អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​ហេតុអ្វី​បាន​ជា​ក្រុម​ប្រឆាំង​ថៃ​ចង់​គាស់​រំលើង​របប​ថាក់​ស៊ីន​?

ចុះផ្សាយ​នៅ​ថ្ងៃ៖

៧ឆ្នាំ​ក្រោយ​រដ្ឋប្រហារ​ទម្លាក់​លោក​ថាក់ស៊ីន​ចេញ​ពី​តំណែង​នាយក​រដ្ឋមន្ត្រី ប្រទេស​ថៃ​បន្ត​ផុង​ខ្លួន​ក្នុង​វិបត្តិ​នយោបាយ។ កាល​ពី​ថ្ងៃ​ចន្ទ​ទី​៩​ធ្នូ​លោកស្រី​យីងឡាក់ ស៊ីណាវ៉ាត់ ដែល​ជា​ប្អូន​ស្រី​របស់​លោក​ថាក់​ស៊ីន បាន​បង្ខំ​ចិត្ត​ប្រកាស​រំលាយ​រដ្ឋសភា​​ ដើម្បី​រៀប​ចំ​ការ​បោះ​ឆ្នោត​ឡើង​វិញ។ ប៉ុន្តែ មេ​ដឹក​នាំ​ក្រុម​ប្រឆាំង​បាន​ប្រកាស​ថា មិន​បញ្ឈប់​បាតុកម្ម​ទេ ថា​ចង់​កំទេច​ឱ្យ​អស់​រលីង​តែ​ម្តង​អ្វី​ដែល​ពួក​គេ​ហៅ​ថា របប​ថាក់ស៊ីន។ តើ​អ្វី​ទៅ​គន្លឹះ​នៃ​អស្ថិរភាព​នយោបាយ​បច្ចុប្បន្ន​របស់​ប្រទេស​ថៃ? តើ​អ្វី​ទៅ របប​របស់​ថាក់ ស៊ីន​ដែល​បក្ស​ប្រឆាំង​ចង់​គាស់​រំលើង។

ក្រុមអាវក្រហម ដែលគាំទ្ររដ្ឋាភិបាលលោកថាក់ ស៊ីន
ក្រុមអាវក្រហម ដែលគាំទ្ររដ្ឋាភិបាលលោកថាក់ ស៊ីន REUTERS/Damir Sagolj
ផ្សាយពាណិជ្ជកម្ម

បាតុកម្ម​របស់​ពួក​អាវ​លឿង​នៅ​ប្រទេស​ថៃ​រហូត​មក​ទល់​ថ្ងៃ​នេះ បាតុកម្ម​របស់​ពួក​ក្រុម​ប្រឆាំង​ដែល​អ្នក​ខ្លះ​ទាមទារ​រហូត​ដល់​ទៅ​ឱ្យ​ត្រកូល​ស៊ីណាវ៉ាត់​ទាំង​អស់​ចាក​ចេញ​ពី​ឆាក​នយោបាយ​ទាំង​ស្រុង គឺ​ជា​រឿង​ច្រំ​ដែល​មួយ​នៃ​ប្រវត្តិសាស្រ្ត​ថៃ ក្នុង​រយៈ​ពេល​ជិត​១០​ឆ្នាំ​ចុង​ក្រោយ​នេះ។

វា​ជា​រូបភាព​នៃ​ការ​បាក់បែក​ប្រេះឆាគ្នា​រវាង​អ្នក​ក្រីក្រ​និង​អ្នកមាន ជារូបភាពនៃ​គម្លាត​ដ៏​ធំរវាង​អ្នក​ស្រុក​ស្រែ​ចម្ការ​និង​អ្នក​ទីក្រុង រវាង​ថ្នាក់​ដឹកនាំ​ដែល​នៅ​តែ​មាន​ស្មារតី​សក្តិភូមិ​និង​ប្រជារាស្រ្ត​តូច​តាច​ច្រើន​លើស​លប់​ដែល​ទាមទារ​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​បា្រកដ។

ការ​ប្រេះឆា​រវាង​អ្នក​ទីក្រុង​និង​អ្នក​ជន​បទ រវាង​អ្នក​ក្រ​និង​អ្នក​មាន មិន​មែន​ទើប​តែ​មាន ក្រោយ​រដ្ឋប្រហារ​ទម្លាក់​លោក​ថាក់ស៊ីន​កាល​ពី៧ឆ្នាំ​មុននេះ​ទេ។ វា​មាន​ជា​យូរយារ​ណាស់​មក​ហើយ តែ​មាន​នៅត្រឹម​ក្នុង​ចិត្តនិងត្រឹមក្នុងស្មារតីរបស់ពលរដ្ឋ ពុំ​មាន​នៅ​ក្នុង​សកម្មភាព​នយោបាយ​ដូច​​ខណៈ​នេះទេ។ បាន​ន័យ​ថា មុន​សករាជ​លោក​ថាក់ស៊ីន អ្នក​ស្រុក​ស្រែ​ចម្ការនិង​អ្នក​ក្រី​ក្រ​បាន​ត្រឹម​បណ្តោយ​ខ្លួនឱ្យ​អ្នក​ទីក្រុង​ដឹក​មុខ បាន​ត្រឹម​ឈរ​ឱប​ដៃ​មើល​ការ​ប្រែប្រួល​នយោបាយ​ដែល​ត្រូវ​បាន​សម្រេច​ដោយ​អ្នកមាន​និង​អ្នក​មាន​អំណាច​នៅ​ទីក្រុង​បាងកក​តែ​ប៉ុណ្ណោះ។

ជា​មួយ​លោក​ថាក់ស៊ីន អ្នក​ស្រុក​ស្រែ​ចម្ការ​ក្លាយ​ទៅ​ជា​កម្លាំង​នយោបាយតែ​មួយ​ ទៅ​ជា​សម្លេង​ឆ្នោត​តែ​មួយ។ ពីព្រោះ​ម្យ៉ាង គណបក្ស​Thai Rak Thai​របស់​លោក​ថាក់ស៊ីន​ដែល​បាន​ឈ្នះ​ឆ្នោត​ពីរ​លើក​ផ្ទួនៗ​គ្នា នៅ​ខែ​មករា​ឆ្នាំ​២០០១ និង​នៅ​ខែ​កុម្ភៈ​ឆ្នាំ​២០០៥ ជា​បក្ស​ប្រជា​និយម លួងលោម​និង​យក​ចិត្ត​ប្រជារាស្ត្រ​តូចតាច​។ ពីព្រោះ​ម្យ៉ាង​ទៀត រដ្ឋាភិបាល​របស់​លោក​ថាក់ស៊ីនពីឆ្នាំ២០០១​ដល់ឆ្នាំ២០០៦ បាន​ឱ្យ​អាទិភាព​ទៅ​លើ​ការ​អភិវឌ្ឍន៍​ជនបទ បាន​ជួយ​បង្កើន​ប្រាក់​ខែ​របស់​កសិករ​និង​កម្មករ​ក្រីក្រ និង​បាន​ជួយ​ឱ្យអ្នក​​ក្រីក្រ​មាន​លទ្ធភាព​ព្យាបាល​ជំងឺ ដោយ​មិន​បាច់​បង់​លុយ។ នយោបាយ​ប្រជានិយម​បែប​នេះ​របស់​លោក​ថាក់ស៊ីននិងបន្ថែម​ពី​លើ​នេះ នយោបាយ​ដៃ​ភ្លើង​ជើង​មាន់​របស់​លោកដែលស្តែង ឡើង​ជា​អាទិ៍​តាម​រយៈ​ការ​កំចាត់​គ្រឿង​ញៀន ការ​ដក​អំណាច​ពី​កង​ទ័ព​ទៅ​ឱ្យ​នគរបាល​នៅ​តំបន់​ថៃ​អ៊ីស្លាម​ចុង​ប៉ែក​ខាង​ត្បូង​នៃ​ប្រទេស បាន​ធ្វើឱ្យ​អ្នកមាន​និង​អ្នកមាន​អំណាច​នៅ​បាងកក​បារម្ភ និង​បាន​ជំរុញ​នៅ​ទីបំផុត​ឱ្យ​កងទ័ព ព្រះ​បរមរាជវាំង និង​បក្ស​ប្រឆាំង​ត្រូវរ៉ូវ​គ្នា​ធ្វើ​រដ្ឋ​ប្រហារ។

តាម​រយៈ​ការ​ធ្វើ​រដ្ឋប្រហារ​ថ្ងៃ​ទី១៩​កញ្ញា​ឆ្នាំ​២០០៦ អ្នកមាន​និង​អ្នកមាន​អំណាច​នៅ​បាងកក ស្មាន​តែ​បាន​បិទ​បញ្ចប់​ជា​ស្ថាពរ​ហើយ​សករាជ​របស់​លោក​ថាក់ស៊ីន និង​ស្មាន​តែ​ស្ថិរភាព​បាន​វិល​មក​គ្រប​ដណ្តប់​លើ​ប្រទេស​ទាំង​មូល​វិញ​ហើយ។ ក៏​ប៉ុន្តែ នា​រយៈ​ពេល​៧​ឆ្នាំ​ចុង​ក្រោយ​នេះ ស្រមោល​របស់​លោក​អតីត​នាយក​រដ្ឋមន្ត្រីថៃ នៅ​តែ​បន្តតាម​លង​ពួក​គេ។ ជាក់ស្តែង​ទោះ​ជា​គ្មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​និង​ទោះ​បី​ជា​គណបក្ស​Thai Rak Thaiរបស់​លោក​ត្រូវ​បាន​រំលាយ​ចោល​ក្តី លោក​ថាក់ស៊ីន​បាន​និង​កំពុង​បន្ត​ទាញ​ខ្សែ​បង្ហៀរ​នយោបាយ​ផ្ទៃ​ក្នុងប្រទេស​ត​ទៅ​ទៀត។

បក្ស​ពួក​របស់​លោក​អតីត​នាយករដ្ឋមន្ត្រី​រូប​នេះ​បាន​ឈ្នះ​ឆ្នោត​រហូត បាន​ឈ្នះ​ឆ្នោត​នៅ​ឆ្នាំ​២០០៧ និង​បាន​ឈ្នះ​ឆ្នោត​នៅ​ឆ្នាំ​២០១១។ ប៉ុន្តែ​គ្រប់​រដ្ឋាភិបាល​របស់​បក្ស​ពួក​លោក​ថាក់​
ស៊ីន សុទ្ធ​តែ​ត្រូវ​បាន​រារាំង​មិន​ឱ្យ​ដឹក​នាំ​ប្រទេស។ ជាក់​ស្តែង នៅ​ឆ្នាំ​២០០៨ រដ្ឋាភិបាល​របស់​លោក​សាម៉ាក់​(Samak)​ត្រូវ​បាន​រំលំ​ដោយ​ពួក​អាវ​លឿង។ ក្រោយ​មក​ទៀត​រដ្ឋាភិបាល​លោក​សុមឆៃ​(Somchai) ដែល​ជា​ប្អូន​ថ្លៃ​លោក​ថាក់ស៊ីន ក៏​បាន​ដួល​រលំ​ដូច​គ្នា​ក្រោយ​ពី​តុលាការ បាន​សម្រេច​ចិត្ត​រំលាយ​ចោល​គណបក្ស​របស់​លោក គឺ​បក្ស​អំណាច​ប្រជាជន។ ហើយ​កាល​ពី​ថ្ងៃ​ទី​៩​ធ្នូ​ម្សិល​មិញ រដ្ឋាភិបាល​ចេញ​ពី​គណបក្ស​ភឿថៃ​របស់​លោក​ស្រី​យីន​ឡាក់​ដែល​ជា​ប្អូន​ស្រី​លោក​ថាក់ស៊ីន ក៏​ត្រូវ​រលាយ​ដូច​គ្នា​ដោយហេតុតែ​បាតុកម្ម​របស់​ពួក​ក្រុម​ប្រឆាំង​របស់​ពួក​អាវ​លឿង។

តាម​រយៈ​ការ​ប្រកាស​រំលាយ​ចោល​រដ្ឋសភា​កាល​ពី​ម្សិលមិញ​ដើម្បី​រៀប​ចំ​បោះ​ឆ្នោត​ឡើង​វិញ លោក​ស្រី​យីន​ឡាក់​ប្រហែល​ជា​បាន​បញ្ចៀស​ឆ្ងាយ​រដ្ឋប្រហារ​យោធា តែ​មិន​បាន​ធ្វើ​ឱ្យ​ធូរ​ស្រាល​ឡើយ​ភាព​តាន​តឹង​នយោបាយ និង​មិន​បាន​ធ្វើ​ឱ្យ​ក្រុម​ប្រឆាំង​ស្ងប់​ចិត្ត​ឡើយ។ ពួក​អាវ​លឿង ក្រុម​ប្រឆាំង ពួក​អ្នក​មាន​និង​អ្នក​ទីក្រុង​មិន​ចង់​ឱ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញទេ ដ្បិត​ដឹង​ជា​មុន​ថា ពួក​គេ​នឹង​ប្រាកដ​ជា​ចាញ់​ឆ្នោត​ទៀត ដោយហេតុតែ​ពួក​អាវ​ក្រហម ពួក​អ្នក​ស្រុក​ស្រែ​ចម្ការ​មាន​ចំនួន​ច្រើន​លើស​លុប​នៅ​ក្នុង​ប្រទេស​ថៃ​សព្វ​ថ្ងៃ។ ពួក​អាវ​លឿង បក្ស​ប្រឆាំង ពួក​អ្នក​មាន​និង​ពួក​អ្នក​ទីក្រុង​ចង់​កំទេច​ឱ្យ​អស់​រលីង​តែ​ម្តង​របប​លោក​ថាក់ស៊ីន តាម​រយៈ​ការ​ទាម​ទារ​ឱ្យ​ត្រកូល​ស៊ីណាវ៉ាត់​ឈប់​ធ្វើ​នយោបាយ និង​តាម​រយៈ​ការ​ទាម​ទាររហូត​ដល់​ទៅ​ឱ្យ​ត្រកូល​ស៊ីណាវ៉ាត់​និរទេស​ខ្លួន​ចេញ​ពី​ប្រទេស​ថៃ​ទៅ​ទៀត។

ម្ល៉ោះ​ហើយ គេ​អាច​អះអាង​បាន​ថា​មិន​ទាន់​ចប់​ទេ​រឿង​ភាគ​នយោបាយ មិន​ងាយ​ទាន់​ចប់​ទេ វិបត្តិ​នយោបាយ​នៅ​ប្រទេស​ថៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ