អានតួអត្ថបទ
ថៃ

ថៃ៖ បាតុករ​អាវលឿង​បន្ត​ធ្វើ​បាតុកម្ម ចំណែក​លុយបាត​បាន​ធ្លាក់​ថ្លៃ​ខ្លំាង

នៅ​ក្នុង​ប្រទេស​ថៃ ឥទ្ធិពល​នៃ​វិបត្តិ​នយោបាយ​បាន​ធ្វើ​ឲ្យ​តម្លែ​លុយបាត​ធ្លាក់​ថ្លៃ​ខ្លំាង។ នៅ​ថ្ងៃ​ចន្ទ ទី២៣ ធ្នូ​នេះ លុយបាត​បាន​ធ្លាក់​ដល់​កម្រិត​មួយ​យ៉ាង​ទាប​ដែល​មិន​ធ្លាប់​មាន​ទេ គិត​តំាង​ពី ៤ឆ្នំា​កន្លង​ទៅ។ ទន្ទឹម​គ្នា​នេះ ក្រុមបាតុករ​អាវលឿង​កំពុង​បន្ត​ធ្វើ​បាតុកម្ម​ជា​បន្ត​ទៀត​ដោយ​នៅ​ថ្ងៃ​នេះ ពួក​គេ​បាន​នំា​គ្នា​ព្យាយាម​រារំាង​បេក្ខជន​មិន​ឲ្យ​ចូល​ទៅ​ចុះ​ឈ្មោះ​សម្រាប់​ឈរ​ឈ្មោះ​បោះឆ្នោត​នា​ការ​បោះឆ្នោត​មុន​កាល​កំណត់​នៅ​ដើម​ខែ​កុម្ភៈ​ខាង​មុខ។

ថៃ៖ បាតុករ​អាវលឿង​បន្ត​ធ្វើ​បាតុកម្ម ចំណែក​លុយបាត​បាន​ធ្លាក់​ថ្លៃ​ខ្លំាង
ថៃ៖ បាតុករ​អាវលឿង​បន្ត​ធ្វើ​បាតុកម្ម ចំណែក​លុយបាត​បាន​ធ្លាក់​ថ្លៃ​ខ្លំាង
ផ្សាយពាណិជ្ជកម្ម

 

ទោះ​បី​ជា​មាន​សំណើ​តាម​គ្រប់​រូបភាព​ពី​លោកស្រី​នាយករដ្ឋមន្រ្តី​យីងឡាក់​ក៏​ដោយ ក៏​ក្រុមបាតុករ​អាវលឿង​មិន​ខ្ចី​រវីរវល់​ដែរ។ នៅ​ថ្ងៃ​នេះ និង​បន្ទាប់​ពី​បាន​ចូលរួម​យ៉ាង​ច្រើន​កុះករ​នា​ថ្ងៃ​អាទិត្យ​ម្សិលមិញ​មក លោក​ស៊ូទេព អតីត​ឧបនាយករដ្ឋមន្រ្តី និង​ជា​មេបាតុករ​បាន​អំពាវនាវ​ឲ្យ​ពួក​បាតុករ​រារាំង​កុំ​ឲ្យ​បេក្ខជន​របស់​គណបក្ស​ផ្សេង​ទៀត​ចូល​ទៅ​ចុះ​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​សភា​មុនកាលកំណត់​ដែល​គ្រោង​រៀបចំ​នៅ​ថ្ងៃទី២ កុម្ភៈ​ខាង​មុខ។ ការ​បោះឆ្នោត​ដែល​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក​ស៊ូទេព​បាន​ប្រកាស​ធ្វើ​ពហិការ​មិន​ចូលរួម​ទេ។ តាម​គម្រោង ដណើរការ​ចុះ​ឈ្មោះ​បេក្ខជន​ឈរឈ្មោះ​បាន​ផ្តើម​នៅ​ថ្ងៃ​ចន្ទ ទី២៣ ធ្នូ​នេះ និង​មាន​រយៈពេល​មួយ​សប្តាហ៍។

តំាង​តែ​ពី​រំលង​អធ្រាត្រ​យប់​ថ្ងៃ​អាទិត្យ​ឆ្លង​ចូល​ថ្ងៃ​ចន្ទ​នេះ ហ្វូង​បាតុករ​ដែល​ស្ថិត​ក្រោម​ការ​ឃ្លំាមើល​របស់​ប៉ូលិស និង​ទាហាន​បាន​នំា​គ្នា​ទៅ​ឡោមព័ទ្ធ​ជុំវិញ​ស្តាត​មួយ​ក្នុង​ទីក្រុង​បាងកក​ដែល​ជា​កន្លែង​ចុះ​ឈ្មោះ​បេក្ខជន។ នៅ​វេលា​ម៉ោង ១១ បណ្តា​បេក្ខជន​ចំនួន ៣៤នាក់​ដែល​តំណាង​ឲ្យ ៣៤គណបក្សនយោបាយ​ក៏​មាន​វត្តមាន​ដូច​ការ​គ្រោង​ទុក។ តែ​មាន​តែ ៩នាក់​ប៉ុណ្ណោះ​ដែល​បាន​ចុះ​ឈ្មោះ។ ចំណែក ២៥នាក់​ទៀត​បាន​ដាក់​ពាក្យប្តឹង​ទៅ​ប៉ូលិស នេះ​បើ​យោង​តាម​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត។ យ៉ាង​ណា​ក៏​ដោយ ដំណើរការ​ចុះ​ឈ្មោះ​បេក្ខជន​អាច​នឹង​ពន្យារ​ពេល​លើស​ពី​មួយ​សប្តាហ៍ នៅ​ក្នុង​ករណី​ណា​ដែល​ចំនួន​ចុះ​ឈ្មោះ​មិន​ទាន់​គ្រប់គ្រាន់។

ទន្ទឹម​គ្នា​នេះ ប៉ូលិស​បាន​ព្រមាន​ប្រាប់​ហ្វូង​បាតុករ​ថា ពួក​គេ​នឹង​អាច​ទទួល​ទោស​ជាប់​គុក និង​បង់ប្រាក់ពិន័យ​ច្រើន ប្រសិន​បើ​ពួក​គេ​ព្យាយាម​រារំាង​ដំណើរការ​បោះឆ្នោត​នោះ។ ដោយឡែក នៅ​ថ្ងៃ​នេះ និង​ជាលើក​ទីមួយ​តំាង​ពី​មាន​ក្បួនបាតុកម្ម​ជា​ថ្មី​ជាង ១ខែ​កន្លង​មក លុយបាត​បាន​ធ្លាក់​ថ្លៃ​យ៉ាង​ទាប​ដែល​មិន​ធ្លាប់​មាន​ទេ គិត​តំាង​ពី ៤ឆ្នំា​កន្លង​ទៅ។ ថ្ងៃ​នេះ ១ដុល្លារ​ដូរ​បាន ៣២, ៦៨បាត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ