អានតួអត្ថបទ
ថៃ

ថៃ៖ គណបក្សប្រឆំាង​ប្រកាស​ធ្វើ​ពហិការ​មិនចូលរួម​បោះឆ្នោត​តាម​សំណើ​លោកស្រី​យីងឡាក់

នៅ​ក្នុង​ប្រទេស​ថៃ គណបក្សប្រឆំាង​របស់​លោក​អាប់ភីសិត គឺ​គណបក្ស​ប្រជាធិបតេយ្យ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​សៅរិ៍ ទី២១ ធ្នូ​ថា គណបក្ស​របស់​លោក​នឹង​មិន​ចូលរួម​បោះឆ្នោត​មុន​កាលកំណត់​ដែល​គ្រោង​នឹង​រៀបចំ​នៅ​ថ្ងៃទី២ កុម្ភៈ​ខាង​មុខ​នេះ​ទេ។ សេចក្តី​ប្រកាស​នេះ​បាន​ធ្វើ​ឡើង ជិត ២សប្តាហ៍​ក្រោយ​ពី​លោកស្រី​នាយករដ្ឋមន្រ្តី​យីងឡាក់​ប្រកាស​រំលាយ​សភា និង​ថ្ងៃ​បោះឆ្នោត​មុន​កាលកំណត់​នៅ​ថ្ងៃទី២ កុម្ភៈ។ មួយ​វិញ​ទៀត ការ​បដិសេធ​មិន​ចូលរួម​របស់​បក្សប្រឆំាង​ពេល​នេះ​បាន​កើត​មាន​ឡើង ចំ​ពេល​ដែល​ក្រុមអាវលឿង​កំពុង​ត្រៀម​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ជាថ្មី​ក្នុង​ថ្ងៃ​អាទិត្យ​នេះ។

លោក​អតីតនាយរដ្ឋមន្រ្តី​ថៃ អាប់ភីសិត ប្រធាន​គណបក្សប្រជាធិបតេយ្យ
លោក​អតីតនាយរដ្ឋមន្រ្តី​ថៃ អាប់ភីសិត ប្រធាន​គណបក្សប្រជាធិបតេយ្យ REUTERS/Sukree Sukplang
ផ្សាយពាណិជ្ជកម្ម

ថ្លែង​នៅ​ក្រោយ​កិច្ចប្រជុំ​គណបក្ស លោក​អតីត​នាយរដ្ឋមន្រ្តី​អាប់ភីសិត​បាន​ប្រកាស​ឲ្យ​ដឹង​ថា គណបក្សប្រជាធិបតេយ្យ​របស់​លោក​នឹង​មិន​បញ្ជូន​បេក្ខជន​ឲ្យ​ទៅ​ឈរ​ឈ្មោះ​បោះឆ្នោត​នៅ​ថ្ងៃទី២ កុម្ភៈ​ខាង​មុខ​ទេ។ ចម្លើយ​បដិសេធ​យ៉ាង​ដាច់​អហង្ការ​របៀប​នេះ​ត្រូវ​បាន​លោក​អាប់ភីសិត​ផ្តល់​​ហេតុផល​ថា ការ​បោះឆ្នោត​នោះ​នៅ​តែ​មិន​អាច​ដោះស្រាយ​វិបត្តិ​ផ្ទែក្នុង​របស់​ប្រទេស​តែ​ដដែល ហើយ​ថា វា​ក៏​នឹង​មិន​អាច​ជួយ​ធ្វើ​កំណែទម្រង់​អ្វី​ដែល​ជា​ក្តី​សង្ឃឹម​ចង់​បាន​របស់​ប្រជារាស្រ្ត​ដែរ។ ទន្ទឹម​គ្នា​នេះ លោក​អាប់ភីសិត​ក៏​បាន​ព្យាយាម​លើក​ឡើង​នូវ​វិបត្តិ​ដែល​បង្ក​ឡើង​ដោយ​រដ្ឋាភិបាល​របស់​លោកស្រី​យីងឡាក់ និង​ថា អ្វី​ដែល​ក្រុម​​បាតុករ​ចង់​បាន​នា​ពេល​នេះ គឺ​ការ​លាចុះ​ចេញ​ពី​មុខ​តំណែង​របស់​លោកស្រី​យីងឡាក់

អ្វី​ជា​ការ​កត់សម្គាល់ ការ​ប្រកាស​ធ្វើ​ពហិការ​មិន​ចូលរួម​បោះឆ្នោត​នៅ​ថ្ងៃ​ខាង​មុខ​របស់​បក្សប្រឆំាង​ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​ក្រុមបាតុករ​អាវលឿង​កំពុង​ត្រៀមខ្លួន​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ជាថ្មី​ក្នុង​ថ្ងៃ​នេះ។ ក្រុមបាតុករ​ដែល​ចង់​ឃើញ​លោកស្រី​យីងឡាក់​ចុះ​ចេញ​ពី​តំណែង ព្រោះ​ពួក​គេ​យល់​ថា លោកស្រី​គ្រាន់​តែ​ជា​មនុស្សតុក្កតា​ធ្វើ​អ្វី​តាម​តែ​លោក​ថាក់ស៊ីន​ដែល​ជា​បងប្រុស​ញាក់​ពី​ក្រោយ។ លោក​ថាក់ស៊ីន​ដែល​ត្រូវ​បាន​គេ​ទម្លាក់​ពី​អំណាច​ដោយ​រដ្ឋប្រហារ​យោធា​កាល​ពីឆ្នំា ២០០៦ និង​ដែល​កំពុង​ភាសខ្លួន​រស់នៅ​ឯបរទេស​មក​ដល់​សព្វថ្ងៃ។

សូម​រម្លឹក​ជូន​ថា គឺ​មហា​ក្បួន​បាតុកម្ម​របស់​ក្រុម​អាវលឿង​ក្នុង​រយៈពេល​ជាង ១ខែ​កន្លង​ទៅ​នេះ​ឯង​ដែល​បាន​បង្ខំ​ឲ្យ​លោកស្រី​យីងឡាក់​ប្រកាស​រំលាយ​សភា និង​រៀបចំ​បោះឆ្នោត​ជាថ្មី​ដែល​គ្រោង​ធ្វើ​នៅ​ដើមខែ​កុម្ភៈ​ឆ្នំា ២០១៤។ តែ​ការ​បដិសេធ​មិន​ចូលរួម​របស់​គណបក្សប្រឆំាង​ពេល​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា គឺ​ជា​ឆន្ទៈ​របស់​បក្សប្រឆំាង​ដែល​ចង់​ឲ្យ​វិបត្តិនយោបាយ​ផ្ទៃក្នុង​ថៃ​អូសបន្លាយ​កាន់​តែ​យូរ រហូត​ដល់​ធ្វើ​ឲ្យ​កងទ័ព​ចេញ​មុខ​ធ្វើ​អន្តរាគមន៍​ដូច​នៅ​ក្នុង​វិបត្តិ​កាល​ពី​ឆ្នំា ២០០៦ ទម្លាក់​លោក​ថាក់ស៊ីន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ