ក្រុមបាតុករអាវលឿងបានផ្តើមបិទខ្ទប់ក្រុងបាងកក តែនៅមិនទាន់ផ្ទុះអំពើហិង្សាទេ
នៅក្នុងប្រទេសថៃ ដូចដែលបានគ្រោងទុក តំាងពីព្រលឹមស្រាងៗព្រឹកថ្ងៃចន្ទ ទី១៣ មករានេះ ក្រុមបាតុករអាវលឿងដឹកនំាដោយលោកអតីតឧបនាយករដ្ឋមន្រ្តីស៊ូថេបរាប់ម៉ឺននាក់បាននំាគ្នាចុះផ្លូវធ្វើបាតុកម្ម ដោយបានបិទខ្ទប់ច្រកចេញចូលសំខាន់ៗមួយចំនួនក្នុងទីក្រុងបាងកក។ នៅតាមដងផ្លូវ គេសង្កេតឃើញមានច្រើនម៉ូតូតាក់ស៊ី ព្រោះចំនួនមនុស្សណែនណាន់ តាន់តាប់មិនអាចអនុញ្ញាតឲ្យរថយន្តបើកបរបានទេ។ អ្នកចេញទៅធ្វើការងារភាគច្រើនបាននំាគ្នាធ្វើដំណើរតាមបណ្តាញដឹកជញ្ជូនសាធារណៈ ពិសេសរថភ្លើងលើដី និងក្រោមដី។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៤៦
គឺជាបរិយាកាសមួយដែលទីក្រុងបាងកកមិនសូវជួបប្រទះទេនៅថ្ងៃនេះ ពិសេសនៅក្នុងសង្កាត់ពាណិជ្ជកម្ម Silom។ សង្កាត់ដែលក្រុមបាតុករបានជ្រើសយកជាទីកន្លែងយុទ្ធសាស្រ្តមួយក្នុងចំណោមទីកន្លែងយុទ្ធសាស្រ្តចំនួន ៧ ដើម្បីធ្វើមហាបាតុកម្មបិទខ្ទប់ទីក្រុងបាងកកថ្ងៃនេះ។ ក្នុងពេលធម្មតា សង្កាត់ពាណិជ្ជកម្ម Silom នេះមានសកម្មភាពជំនួញអ៊ូអរ ព្រមទំាងមានចរាចរណ៍តាមផ្លូវណែនណាន់ តាន់តាប់ទៀតផង។ តែពេលនេះ ចរាចរណ៍របស់រថយន្ត និងមធ្យោបាយធ្វើដំណើរផ្សេងទៀតត្រូវបានដាក់ជំនួសដោយបាតុកររាប់សិបពាន់នាក់។ វាលើកលែងតែបណ្តាញដឹកជញ្ជូនសាធារណៈចេញប៉ុណ្ណោះ ពិសេសរថភ្លើងលើដី និងក្រោមដីដែលកំពុងមានចរាចរណ៍ធម្មតា និងដែលដឹកពេញដោយមនុស្សម្នាខុសពីសព្វមួយដងដែលព្យាយាមធ្វើដំណើរទៅកាន់កន្លែងធ្វើការរបស់ខ្លួន។ តែមានសាលារៀន និងមហាវិទ្យាល័យជាច្រើនបានបិទទ្វារ។
តាមការសង្កេតជារួមឃើញថា ក្រុមបាតុករអាវលឿងពិតជាបានបិទខ្ទប់ទីក្រុងបាងកកដូចដែលពួកគេបានគ្រោងទុកមែន ហើយមកដល់ពេលនេះ គេនៅមិនទាន់ឃើញមានការផ្ទុះអំពើហិង្សាអ្វីគួរឲ្យកត់សម្គាល់នោះទេ។ នៅក្នុងសង្កាត់ផ្សេងទៀតក្នុងទីក្រុងបាងកក ក្បួនបាតុកម្មក៏មានដំណើរការប្រកបដោយភាពស្ងប់ស្ងាត់ដែរ។ ទន្ទឹមគ្នានេះ រដ្ឋាភិបាលក៏បានដាក់ពង្រាយកម្លំាងប៉ូលិស និងទាហានសរុបប្រមាណជា ២០ ០០០នាក់ ដើម្បីការពារសន្តិសុខ និងរក្សាសណ្តាប់ធ្នាប់សង្គម។ យ៉ាងណាក៏ដោយ គេនៅមិនទាន់អាចធ្វើការបូកសរុបលទ្ធផលនៃមហាបាតុកម្មរបស់ក្រុមអាវលឿងក្នុងថ្ងៃនេះបានឡើយ ពិសេសថាតើពួកគេនឹងអាចកាច់បំបាក់រដ្ឋាភិបាលរបស់លោកស្រីយីងឡាក់បាន ឬ អត់?។
ដោយឡែក និងចំពេលដែលក្រុមអាវលឿងកំពុងធ្វើបាតុកម្មក្នុងក្រុងបាងកក ក្រុមអាវក្រហមគំាទ្ររដ្ឋាភិបាលរបស់លោកស្រីយីងឡាក់ក៏កំពុងធ្វើបាតុកម្មដែរ តែនៅតាមខេត្តមួយចំនួនក្បែរទីក្រុងបាងកក ដោយមិនចូលក្នុងក្រុងបាងកកទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ