អានតួអត្ថបទ
អេហ្ស៊ីប

ប្រធានាធិបតី​អេហ្ស៊ីប​ដកតំណែង​មេទ័ព​កំពូលៗ​ដែល​សល់​ពី​សម័យ​លោក​មូបារ៉ាក់

កាល​ពី​ថ្ងៃ​អាទិត្យ ម្សិលមិញ លោក​មហាមេដ ម៉រស៊ី (Mohammed Morsi) ប្រធានាធិបតី​អេហ្ស៊ីប ដែល​ទើប​នឹង​ជាប់ឆ្នោត​នាពេល​ថ្មីៗនេះ បាន​ប្រកាស​ដក​តំណែង​មេទ័ព​កំពូលៗ ដែល​សល់​ពី​សម័យ​លោក​មូបារ៉ាក់ ហើយ​បាន​ប្រកាស​លុបចោល​សេចក្តីសម្រេច​របស់​មេទ័ព ដែល​បាន​កម្រិត​អំណាច​របស់​ប្រធានាធិបតី​ស៊ីវិល។ ការ​ដក​តំណែង​មេទ័ព​កំពូលៗ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​យុទ្ធសាស្រ្ត​របស់​លោក​ម៉រស៊ី ក្នុងការ​ពង្រឹង​អំណាច​រដ្ឋាភិបាល​ស៊ីវិល ហើយ​​កាត់បន្ថយ​អំណាច​ទ័ព ក្នុង​ឆាក​នយោបាយ​អេហ្ស៊ីប ដែល​ស្ថិត​ក្រោម​របប​យោធា​អស់រយៈពេល​រាប់​ទសវត្សរ៍​មកហើយ។

លោក​ប្រធានាធិបតីមហាមេដ ម៉រស៊ី ​កំពុង​ជជែក​ជាមួយ​សេនាប្រមុខ​ហ៊ូសេន តាន់តាវី (រូបថតឯកសារ)។ នៅ​ខាង​ស្តាំ គឺ​នាយសេនាធិការ​កងទ័ព​អេហ្ស៊ីប ដែល​ត្រូវ​បាន​​ប្រធានាធិបតី​ដក​តំណែង កាល​ពី​ថ្ងៃ​អាទិត្យ​នេះ​ដែរ។
លោក​ប្រធានាធិបតីមហាមេដ ម៉រស៊ី ​កំពុង​ជជែក​ជាមួយ​សេនាប្រមុខ​ហ៊ូសេន តាន់តាវី (រូបថតឯកសារ)។ នៅ​ខាង​ស្តាំ គឺ​នាយសេនាធិការ​កងទ័ព​អេហ្ស៊ីប ដែល​ត្រូវ​បាន​​ប្រធានាធិបតី​ដក​តំណែង កាល​ពី​ថ្ងៃ​អាទិត្យ​នេះ​ដែរ។ REUTERS/Sherif Abd Monam
ផ្សាយពាណិជ្ជកម្ម

មេទ័ព​កំពូលៗ​របស់​អេហ្ស៊ីប ដែល​ត្រូវ​បាន​ដក​តំណែង កាល​ពី​ម្សិលមិញ​នេះ គឺ​រួមមាន រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ និង​ជា​អគ្គ​បញ្ជាការ​កងទ័ព គឺ​សេនាប្រមុខ​ហ៊ូសេន តាន់តាវី (Hussein Tantawi) ព្រមទាំង​អគ្គបញ្ជាការ​កងទ័ព​ទាំង៣ គឺ​ទ័ពជើងគោក ជើងទឹក និង​ជើង​អាកាស។ ការ​ដក​តំណែង​នេះ ត្រូវ​បាន​ធ្វើ​ឡើង ក្នុង​រូបភាព​ជា​ការ​ដាក់​ឲ្យ​ចូល​និវត្តន៍។

អ្នក​តាមដាន​សភាពការណ៍​អេហ្ស៊ីប​ធ្លាប់​បាន​រំពឹង​ទុកជាមុន​ថា នៅ​ក្រោយ​ពេល​ដែល​អេហ្ស៊ីប​មាន​រដ្ឋាភិបាល​ស៊ីវិល ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត គឺ​​​​ប្រាកដ​នឹង​មាន​ការ​ប្រជែង​អំណាច​គ្នា​រវាង​រដ្ឋាភិបាល​ស៊ីវិល និង​​ស្ថាប័ន​កងទ័ព ដែល​ធ្លាប់​កាន់អំណាច​នៅ​អេហ្ស៊ីប​អស់រយៈពេល​រាប់​ទសវត្សរ៍​មក​ហើយ។ ក៏ប៉ុន្តែ មិនមាន​អ្នកណា​ម្នាក់​នឹក​ស្មាន​ដល់​ថា លោក​មហាមេដ ម៉រស៊ី នឹង​ធ្វើការ​រុះរើ​ស្ថាប័ន​កងទ័ព​ស្ទើរតែ​ទាំងស្រុង ហើយ​ធ្វើ​ភ្លាមៗ​​​​បែបនេះ​ឡើយ។

អ្វី​ដែល​ធ្វើ​ឲ្យ​គេ​កាន់តែ​ភ្ញាក់​ផ្អើល​ខ្លាំង​ថែមទៀត គឺ​ការ​ដក​តំណែង​សេនាប្រមុខ​តាន់តាវី។ សេនាប្រមុខ​ហ៊ូសេន តាន់តាវី គឺ​ជា​មេទ័ព​ដ៏​មាន​ឥទ្ធិពល​បំផុត នៅ​អេហ្ស៊ីប។ លោក​ធ្លាប់​កាន់តំណែង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ អស់រយៈពេល​ជាង ២០​ឆ្នាំ នៅសម័យ​លោក​មូបារ៉ាក់ នៅ​កាន់​អំណាច។ បន្ទាប់​ពី​លោក​មូបារ៉ាក់​ត្រូវ​បាតុករ​ទម្លាក់​ពី​អំណាច សេនាប្រមុខ​តាន់តាវី គឺ​ជា​អ្នក​កាន់​អំណាច​បន្ត​ជា​បណ្តោះអាសន្ន ក្នុង​ឋានៈជាប្រធាន​ឧត្តមក្រុមប្រឹក្សា​កងទ័ព​ផង (ពោលគឺ​ ​ជា​ប្រមុខ​រដ្ឋ​ស្តីទី) ជា​​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​ផង និង​ជា​អគ្គ​បញ្ជាការ​កងទ័ព​ផង។

អ្នកវិភាគ​មួយ​ចំនួន​យល់ថា ការ​ដែល​លោក​មហាមេដ ម៉រស៊ី សម្រេច​ដក​តំណែង​កងទ័ព​កំពូលៗ​ភ្លាមៗ​ នៅពេលនេះ គឺ​ប្រហែល​ជា​លោក​ចង់ឆ្លៀត​ក្នុង​​ឱកាស​មាន​បញ្ហា​អសន្តិសុខ​ នៅ​តំបន់​ស៊ីណៃ ដែល​ប្រជាជន​អេហ្ស៊ីប​ភាគច្រើន​ទម្លាក់​កំហុស​ទៅលើ​កងទ័ព។ ក៏ប៉ុន្តែ មាន​អ្នកខ្លះ​នៅ​តែ​ចោទ​ជា​សំណួរ​ថា តើ​ការ​ដកតំណែង​មេទ័ព​​នេះ គឺ​ជា​ចំណុច​ចាប់ផ្តើម នៃ​ការ​ប្រឈមមុខ​ដាក់​គ្នា​រវាង​ប្រធានាធិបតី និង​ស្ថាប័ន​កងទ័ព ឬ​ក៏​​មាន​ការ​ចរចា និង​ការ​​​ព្រមព្រៀង​គ្នា​ណាមួយ​ជាមុន រវាង​ប្រធានាធិបតី និង​មេទ័ព?

​សមាជិក​ឧត្តមក្រុមប្រឹក្សាកងទ័ព​អេហ្ស៊ីបបាន​បង្ហើប​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​ថា លោក​មហាមេដ​ ម៉រស៊ី បាន​ជួប​ជជែក​ជាមួយ​សេនាប្រមុខ​តាន់តាវី​ជាមុន មុននឹង​សម្រេច​ដាក់​ឲ្យ​លោក​ចូលនិវត្តន៍។ ក៏ប៉ុន្តែ គេ​នៅ​តែ​យល់ថា ការ​ចូលនិវត្តន៍​របស់​មេទ័ព​ទាំងនេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​បង្ខំ ដែល​មានន័យ​ស្មើ​នឹង​ការ​ដកតំណែង ពីព្រោះ​ថា ការ​ដាក់​ឲ្យ​​ចូល​និវត្តន៍​នេះ​ គឺ​សម្រេច​​​​ដោយ​ក្រឹត្យ​របស់​ប្រធានាធិបតី ហើយ​មិនមែន​ខាង​មេទ័ព​ជា​អ្នក​សុំ​លាលែង​ ដើម្បី​ចូលនិវត្តន៍​​ដោយ​ខ្លួនឯង។

ទោះជាយ៉ាងណា គេឃើញ​ថា ក្រោយ​ពី​ត្រូវ​បាន​ដាក់​ឲ្យ​ចូលនិវត្តន៍ សេនាប្រមុខ​តាន់តាវី ត្រូវ​បាន​តែងតាំង​ឲ្យ​ធ្វើ​ជា​ទីប្រឹក្សា​របស់​ប្រធានាធិបតី។ ម្យ៉ាងទៀត អ្នក​​ដែល​ឡើង​មក​ជំនួស​តំណែង​​មេទ័ព ដែល​ត្រូវ​ចូលនិវត្តន៍ ​ក៏​​មាន​ឧត្តមសេនីយ៍ ដែល​ស្និទ្ធ​នឹង​សេនាប្រមុខ​តាន់តាវី​ខ្លះដែរ។

កាលពី​ម្សិលមិញ​នេះ ក្រៅពី​បាន​ដក​តំណែង​មេទ័ព​កំពូលៗ លោក​មហាមេដ ម៉រស៊ី បាន​ចេញ​សេចក្តីសម្រេច​មួយទៀត លុបចោល​រដ្ឋធម្មនុញ្ញ​បណ្តោះអាសន្ន ដែល​តាក់តែងឡើង​ដោយ​មេទ័ព ហើយ​ដែល​កម្រិត​អំណាច​ប្រធានាធិបតី​ស៊ីវិល។ ការ​លុបចោល​រដ្ឋធម្មនុញ្ញ​បណ្តោះអាសន្ន​នេះ មានន័យថា លោក​មហាមេដ ម៉រស៊ី នឹង​ទទួល​បាន​អំណាច​ពេញលេញ​ជា​ប្រមុខរដ្ឋ​ និង​ជា​អគ្គ​បញ្ជាការ​កងទ័ព ដែល​អាច​គ្រប់គ្រង​ទាំងអំណាច​​ស៊ីវិល និង​អំណាច​ទ័ព៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ