អានតួអត្ថបទ
ស្វ៊ីស-ស៊ីរី

តំណាង​រដ្ឋាភិបាល​ស៊ីរី និង​ក្រុមប្រឆំាង​ផ្តើម​ជួបគ្នា​វគ្គ​ទីពីរ​នៅ​ក្នុង​ទីក្រុងហ្សឺណែវ ប្រទេស​ស្វីស

នៅ​ថ្ងៃ​ចន្ទ ទី១០ កុម្ភៈ​នេះ តំណាង​រដ្ឋាភិបាល​ស៊ីរី និង​ក្រុមប្រឆំាង​ស៊ីរី​ផ្តើម​អង្គុយ​ចរចា​ទល់​មុខ​គ្នា​ជា​ថ្មី​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ដោយ​មាន​លោក​ឡាក់ដា ប្រាហ៊ីមី ប្រេសិត​ពិសេស​របស់​អង្គការ​សហប្រជាជាតិ និង​សម្ព័ន្ធអារ៉ាប់​ធ្វើ​ជា​អន្តរការី។ ជំនួប​ជា​ថ្មី​ក្នុង​ថ្ងៃ​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ភាគីជម្លោះ​ទំាង​ពីរ​បាន​ជួប​គ្នា​ម្តង​ហើយ​កាល​ពី​មួយ​សប្តាហ៍​មុន​ក្នុង​ទីក្រុង​ហ្សឺណែវ​ដែល​គេ​ហៅ​ថា ហ្សឺណែវទី២។ ជំនួប​នា​ពេល​នោះ​​ត្រូវ​បាន​បញ្ចប់​ដោយ​នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​នយោបាយ​ទេ។

លោក​ឡាក់ដា ប្រាហ៊ីមី ប្រេសិត​ពិសេស​របស់​អង្គការ​សហប្រជាជាតិ និង​សម្ព័ន្ធអារ៉ាប់​ធ្វើ​ជា​អន្តរការី
លោក​ឡាក់ដា ប្រាហ៊ីមី ប្រេសិត​ពិសេស​របស់​អង្គការ​សហប្រជាជាតិ និង​សម្ព័ន្ធអារ៉ាប់​ធ្វើ​ជា​អន្តរការី REUTERS/Jamal Saidi
ផ្សាយពាណិជ្ជកម្ម

ដំបូង​នៅ​ថ្ងៃ​ចន្ទ ទី១០ កុម្ភៈ​នេះ លោក​អន្តរការី​ឡាក់ដា ប្រាហ៊ីមី​បាន​ជួប​ភាគី​នីមួយៗ​ដាច់​ឡែក​ពី​គ្នា មុន​នឹង​ជួប​រួម​គ្នា​នៅ​លើ​តុ​តែ​មួយ ក្នុង​បន្ទប់​តែ​មួយ​នៅ​ថ្ងៃ​អង្គារ ទី១១ កុម្ភៈ និង​ដែល​តាម​គម្រោង នឹង​ត្រូវ​បន្ត​រហូត​ដល់​ថ្ងៃ​សុក្រ ទី១៤ កុម្ភៈ​ចុង​សប្តាហ៍​នេះ។ ក៏​ដូច​នៅ​ក្នុង​ជំនួប​ក្នុង​ខែ​មករា​កន្លង​ទៅ​ដែរ មាន​ប្រធានបទ​សំខាន់​ចំនួន ៣ ដែល​កិច្ចប្រជុំ​ត្រូវ​លើក​យក​ទៅ​ជជែក ទីមួយ ស្វែង​រក​កុងសង់ស៊ុស​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​បណ្តោះអាសន្ន ទីពីរ ស្វែង​រកកិច្ចព្រមព្រៀង​បទឈប់បាញ់ និង​ទីបី បើក​ឲ្យ​មាន​សហប្រតិបត្តិការ​ផ្នែក​មនុស្សធម៌​នៅ​តាម​តំបន់​ជម្លោះ ពិសេស​ជម្លៀស​ជនស៊ីវិល​ដែល​កំពុង​ជាប់​កុន​នៅ​ក្នុង​ការ​វាយប្រហារ​គ្នា​រវាង​កម្លំាង​រដ្ឋាភិបាល និង​កម្លំាងប្រឆំាង។

ក៏​ដូច​ជា​នៅ​ក្នុង​ជំនួប​កាល​ពី​មួយ​សប្តាហ៍​កន្លង​ទៅ​ដែរ តំណាង​ភាគី​រដ្ឋាភិបាល​ស៊ីរី និង​ក្រុម​ប្រឆំាង​មិន​ធ្វើ​កិច្ចសន្ទនា ផ្តោះប្តូរ​ពាក្យសម្តី​ដោយ​ផ្ទាល់​រវាង​គ្នា​ទេ តែ​ត្រូវ​ឆ្លង​កាត់​តាម​លោក​អាជ្ញាកណ្តាល​ឡាក់ដា ប្រាហ៊ីមី។ លោក​ប្រាហ៊ីមី​ដែល​បាន​សន្យា​ថា លោក​នឹង​ដឹក​នំា​កិច្ចប្រជុំ​នៅ​ក្នុង​វគ្គទីពីរ​លើក​នេះ​ឲ្យ​ទទួល​បាន​លទ្ធផល​វិជ្ជមាន​ជាង​វគ្គទីមួយ​ដែល​មាន​លក្ខណៈ​តានតឹង និង​ប្រទូសរ៉ាយ​ខ្លំាង។ អ្វី​ដែល​លោក​ប្រេសិត​អង្គការសហប្រជាជាតិ និង​សម្ព័ន្ធអារ៉ាប់​ត្រូវ​សម្រេច​ឲ្យ​បាន​នៅ​ក្នុង​ជំនួប​លើក​ទីពីរ​ពេល​នេះ គឺ​វិធានការ​មនុស្សធម៌​ប្រកប​ដោយ​តម្លាភាព និង​ភាព​ស្មោះត្រង់​ពី​ភាគី​ទំាង​សង​ខាង។

នៅ​ចុង​សប្តាហ៍​កន្លង​ទៅ និង​ដោយ​ផ្អែក​តាម​កិច្ចព្រមព្រៀង​មនុស្សធម៌​ដែល​ចុះ​ហត្ថលេខា​ដោយ​ភាគី​ទំាង​ពីរ​កាល​ពី​កិច្ចចរចា​លើកទីមួយ បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ជម្លៀស​ជនស៊ីវិល​ចេញ​ពី​ទីក្រុង​ហូម​ប្រមាណ​ជា ៦០០នាក់​ដែល​បាន​ជាប់​កុន​នៅ​ទីនោះ​តំាង​ពី ១ឆ្នំា​កន្លះ​មក​ហើយ។ តែ​ការ​ជម្លៀស​ដែល​រៀបចំ​អង្គការសហប្រជាជាតិ និង​អង្គការ Croissant ក្រហម​បាន​ទទួល​រង​ការ​បាញ់​ប្រហារ​ដោយ​ភាគី​នីមួយៗ​បាន​ទម្លាក់​កំហុស​ដាក់​គ្នា​ទៅ​វិញ ទៅ​មក។

យ៉ាង​ណា​ក៏​ដោយ នៅ​មាន​ប្រធានបទ​ក្តៅ​ចំនួន​ពីរ​ដែល​លោក​អន្តរការី​ត្រូវ​ព្យាយាម​សម្រេច​ឲ្យ​បាន គឺ​បទឈប់បាញ់ និង​ការ​បង្កើត​រដ្ឋាភិបាល​បណ្តោះអាសន្ន​មួយ។ រដ្ឋាភិបាល​បណ្តោះអាសន្ន​ដែល​ក្រុមប្រឆំាង ក៏​ដូច​ជា​ប្រទេសលោកខាងលិច​មួយ​ចំនួន មាន​អាមេរិក​ជា​ដើម មិន​ចង់​ឃើញ​មាន​វត្តមាន​លោក​ប្រធានាធិបតី​ស៊ីរី​អាសាដ​បន្ត​ទៀត​ទេ។ តែ​ភាគី​រដ្ឋាភិបាល​ធ្លាប់​បាន​បញ្ជាក់​រួច​ហើយ​ថា គេ​មិន​អាច​ទាត់​ចោល​ឥស្សរជន​នយោបាយ​បច្ចុប្បន្ន​ណា​ម្នាក់​របស់​រដ្ឋាភិបាល​សព្វថ្ងៃ​នៅ​ក្នុង​រដ្ឋាភិបាល​បណ្តោះអាសន្ន​នោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ