អានតួអត្ថបទ
យេម៉ែន

ភេរវកម្ម​​អត្តឃាត​​របស់​​អាល់កៃដា​​នៅទីក្រុង​​សាណា​​

ទាហាន​ប្រមាណ​ជិត​១០០នាក់​បាន​ស្លាប់​នៅក្នុង​ភេរវកម្ម​អត្តឃាត​របស់​អាល់កៃដា​នៅ​ទីក្រុង​សាណា​កាលពី​ថ្ងៃចន្ទ​ទី២១​ឧសភា​ឆ្នាំ២០១២​ម្សិលមិញ។ ​ភេរវកម្ម​អត្តឃាត​នេះ​ហៀបតែ​នឹង​ប្រល័យ​ជីវិត​របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ ​ ហើយ​ក្រុម​អាល់កៃដា​បាន​គំរាមថា​ ​ នឹង​វាយប្រហារ​ជាថ្មី​ទៀត​ទៅលើ​ក្រុម​ទាហាន​ដែល​បាន​ធ្វើការ​វាយលុក​ទៅលើ​ក្រុម​អ៊ីស្លាម​ជ្រុល​និយម​នៅ​ប៉ែក​ខាងត្បូង​នៃ​ប្រទេស​យេម៉ែន។

អ្នក​ជំនាញការ​​កំពុង​​​អង្កេត​​ពិនិត្យ​​នៅ​ទី​កន្លែង​​មាន​ផ្ទុះ​ភេរវកម្ម​អត្តឃាត​នៅ​ទីក្រុង​​​​Sanaa
អ្នក​ជំនាញការ​​កំពុង​​​អង្កេត​​ពិនិត្យ​​នៅ​ទី​កន្លែង​​មាន​ផ្ទុះ​ភេរវកម្ម​អត្តឃាត​នៅ​ទីក្រុង​​​​Sanaa REUTERS/Khaled Abdullah
ផ្សាយពាណិជ្ជកម្ម

 ភេរវកម្ម​អត្តឃាត​នេះ​ជា​ភេរវកម្ម​ដ៏ធំធេង​មួយ​ពុំ​ដែល​កើតមាន​តាំង​ពី​លោក​ប្រធានាធិបតី​យេម៉ែន​ Abd Rabbo Mansour Hadi ​បាន​ឡើង​មក​កាន់​អំណាច​នៅ​ខែកុម្ភៈ​កន្លងទៅនេះ។​ លោក​ប្រធានាធិបតី​យេម៉ែន​ដែលបាន​សន្យា​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយថា​ ​ “នឹងបន្ត​ធ្វើ​សង្គ្រាម​ប្រឆាំង​ទល់នឹង​ពួក​ភេរវនិយម​ ទោះបីជា​ត្រូវ​ធ្វើ​ពលិកម្ម​យ៉ាងណា​ក៏ដោយ”។

 
“​សហរដ្ឋ​អាមេរិក​បារម្ភ​យ៉ាងខ្លាំង​ទៅលើ​សកម្មភាព​របស់​ពួក​អាល់កៃដា​និង​ពួក​អ៊ីស្លាម​ជ្រុលនិយម​នៅ​ប្រទេស​យេម៉ែន​”​ ​ នេះ​ជា​ប្រតិកម្ម​របស់​លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា។

ចំណែកឯ​អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ​ លោក​ បាន​ គីមូន​វិញ​ ​ បាន​ថ្កោលទោស​យ៉ាង​ខ្លាំងក្លា​ទៅលើ​ភេរវកម្ម​អត្តឃាត​នេះ​ ​ ហើយបាន​ថ្លែង​ទាមទារ​ឲ្យ​រាល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​នៅ​ប្រទេស​យេម៉ែន​បោះបង់​ចោល​អំពើ​ហិង្សា។

ទន្ទឹមគ្នា​នេះ​ សមាជិក​ទាំង១៥​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អ,ស,ប,​បាន​បរិហារ​​យ៉ាង​ខ្លាំងក្លា​ទៅលើ​ភេរវកម្ម​អត្តឃាត​នេះ​ ​ ហើយបាន​ប្រកាស​បញ្ជាក់ថា​ ​ “គេនឹង​ធ្វើការ​ប្រយុទ្ធ​ប្រឆាំង​ទល់នឹង​អំពើ​ភេរវកម្ម​ដែល​ជា​គ្រោះថ្នាក់​មួយ​ដ៏ធំ​គំរាម​ដល់​សន្តិភាព​និង​សន្តិសុខ​អន្តរជាតិ”។

រីឯ​ប្រមុខ​ការទូត​នៃ​សហភាព​អឺរ៉ុប​ លោកស្រី​ Cathereine Ashton ​បាន​ថ្លែង​ប្រកាស​ថា “​សហភាព​អឺរ៉ុប​ថ្កោលទោស​យ៉ាងធ្ងន់​បំផុត​ទៅលើ​ភេរវកម្ម​អត្តឃាត​ដ៏​ហិង្សា​នៅ​ទីក្រុង​សាណា​ ​ ហើយ​បារម្ភ​ខ្លាច​ក្រែង​អំពើ​ហិង្សា​ទាំងនេះ​ធ្វើឲ្យ​ប្រទេស​យេម៉ែន​ឃ្លាតចាក​ពី​អភិក្រម​សន្តិភាព”។

ចំណែកឯ​លោកប្រធានាធិបតី​បារាំង​ហ្វ្រង់ស័រ​ហូឡង់​វិញ​បាន​ថ្លែង​សន្យាថា​ ​ “​ប្រទេស​បារាំង​បន្ត​ធ្វើការ​គាំទ្រ​រដ្ឋាភិបាល​និង​ប្រជាជន​យេម៉ែន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ទល់​នឹង​ភេរវនិយម”​។

គួរ​បញ្ជាក់ថា​ ​ ទាហាន​រងគ្រោះ​ជា​ទាហាន​ចេញពី​កងកម្លាំង​ការពារ​សន្តិសុខ​ដែលដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍​ យ៉ាហា​ មហាមេដ​ អាបដាឡាហ៍​ សាឡេហ៍​ ដែល​ត្រូវជា​ក្មួយប្រុស​របស់​អតីត​ប្រធានាធិបតី​យេម៉ែន​ អាលី​ អាបដាឡាហ៍​ សាឡេហ៍​។​ ការផ្ទុះ​បាន​កើតមាន​ឡើង​នៅ​ចំមុខ​វេទិកា​ដែល​មាន​វត្តមាន​របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ មហាមេដ​ ណាស៊ែរ​ អាហមេដ​ ​ ហើយនិង​អគ្គសេនាធិការ​លោក​ឧត្តមសេនីយ៍​ អាហមេដ​ អាលី​អាល-អាឈូអាល។​ ក៏​ប៉ុន្តែ​អ្នកទាំងពីរ​ពុំបាន​ទទួល​រងគ្រោះឡើយ។​ វេទិកា​នេះ​បាន​ត្រូវ​គេ​រៀបចំ​ឡើង​ដើម្បី​ប្រារព្ធ​បុណ្យខួប​ទី២២​នៃ​ការ​បង្រួប​បង្រួម​ប្រទេស​យេម៉ែន​ខាងជើង​ជាមួយ​ប្រទេស​យេម៉ែន​ខាងត្បូង​ ​ ហើយដែល​លោក​ប្រធានាធិបតី​យេម៉ែន​ Abd Rabbo Mansour Hadi ​ត្រូវ​ឡើង​មក​ថ្លែង​សុន្ទរកថា​នៅលើ​វេទិកានេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ