ​បាន​បង្ហាញ​អត្តសញ្ញាណ​ប្រភព​អ្នក​បញ្ចេញ​ឯកសារ​សម្ងាត់​នោះ​ក៏ដោយ​ ប៉ុន្តែ​ គេ​ជឿជាក់​ថា​ក្រុមចោរ​លួច​ទិន្នន័យ​តាម​អ៊ិនធើណេត​ ឬ​គេហៅ​ hacker ទំនង​ជា​មាន​ប្រភព​មក​ពី​ប្រទេស​រុស្សី​។​

គួរ​កត់​សំគាល់​ផងដែរ​ថា​ បើ​យោង​តាម​សារព័ត៌មាន​បារាំង​ Le Monde កាលពីខែ​មិថុនា​កន្លង​ទៅ​នេះ​ ស៊ែរវើ​ (serveur) ផ្ទុក​ទិន្ន័យ​របស់​គណៈកម្មាធិការ​ជាតិ​គណបក្ស​ប្រជាធិបតេយ្យ​ (CND) ​ត្រូវ​បាន​ក្រុម​ចោរ​មក​ពី​រុស្សី​វាយ​លុក​ចូល។​ ជាដំណាក់​កាល​បឋម​ ក្រុម​ចោរ​បាន​ផ្សព្វផ្សាយ​ឯកសារ​ផ្ទៃក្នុង​បក្ស​ប្រជាធិបតេយ្យ​ ដែល​រៀបរាប់​អំពី​យុទ្ធសាស្រ្ត​ក្នុង​ការ​ដឹកនាំ​យុទ្ធនាការ​ប្រឆាំង​គូបដិបក្ខ​សាធារណរដ្ឋ​ គឺ​លោក​ Donald Trump។
 

ហើយ​ការ​លាត​ត្រដាង​ឯកសារ​ដំណាក់​កាលទីពីរ​នេះ​ គឺ​គ្មាន​ព័ត៌មាន​អ្វី​ដែល​សំខាន់​អស្ចារ្យ​ឡើយ​ ក្រៅ​តែ​ពី​ឯកសារ​ឆ្លើយ​ឆ្លង​សាមញ្ញ​របស់​ថ្នាក់​ដឹកនាំ​បក្ស​។​ នៅ​ក្នុង​ចំណោម​ឯកសារ​បែក​ធ្លាយ​ទាំង​នោះ​ មាន​សារ​មួយ​របស់​លោក​ Bard Marshall នាយក​ផ្នែ​​​ក​ហិរញ្ញវត្ថុ​របស់​គណបក្ស​ប្រជាធិបតេយ្យ។​ ដោយ​មិន​និយាយ​សំដៅ​ចំ​ឈ្មោះ​លោក​ Bernie Sanders ​ឡើយ លោក​ Marshall បាន​សរសេរ​សារ ​ទៅ​កាន់​គ្នីគ្នា​ក្នុង​បក្ស​ថា​ គូ​ប្រជែង​របស់​លោកស្រី​ Hillary Clinton គឺ​មាន​ដើម​កំណើត​ជ្វីស​ ហើយ​មិន​ជឿ​សាសនា​ឡើយ។​ លោក​ស្នើ​ឲ្យ​គេ​លើក​យក​ចំណុច​នេះ​សំរាប់​វាយ​ប្រហារ​គូ​បដិបក្ខ​នោះ​។ ​ យុទ្ធសាស្រ្ត​នេះ​នឹង​ធ្វើ​ឲ្យ​លោកស្រី​ Hillary Clinton អាច​​ទទួល​បាន​​សម្លេង​គាំទ្រ​ពី​សហគមន៍​ជនជាតិ​ជ្វីស​ ដែល​គោរព​​ជំនឿ​សាសនា​។

វេបសាយ៍​ Vox ជំនាញ​ផែ្នក​វិភាគ​នយោបាយ​អាមេរិក​ក៏​បាន​យល់​ឃើញ​ផងដែរ​ថា​ ការ​បែក​ធ្លាយ​ឯកសារ​ថ្មី​នេះ​កំពុង​តែ​ធ្វើ​ឲ្យ​ក្រុម​អ្នក​គាំទ្រ​លោក​ Bernie Sanders ខឹង​សម្បារ​ចំពោះ​ក្រុម​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ។​

ប៉ុន្តែ ចង់​មិន​ចង់​ ក្រុម​អ្នក​គាំទ្រ​លោក​ Sanders​ ក៏បាន​គ្រោង​ធ្វើ​បាតុកម្ម​ទុក​ជាមុន​រួច​ទៅហើយ។​ នោះ​គឺ​ បាតុកម្ម​ដើម្បី​ទាមទារ​ការ​តំឡើង​ប្រាក់​ឈ្នួល​កម្មករ​អប្បបរមា​ឲ្យ​បាន​ ១៥ ដុល្លារ​ក្នុង​មួយ​ម៉ោង,​ ការ​ប្រឆាំង​ការ​បូម​ប្រេង​ក្រោម​ដី​តាម​រយៈ​ការ​បំលែង​សារជាតិ​គីមី​លាយ​ជាមួយ​ទឹក និង​ជា​ពិសេស​ គឺ​ការ​ទាមទារ​ធ្វើ​កំណែទម្រង់​គណបក្ស​ប្រជាធិបតេយ្យ​ ដោយ​ត្រូវ​កាត់​បន្ថយ​ចំនួន​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​​បក្ស ក្នុង​ដំណើរ​ការ​តែងតាំង​បេក្ខជន​ប្រធានាធិបតី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ