អានតួអត្ថបទ
អ៊ុយក្រែន

វិបត្តិ​អ៊ុយក្រែន​​ទម្លាក់​តម្លៃ​ទីផ្សារ​ភាគហ៊ុន​ពិភពលោក​

វិបត្តិ​ដែល​កំពុង​តែ​វាយប្រហារ​​ប្រទេស​អ៊ុយក្រែន​ នៅពេលនេះ ក៏បាន​វាយប្រហារ​ទម្លាក់​តម្លៃ​ទីផ្សារ​ភាគហ៊ុន​ពិភពលោក ពិសេស​ទីផ្សារ​ភាគហ៊ុន​នៅ​​​អឺរ៉ុប​​។​ ​អ្នកវិនិយោគ​នានា​កំពុងតែ​បារម្ភ​ថា ប្រសិន​បើ​រុស្ស៊ី​រង​​ទណ្ឌកម្ម​សេដ្ឋកិច្ច​​ជា​យថាហេតុណាមួយ សហគ្រាស​អឺរ៉ុប​ដែល​បោះទីតាំង​នៅ​រុស្ស៊ី​អាច​រង​ផល​ប៉ះពាល់​​ធ្ងន់ធ្ងរ។

យោងតាម​អ្នកវិនិយោគ​នានា ​សហគ្រាស​អឺរ៉ុបដែល​​​បោះទីតាំង​នៅ​រុស្ស៊ី​អាច​រងផល​ប៉ះពាល់​ បើ​រុស្ស៊ី​ទទួល​ទណ្ឌកម្ម​សេដ្ឋកិច្ច​ជាយថាហេុត​ណាមួយ។
យោងតាម​អ្នកវិនិយោគ​នានា ​សហគ្រាស​អឺរ៉ុបដែល​​​បោះទីតាំង​នៅ​រុស្ស៊ី​អាច​រងផល​ប៉ះពាល់​ បើ​រុស្ស៊ី​ទទួល​ទណ្ឌកម្ម​សេដ្ឋកិច្ច​ជាយថាហេុត​ណាមួយ។ Reuters/Stefano Rellandini
ផ្សាយពាណិជ្ជកម្ម

វិបត្តិ​អ៊ុយក្រែន​មិនត្រឹមតែ​ធ្វើអោយ​រំជើបរំជួល​សហគមន៍​អន្តរជាតិ​ប៉ុណ្ណោះទេ វា​ក៏បាន​ប៉ះពាល់​ទីផ្សារ​​ពិភពលោកផងដែរ ពិសេស​គឺទីផ្សារ​ភាគហ៊ុន​អឺរ៉ុបតែ​ម្តង។ ជាក់ស្តែង ​នៅ​អឺរ៉ុប ថ្ងៃ​ចន្ទ​នេះ ​ទីផ្សារ​ភាគហ៊ុន​បាន​ធ្លាក់ចុះពី​តួលេខ​ជិត​១,៨ភាគរយ ដល់​៣ភាគរយ។ តួលេខ​នេះ​មិនសូវ​ជា​ហួសហេតុ​នោះទេ បើ​ប្រៀប​នឹង​តម្លៃ​ទីផ្សារ​​​ក្រុងម៉ូស្គូ។ ទីផ្សារ​ភាគហ៊ុន​ក្រុងម៉ូស្គូ បានធ្លាក់ចុះ​ដល់​ទៅ​ជាង​១៣ភាគរយ ហើយ​រូបិយបណ្ណ​រូប្ល របស់​រុស្ស៊ី​ ក៏​រងការ​​ប៉ះពាល់​ដោយ​វិបត្តិ​អ៊ុយក្រែន​ផងដែរ។ នៅអាស៊ី​ គេឃើញ​ទីផ្សារ​ភាគហ៊ុន​ក្រុងតូក្យូ ធ្លាក់ចុះ​១,២៧ភាគរយ។

ដោយឡែក ពេលនេះ​ ​​ តម្លៃ​មាស​បែរ​ជា​បានឡើងថ្លៃ​ទៅវិញ គិតចាប់​ពី​ថ្ងៃ​៣០តុលា ឆ្នាំ​២០១៣​​មក។ កាលពី​ខែ​តុលា​ឆ្នាំមុន ​​បរិមាណ​មាស​ប្រមាណជាង​​៣០ក្រាម មាន​តម្លៃ​​ឡើង​រហូត​ដល់​​ជាង​១៣៥០ដុល្លារ ជា​តម្លៃ​កម្រិត​កំពូល។ ថ្ងៃ​ចន្ទ​នេះ តម្លៃ​នេះ​ឡើងដល់​ទៅ​ជាង​១៣៤៦ដុល្លារ គឺមិន​សូវ​ជា​ខុសពី​តម្លៃ​​ កាលពី​ខែតុលា​ប៉ុន្មានឡើយ។ យោងតាម​អ្នកវិភាគ ដោយសារស្ថានភាព​​​អ៊ុយក្រែន​ធ្លាក់​ដុនដាប​​ អ្នកវិនិយោគ​នានា​បាននាំគ្នា​បោះបង់​​ភាគហ៊ុន ដោយ​ងាក​ទៅរក​ទីផ្សារ​មាស​វិញ។ ដូច្នេះ វាធ្វើ​អោយ​ទីផ្សារ​ភាគហ៊ុនធ្លាក់ចុះ។

​ទន្ទឹមនេះ​ដែរ តម្លៃ​ប្រេងនៅ​តែ​បានបន្តឡើង​ថ្លៃ​ផងដែរ។ តម្លៃ​ប្រេង​សម្រាប់​​ផ្គត់ផ្គង់​ ក្នុង​ខែ​មេសា​ខាងមុខ បានឡើង​ដល់​​១០៤ដុល្លារ៦១សេន ក្នុង​មួយ​បារីល ហើយ​ប្រេង​​​នៅ​​សមុទ្រខ្មៅ​ ក្នុង​តំបន់​វិបត្តិ​អ៊ុយក្រែន​វិញ​នោះ មានតម្លៃ​ជិត​១១២ដុល្លារ​ ក្នុង​មួយបារីល។ ​អ៊ុយក្រែន​ជា​កន្លែង​​បំរុង​ប្រេង​ទុក​ ហើយ​​រុស្ស៊ី​វិញ​នាំ​​​ប្រេងច្រើន​ចេញ​ទៅ​អឺរ៉ុប​ផងដែរ​​ ពោល​គឺ​​ភាគច្រើន ​គិត​ក្នុង​ចំណុះ​​ប្រេង​៥លាន​បារីល​​ ដែល​ត្រូវ​នាំចេញទៅ​អឺរ៉ុប​ក្នុង​មួយថ្ងៃៗ។ ​ មូលហេតុ​ទាំងអស់​នេះ ធ្វើអោយ​តម្លៃ​ប្រេង​ប្រឈមនឹង​ការ​កើនឡើង​បន្ថែម​ទៀត។

គេចាប់អារម្មណ៍​ខ្លាំង​លើ​​ការធ្លាក់ចុះ​នៃទីផ្សារ​ពិភពលោក​ ​ នៅថ្ងៃ​ចន្ទ​នេះ​​​ ក៏​ដោយសារ​តែ​ស្ថានភាព​​​អ៊ុយក្រែន​បាន​​​រង្គោះរង្គើ​​ខ្លាំង​​ កាលពី​ចុង​សប្តាហ៍​កន្លងទៅ​ដែរ៕ 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ