អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ថៃ៖ ហេតុអ្វី​បាន​ជា​គណបក្ស​ប្រជាធិបតេយ្យ​មិនព្រម​ចូលរួម​បោះឆ្នោត ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​អាទិត្យ ទី២២ ធ្នូ​នេះ ក្រុមបាតុករ​អាវលឿង​ក្នុង​ប្រទេស​ថៃ​បាន​នំា​គ្នា​ដង្ហែរ​ក្បួន​បាតុកម្ម​ជាថ្មី​ដើម្បី​ទាមទារ​ឲ្យ​លោកស្រី​នាយករដ្ឋមន្រ្តី​យីងឡាក់​ចុះ​ចេញ​ពី​តំណែង។ ក្បួន​បាតុកម្ម​ជា​ថ្មី​ថ្ងៃ​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​គណបក្ស​ប្រឆំាង​របស់​លោក​អាប់ភីសិត គឺ​គណបក្ស​ប្រជាធិបតេយ្យ​បាន​ប្រកាស​ធ្វើ​ពហិការ​មិន​ចូលរួម​បោះឆ្នោត​នៅ​ថ្ងៃទី២ កុម្ភៈ​ខាង​មុខ។ គម្រោង​រៀបចំ​បោះឆ្នោត​ដែល​ជា​សំណើ​របស់​លោកស្រី​យីងឡាក់ ក្រោយ​ពី​លោកស្រី​បាន​ប្រកាស​រំលាយ​សភា​នា​ពេល​ថ្មីៗ​កន្លង​មក។ ថ្លែង​ជា​ថ្មី​នៅ​ថ្ងៃ​​នេះ លោកស្រី​យីឡាក់​បាន​ចោទ​ជា​សំណួរ​ថា ហេតុអ្វី​បាន​ជា​ពួក​ប្រឆំាង​មិន​ព្រម​គោរព​តាម​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ និង​នៅ​តែ​ទទូច​ចង់​ឲ្យ​គាត់​ចុះ​ចេញ​ពី​តំណែង​ទៅ​វិញ។

ក្រុមបាតុករថៃ​អាវលឿង​បន្ត​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​លោក​ស្រី​យីងឡាក់​ចុះ​ចេញ​ពី​អំណាច
ក្រុមបាតុករថៃ​អាវលឿង​បន្ត​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​លោក​ស្រី​យីងឡាក់​ចុះ​ចេញ​ពី​អំណាច REUTERS/Kerek Wongsa
ផ្សាយពាណិជ្ជកម្ម

ការ​ដែល​គណបក្សប្រឆំាង​បាន​សម្រេច​ធ្វើ​ពហិការ​មិន​ចូលរួម​បោះឆ្នោត​នៅ​ដើមខែ​កុម្ភៈ​ឆ្នំា​ក្រោយ គឺ​ជា​ចម្លើយ​ដែល​គ្រប់គ្នា​បាន​រង់ចំា ព្រោះ​ថា តំាង​ពី​មាន​ក្បួន​បាតុកម្ម​របស់​ក្រុម​អាវលឿង​ជា​ថ្មី​មក ក្រុម​បាតុករ​មិន​ដែល​បាន​ទាមទារ​ឲ្យ​លោកស្រី​នាយករដ្ឋមន្រ្តី​យីងឡាក់​រំលាយ​សភា​ដើម្បី​រៀបចំ​បោះឆ្នោត​ឡើង​វិញ​ទេ។ អ្វី​ដែល​ក្រុមបាតុករ​បាន​ទាមទារ គឺ​ការ​ចុះ​ចេញ​ពី​មុខតំណែង​របស់​លោកស្រី​យីងឡាក់។ តែ​លោកស្រី​យីងឡាក់​មិន​ព្រម ដោយ​ជ្រើស​យក​ផ្លូវ​រំលាយ​សភា និង​រៀបចំ​បោះឆ្នោត​ឡើង​វិញ​ដែល​លោកស្រី​គិត​ថា ជា​ដំណោះស្រាយ​សមស្រប​តាម​បែប​លទ្ធិប្រជាធិបតេយ្យ​តែ​មួយ​គត់​ដើម្បី​បិទបញ្ចប់​វិបត្តិ។

អ្វី​ដែល​មេបាតុករ​លោក​ស៊ូទេព​ចង់​បាន គឺ​ការ​ជ្រើសរើស​មេដឹកនាំ​ប្រទេស ដោយ​មិន​ចំា​បាច់​ឆ្លង​កាត់​ការ​បោះឆ្នោត​ទេ ពោល​គឺ​ត្រូវ​ប្រគល់​អំណាច​រដ្ឋ​ទៅ​ឲ្យ​ស្ថាប័ន​ថ្មី​មួយ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា “គណៈកម្មការ​ប្រជាជន” ដែល​មាន​សមាជិក ៤០០នាក់ តែ​មិន​បាន​បញ្ជាក់​ពី​ប្រភព និង​ពី​របៀប​ជ្រើសរើស​សមាជិក​ទំាង​នោះ​ទេ។ គណបក្ស​ភឿថៃ​មិន​ព្រម​ដោយ​អះអាង​ថា វា​មិន​ស្រប​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ និង​ផ្ទុយ​ទៅ​នឹង​រដ្ឋធម្មនុញ្ញ។

គណបក្ស​ប្រជាធិបតេយ្យ​ដឹងខ្លួន​ចាញ់​ឆ្នោត​ជា​មុន

ការ​មិន​ចូលរួម​បោះឆ្នោត មក​ពី​គណបក្សប្រជាធិបតេយ្យ​របស់​លោក​អាប់ភីសិត​គិត​ថា ខ្លួន​គ្មាន​ផ្លូវ​នឹង​ឈ្នះ​គណបក្ស​ភឿថៃ​របស់​លោកស្រី​យីងឡាក់​ទេ។ ការ​ហ៊ាន​អះអាង​យ៉ាង​ដូច​នេះ​ក៏​ដោយសារ​ថា​តែ​ការ​ចាក់ឬសគល់​យ៉ាង​ជ្រៅ​ទៅ​ក្នុង​ស្រទាប់​មហាជន​ថៃ​នៅ​តាម​ជនបទ​របស់​គណបក្ស​ភឿថៃ។ គណបក្ស​ភឿថៃ​ដែល​គ្មាន​នរណា ក្រៅ​ពី​ក្រុមបក្សពួក​របស់​លោក​អតីត​នាយករដ្ឋមន្រ្តី​ធ្លាក់​ពី​អំណាច​ថាក់ស៊ីន​នោះ​ទេ។ លោក​ថាក់ស៊ីន​ដែល​នៅ​បន្ត​ជា​ឥស្សរជន​នយោបាយ​ដ៏​មាន​ប្រជាប្រិយភាព​ខ្លំាង​នៅ​ក្នុង​ចំណោម​ប្រជារាស្រ្ត​ថៃ​ទូទៅ ពិសេស​អ្នក​រស់នៅ​តាម​ទីជនបទ។ គឺ​ខុស​ពី​គណបក្សប្រជាធិបតេយ្យ​របស់​លោក​អាប់ភីសិត​ដែល​ប្រមូលផ្តុំ​ដោយ​មនុស្ស​មួយ​ក្តាប់​តូច សុទ្ធសឹង​ជា​ក្រុមអ្នកមាន និង​ក្រុមបញ្ញវន្ត​រស់នៅ​តែ​ក្នុង​ទីក្រុង​បាងកក។

គួរ​រម្លឹក​ជូន​ថា ចាប់​តំាង​ពី​ឆ្នំា ១៩៩២ មក​ដល់​សព្វថ្ងៃ គណបក្ស​ប្រជាធិបតេយ្យ​មិន​ដែល​ទទួល​បាន​ជ័យជម្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​ម្តង​ណា​ទេ។ ផ្ទុយ​ទៅ​វិញ គណបក្ស​របស់​ក្រុមលោក​ថាក់ស៊ីន​ទទួល​បាន​សម្លេង​គំាទ្រ​យ៉ាង​លើសលប់​ជា​រៀងរហូត។ ជាក់ស្តែង​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នំា ២០១១ គណបក្ស​ភឿថៃ​របស់​លោកស្រី​យីងឡាក់​ទទួល​បាន​សំឡេង​ដ៏ច្រើន​លើសលុប ពោល​គឺ​ទទួល​បាន​២៦៥​អាសនៈ ទល់​នឹង ១៥៩​អាសនៈ​របស់​គណបក្ស​ប្រជាធិបតេយ្យ។ ដូច្នេះ​សម្រាប់​គណបក្ស​ភឿថៃ ចង់​បោះឆ្នោត​ប៉ុន្មាន​ដង​ទៀត ក៏​មិន​ញញើត​ដែរ។ តែ​សម្រាប់​គណបក្សប្រជាធិបតេយ្យ​វិញ នេះ​ជា​ល្បែង​ចាញ់​ជា​មុន​ដែល​គួរ​តែ​ចៀសវាង ប្រសិន​បើ​អាច​ចៀសវាង​បាន។

វិបត្តិនយោបាយ​ថៃ​បាន​ក្លាយ​ជា​វិបត្តិ​ហែកហួរ សងសឹក​គ្នា

វិបត្តិយោបាយ​ថៃ​មិនមែន​ជា​វិបត្តិ​មួយ​ដែល​គ្រប់​ភាគី​មាន​ឆន្ទៈ​ចង់​ដោះស្រាយ​ដើម្បី​ប្រយោជន៍ជាតិ​ទៀត​ឡើយ  តែ​វា​បាន​ក្លាយ​ជា​វិបត្តិ​ទុំជោរ​មួយ​ដែល​បាន និង​កំពុង​ពុះចែក​សង្គមថៃ​ជា​ពីរ​ចំណែក។ និយាយ​ឲ្យ​ស្រួល​យល់ គឺ​ជា​វិបត្តិ​នៃ​ការ​ហែកហួរ​គ្នា​រវាង​អ្នក​ក្រីក្រ​និង​អ្នកមាន និង​រវាង​អ្នក​រស់នៅ​ស្រុកស្រែចម្ការ និង​អ្នករស់នៅ​ក្នុង​ទីក្រុង។ អ្នក​ក្រីក្រ រស់នៅ​ស្រុកស្រែ​ចម្ការ ដែល​តំណាង​ដោយ​ពួក​អាវក្រហម និង​អ្នកមាន រស់នៅ​ក្នុង​ទីក្រុង​ដែល​តំណាង​ដោយ​ឲ្យ​ពួក​អាវលឿង។ រូបភាព​ទំាង​នេះ​ត្រូវ​បាន​គេ​សម្គាល់​ឃើញ​យ៉ាង​ច្បាស់​នៅ​ក្នុង​ក្បួន​បាតុកម្ម​របស់​ក្រុមអាវលឿង​សព្វថ្ងៃ ពិសេស​ការ​ទាមទារ​របស់​ពួក​គេ​ដែល​ចង់​កំចាត់​ឲ្យ​ដល់​ឬសគល់​នូវ​ប្រព័ន្ធ​បន្សល់​ទុក​ដោយ​លោក​ថាក់ស៊ីន។ កម្មវត្ថុ​របស់​លោក​ស៊ូទេព​មាន​តែ​មួយ​គត់ គឺ​បោសសំអាត​កាកសំណល់​របស់​លោក​ថាក់ស៊ីន។

គណបក្ស​ប្រជាធិបតេយ្យ​យល់​ថា គេ​មិន​អាច​បោសសំអាត​កាកសំណល់​របស់​លោក​ថាក់ស៊ីន​តាម​រយៈ​សន្លឹកឆ្នោត​បាន​ទេ។ អ៊ីចឹង​ហើយ​បាន​ពួក​គេ​បដិសេធ​មិន​ចូលរួម​បោះឆ្នោត ដោយ​ចង់​អូសបន្លាយ​វិបត្តិ​សព្វថ្ងៃ ឲ្យ​ដូច​ក្នុង​វិបត្តិ​ឆ្នំា ២០០៦ ដែល​នៅ​ទីបំផុត កងទ័ព​ជា​អ្នក​ចូល​ខ្លួន​បិទបញ្ចប់​វិបត្តិ។ តែ​នេះ ពិត​ជា​ល្បែង​ប្រថុយប្រថាន​មួយ​ខ្លំាង​ណាស់ ព្រោះ​ថា​មក​ទល់​ពេល​នេះ កងទ័ព​បាន​ប្រកាស​មិន​លូកដៃ ដោយ​មិន​ចង់​ធ្លាក់​ចូល​ក្នុង​ល្បែង​នយោបាយ​ជា​ថ្មី​ដែល​ខ្លួន​បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ចប្រទេស​ធ្លាក់ដុនដាប​ខ្លំាង​នៅ​ពេល​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ