អានតួអត្ថបទ
សេដ្ឋកិច្ច-G20

G20 ​សម្រេច​ផ្តល់​សន្ទុះ​រូបិយប័ណ្ណ ​និង​ហិរញ្ញវត្ថុ​ដើម្បី​ជម្រុញ​កំណើន​សេដ្ឋកិច្ច

ឆ្លងកាត់​ការប្រជុំ​រយៈពេល​ពីរ​ថ្ងៃ ​នៅ​ទីក្រុង​សៀហៃ ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​នៃ​ប្រទេស​សេដ្ឋកិច្ច​នាំមុខ​ទាំង​២០​ បាន​សម្រេច​គ្នា​អនុវត្ត​នយោបាយ ​ផ្តល់​សន្ទុះ​រូបិយវត្ថុ ​និង​សន្ទុះ​ហិរញ្ញវត្ថុ​ ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ពិភព​លោក​ មាន​លំនឹង​ឡើង​វិញ។ ទោះបី​ជា​យ៉ាងណា ​រដ្ឋមន្ត្រី​អាលឺម៉ង់ ​ដែល​មិន​ពេញ​ចិត្ត​នឹង​មធ្យោបាយ​ទាំង​នេះ ​ បាន​ក្រើន​រំលឹក​ថា ​វា​មិនគ្រាន់​តែ​ជា​មធ្យោបាយ​ដែល​គ្មាន​ប្រសិទ្ធភាព​យូរ​អង្វែង​ប៉ុណ្ណោះ​ទេ​ តែ​វា​អាច​ប្រៀប​បាន​នឹង​គ្រាប់បែក​បង្កៃ ​ដែល​រងចាំ​តែ​ដល់​ពេល​ផ្ទុះ។

កិច្ច​ប្រជុំ ក្រុមប្រទេស​G20 នៅក្រុង​សៀងហៃ ដែលបាន​បិទ​បញ្ចប់​ទៅ​នៅ​ថ្ងៃ​សៅរ៍​ទី ២៧ កុម្ភៈ ២០១៦
កិច្ច​ប្រជុំ ក្រុមប្រទេស​G20 នៅក្រុង​សៀងហៃ ដែលបាន​បិទ​បញ្ចប់​ទៅ​នៅ​ថ្ងៃ​សៅរ៍​ទី ២៧ កុម្ភៈ ២០១៦
ផ្សាយពាណិជ្ជកម្ម

បើទោះ​ជា​មាន​ចរន្ត​គំនិត​មិន​ត្រូវ​គ្នា ​ក្នុង​ពេល​ប្រជុំ​រយៈពេល​ពីរ​ថ្ងៃ​មក​នេះ ​ក្រុម​ប្រទេស​សេដ្ឋកិច្ច​នាំមុខ​ទាំង​២០​ រឺ​ហៅថា​ក្រុម​ប្រទេស​ G20 ដែល​មាន​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ ​ និង​ប្រធាន​ធនាគា​កណ្តាល​របស់​ប្រទេស​នីមួយៗ ​បាន​សម្រេច​គ្នា​ ប្រើប្រាស់​មធ្យោបាយ​ពីរ​ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច ​ដែល​កំពុង​តែ​មាន​បញ្ហា។

 
មធ្យោបាយ​ទាំងពីរ​នោះ ​គឺ​ទីមួយ ​ផ្តល់​សន្ទុះ​រូបិយប័ណ្ណ ​ មាន​ន័យ​ថា​ធនាគា​កណ្តាល​នឹង​អាច​ចាក់​បញ្ចូល​សាច់​ប្រាក់​ទៅ​ក្នុង​ចរន្ត​សេដ្ឋកិច្ច ​តាម​រយៈ​ការ​ផ្តល់​កម្ចី​អភិវឌ្ឍន៍​ដែល​មាន​កាប្រាក់​ទៀប​បំផុត។ រឺឯ​មធ្យោបាយ​ទីពីរ ​គឺ​ការ​ផ្តល់​សន្ទុះ​ហិរញ្ញវត្ថុ ​ មាន​ន័យ​ថា​រដ្ឋ​ត្រូវ​បង្កើន​ការ​ចំណាយ​សាធារណៈ ​តាម​រយៈ​បង្កើន​គម្រោង​អភិវឌ្ឍន៍​ ​រឺ​សាងសង់​ផ្សេងៗ ​ដើម្បី​ឲ្យ​សេដ្ឋកិច្ច​មាន​ដំណើរការ។ យោង​តាម​ឯកសារ​ព្រាង​របស់​កិច្ច​ប្រជុំ​ដែល​ផ្សាយ​ដោយ​ ទីភ្នាក់ងារ​ព័ត៌មាន​​ Bloomberg គឺ​មធ្យោបាយ​ទាំងពីរ​នេះ ​ នឹង​ត្រូវ​អនុវត្ត​ជា​លក្ខណៈ​បុគ្គល ​មានន័យ​ថា​តាម​ប្រទេស​នីមួយ ​ព្រម​ទាំង​ជា​លក្ខណៈ​រួមគ្នា​ផង។

ប៉ុន្តែ​សម្រាប់​លោក​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាលឺម៉ង់ ​ដែល​ចេញមុខ​តវ៉ា​ខ្លាំង​ជាង​គេ​លើ​មធ្យោបាយ​ទាំងពីរ​ខាងលើ​នេះ ​ លោក​យល់​ថា ​វា​ជា​មធ្យោបាយ​សម្រាប់​តែ​មួយ​ពេល ​ហើយ​ទៅ​ថ្ងៃ​មុខ​វា​អាច​បក​ក្បាល​មក​កម្ទេច​សេដ្ឋកិច្ច ​និង​ទីផ្សារ​ហិរញ្ញវត្ថុ​អន្តរជាតិ​វិញ​មិន​ខាន។ មិនត្រឹម​តែ​ប៉ុណ្ណោះ​លោក​បន្ថែម​ថា​ ​មធ្យោបាយ​ឥត​បាន​ការ​ទាំងនេះ​ វា​នឹង​ធ្វើ​ឲ្យ​គ្រប់​គ្នា​ខាត​ពេល ​ដោយ​មិន​បាន​យក​ពេល​ទៅ​ពិចារណា​លើ​ការ​ធ្វើ​កំនែទម្រង់​ស៊ីជម្រៅ ​នៃ​ប្រព័ន្ធ​សេដ្ឋកិច្ច​ពិភពលោក ​ ដែល​រំពឹង​ទាំងស្រុង​តែ​ទៅ​លើ​ទីផ្សារ​ភាគ​ហ៊ុន​អន្តរជាតិ។

ជា​ការពិត​ណាស់ ​ការ​ចាក់​បញ្ចូល​សាច់ប្រាក់​ទៅ​ក្នុង​ចរន្ត​សេដ្ឋកិច្ច ​តាម​រយៈ​ការ​ផ្តល់​កម្ចី​ក្នុង​កាប្រាក់​ថោក​បំផុត​ វា​មិន​ខុស​ពី​ចិញ្ចឹម​បំណុល​របស់​ក្រុមហ៊ុន​សហគ្រាស ​ដែល​មាន​ច្រើន​ស្រាប់​ទៅ​ហើយ​ ឲ្យ​​កាន់តែ​រីក​ធំ​ទេ។ តួលេខ​បំណុល​កាន់តែ​ប៉ោង ​ធនាគា​មិន​អាច​យក​ការ​ប្រាក់ ​និង​កម្ចី​ដើម​ត្រឡប់​មក​វិញ ​ដែល​ទាំងនេះ​វា​មិន​ខុស​ពី​ប៉េតប៉ោង​មួយ ​ដែល​កាន់តែ​ប៉ោង​ទៅៗ ​ហើយ​ទី​បំផុត​វា​នឹង​ផ្ទុះ​ធ្លាយ។ ចំណែក​ការ​ផ្តល់​សន្ទុះ​ហិរញ្ញវត្ថុ​របស់​រដ្ឋ ​តាម​រយៈ​ការ​បង្កើន​ការ​ចំណាយ​សាធារណៈ ​គឺ​វា​រិតតែ​បង្កើន​កំណុល​សាធារណៈ​របស់​រដ្ឋ​ឲ្យ​កាន់តែ​កើន​ដែរ។

វិបត្តិសេដ្ឋកិច្ច​ចិន​ តម្លៃ​ប្រាក់យាន់​ធ្លាក់​ទាប ​ តម្លៃ​ប្រេង​ចុះ​ថោង ​ វិបត្តិ​តំបន់​ចាយ​លុយ​អឺរ៉ូ​ អង់គ្លេស​គំរាម​ដើរចេញ​ពី​សហភាព​អឺរ៉ុប ​ ទាំងអស់​នេះ​គឺ​ប្រៀប​ដូច​ជា​គ្រាប់​បែក​ដែល​កំពុង​រងចាំ​ថ្ងៃ​ផ្ទុះ ​ធ្វើ​ឲ្យ​ទីផ្សារ​ហិរញ្ញវត្ថុ​អន្តរជាតិ ​បែកជា​បំណែក​មិនខាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ