អានតួអត្ថបទ
អេហ្ស៊ីប

អេហ្ស៊ីប​ដាក់​ប្រទេស​ឲ្យ​ស្ថិត​ក្នុង​ភាព​ប្រ​កាស​អា​សន្ន​ បន្ទាប់​ពី​ការ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​

ប្រទេស​​​អេ​ហ្ស៊ី​ប​​​បាន​​សម្រេច​​​ដាក់​​​ប្រទេស​​​ឲ្យ​​​ស្ថិត​​នៅ​​ក្នុង​​​ស្ថាន​​ភាព​​​ប្រ​​កាស​​អាសន្ន​​ បន្ទាប់​​ពី​​មាន​ការ​​បំផ្ទុះ​​គ្រាប់​បែក​​អត្ត​ឃាត​​នៅ​ក្នុង​​រថ​យន្ត​​មួយ​ នៅ​​ថ្ងៃ​​សុក្រ​​ម្សិល​មិញ​ សម្លាប់​​ទា​ហាន​​អេ​ហ្ស៊ី​ប​​អស់​៣០​នាក់​។​ ស្ថាន​ភាព​​ប្រកាស​អា​សន្ន​នេះ​ នឹង​​ចាប់​ផ្ដើម​​ពី​ថ្ងៃ​​សៅរ៍​​នេះ​​ត​ទៅ​ សម្រាប់​​រយៈ​ពេល​៣​ខែ​។​ ច្រក​ព្រំ​ដែន​​នៅ​​តំបន់​​រ៉ា​ហ្វា ​ជាប់​​នឹង​តំបន់​​ហ្គា​​ហ្សា​​ក្នុង​​ទឹក​ដី​​ប៉ា​​ឡេ​​ស្ទី​ន​ ក៏​​នឹង​ត្រូវ​​បិទ​​លែង​​ឲ្យ​​ចេញ​ចូល​​ផង​ដែរ។​

ប្រធានាធិបតី​អេហ្ស៊ីប​ថ្មី​ លោក​ ម៉ូហាមេដ​ ម័រស៊ី​
ប្រធានាធិបតី​អេហ្ស៊ីប​ថ្មី​ លោក​ ម៉ូហាមេដ​ ម័រស៊ី​ © REUTERS
ផ្សាយពាណិជ្ជកម្ម

ស្ថាន​ភាព​ប្រ​កាស​អាសន្ន​រយៈ​ពេល​៣​ខែ​ នឹង​ត្រូវ​ចាប់​ផ្ដើម​នៅ​ថ្ងៃ​សៅរ៍​នេះ ​នៅ​ភាគ​ខាង​ជើង​ និង​ភាគ​កណ្ដាល​នៃ​តំបន់​ស៊ី​ណៃ ​នៃ​ប្រទេស​អេ​ហ្ស៊ីប។​ ការ​សម្រេច​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​បំ​ផ្ទុះ​គ្រាប់​បែក​អត្ត​ឃាត​នៅ​ក្នុង​រថ​យន្ត​មួយ​ នៅ​ថ្ងៃ​សុក្រ​ទី​២៤​តុលា ​នៅ​ភាគ​ខាងជើង​តំបន់​ស៊ី​ណៃ​ សម្លាប់​ទា​ហាន​អស់​៣០​នាក់​ និង​ធ្វើ​ឲ្យ​មនុស្ស​២៩​នាក់​ផ្សេង​ទៀត​រង​របួស។ ​ក្រៅ​ពី​ការ​បំផ្ទុះ​គ្រាប់​បែក​ ក្រុម​ខ្មាន់​កាំ​ភ្លើង​ក៏​បាន​បាញ់​សម្លាប់​មន្ដ្រី​ម្នាក់​ ព្រម​ទាំង​ធ្វើ​ឲ្យ​ទា​ហាន​២​នាក់​ទៀត​រង​របួស​ នៅ​ច្រក​ត្រួត​ពិនិត្យ​ក្នុង​តំបន់​អាល់​ អា​រី​ស​ ផង​ដែរ​។

 
មន្ដ្រី​ប៉ូ​លីស​អេ​ហ្ស៊ី​ប​បាន​ឲ្យ​ដឹង​ថា ​ការ​បំ​ផ្ទុះ​​គ្រាប់​បែក​អត្ត​ឃាត​នេះ ​ធ្វើ​ឡើង​ដោយ​ជន​សង្ស័យ​នៃ​អង្គ​ការ​រដ្ឋ​អ៊ី​ស្លាម​ជី​ហាត​ ដែល​បាន​បើក​រថយន្ត​មួយ​ផ្ទុក​ទៅ​ដោយ​គ្រឿង​ផ្ទុះ ​ទៅ​បុក​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ ដើម្បី​ធ្វើ​អត្ត​ឃាត។​

សហ​រដ្ឋ​អាមេរិក​ និង​សហ​ភាព​អឺរ៉ុប​ បាន​ថ្កោល​ទោស​ខ្លាំង​ៗ ​ចំពោះ​ការ​វាយ​ប្រ​ហារ​នេះ ​។ ក្រ​សួង​ការ​ប្រទេស​អា​មេរិក ​ថ្លែង​ថា ​ខ្លួន​នឹង​នៅ​តែ​​បន្ត​គាំ​ទ្រ​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រប​ស់​អេ​ហ្ស៊ី​ប ដើម្បី​ប្រ​ឆាំង​នឹង​ការ​គម្រាម​កំហែង​ភេរ​វកម្ម​នៅ​ក្នុង​ប្រទេស​អេ​ហ្ស៊ី​ប។​ និង​ថា​ ការ​គាំទ្រ​នេះ ​គឺជា​ផ្នែក​មួយ​នៃ​ការ​ប្ដេជ្ញា​ចិត្ត​របស់​អា​មេរិក​ ចំពោះ​ភាព​ជា​ដៃគូ​យុទ្ធ​សាស្ត្រ​រវាង​ប្រទេស​ទាំងពីរ។

ចំ​ណែក​អ្នក​នាំ​ពាក្យ​សហ​ភាព​អឺរ៉ុប​ បាន​សម្ដែង​ការ​សោក​ស្ដាយ​ចំ​ពោះ​ការ​បាត់​បង់​អាយុ​ជីវិត​របស់​ទា​ហាន​អេ​ហ្ស៊ី​ប ​ព្រម​ទាំង​ចូល​រួម​រំលែក​ទុក្ខ​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ។​

ភ្លាម​ៗ​បន្ទាប់​ពី​ការ​វាយ​ប្រហារ​ លោក​ប្រ​ធា​នា​ធិបតី​អេ​ហ្ស៊ី​ប អាប់​ឌែ​ល ហ្វា​ស់​តា អាល់​ស៊ី​ស​ស៊ី ​បាន​ប្រកាស​ពី​ការ​កាន់​ទុក្ខ​ថ្នាក់​ជាតិ​រយៈ​ពេល​៣ថ្ងៃ​ និង​បាន​កោះ​ប្រជុំ​បន្ទាន់​មួយ​ជាមួយនឹង​ក្រុម​ប្រឹក្សា​ការ​ពារ​ជាតិ​ ដើម្បី​ពិ​ភាក្សា​ពី​ការ​វាយ​ប្រ​ហារ​នេះ​។ ​ហើយ​ចុង​ក្រោយ​នេះ ​ ច្រកព្រំ​ដែន​នៅ​តំបន់​រ៉ា​ហ្វា ​ជាប់​នឹង​តំបន់​ហ្គា​ហ្សា​ក្នុង​ទឹកដី​ប៉ា​ឡេ​ស្ទី​ន ក៏​នឹងត្រូវ​បិទ​លែង​ឲ្យ​ចេញចូល​ផង​ដែរ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ