អានតួអត្ថបទ
អាមេរិក-រុស្ស៊ី

Edward Snowden លេច​មុខ​ជា​ថ្មី នៅ​ថ្ងៃ​បុណ្យ​ណូអែល​

៦​ខែ​ក្រោយ​ការ​ទទួល​បាន​សិទ្ធិ​ជ្រក​កោន​នៅក្នុង​ប្រទេស​រុស្ស៊ី អតីត​បុគ្គលិក​ទីភ្នាក់ងារសន្តិសុខ​ជាតិ​របស់​អាមេរិកយុវជន Edward Snowdenបាន​ចេញ​មុខ​ជា​លើក​ដំបូងនៅ​តាម​កញ្ចក់ទូរទស្សន៍​អង់គ្លេស នៅ​ក្នុង​ថ្ងៃ​បុណ្យ​ Christmas។ Snowden បាន​ចេញ​​មក​និយាយ​ថា​ ​បេសកកម្ម​របស់​គេ ទាក់ទងនឹង​អាមេរិក​លួ​ច​ទិន្នន័យ​ឯកជន​របស់​រដ្ឋាភិបាលក្នុង​លោក និង​របស់​ប្រជាពលរដ្ឋ​នោះ បាន​បញ្ចប់​ហើយ។ ហើយ​ថា​រូប​គេ​បាន​ឈ្នះ​នៅ​ក្នុង​បេសកកម្ម​នេះ។

យុវជន Edward Snowden អតីត​បុគ្គលិក​ទីភ្នាក់ងារសន្តិសុខ​ជាតិអាមេរិក។
យុវជន Edward Snowden អតីត​បុគ្គលិក​ទីភ្នាក់ងារសន្តិសុខ​ជាតិអាមេរិក។ DR
ផ្សាយពាណិជ្ជកម្ម

សម្រង់​វីដេអូខ្លី​របស់​ Edward Snowden ត្រូវបាន​ចាក់​ផ្សាយ​លើក​ដំបូង​លើ​កញ្ចប់ទូរទស្សន៍​អង់គ្លេសនៅ​ថ្ងៃ​បុណ្យ​ Christmas នេះ។ នៅក្នុង​វីដេអូ​នោះ គេ​ឃើញ​អតីត​បុគ្គលិក​ភ្នាក់ងារ​សន្តិសុខជាតិ​របស់​អាមេរិក​​ប្រកាស​ថា បេសកកម្ម​របស់​គេបាន​បញ្ចប់ហើយ។ នេះ​គឺ​ជា​រូបភាពជាសាធារណៈ​លើក​ដំបូង​របស់​យុវជន​ Snowden ក្រោយពី​រូប​គេ​ត្រូវបានរដ្ឋាភិបាល​រុស្ស៊ី​​ ផ្តល់​សិទ្ធិជ្រក​កោន​កាល​ពី​ខែ​មិថុនា​កន្លងទៅ ចំពោះ​មុខ​ការ​តាម​ចាប់ខ្លួន​របស់​រដ្ឋាភិបាល​អាមេរិក។

ដោយសារតែ​ការ​បញ្ចេញ​ឯកសារសំងាត់​ដែល​បង្ហាញ​ថា រដ្ឋាភិបាលអាមេរិក​បាន​លួច​យក​ទិន្នន័យ និង​លួ​ចស្តាប់​ការ​សន្ទនា​របស់​រដ្ឋាភិបាល​ជា​ច្រើន​ និង​របស់​ប្រជាពលរដ្ឋខ្លួន​ផង​នោះ ទើប​អាមេរិក​ប្រកាស​តាម​ចាប់ខ្លួន​យុវជន Edward Snowden អាយុ​៣០​ឆ្នាំ​នេះ។ ការ​បញ្ចេញ​ឯកសារ​សំងាត់​នេះ​បាន​ធ្វើ​អោយ​លោក​បារ៉ាក់ អូបាម៉ា​អាម៉ាស់​មុខ​យ៉ាងខ្លាំង​ចំពោះ​មុខ​មេដឹកនាំក្នុង​ពិភពលោក​ និង​ ពិសេស​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​ផង។
លោកបារ៉ាក់ អូបាម៉ា​វិញ​បាន​ថ្លែងការពារ​ខ្លួន​ថា ដោយសារតែ​ការងារ​ចារកិច្ច​ទាំងនោះ រដ្ឋាភិបាល​អាមេរិក​បាន​រារាំងគម្រោង​ភេរវកម្ម​ជា​ច្រើន​។

នៅ​ក្នុង​ឯកសារ​វីដេអូ​ខ្លី​ដែលត្រូវបាន​បង្ហាញ​នៅ​កញ្ចក់ទូរទស្សន៍អង់គ្លេសនោះ យុវជនSnowden និយាយថា រូប​គេ​មិន​ចង់​ផ្លាស់ប្តូរ​សង្គម​ទេ ប៉ុន្តែ​រូប​គេ​ចង់​ផ្តល់​ឱកាស​អោយសង្គម ដើម្បីសម្រេច​ខ្លួន​ឯងថា តើ​ត្រូវ​ផ្លាស់ប្តូរ ឬក៏យ៉ាងណា។
នៅ​ក្នុង​សម្រង់​សំដី​របស់​ស្នូដិននោះ គេ​អាចយល់​បាន​ថា ស្នូដិន​កំពុង​ការ​ពារ​ ភាព​ជា​ឯកជនរបស់​មនុស្ស។ Edward Snowden បាន​និយាយ​បន្ថែមថា យើង​អាច​បញ្ចប់​ការ​ស៊ើបយកការណ៍​នេះ ហើយ​រម្លឹក​រដ្ឋាភិបាលអាមេរិកថា ប្រសិន​បើ​គេ​ចង់ដឹង​ថា ពលរដ្ឋ​មាន​អារម្មណ៍​បែបណានោះ គេ​អាច​សួរ​បាន។

នៅ​ក្នុង​បទ​សម្ភាសន៍​មួ​យជាមួយ​កាសែត​ Washington Post យុវជនស្នូដិន​បាន​បញ្ជាក់ថា អ្វី​ដែល​គេបានធ្វើ​កន្លងមក ពោល​គឺ​ការ​លួច​បញ្ចេញ​ឯកសារ​សំងាត់​នោះ គឺ​មិន​មែន​រូប​គេ​ចង់​វាយប្រហារ​ស្ថាប័នទីភ្នាក់ងារ​សន្តិសុខជាតិ​​ដែល​ខ្លួនធ្លាប់ធ្វើការ​នោះទេ។ ប៉ុន្តែ ផ្ទុយទៅវិញ គឺ​រូបគេ​កំពុង​តែ​ជួយ​ស្ថាប័ន​នោះ អោយកាន់តែ​ប្រសើរ​ឡើង​ ទៅវិញទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ