អានតួអត្ថបទ
កម្ពុជា

មូលនិធិ​ពិភពលោក​ដើម្បី​ធម្មជាតិ​រិះគន់​របាយ​ការណ៍​បរិស្ថាន​​នៃ​​ទំនប់​វារី​អគ្គិសនី​ ដនសាហុង

មូលនិធិពិភពលោកដើម្បីធម្មជាតិ ឬអង្គការ WWF វាយ​ប្រហារ​របាយ​ការណ៍​វាយ​តម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​​នៃ​គម្រោង​ទំនប់​វារី​អគ្គិសនី ដនសាហុង របស់​ឡាវ ថា​មិន​ល្អិត​ល្អន់។ អង្គការ​នេះ​យល់​ឃើញ​ថា​ការស្ថាបនា​ទំនប់​វារី​អគ្គិសនី​ដនសាហុង​ នៅ​ទន្លេ​ហ៊ូ​សាហុង​នឹង​បិទ​ផ្លូវ​ត្រី​មិន​ឱ្យ​ចុះ​តាម​ខ្សែ​ទឹក​ទន្លេ​មេគង្គ ថ្វី​បើ​របាយ​ការណ៍​នោះ​បាន​និយាយ​អំពី​ការបង្វែរ​ចរាចរណ៍​ត្រី​តាម​ផ្លូវ​ទឹក​ផ្សេង​ទៀត​ក្តី។ WWF បារម្ភ​អំពី​បរិមាណ​ត្រី​សម្រាប់​ប្រជាជន​៦០លាននាក់ ដែល​រស់​ក្នុង​តំបន់​នៃ​អាង​ទន្លេ​មេគង្គ​ខាងក្រោម។

ប្រជា​នេសាទ និង​ប្រជាជន​កម្ពុជា​យ៉ាងតិច​៣លាន​នាក់ អាស្រ័យ​​រៀងរាល់​ថ្ងៃ​​លើ​​ធនធាន​​ជលផល​​ដែល​​ទន្លេ​​មេគង្គ​​ផ្តល់​​ឱ្យ។
ប្រជា​នេសាទ និង​ប្រជាជន​កម្ពុជា​យ៉ាងតិច​៣លាន​នាក់ អាស្រ័យ​​រៀងរាល់​ថ្ងៃ​​លើ​​ធនធាន​​ជលផល​​ដែល​​ទន្លេ​​មេគង្គ​​ផ្តល់​​ឱ្យ។ ©WWF
ផ្សាយពាណិជ្ជកម្ម

គម្រោង​​​ទំនប់​​វា​រី​​អគ្គិសនី ដន សា​ហុង មាន​ទីតាំង​ស្ថិតនៅ​ចម្ងាយ​ត្រឹមតែ ១ គីឡូម៉ែត្រ​ប៉ុណ្ណោះ ពីព្រំប្រទល់​កម្ពុជា-​ឡាវ។ ប្រសិនបើ​សាងសង់ ទំនប់​នេះ​ វា​នឹង​បិទ​ទន្លេ​ហ៊ូ​សា​ហុង ដែល WWF អះអាងថាជា​ច្រក«តែមួយគត់»សម្រាប់​ចរាចរណ៍​ត្រី​ពេញ​មួយឆ្នាំ។ មូលនិធិ​ពិភពលោក​ដើម្បី​ធម្មជាតិបារម្ភថា នេះ​ជា«កត្តា​បង្ក​ឲ្យ​មានការ​ខូចខាត​ជា​អចិន្ត្រៃយ៍​ដល់​ធនធាន​ជលផល​ដ៏​សម្បូរ​នៅក្នុង​អាង​ទន្លេមេគង្គ ដែលមាន​តម្លៃ​ចន្លោះ​ពី១ពាន់ ៤រយ​លាន​ដុល្លារ ដល់៣ពាន់៩រយ​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ»។

តាមពិត នៅ​ជុំវិញ​កន្លែង​សង់​ទំនប់​វា​រី​អ​គ្គិស​នី​នោះ មានផ្លូវទឹក​ជាច្រើន​ទៀត​ក្រៅពី​ទន្លេ​ង​ហ៊ូ​សា​ហុង។ ក្រុម​អ្នកស្រាវជ្រាវ​វាយតម្លៃ​ផលប៉ះពាល់​បរិស្ថាន​នៃ​គម្រោង​ទំនប់​វា​រី​អគ្គិស​នី ដន​សា​ហុង បាន​ស្នើឱ្យ​បង្វែរ​ផ្លូវ​សម្រាប់​ត្រី​ឆ្លងកាត់​ទៅ​ផ្លូវទឹកផ្សេងៗទៀត ដែល«អាច​រក្សាបាន​នូវ​អត្រា៩៥%»នៃ​ចរាចរណ៍​ត្រី​តាម​លក្ខខណ្ឌ​កំណត់​របស់​គណៈកម្មាធិកា​រ​ទន្លេមេគង្គ។

ប៉ុន្តែ របាយការណ៍​វិភាគ​របស់​អង្គការ WWF ដែល​ធើ្វ​ឡើង​ដោយ​អ្នកជំនាញ​ផ្នែក​ផ្លូវ​ចរាចរ​ត្រី រកឃើញ​បញ្ហា​មួយចំនួន​ នៅក្នុង​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាននោះ។ បញ្ហា​ទាំងនោះមាន​ដូចជា វិធីសាស្ត្រ​ស្រាវជ្រាវ​មិន​សមស្រប កង្វះ​ភ័ស្តុតាង ភ័ស្តុតាង​ដែល​ផ្តល់​ឱ្យ​មាន​លក្ខណៈ​មិន​ច្បាស់លាស់ ហើយ​ការផ្តល់​អនុសាសន៍​ពាក់ព័ន្ធ​នឹង​ការកាត់បន្ថយ​ហេតុ​ប៉ះពាល់​​នោះ គ្មាន​អំណះអំណាង​បញ្ជាក់​អំពី​ប្រសិទ្ធភាព​​ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ