OMCនឹងដោះស្រាយវិវាទពន្ធដាលើដែកថែប និងអាលុយមីញ៉ូមរវាងអាមេរិក និងប្រទេស៥រួមជាមួយអឺរ៉ុប
អង្គការពាណិជ្ជកម្មពិភពលោក បានសម្រេច កាលពីថ្ងៃពុធទី២១វិច្ឆិកា ថានឹងចាប់ផ្តើម រៀបចំនីតិវិធី ដោះស្រាយវិវាទពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និង សហភាពអឺរ៉ុប រួមទាំងប្រទេស៥ផ្សេងទៀត ទាក់ទិននឹងសំណុំរឿងដំឡើងពន្ធនាំចូលលើដែកថែប និងអាលុយមីញ៉ូម ដែលរដ្ឋាភិបាលអាមេរិក បានអនុវត្តកន្លងមកនេះ។ អង្គការពាណិជ្ជកម្មពិភពលោក ក៏នឹងពិនិត្យផងដែរ លើវិវាទទាក់ទិននឹងវិធានការនានា ដែលប្រទេសទាំង៥នោះ បានដាក់វាយបកទៅលើសហរដ្ឋអាមេរិកវិញ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:១៧
អង្គភាពដោះស្រាយវិវាទនៃអង្គការពាណិជ្ជកម្មពិភពលោក បានយល់ព្រមចាប់ផ្តើមនីតិវិធី ដើម្បីដោះស្រាយពាក្យបណ្តឹង ទាក់ទិននឹងការដំឡើងពន្ធលើដែកថែប និងអាលុយមីញ៉ូម ដែលរដ្ឋាភិបាលអាមេរិក បានសម្រេចអនុវត្ត។ ក្រៅពីសហភាពអឺរ៉ុប គឺមានប្រទេស៥ ដែលបានដាក់ពាក្យប្តឹងសហរដ្ឋអាមេរិក គឺមានដូចជា ចិន រុស្ស៊ី កាណាដា មិចស៊ិក និងន័រវែស។
សូមរំលឹកថា រដ្ឋាភិបាលអាមេរិក បានសម្រេចដំឡើងពន្ធនាំចូលដែកថែប ដល់២៥% និងពន្ធនាំចូលអាលុយមីញ៉ូម ត្រូវបានដំឡើង ដល់១០%។ រដ្ឋាភិបាលលោកដូណាល់ ត្រាំបានប្រើប្រាស់ មាត្រា ២៣២ នៃរដ្ឋធម្មនុញ្ញ ដែលអនុញ្ញាតឲ្យចាត់វិធានការកាត់បន្ថយការនាំចូលផលិតផលបរទេស ប្រសិនបើសន្តិសុខជាតិអាមេរិក អាចនឹងជួបគ្រោះថ្នាក់។ ក៏ប៉ុន្តែការសម្រេចដំឡើងពន្ធកប់ពពកបែបនេះ ត្រូវបានប្រទេសពាក់ព័ន្ធបរិហារថា គឺជាការប្រកួតប្រជែងមិនស្មោះត្រង់ ហើយផ្ទុយពីគោលការច្បាប់ នៃការប្រកួតប្រជែងដោយសេរី ដែលការពារដោយអង្គការពាណិជ្ជកម្មពិភពលោក។
គួរបញ្ជាក់ផងដែរថា ដោយគោរពទៅតាមការទាមទាររបស់រដ្ឋាភិបាលអាមេរិក អង្គភាពដោះស្រាយវិវាទ របស់អង្គការពាណិជ្ជកម្មពិភពលោក ក៏នឹងពិនិត្យផងដែរ លើវិធានការផ្សេងៗ ដែលប្រទេសដើមបណ្តឹងទាំង៥ រួមទាំងសហភាពអឺរ៉ុប បានដាក់សំដៅវាយបកមកលើផលិតផលអាមេរិក។ បន្ថែមពីនេះ អង្គការពាណិជ្ជកម្មពិភពលោក ក៏បើនីតិវិធី ពិនិត្យមើលពាក្យបណ្តឹងរបស់សហរដ្ឋអាមេរិក ដែលប្តឹងចិន ទាក់ទិននឹងសំណុំរឿងច្បាប់កម្មសិទ្ធិបញ្ញា។
គួរកត់សំគាល់ថា ក្រោយការឡើងកាន់តំណែងរបស់លោកដូណាល់ ត្រាំ អង្គការពាណិជ្ជកម្មពិភពលោក បានទទួលពាក្យបណ្តឹងពាណិជ្ជកម្មជាច្រើន ដែលប្តឹងរដ្ឋាភិបាលអាមេរិក។ យោងតាមនីតិវិធិ អង្គភាពដោះស្រាយវិវាទ អាចបូកពាក្យបណ្តឹងទាំងនោះបញ្ចូលគ្នា ដើម្បីបង្កើតក្រុមការងារជំនុំជំរះតែមួយ បើសិនជាពាក្យបណ្តឹងទាំងនោះ មានកម្មវត្ថុដូចគ្នា។
តែយ៉ាងណាក៏ដោយ ការដោះស្រាយវិវាទពាណិជ្ជកម្មរបៀបនេះ អាចចំណាយពេលដល់ទៅ១ឆ្នាំ ហើយជាទូទៅ ភាគីដែលចាញ់ អាចនឹងដាក់ពាក្យប្តឹងទាស់នៅអង្គភាពឧទ្ធរណ៍។ យ៉ាងណាមិញ អង្គភាពដោះស្រាយបណ្តឹងឧទ្ធរណ៍ របស់អង្គការពាណិជ្ជកម្មពិភពលោក កំពុងតែជួបវិបត្តិផ្ទៃក្នុង ដោយសារតែសហរដ្ឋអាមេរិក បានចចេស មិនយល់ព្រមក្នុងការតែងតាំងចៅក្រមថ្មី។ សំណុំរឿងវិវាទពន្ធដាលើអាលុយមីញ៉ូម និងដែកថែបនេះ អាចនឹងជាប់គាំង ដោយសារគ្មានចៅក្រុមជំនុំជំរះនៅឧទ្ធរណ៍៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ