អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ថៃ​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅរក​សង្រ្គាមស៊ីវិល?

ចុះផ្សាយ​នៅ​ថ្ងៃ៖

រហូត​មក​ដល់​ថ្ងៃ​សុក្រ ទី២៧ ធ្នូ​នេះ វិបត្តិ​នយោបាយ​ថៃ​ហាក់​ដូច​ជា​កាន់​តែ​ឡើង​តានតឹង​មួយ​កម្រិត​ទៀត។ បន្ទាប់​ពី​មាន​អំពើហិង្សា​បណ្តាល​ឲ្យ​ស្លាប់​ប៉ូលិស​ម្នាក់ រងរបួស ៣នាក់ ព្រម​ទំាង​របួស​បាតុករ​អាវលឿង​ជា​ច្រើន​នាក់​មក គណៈកម្មការជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​លើក​ថ្ងៃ​បោះឆ្នោត​ដែល​គ្រោង​រៀបចំ​នៅ​ថ្ងៃទី២ ខែ​កុម្ភៈ ឆ្នំា ២០១៤។ តែ​លោកស្រី​នាយករដ្ឋមន្រ្តី​យីងឡាក់​មិន​ព្រម និង​ថែម​ទំាង​បាន​អំពាវនាវ​ឲ្យ​កងទ័ព​ចូលរួម​ជួយ​ការពារ​សន្តិសុខ​នៅ​ក្នុង​ការ​ចុះ​ឈ្មោះ​បេក្ខជន​គណបក្ស ក៏​ដូច​ជា​នៅ​ក្នុង​ការ​រៀបចំ​បោះឆ្នោត។ ទន្ទឹម​គ្នា​នេះ ក្រុមអាវក្រហម​បាន​ប្រកាស​ថា ពួក​ត្រៀម​ខ្លួន​នឹង​ចូល​ធ្វើ​បាតុកម្ម​ក្នុង​ទីក្រុង​បាងកក​ដើម្បី​ប្រឈម​ទប់​នឹង​ពួក​អាវលឿង។

ក្រុមបាតុករ​អាវលឿង​ថៃ
ក្រុមបាតុករ​អាវលឿង​ថៃ
ផ្សាយពាណិជ្ជកម្ម

ពួក​អាវក្រហម គឺ​ជា​សកម្មជន​អ្នកគាំទ្រ​លោក​អតីត​នាយករដ្ឋមន្រ្តី​ថាក់ស៊ីន​ដែល​បច្ចុប្បន្ន​កំពុង​ភៀសខ្លួន រស់នៅ​ឯ​បរទេស ឬ​អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា គឺ​ជា​ក្រុម​ដែល​នៅ​ខាង​លោកស្រី​នាយករដ្ឋមន្រ្តី​យីងឡាក់​សព្វថ្ងៃ។ តំាង​ពី​ថ្ងៃ​ផ្ទុះ​បាតុកម្ម​របស់​ពួក​អាវលឿង​មក ពួក​អាវក្រហម​ក៏​មាន​វត្តមាន​នា​ពេល​នោះ​ដែរ។ គឺ​ទើប​តែ​នៅ​ដើម​ខែ​ធ្នូ​នេះ​ទេ​ដែល​ពួក​អាវក្រហម​បាន​នំា​គ្នា​ចាកចេញ​ពី​ទីក្រុង​បាងកក​ទៅ​វិញ។  ម្យ៉ាង មក​ពី​ពួក​គេ​ចង់​ចៀសវាង​ភាព​អានាធិបតេយ្យ​ក្នុង​ទីក្រុង ដោយ​មិន​ចង់​បង្កើន​ភាព​តានតឹង​ជាមួយ​ពួក​អាវលឿង និង​ម្យ៉ាង​ទៀត មក​ពី​ពួក​គេ​ចង់​ទុក​ឲ្យ​រដ្ឋាភិបាល​របស់​លោកស្រី​យីងឡាក់​ព្យាយាម​ដោះស្រាយ​ដោយ​សន្តិវិធី។

តែ​កន្លង​មក ស្ថានការណ៍​ហាក់​ដូច​ជា​កាន់​តែ​ដុនដាប​ខ្លំាងៗ​ទៅ​វិញ។ ប្រឈម​មុខ​នឹង​ឥទ្ធិពល​កាន់​តែ​ពុះកញ្រ្ជោល​ខ្លំាង​របស់​ពួក​អាវលឿង លោកស្រី​នាយករដ្ឋមន្រ្តី​យីងឡាក់​បាន​ធ្វើ​សម្បទាន​ច្រើន​ណាស់ ពិសេស​ការ​ប្រកាស​រំលាយ​សភា និង​យល់ព្រម​រៀបចំ​បោះឆ្នោត​ឡើង​វិញ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី២ កុម្ភៈ​ខាង​មុខ។ តែ​គណបក្សប្រឆំាង​មិន​ព្រម និង​នៅ​តែ​បន្ត​ទាមទារ​ឲ្យ​លោកស្រី​យីងឡាក់​ចុះ​ចេញ​ពី​តំណែង។ ទន្ទឹម​គ្នា​នេះ មេបាតុករ​លោក​ស៊ូទេព​បាន​ស្នើ​ឲ្យ​ជ្រើសរើស​មេដឹកនាំ​ប្រទេស ដោយ​មិន​ចំា​បាច់​ឆ្លង​កាត់​ការ​បោះឆ្នោត​ទេ ពោល​គឺ​ត្រូវ​ប្រគល់​អំណាច​រដ្ឋ​ទៅ​ឲ្យ​ស្ថាប័ន​ថ្មី​មួយ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា “គណៈកម្មការ​ប្រជាជន”។ តែ​លោកស្រី​យីងឡាក់​ទាត់ចោល ដោយ​បញ្ជាក់​ថា វា​មិន​ស្រប​តាម​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ និង​ផ្ទុយ​ទំាង​ស្រុង​ទៅ​នឹង​ច្បាប់​រដ្ឋធម្មនុញ្ញ។

ដូច្នេះ សម្រាប់​ពួក​អាវក្រហម ទង្វើ​របស់​ពួកអាវលឿង​ពេល​នេះ ហាក់​ដូច​ជា​ជ្រុលហួសហេតុ​ពេក និង​វា​ល្មម​ដល់​ពេល​ដែល​ខ្លួន​ត្រូវ​ចុះ​ផ្លូវ​ជម្រះបញ្ជី​ជាមួយ​ពួក​អាវលឿង​វិញ​ម្តង។

បាតុកម្ម​ទល់​នឹង​បាតុកម្ម ជា​រូបភាព​នៃ​ការ​ផ្ទុះ​សង្រ្គាមស៊ីវិល

អ្វី​ដែល​គ្រប់​គ្នា​កំពុង​ព្រួយបារម្ភ​ខ្លំាង គឺ​ការ​ប៉ះទង្គិច​គ្នា​ជា​យថាហេតុ​រវាង​ក្រុមបាតុករ​អាវលឿង និង​ក្រុមបាតុករ​អាវក្រហម។ តែ​ពួក​អាវ​ក្រហម​ដែល​ភាគច្រើន​ជា​អ្នកក្រីក្រ រស់នៅ​​ស្រុកស្រែចម្ការ​ស្ថិត​ប៉ែកខាងជើង​បាន​បញ្ជាក់​ថា ពួក​គេ​ត្រូវ​រង់ចំា​មើល​បន្តិច​សិន​ថា តើ​គម្រោង​រៀបចំ​បោះឆ្នោត​ដែល​ត្រៀម​រៀបចំ​នៅ​ថ្ងៃទី២ កុម្ភៈ​ខាង​មុខ នឹង​ត្រូវ​ដំណើរការ​ដូច​ការ​គ្រោង​ទុក ឬ​អត់។ សម្រាប់​ពួក​អាវក្រហម ប្រសិន​បើ​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ខាង​មុខ​មិន​អាច​ដំណើរការ​ទៅ​បាន​ទេ មាន​ន័យ​ថា សិទ្ធិ​របស់​ពួក​គេ​ត្រូវ​បាន​ពួក​អាវលឿង​រំលោភ និង​ដែល​ពួក​គេ​គ្មាន​ជម្រើស​អ្វី ក្រៅ​ពី​កែន​ប្រមូល​គ្នា​ចូល​ក្នុង​ទីក្រុង​បាងកក​ដើម្បី​ធ្វើ​បាតុកម្ម​ប្រឆំាង​ទប់​វិញ​ទេ។

តើ​រូបភាព​បាតុកម្ម​របស់​ពួក​អាវលឿង ប្រឆំាង​នឹង​បាតុកម្ម​របស់​ពួក​អាវក្រហម​នៅ​ថ្ងៃ​ណា​មួយ​នោះ, វា​មិន​មែន​ជា​រូបភាព​នៃ​ការ​ផ្ទុះ​សង្រ្គាមស៊ីវិល​នៅ​ក្នុង​ប្រទេស​ថៃ​ទេ ឬ​យ៉ាង​ណា?

ពួក​អាវក្រហម​បាន​ប្រកាស​ព្រមាន​រួច​ហើយ​ថា ក្រៅ​ពី​ការ​ទាមទារ​ឲ្យ​មាន​ការ​រៀបចំ​បោះឆ្នោត​នៅ​ថ្ងៃទី២ កុម្ភៈ​ដូច​ដែល​បាន​គ្រោង​ទុក​នោះ ពួក​គេ​ក៏​បាន​ត្រៀមខ្លួន​ដើម្បី​ប្រឆំាង​នឹង​គណៈកម្មការ​ប្រឆំាង​អំពើពុករលួយ​ដែល​កំពុង​រៀបចំ​ចាត់​វិធានការ​លើ​អ្នកតំណាងរាស្រ្ត​មួយ​ចំនួន​របស់​គណបក្ស​ភឿថៃ​ពី​បទ​រំលោភ​អំណាច។ ពួក​អាវក្រហម​យល់​ឃើញ​ថា វិធានការ​របស់​គណៈកម្មការ​ប្រឆំាង​អំពើពុករលួយ​របៀប​នេះ អាច​ជា​ទង្វើ​ថ្មី​មួយ​ទៀត​ក្នុង​គោលដៅ​ទម្លាក់​រដ្ឋាភិបាល​របស់​លោកស្រី​យីងឡាក់។ ចូរ​កុំ​ភ្លេច​ថា ប្រសិន​បើ​ពួក​អាវក្រហម​ស្រុះ​គ្នា​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​នោះ ចំនួន​របស់​ពួក​គេ​នឹង​មាន​ច្រើន​ជាង​ពួក​អាវលឿង​ឆ្ងាយ​ណាស់។

រដ្ឋាភិបាល​របស់​លោកស្រី​យីងឡាក់​ហៅ​ជំនួយ​ពី​កងទ័ព

ដំណើការ​ចុះ​ឈ្មោះ​បេក្ខជន​របស់​គណបក្ស​នយោបាយ​ដែល​បាន​ចាប់​​ផ្តើម​តំាង​ពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ ត្រូវ​បាន​តាម​ឈ្នានីស​ខ្លំាង​ពី​ក្រុមបាតុករ​អាវលឿង។ នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ អំពើហិង្សា​រវាង​កម្លំាង​ប៉ូលិស និង​ពួក​បាតុករ​ដែល​បាន​ព្យាយាម​រារំាង​មិន​ឲ្យ​បេក្ខជន​ចូល​ទៅ​ចុះ​ឈ្មោះ​នៅ​ក្នុង​ពហុកីដ្ឋាន​មួយ​ក្នុង​ទីក្រុង​បាងកក បាន​បណ្តាល​ឲ្យ​ស្លាប់​ប៉ូលិស​ម្នាក់ របួស ៣នាក់ ព្រម​ទំាង​របួស​បាតុករ​ជា​ច្រើន​នាក់​ទៀត​ផង។ បន្ទាប់​មក គណៈកម្មការជាតិ​រៀបចំ​ការបោះឆ្នោត​ក៏​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​លើក​ថ្ងៃ​បោះឆ្នោត។ ភ្លាមៗ លោកស្រី​យីងឡាក់​ក៏​បាន​ឆ្លើយ​បដិសេធ​លើ​សំណើ​របស់​គណៈកម្មការជាតិ​រៀបចំ​ការបោះឆ្នោត។

នៅ​ថ្ងៃ​សុក្រ​នេះ​ទៀត រដ្ឋាភិបាល​របស់​លោកស្រី​យីងឡាក់​ថែម​ទំាង​បាន​ហៅ​ជំនួយ​ពី​កងទ័ព​ឲ្យ​ចូលរួម​ជួយ​រក្សា​សន្តិសុខ​នៅ​ក្នុង​ដំណើរការ​ចុះ​ឈ្មោះ​បេក្ខជន​របស់​គណបក្ស និង​បើ​អាច ចូលរួម​ជួយ​រក្សា​សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម​នៅ​ក្នុង​ថ្ងៃ​បោះឆ្នោត​ដែល​គ្រោង​រៀបចំ​នៅ​ថ្ងៃទី២ កុម្ភៈ។ គួរ​បញ្ជាក់​ជូន​ថា នៅ​ប្រទេស​ថៃ អ្នក​ដែល​មាន​អំណាច​ពិត​ប្រាកដ​ក្នុង​ដៃ គឺ​ក្រុម​ឧត្តមសេនីយ។ កន្លង​មក ក្រុមបាតុករ​អាវលឿង​ក៏​បាន​ហៅ​រក​ជំនួយ​ពី​កងទ័ព​ដើម្បី​ទម្លាក់​រដ្ឋាភិបាល​របស់​លោកស្រី​យីងឡាក់​ដែរ។ តែ​មក​ទល់​ម៉ោង​នេះ កងទ័ព​ព្យាយាម​មិន​លូកដៃ ដោយ​បន្ត​នៅ​ស្ងៀមស្ងាត់។

តែ​គេ​មិន​ត្រូវ​ភ្លេច​ទេ​ថា ជា​ទូទៅ វិបត្តិនយោបាយ​ថៃ​ដែល​ទុំជោរ​ខ្លំាង​ច្រើន​តែ​បិទ​បញ្ចប់​ដោយ​អន្តរាគមន៍​ពី​ក្រុម​ឧត្តមសេនីយ៍ ព្រោះ​ថា ថៃ​ល្បី​ឈ្មោះ​ខាង​ធ្វើ​រដ្ឋប្រហារយោធា។ តំាង​ពី​ប្រទេស​ផ្តើម​អនុវត្ត​របប​នយោបាយ​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ក្នុង​ឆ្នំា ១៩៣២ មក ថៃ​បាន​ស្គាល់​រដ្ឋប្រហារ​យោធា ឬមួយ​ក៏​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​យោធា​ចំនួន ១៨ដង ហើយ​ចុងក្រោយ​គឺ​ទម្លាក់​លោក​ថាក់ស៊ីន​ក្នុង​ឆ្នំា ២០០៦៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ