អានតួអត្ថបទ
យេម៉ែន

យន្តហោះ​គ្មាន​មនុស្ស​បើក​Drone សម្លាប់ ក្រុមអាល់កៃដា នៅ​យេម៉ែន

យ៉ាងហោច សមាជិក​មនុស្ស​ប្រាំបី​នាក់​បាន​ស្លាប់ នៅក្នុង​ការវាយប្រហារ​របស់​យន្តហោះ​គ្មាន​មនុស្ស​បើក នៅ​ភាគខាងត្បូង​ប្រទេស យេម៉ែន កាលពី​ថ្ងៃ​អាទិត្យ ទី ២០ មេសា។ ក្នុងចំណោម​ជនរងគ្រោះ​ទាំង​៨​នាក់ មាន​ប្រាំនាក់ ជាសមាជិក​របស់​ក្រុមអាល់កៃដា នៅ​យេម៉ែន ចំណែក​មនុស្ស​ស្លាប់​បីនាក់​ទៀត ជាជន​ស៊ីវិល ដែល​រង​គ្រោះថ្នាក់ នៅក្នុង​ពេល​យន្តហោះ​Drone បាញ់​ទៅលើ​រថយន្ត​ដែល​បើកបរ​ដោយ​សមាជិក​អាល់កៃដា។

យន្តហោះ​Drone សម្លាប់​ជនសង្ស័យ​ជា​សមាជិក​របស់​អាល់កៃដា ១០នាក់ នៅថ្ងៃ​សៅរ៍ ទី ១៩ មេសា
យន្តហោះ​Drone សម្លាប់​ជនសង្ស័យ​ជា​សមាជិក​របស់​អាល់កៃដា ១០នាក់ នៅថ្ងៃ​សៅរ៍ ទី ១៩ មេសា ©REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

អ្នកទទួល​ខុសត្រូវ​របស់​ក្រុមកុលសម្ព័ន្ធ ភាគខាងត្បូង​ប្រទេស​យេម៉ែន បាន​និយាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង ថា សមាជិក​ក្រុមអាល់កៃដា ៥​នាក់​បាន​ស្លាប់ នៅក្នុង​ការវាយប្រហារ​របស់​យន្តហោះ​Drone។ បើទោះបី​ជា​គេ​មិន​បាន​បញ្ជាក់ថា ការវាយប្រហារ​ធ្វើ​ឡើង​ដោយ​ស្នាដៃ​របស់ក្រុមណា ប៉ុន្តែ នៅ​យេម៉ែន អាមេរិក​ជា​ប្រទេស​តែមួយ​គត់​ដែល​បើក​ប្រតិបត្តិការ​យន្តហោះ​Drone ប្រឆាំង​នឹង​ក្រុមអាល់កៃដា។

 
កាលពី​ថ្ងៃ​សៅរ៍ ប្រតិបត្តិការ​យន្តហោះ​Drone​ស្រដៀងគ្នានេះ បាន​សម្លាប់​សមាជិក​១០​នាក់​របស់​បណ្តាញ​អាល់កៃដា។ តាម​ប្រភព​ពីក្រសួងការពារ​ជាតិ​យេម៉ែន សមាជិក​អាល់កៃដា ដែល​គេ​សម្លាប់​បាន សុទ្ធសឹង​ជា​មុខសញ្ញា មនុស្ស​ដែល​គ្រោះថ្នាក់ និង​ដែល​បាន​រៀបចំ​គម្រោង​ដើម្បី​សម្លាប់​អ្នកនយោបាយ និងយោធា នៅ​ប្រទេស​យេម៉ែន។ តាម​ប្រភព​ដដែល សមាជិក​ម្នាក់​ដែល​គេ​បាន​សម្លាប់ ​កាលពីថ្ងៃ​អាទិត្យ គឺជា​ឃាតករ ដែល​បាន​សម្លាប់​អនុចៅហ្វាយខេត្ត​ម្នាក់​នៅក្នុង​ប្រទេស​យេម៉ែន។

តាម​សេចក្តី ប្រកាស​ព័ត៌មាន​របស់​ក្រសួងការពារ​ជាតិ​យេម៉ែន ប្រតិបត្តិការ​របស់យន្តហោះ​Drone​បាន​ដៅ​ទៅលើ​ជំរំ​ហ្វឹកហ្វឺន​របស់​បណ្តាញ​អាល់កៃដា នៅ​ភាគខាងត្បូង​យេម៉ែន។ កាលពី​ខែ​មីនា​កន្លងទៅ ប្រធានាធិបតី​ថ្មី​របស់​យេម៉ែន បាន​និយាយ​ការពារ​វត្តមាន​របស់​យន្តហោះ​Drone​នៅ​ក្នុង​ទឹកដី​យេម៉ែន នៅពេល​ដែល​ក្រុមអង្គការ​សិទ្ធិមនុស្ស​បាន​ចោទប្រកាន់​ថា គឺ​ជនស៊ីវិល​ដែល​រងគ្រោះ​ច្រើន ដោយសារ​ការវាយប្រហារ​របស់​យន្តហោះ​Drone។

សូមជំរាប​ជូនថា ភាគខាងត្បូង យេម៉ែន ជាសម្បុក ប្រមូលផ្តុំ​របស់​ក្រុមអាល់កៃដា​ប្រចាំ​ឧបទ្វីប​អារ៉ាប់។ ក្រុមនេះ​កំពុង​ព្យាយាម​ពង្រឹង​កម្លាំង​របស់​ខ្លួន នៅ​ក្នុង​ខេត្ត​Baida ដែល​ជាភូមិកំណើត​របស់​មេអាល់កៃដា បច្ចុប្បន្ន គឺ Nassir Al Wahichi។ នៅក្នុង​វីដេអូ របស់​ក្រុមជីហាត កាលពី​ខែ​មីនា​កន្លងទៅ គេ​ឃើញ អតីត​សមាជិក​អាល់កៃដា ១៩​នាក់ ដែល​លួចរត់​គេច​ចេញ​ពី​គុក នៅ​យេម៉ែន ត្រូវ​បាន​ទទួល​ស្វាគម អបអរ ដោយ​គ្នីគ្នា​របស់គេ នៅ​ក្នុង​ជំរំ​មួយ ដែល​ស្ថិតនៅក្នុង​តំបន់ភ្នំ ដែល​យោធា​យេម៉ែន ពិបាក​នឹង​ចូល​ទៅ​បោសសម្អាត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ