អានតួអត្ថបទ
ថៃ

ថៃ​ព្យួរ​លទ្ធិប្រជាធិបតេយ្យ​ដើម្បី​វិល​ទៅ​រក​របប​ផ្តាច់ការ?

ប្រមុខ​ដឹកនាំ​ចលនា​បាតុកម្ម​ថៃ លោក ស៊ូថេប ថងស៊ូបាន ត្រូវ​ជួប​ពិភាក្សា​ជាមួយ​នឹង​អគ្គមេ​បញ្ជាការ​កងទ័ព​ នៅ​ថ្ងៃ​សៅរ៍​នេះ ដើម្បី​បញ្ចុះ​បញ្ចូលស្ថាប័ន​​​យោធាដែល​ធ្លាប់​ធ្វើ​រដ្ឋ​ប្រហារ​ជា​ញយ​ដង​ទម្លាក់​រដ្ឋាភិបាល​ប្រសូត​ចេញ​ពី​ការ​បោះឆ្នោត ឱ្យ​​មក​​​គាំទ្រ​គំនិត​ផ្តួច​ផ្តើម​របស់​ខ្លួន ដែល​ចង់​ផ្អាក​​ដំណើរ​ការ​ប្រជាធិបតេយ្យ​ ដោយ​ងាក​មក​បង្កើត​ “ក្រុម​ប្រឹក្សា​ប្រជាជន​” សម្រាប់​ជ្រើស​រើស​ថ្នាក់​ដឹកនាំ​ប្រទេស។

លោក ស៊ូថេប ថងស៊ូបាន ប្រមុខ​ដឹកនាំ​ចលាន​ប្រឆាំង​ថៃ ថ្លែង​ទៅ​កាន់​បាតុករ​កាលពី​ថ្ងៃទី ៣ ធ្នូ នៅ​ទីក្រុង​បាងកក
លោក ស៊ូថេប ថងស៊ូបាន ប្រមុខ​ដឹកនាំ​ចលាន​ប្រឆាំង​ថៃ ថ្លែង​ទៅ​កាន់​បាតុករ​កាលពី​ថ្ងៃទី ៣ ធ្នូ នៅ​ទីក្រុង​បាងកក REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

សេចក្តី​សម្រេច​ចិត្ត​រំលាយ​សភា និង​រៀប​ចំ​ការ​បោះឆ្នោត​មុន​អាណត្តិ​របស់​លោកស្រី​នាយក​រដ្ឋមន្ត្រី​ យីងឡាក់ ស៊ីណាវ៉ាត់ មិន​បាន​ធ្វើ​ឱ្យ​ក្រុម​ប្រឆាំង​ស្ងប់​អារម្មណ៍​ទេ បើ​ទោះ​បី​ជា​ចលនា​តាម​ដង​ផ្លូវ​ហាក់​ស្ង​ប់​ក៏ដោយ។

 
តាំង​ពី​យប់​មិញ​មក លោកស៊ូថេប ថងស៊ូបាន បាន​បង្ហើប​បង្ហាញ​ផែនការ​ ចង់​បង្កើត​រដ្ឋាភិបាល​បណ្តោះ​អាសន្ន​មួយ មាន​បេសកកម្មពិសេស​ធ្វើ​កំណែទម្រង់​​នយោបាយ​ កែច្បាប់​បោះឆ្នោត​ និង​ការ​គ្រប់​គ្រង​បក្ស​នយោបាយ ធ្វើ​យ៉ាង​ណា​បិទ​បញ្ចប់​ការ​ទិញ​សំឡេង និង​លួច​បន្លំ​សន្លឹក​ឆ្នោត ព្រម​ទាំង​នយោបាយ​ប្រជាពិថុតិ​ ដែល​ជា​ផ្លូវ​នាំ​ទៅរក​អំពើ​ពុក​រលួយ។ ហើយ​នៅ​ថ្ងៃ​នេះ​ទៀត ​ក្នុង​វេទិកា​សាធារណៈ​​ លោក​ស៊ូថេប ថងស៊ូបាន បាន​ប្រកាស​ថា​រដ្ឋាភិបាលលោកស្រី​ យីងឡាក់ ​គ្មាន​ភាព​ស្របច្បាប់​សម្រាប់​ដឹកនាំ​ប្រទេស​ទៀត​ទេ។ ថៃ​ពេល​នេះ​ គ្មាន​​រដ្ឋាភិបាល និងគ្មាន​សភា !

សម្រាប់​ប្រមុខ​ដឹកនាំ​ចលនា​ប្រឆាំង​រូប​នេះ ថៃ​ត្រូវ​តែ​ផ្អាក​រាល់​សកម្មភាព​​ស្រប​តាម​បែប​លទ្ធិប្រជាធិបតេយ្យ ដើម្បី​គាស់​រំលើង​ត្រកូល​ ស៊ីណាវ៉ាត់ ឱ្យ​ចេញ​ផុត​ពី​ផ្ទៃ​នៃ​នយោបាយ​ថៃ។ ដើម្បី​អាច​សម្រេច​កម្មវត្ថុ​នេះ បាន គេ​ត្រូវ​​​បង្កើត​ជា​ក្រុមប្រឹក្សា​ប្រជាជន​មួយ​ ​ជា​អ្នក​សម្រេច​​ជ្រើសរើស​មេដឹកនាំ​ប្រទេស មិន​មែន​ដោយ​ការ​បោះឆ្នោត​ទេ។

ប៉ុន្តែ​បើ​តាម​អ្នក​វិភាគ​​នយោបាយថៃ​ម្នាក់ ជំនួប​រវាង​ប្រមុខ​បក្ស​ប្រឆាំង​និង​យោធា ​ទំនង​ជា​គ្មាន​លទ្ធផល​អ្វី​ ជា​ដុំ​កំភួន​ទេ ព្រោះប្រព្រឹត្ត​ទៅ​​ជា​លក្ខណៈ​សាធារណៈ​។ ចំណែក​យោធា​​ដែល​មាន​ប្រវត្តិ​ធ្វើ​ និង​ប៉ុន​ប៉ង​ធ្វើ​រដ្ឋប្រហារ​ ដល់​ទៅ​១៨​ដង​ក្នុង​រយៈពេល​៨០​ឆ្នាំ ចុងក្រោយ​នេះ បាន​ស្នើ​ខ្លួន​ជា​អន្តរការី និង​តាំង​ខ្លួន​ឱ្យ​នៅ​ឆ្ងាយ​ពី​វិបត្តិ​នា​ពេល​នេះ។ ម្យ៉ាង​វិញ​ទៀត កងទ័ព​ថៃ​​ដឹង​ខ្លួន​ថា​មិន​អាច​ប្រកាន់​ជំហរ​ឬ​បក្ស​ពួក​ ដូច​អតីតកាល​បាន​ទេ ព្រោះ​សហគមន៍​អន្តរជាតិ​ តាមដាន​យ៉ាង​កៀក​កិត​ស្ថានភាព​នយោបាយ​ថៃ​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ