អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

សវនាការ​​កាត់ក្តី​​អតីត​​ប្រធានាធិបតី​​អេហ្ស៊ីប​​ ​ពិបាក​​ស្តាប់គ្នា​​យល់​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ នៅ​ទីក្រុង​គែរ ​ប្រទេស​អេហ្ស៊ីប​ តុលាការ​​​​បាន​បើកសវនាការ​កាត់ក្តី​អតីតប្រធានាធិបតី​ ម៉ូហាមេដ មរស៊ី ​និង​​អ្នកទទួលខុសត្រូវ​​គណបក្ស​ភាតរអ៊ីស្លាម​​ ចំនួន​១៤រូប ពី​បទ​ញុះញង់​អោយ​មាន​ការ​សម្លាប់​មនុស្ស។ ប៉ុន្តែ ​​​សវនាការ​ប្រព្រឹត្តទៅ​មិនដល់​មួយម៉ោងផង​ ​ស្រាប់តែ​ចៅក្រម​អេហ្ស៊ីប​បាន​ប្រកាស​លើកពេល​សវនាការ​ ទៅថ្ងៃ​៨មករា ឆ្នាំ​ ២០១៤វិញ។ មូលហេតុ​គឺដោយសារ​តែ​ជនជាប់ចោទទាំងអស់​នោះ បង្ក​ការរាំង​ស្ទះ​​​ដល់ដំណើរការ​នៃសវនាការ។

រូបភាព​​ប្រធានាធិបតី​អេហ្ស៊ីប ម៉ូហាមេដ មរស៊ី
រូបភាព​​ប្រធានាធិបតី​អេហ្ស៊ីប ម៉ូហាមេដ មរស៊ី AFP PHOTO/OZAN KOSE
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ នៅ​ប្រទេស​អេហ្ស៊ីប​ ​សវនាការ​កាត់ក្តី​អតីត​ប្រធានាធិបតី​​​ ម៉ូហាមេដ មរស៊ី ​និង​​អ្នកទទួលខុសត្រូវ​​គណបក្ស​ភាតរអ៊ីស្លាម​​​​១៤រូប បាន​ប្រព្រឹត្តទៅ​មិន​ដល់​មួយម៉ោង​នោះទេ។ ចៅក្រម​បាន​ប្រកាស​លើកពេល​ទៅធ្វើ​នៅថ្ងៃ​៨មករា ឆ្នាំ២០១៤វិញ ដោយសារ​តែ​ជនជាប់ចោទ​បាន​បង្ក​ការរាំង​ស្ទះ​​ដល់ដំណើរការ​​សវនាការ។

គួររំលឹកថា ​អតី​ប្រធានាធិបតី​អេហ្ស៊ីប​​​ត្រូវបាន​​យោធា​ទំលាក់​ចេញ​ពី​តំណែង​កាលពី​ដើម​ខែកក្កដា។ លោក​និង​បក្សពួកលោក​ទាំងនោះ ជាប់ចោទ​ពី​បទ​ញុះញង់​អោយមាន​អំពើឃាតកម្ម ជុំវិញ​​​បាតុកម្ម ថ្ងៃ៥​​ធ្នូ​ ឆ្នាំ២០១២ នៅ​មុខវិមាន​ប្រធានាធិបតី​អេហ្ស៊ីប។ កាលណោះ ការ​ប៉ះទង្គិច​គ្នារវាង​សកម្មជន​បក្ស​ភាតរអ៊ីស្លាម​របស់​លោក​មរស៊ី និង​បាតុករ​ដែល​ទាមទារ​អោយ​លោកមរស៊ី​ចុះពីអំណាច​ បាន​ធ្វើអោយ​ស្លាប់​​មនុស្ស​​ជាង១០នាក់។ លោកមរស៊ី​និង​អ្នកទទួលខុសត្រូវ​ទាំង​១៤រូប​នៃ​បក្សភាតរអ៊ីស្លាម​​​​នេះ អាច​ទទួលទោស​ប្រហារជីវិត រឺ​ក៏ជាប់ពន្ធនាគារ​មួយជីវិត។

នៅថ្ងៃ​ចន្ទ​ម្សិលមិញ​ ពេល​បើកសវនាការ​ដំបូង​ ក្នុង​សំលៀកបំពាក់​ពណ៌​ខៀវ និង​ប្រកបដោយលក្ខណៈ​ហំហួន​នោះ អតីតប្រធានាធិបតី​ម៉ូហាមេដ មរស៊ី បាន​ស្រែក​ប្រកាស​​ដាក់​ចៅក្រម​​ថា លោក​គឺជា​ប្រធានាធិបតី​សាធារណរដ្ឋអេហ្ស៊ីប​ដែល​ស្របច្បាប់​តែមួយគត់ ហើយ​តុលាការ​ដែល​កាត់ក្តី​រូបលោក​ គឺ​ជាតុលាការ​ខុសច្បាប់​ទាំងស្រុង។  ចៅក្រម​ប្រហែល​ជា​ក្តៅចិត្ត​ក៏​បាន​សំរេច​លើកពេល​នេះ​ទៅវិញ។ បើ​យោងតាម​ទូរទស្សន៍​សាធារណៈ​មួយ ចៅក្រម​លើកពេលកាត់ក្តី​ព្រោះតែ​ជនជាប់ចោទ​ទាំងនោះ​​នាំគ្នា​ច្រៀង រំខាន​ដល់​ដំណើរការ​​សវនាការ។ តែ​បើ​យោងតាម​​អ្នកទទួល​ខុសត្រូវ​​សន្តិសុខ​នៅ​តុលាការ​​វិញ ការលើកពេល​នេះ គឺ​ដោយសារ​តែ​​លោកមរស៊ី​មិនព្រម​ស្លៀក​សំលៀកបំពាក់​​ជាអ្នកទោស។

ក្នុង​ហេតុផលណា​ក៏ដោយចុះ យើងឃើញ​ថា ទាំង​ចៅក្រម​កាត់ទោស ទាំង​ជនជាប់ចោទ​សុទ្ធ​តែ​​ចចេស​រឹងរូស​​ដាក់គ្នា​ទោវិញទៅមក។ ប្រសិន​បើ​យើងមើល​ទៅ​ខាងភាគី​ជនជាប់ចោទវិញ យើងឃើញ​ថា លោក​មរស៊ី​ពិបាកនឹង​​ទទួលស្គាល់​ណាស់​ថា​លោកលែង​មាន​អំណាច​នៅក្នុង​ដៃ​ដូច​ជាពេល​មុនទៀត​។ លោកភ្លេច​គិត​ថា​លោក​​គឺ​ជា​អ្នកទោស​ដែល​​ជាប់ចោទ​ក្នុង​បទឧក្រិដ្ឋ។ ដោយសារ​តែ​លោក​ជា​ប្រធានាធិបតី​អេហ្ស៊ីប​​ដែល​ប្រជាជន​ធ្លាប់​បោះឆ្នោត​​គាំទ្រ​ក្នុង​លក្ខណៈ​ប្រជាធិបតេយ្យ​ លោក​មរស៊ី​​​​នៅតែ​មាន​អារម្មណ៍​​​ដិតជាប់នឹង​ភាព​ជោគជ័យ​ក្នុង​អតីតកាល​​ជានិច្ច។ ដូច្នេះ​ ទោះជា​ចៅក្រម​សំណូមពរ​អ្វី​​ក៏ដោយ​ចុះ គឹ​លោកមរស៊ី និង​បក្សពួក​​មិនខ្ចី​​ស្តាប់ ហើយ​នៅ​តែ​បដិសេធ​មិន​ទទួលស្គាល់​តុលាការ​នេះជានិច្ច។ គឺ​ប្រៀបបាន​នឹង​ការដែល​យើង​ដឹកសត្វ​គោ ក្របី​ អោយ​ទៅ​មើលទូរទស្សន៍​ដូច្នោះដែរ គោ​និង​ក្របី​ពិបាក​នឹង​យល់​សាច់រឿង​​ណាស់។ ​គ្រួសារ​​​លោកមរស៊ី​ធ្លាប់​​​ប្រាប់ថា លោម​មរស៊ី​មិន​ងាយ​ដកខ្លួន​ថយ ហើយ​ក៏​មិន​ងាយ​​ចរចា​ ស្រុះស្រួល​ជាមួយ​រដ្ឋាភិបាល​ស្តីទី​បច្ចុប្បន្ន​នោះទេ។ ក្នុង​ក្រសែ​ភ្នែក​​លោកមរស៊ី និង​បក្សពួក​​​គណបក្ស​ភាតរអ៊ីស្លាម​របស់​លោក រដ្ឋាភិបាល​ស្តីទី​អេហ្ស៊ីប​បច្ចុប្បន្ននេះ គឺ​កើតចេញ​ពី​​រដ្ឋប្រហារ​យោធាសុទ្ធសាធ គឺ​ថា​ជា​​រដ្ឋប្រហារ​​ទំលាក់​​រដ្ឋាភិបាល​ដែល​កើតចេញ​ពី​ការបោះឆ្នោត​ប្រជាធិបតេយ្យ​របស់​លោកមរស៊ី។ សំរាប់​លោកមរស៊ី តុលាការ​កាត់ក្តី​រូបលោក ដែល​ស្ថិត​ក្រោមការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​បែបនេះ គឺ​ជា​តុលាការ​មិនស្របច្បាប់។

បើ​ងាក​ទៅមើល​​ចៅក្រម​វិញម្តង បើ​យើង​យកហេតុផល​ថា មកពី​លោកមរស៊ី​មិនព្រម​ស្លៀកសំលៀកបំពាក់​ជាអ្នកទោស​ រឺក៏ថា មកពីជនជាប់ចោទ​ច្រៀង​រំខាន​ការកាត់ក្តី​ ទើបចៅក្រម​លើកពេល​កាត់ក្តីនេះ​ទៅឆ្នាំក្រោយ​វិញនោះ ហេតុ​ផល​ទាំងអស់​នេះ​ហាក់ដូច​ជា​បញ្ជាក់ថា ចៅក្រម​អេហ្ស៊ីប​​ទាំងនោះ​​មិនចេះ​អត់ធ្មត់​​នៅចំពោះមុខ​ ​ជនជាប់ចោទ​​ទាំងនេះទាល់តែ​សោះ។ បើ​ចៅក្រម​ទាំងនេះចេះអត់ធ្មត់ ពួកគេ​គួរតែ​បន្តដំណើរការ​សវនាការ ដោយ​ព្យាយាម​ធ្វើ​អោយជនរងគ្រោះ​នោះស្ងប់​ចិត្ត​បន្តិច​ទៅវិញ​ ជាជាង​លើកពេល​កាត់ក្តី។ ព្រោះថា សវនាការ​ថ្ងៃ​ចន្ទ ទី៤វិច្ឆិកា​នេះ អ្នកណាៗ​ក៏គេ​ទន្ទឹង​ចាំ​មើលដែរ។ គឺ​ជាសវនាការ​ប្រវត្តិសាស្ត្រ​សំរាប់​អេហ្ស៊ីប ពិសេស​ជាសវនាការ​ដែល​បញ្ជាក់ពី​សមត្ថភាព​រដ្ឋាភិបាល​ស្តីទី​អេហ្ស៊ីប នៅចំពោះមុខ​ការគោព​សិទ្ធិមនុស្ស ក្នុង​ប្រទេស​នេះឯង។

សំណួរនៅពេល​នេះ​គឺថា​ បើ​ចៅក្រម​​មិនចេះ​អត់ធ្មត់បែបនេះ តើ​សវនាការ​ថ្ងៃ​៨មករា​ខាងមុខ​នេះ អាច​នឹង​​លើកពេល​បន្ថែម​ទៀតទេ ? តើសវនាការ​នេះ​គ្រាន់តែ​ជា​ឆាកល្ខោន​កាត់ទោស​បង្គ្រប់កិច្ច​រឺក៏យ៉ាងណា ?

​អាច​មាន​យុត្តិធម៌​​ទេ ព្រោះថា ​គ្រាន់តែ​ថ្ងៃ​បើកសវនាការ​ម្សិលមិញ​នេះ​មកដល់ ​រដ្ឋាភិបាល​ស្តីទី​​​បាន​ដាក់ពង្រាយកងទ័ព​រាប់​ម៉ឺននាក់​ នៅ​ទីក្រុង​គែរ ត្រៀម​ទប់ស្កាត់​បាតុករ​គាំទ្រ​លោកមរស៊ី។ ​ដោយឡែក រដ្ឋាភិបាលស្តីទី​​កំពុង​​​សិក្សា​លើ​គំរោង​ច្បាប់​​ស្តីពី​ការធ្វើបាតុកម្ម ដែល​ជាច្បាប់​រឹតបន្តឹង​​សិទ្ធិ​បាតុករ​។ តើ​យុត្តិធម៌​នៅត្រង់ណា បើ​រដ្ឋាភិបាល​នៅតែ​ព្យាយាម​បំបិទសេរីភាព​បាតុករ​នោះ ? កន្លងមក ​កងទ័ព​អេហ្ស៊ីប​ធ្លាប់​បានប្រើ​ហិង្សា​​បង្ក្រាប​​បាតុករ​​គាំទ្រលោក​មរស៊ី  ធ្លាប់បាន​សម្លាប់​បាតុករ​​រាប់រយនាក់ ព្រមទាំង​​ចាប់ខ្លួន​សមាជិក​បក្ស​ភាតរអ៊ីស្លាម​​២ពាន់នាក់។​ ​ អេហ្ស៊ីប​កំពុង​​​តាក់តែងច្បាប់ ​រៀបចំអោយ​​មានការបោះឆ្នោត​ប្រជាមតិលើរដ្ឋធម្មនុញ្ញ​​ ត្រៀម​ទៅដល់​​ការបោះឆ្នោត​សភា និងការបោះឆ្នោត​ប្រធានាធិបតី​ នៅ​​មុនពាក់កណ្តាល​ឆ្នាំ២០១៤។ តើដំណើរការ​ប្រជាធិបតេយ្យ​អស់នេះ អាចនឹង​កើតមាន​ម្តេចបាន​ ប្រសិន​បើរដ្ឋាភិបាល​ស្តីទី​បច្ចុប្បន្ន​នៅតែ​បន្ត​បញ្ចេញ​សាច់ដុំ​ដាក់បាតុករ​​ ស្ទើរ​តែ​រាល់​ពេល​ហើយនោះ​?

ដូច្នេះ ​សវនាការ​កាត់ក្តី​លោកមរស៊ី ក្រោម​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល​យោធា​អេហ្ស៊ីប​ ប្រហែល​ជា​នៅតែ​បន្ត​ប្រព្រឹត្តទៅ​​​ដោយ​រកាំរកូស និង​ក្នុង​ស្ថានភាពតានតឹង​ចៀសមិនរួច​ដដែល ព្រោះថា ទាំងភាគីកាន់អំណាច ទាំង​ជន​ជាប់ចោទ​ដែល​លែង​មានអំណាច​ក្នុងដៃ សុទ្ធ​តែ​រឹងទទឹង ម្ខាងៗ​​​​នៅតែល្មោភ​អំណាច​​​រៀងខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ