អានតួអត្ថបទ
សេដ្ឋកិច្ចតំបន់អឺរ៉ូ

នាយក​រដ្ឋមន្រ្តី​អាល្លឺម៉ង់៖ តំបន់​អឺរ៉ូ​មិនបោះបង់​ចោល​ក្រិក

លោកស្រី​Angela Merkel បាន​ថ្លែង នៅថ្ងៃ​អង្គារ​នេះថា ប្រទេស​សមាជិក​អឺរ៉ុប​ត្រូវរួមគ្នា និង​​ប្រើ​មធ្យោបាយ​គ្រប់បែប​យ៉ាង​ដើម្បី​ឲ្យ​តំបន់​ប្រើប្រាក់​អឺរ៉ូ​ចេញ​ផុត​ពី​វិបត្តិ​ប្រាក់​បំណុល។ ជាថ្មីម្តងទៀត នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​បាន​បញ្ជាក់​ជំហរ​ច្បាស់​របស់ខ្លួន​ថា សហភាព​អឺរ៉ុប​នឹង​មិន​ដក​ប្រទេស​ក្រិក​ចេញពី​ប្រទេស​សមាជិក ដូចជា​ពាក្យ​ចចាមអារ៉ាម​កន្លងមក។ ការនិយាយ​ធានា​របស់​លោកស្រី​ Angela Merkel បាន​ធ្វើឲ្យ​​អ្នកវិនិយោគ​មាន​ការទុកចិត្ត​ឡើងវិញ​បន្តិច។ ទីផ្សា​រមូលបត្រ នៅប៉ារីស​ នៅថ្ងៃ​ព្រឹកថ្ងៃ​អង្គារ​នេះ​បាន​ឡើងចុះមិន​ទៀងទាត់ ជាពិសេស​ភាគហ៊ុន​របស់​ធានាគារ​បារាំង បន្ទាប់ពី​ធ្លាក់ចុះ​ខ្លាំង នៅថ្ងៃ​ចន្ទ​ម្សិលមិញ។

នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​ លោកស្រីAngela Merkel
នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​ លោកស្រីAngela Merkel REUTERS/Thomas Peter
ផ្សាយពាណិជ្ជកម្ម

ទីភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ ឥណទាន​Moody គ្រោងនឹង​ទម្លាក់​ពិន្ទុ​ធនាគារ​បារាំង​បី ពីព្រោះ​ធនាគារ​ទាំងនេះ នឹង​អាច​ជួប​ការខាតបង់ ដោយសារ​ក្រិក អតិថិជន​ខ្ចីលុយ​សំខាន់ គ្មាន​លុយសង។ ព័ត៌មាននេះ​បាន​ធ្វើ​ឲ្យ​ទីផ្សារ​មូលបត្រ​អឺរ៉ុប​ចាប់ផ្តើម​ជ្រួលច្របល់ និង​ធ្លាក់ចុះជាថ្មី កាលពី​ថ្ងៃ​ម្សិលមិញ។ ប៉ុន្តែ ការចេញមុខ​ធានា​ជួយ​​សេដ្ឋកិច្ច​ក្រិក របស់​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ បាន​ធ្វើ​ឲ្យ​ទីផ្សារមូលបត្រ គ្រាន់បើ​បន្តិច នៅពេលព្រឹក មុន​នឹង​ធ្លាក់ដាំដូង​ជាថ្មី នៅ​ល្ងាចថ្ងៃ​អង្គារនេះ។

 
និយាយ​ប្រាប់ទៅ​វិទ្យុជាតិ​អាល្លឺម៉ង់ នៅថ្ងៃនេះ លោកស្រី Angela Merkel បាន​បង្ហាញ​ពី​អាទិភាព​ចំបង​ដែល​​សហភាព​អឺរ៉ុប ត្រូវធ្វើ នោះ​គឺ​ជៀសវាង ការក្ស័យធន របស់​រដ្ឋ​ជា​សមាជិក។ នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ ចង់​និយាយ​ដល់​ប្រទេស​ក្រិក រដ្ឋសមាជិក​សហភាព​អឺរ៉ុប ដែល​គេ​បារម្ភ​ថា នឹង​អាច​ជួប​គ្រោះ​អស់លុយ​ចាយ ក្នុង​ពេលខាងមុខ​នេះ។

សម្រាប់​លោកស្រី Angela Merkel ភាពក្ស័យធន មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ក្រិក​តែមួយ ប៉ុន្តែ នឹង​អាច​ប៉ះពាល់ តិច ឬ​ច្រើន​ដល់​ប្រទេស​សមាជិក​ដទៃទៀត។ ដូច្នេះ អ្វី​ជា​អាទិភាព​របស់​អឺរ៉ុប គឺ​ធ្វើយ៉ាងណា​ត្រួតពិនិត្យខ្លាំង មិន​ឲ្យ​មាន​រដ្ឋាភិបាល​របស់​ប្រទេស​សមាជិក​ជួប​គ្រោះ​អត់លុយចាយ។

នាយករដ្ឋមន្រ្តី អាល្លឺម៉ង់ នៅបាន​លើកទឹកចិត្ត​ក្រុមវិនិយោគ ដោយ​បាន​និយាយ​ថា រដ្ឋាភិបាល​ក្រិក​កំពុង​ចាត់វិធានការ​ទៅ​តាម​ការចង់បាន​របស់​សហភាពអឺរ៉ុប និង​មូលនិធិហិរញ្ញវត្ថុ​អន្តរជាតិ គឺ​អនុវត្ត​នយោបាយ​រឹតត្បិត​ខ្លាំង ដើម្បីកាត់បន្ថយ​ឧុនភាព​សេដ្ឋកិច្ច។ ​ជាថ្មី​ម្តងទៀត លោកស្រី​ Angela Merkel បញ្ជាក់ដែរថា អាល្លឺម៉ង់​នឹងមិនបោះបង់​ចោល​ក្រិក និងមិនដក​ក្រិកចេញ​ពី​តំបន់​ចាយប្រាក់​អឺរ៉ូឡើយ។

ធនាគារ​បារាំង​វិញ ដែល​នឹង​ត្រូវ​ទីភ្នាក់ងារ​វាយតម្លៃ​គ្រោះ​ហានិភ័យ​ឥណទាន​ទម្លាក់​ចំណាត់ថ្នាក់ ក៏​បាន​ចេញមុខ​អះអាង​ដែរ​ថា ខ្លួន​នៅតែ​មាន​លុយ​ច្រើន​ផ្សេង​ទៀត ប្រសិន​បើក្រិក​គ្មាន​លុយ​សង​ធនាគារ។ ឧទាហរណ៍​ធនាគារ​បារំាង Société Générale ដែល​បាន​ផ្តល់ប្រាក់​កម្ចី​ដល់​រដ្ឋាភិបាល និងក្រុមហ៊ុនក្រិក ត្រូវ​ខាតបង់ ៦​ពាន់​លានអឺរ៉ូ ប្រសិន​បើក្រិក​ក្ស័យធន គ្មានលុយសង។ ប៉ុន្តែ នាយក​ធានាគារនេះ​បាន​បង្ហាញ​ថា ធនាគារ​មាន​លុយ​ប្រមាណ ១០០​ពាន់​លាន​ដុល្លារ ក្នុង​ស្តុក​បម្រុង ដើម្បី​ទប់ទល់​វិបត្តិ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ