អានតួអត្ថបទ
អាមេរិក

សមាជបក្ស​ប្រជាធិបតេយ្យ​អាមេរិក​គ្របដណ្តប់​ដោយ​រឿង​អាស្រូវ​

ថ្ងៃចន្ទ២៥កក្កដា​នេះ នៅ​ក្រុងPhiladelphie រដ្ឋ Pennsylvanie ​សហរដ្ឋ​អាមេរិក ​បក្ស​ប្រជាធិបតេយ្យ​​ ​​បើក​​សមាជ​រយៈពេល​៤ថ្ងៃ​ ដើម្បី​តែងតាំង​លោកស្រី​ហ៊ីលឡារី គ្លីនតុ​ន ​ជា​ផ្លូវការ ជា​បេក្ខជន​​ប្រធានាធិបតី​ សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី​ខាងមុខ។ មិនទាន់​បើក​សមាជ​ផង ថ្ងៃអាទិត្យ​ម្សិលមិញ ​ប្រធាន​បក្ស​ប្រជាធិបតេយ្យ​បាន​លាចុះ​ពីតំណែង​រួច​ទៅហើយ។​

ក្រុមបាតុករ​គាំទ្រ​លោក​ ​Bernie Sanders ជាគូប្រជែង​នឹង​លោកស្រី​គ្លីនតុន បាន​ចុះតវ៉ា នៅ​ក្រុង​Philadelphie ថ្ងៃអាទិត្យ​២៤កក្កដា២០១៦។​
ក្រុមបាតុករ​គាំទ្រ​លោក​ ​Bernie Sanders ជាគូប្រជែង​នឹង​លោកស្រី​គ្លីនតុន បាន​ចុះតវ៉ា នៅ​ក្រុង​Philadelphie ថ្ងៃអាទិត្យ​២៤កក្កដា២០១៦។​ REUTERS/Adrees Latif
ផ្សាយពាណិជ្ជកម្ម

រឿងអាស្រូវបានវាយប្រហារ​បក្ស​ប្រជាធិបតេយ្យ​អាមេរិក​ តាំងពី​ថ្ងៃអាទិត្យ​ម្សិលមិញ​ ធ្វើអោយ​​​ប្រធាន​បក្ស​ប្រជាធិបតេយ្យ​លោកស្រី ឌែបប៊ី ​វ៉ាសឺមែន ស្ហ៊ូល Debbie Wasserman Schultz ​បង្ខំចិត្ត​​លា​ចុះ​​ពី​តំណែង​ប្រធានបក្ស។ រឿងអាស្រូវ​​​នេះ​​ទាក់ទង​នឹង​​ការបែកធ្លាយ​​​សារប្រមាណ​២ម៉ឺន​ច្បាប់​​ ជា​សារអ៊ីមែល​ផ្ទៃក្នុង​​របស់​ក្រុម​មន្ត្រី​ជាន់ខ្ពស់​ក្នុង​គណបក្ស​ប្រជាធិបតេយ្យ។ អ៊ីមែល​ទាំងនេះ ត្រូវបាន​សារព័ត៌មាន​Wikileaks យក​ទៅ​ចុះផ្សាយ។

ក្នុង​ចំណោម​អ៊ីមែល​ទាំងនេះ មាន​អ៊ីមែល​មួយចំនួនបង្ហាញ​ថា ក្នុង​ការ​បោះឆ្នោត​បឋម រើស​បេក្ខជន​ប្រធានាធិបតី​​តំណាង​បក្ស ​តាំងតែ​ពីដំបូង​ទីមក មន្ត្រី​ធំំៗ​ក្នុង​​​បក្ស​ប្រជាធិបតេយ្យ​បាន​លំអៀង​ទៅ​ខាង ​​លោកស្រី​ហ៊ីលឡារី គ្លីនតុ​ន រួចទៅហើយ។ ប្រហែល​ដូច្នេះហើយ​ ទើប​​​​លោក​ប៊ែរនី សាន់ដឺ មកពី​រដ្ឋ​វែរម៉ុង ​ដែលជាគូប្រជែង​របស់​លោកស្រី​គ្លីនតុន ​បាន​សម្រេច​ចិត្តបោះបង់​ចោល​ការប្រកួត​​ ក្នុង​ពេល​កន្លងមក។

ម្សិលមិញ ​មនុស្ស​រាប់ពាន់នាក់ មា​នសកម្មជន​គាំទ្រ​បរិស្ថាន ក៏ដូច​ជាអ្នក​គាំទ្រ​លោក​សាន់ដឺ ​បាននាំគ្នា​បាតុកម្មនៅក្រុង​​ ​Philadelphie។ សកម្មជនគាំទ្រ​លោក​សាន់ដឺ សំដែង​ការខកចិត្ត​ពេល​ដែល​​ទទួលព័ត៌មាន​​ទាក់ទង​រឿងអាស្រូវនេះ ព្រោះ​វា​ដូចអ្វីដែល​ពួកគេ​សង្ស័យ​ពី​ដំបូង​មកមែន។ ម្សិលមិញដែរ​ លោក​​សាន់ដឺ​បាន​រិះគន់ជាថ្មីម្តងទៀត ចំពោះ​​​ភាព​លំអៀង និង​ភាព​អយុត្តិធម៌​​​របស់​បក្ស​ប្រជាធិបតេយ្យ ក្នុង​ការបោះឆ្នោតបឋម​​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី។ ​

ដោយឡែក អ្នកគាំទ្រ​​លោកស្រី​គ្លីនតុន ​យល់ថា ​ចោរ​បច្ចេកវិទ្យា​ព័ត៌មាន​រុស្ស៊ី ប្រហែល​បាន​លួចយក​អ៊ីមែលទាំងនេះ ​​ធ្វើអោយ​បែកធ្លាយ​រឿងនេះឡើង ដើម្បី​ជួយ​លោក​ដូណាល់ ត្រាំ ​​ដែលជា​បេក្ខជន​ប្រធានាធិបតី​​របស់​បក្ស​សាធារណរដ្ឋ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ