អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ពីរឆ្នាំ​ក្រោយ​បដិវត្តន៍ អេហ្ស៊ីប​កំពុង​ដើរ​ត្រឡប់​ទៅរក​ចំណុច​ដើម​វិញ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រោយ​ពី​មាន​ការ​បង្រ្កាប​យ៉ាង​បង្ហូរ​ឈាម បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​រាប់រយ​នាក់ កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ ទីតាំង​បាតុកម្ម​ធំៗ​ទាំងពីរ​របស់​ក្រុម​អ្នក​គាំទ្រ​លោក​មហាម៉េដ ម៉រស៊ី ក៏​ត្រូវ​បាន​បំបែក​ជា​ស្ថាពរ ហើយ​នៅថ្ងៃនេះ​ស្ថានភាព​នៅ​អេហ្ស៊ីប​ហាក់ដូច​ជា​ស្ងប់ស្ងាត់​ឡើងវិញ។ ក៏ប៉ុន្តែ វិបត្តិនយោបាយ​​មិន​បញ្ចប់​ត្រឹមនេះ​ទេ។ ផ្ទុយទៅវិញ វា​អាច​នឹង​កាន់តែ​ធ្លាក់​ក្នុង​សភាព​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត។

រូបថត​លោក​មហាម៉េដ ម៉រស៊ី ដែល​ក្រុម​បាតុករ​ទុកចោល ក្រោយ​ពេល​មាន​ការ​បង្រ្កាប​ពី​ប៉ូលិស កាល​ពីថ្ងៃ​ពុធ ១៤ សីហា ២០១៣
រូបថត​លោក​មហាម៉េដ ម៉រស៊ី ដែល​ក្រុម​បាតុករ​ទុកចោល ក្រោយ​ពេល​មាន​ការ​បង្រ្កាប​ពី​ប៉ូលិស កាល​ពីថ្ងៃ​ពុធ ១៤ សីហា ២០១៣ REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

ភាពវឹកវរ​នៅ​អេហ្ស៊ីប​ទំនង​ជា​មិន​អាច​បញ្ចប់​ត្រឹម​ការ​បង្រ្កាប​បាតុកម្ម កាល​ពី​​ថ្ងៃ​ពុធ​​ម្សិលមិញ​នេះ​​ទេ បើទោះបីជា​គេ​សង្កេតឃើញថា ស្ថានភាព​នៅ​ទីក្រុង​គែរ នៅ​ព្រឹកថ្ងៃ​ព្រហស្បតិ៍​ មាន​សភាព​ស្ងប់ស្ងាត់​ច្រើនក៏ដោយ។

កាល​ពី​យប់​មិញ គេ​ឃើញ​ថា ក្រោយ​ពី​ទីតាំង​បាតុកម្ម​ធំៗ​ទាំងពីរ​ត្រូវ​បំបែក ការ​ប៉ះទង្គិចគ្នា រវាង​ក្រុម​ភាតរអ៊ីស្លាម និង​​កម្លាំង​ប៉ូលិស ឬ​រវាង​ក្រុម​ភាតរអ៊ីស្លាម និង​ក្រុម​​អ្នក​គាំទ្រ​រដ្ឋាភិបាល នៅ​តែ​បាន​បន្ត​កើតមាន​ឡើង​ដុំៗ នៅ​តាម​កន្លែង​ផ្សេង​ទៀត ទាំង​នៅ​ក្នុង​ទីក្រុង​គែរ និង​​​នៅ​តាម​បណ្តា​ខេត្ត​​ក្រុង​ផ្សេងៗ​ទៀត។

នៅថ្ងៃ​ព្រហស្បតិ៍​​នេះ មេដឹកនាំ​ភាតរអ៊ីស្លាម​​បាន​អំពាវនាវ​​ឲ្យ​អ្នក​គាំទ្រ​លោក​ម៉រស៊ី​ទាំងអស់ នាំគ្នា​ចេញ​ធ្វើ​បាតុកម្ម​តាម​ដងផ្លូវ នៅ​ទូទាំង​ប្រទេស ដើម្បី​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​ទម្លាក់​លោក​ម៉រស៊ី។ សម្រាប់​ក្រុម​គាំទ្រ​លោក​ម៉រស៊ី​ ការ​បង្រ្កាប​បាតុកម្ម​ ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​រាប់រយ​នាក់ កាល​ពីម្សិលមិញ​នេះ វា​គឺ​ជា​​ភស្តុតាង​មួយ​ទៀត ដែល​បញ្ជាក់​ពី​ភាព​ឃោរឃៅ និង​ផ្តាច់ការ​របស់​មេដឹកនាំ​យោធា​អេហ្ស៊ីប ហើយ​ក្រុម​ភាតរអ៊ីស្លាម​​ប្រហែល​ជា​ចង់​ឆ្លៀត​យក​ឱកាស​នេះ ដើម្បី​ទាក់ទាញ​អ្នក​គាំទ្រ​ឲ្យ​ចេញ​មុខ​ប្រឆាំង​នឹង​ក្រុម​យោធា​កាន់តែ​ខ្លាំង​ជាង​មុន​ទៅទៀត។

ដូច្នេះ អ្វី​ដែល​អាច​កើតឡើង​នៅ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ទៀត​នេះ គឺ​គេ​អាច​នឹង​ឃើញ​មាន​ក្រុម​គាំទ្រ​លោក​ម៉រស៊ី​បន្ត​ចេញ​ធ្វើ​បាតុកម្ម ជា​ទ្រង់ទ្រាយ​ធំ ឬ​ជា​ទ្រង់ទ្រាយ​តូច​ៗ នៅ​តាម​កន្លែង​ផ្សេងៗ​គ្នា ហើយ​កន្លែង​ណា​ដែល​មាន​បាតុកម្ម កងកម្លាំង​អាជ្ញាធរ​អេហ្ស៊ីប​នឹង​តាម​បង្រ្កាប​នៅ​កន្លែង​នោះ។ អ្វី​ដែល​គេរង់​ចាំមើល គឺ​នៅថ្ងៃ​សុក្រ​ស្អែក ព្រោះថា ​ជាទូទៅ តាម​ទម្លាប់ ដែល​គេ​តែងតែ​សង្កេតឃើញ​ នៅ​ក្នុង​ប្រទេស​កាន់​សាសនា​អ៊ីស្លាម បាតុកម្ម​ទ្រង់ទ្រាយ​ធំ ច្រើន​តែ​កើតឡើង នៅ​ថ្ងៃ​សុក្រ។ ជាទូទៅ នៅថ្ងៃ​សុក្រ​ ដែល​ជា​ថ្ងៃ​បរិសុទ្ធ​របស់​អ៊ីស្លាម ដែល​​គេ​នាំ​គ្នា​ចេញ​ទៅវិហារ ដើម្បី​សូត្រ​មន្ត គេ​ក៏​នាំគ្នា​ប្រមូលផ្តុំ​គ្នា​ធ្វើ​បាតុកម្ម ​ក្រោយ​ពី​សូត្រមន្ត​​ចប់ ។

គ្រោះថ្នាក់​កាន់តែ​ធំ ដែល​ធ្វើ​ឲ្យ​គេ​ព្រួយបារម្ភ គឺ​ក្រុម​ភាតរអ៊ីស្លាម ដែល​ជា​ក្រុម​អ៊ីស្លាម​ជ្រុលនិយម មិនសូវ​ញញើត​នឹង​ប្រើ​​អំពើ​ហិង្សា​ស្រាប់ អាចនឹង​ឈាន​ទៅ​ធ្វើការ​តស៊ូ​ដោយ​ប្រដាប់​អាវុធ បង្ក​ទៅជា​សង្រ្គាម​ស៊ីវិល។
 
បើយើងមើល​ស្ថានភាព​នៅ​អេហ្ស៊ីប​បច្ចុប្បន្ន​នេះ គេ​ឃើញ​ថា អេហ្ស៊ីប​កំពុងតែ​វិលត្រឡប់​ទៅកាន់​ស្ថានភាព​ដើម ​មុន​បដិវត្តន៍​ឆ្នាំ​២០១១។

មុនបដិវត្តន៍ អេហ្ស៊ីប​ស្ថិត​ក្រោម​​របប​សឹក​ ដឹកនាំ​ដោយ​លោក​ហូស្នី ​មូបារ៉ាក់ ដោយ​មាន​កងទ័ព​អេហ្ស៊ីប នៅ​ពីក្រោយ។ នៅពេលនេះ អំណាច​ទាំងអស់​​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ដៃ​របស់​កងទ័ព​អេហ្ស៊ីបវិញ ពោលគឺ​ជា​​ក្រុមកងទ័ព​តែ​មួយ ដែល​បាន​កាន់​អំណាច​ ៣០ឆ្នាំ ​ជាមួយ​នឹង​លោក​មូបារ៉ាក់។

កាលពី​មុន​បដិវត្តន៍​ឆ្នាំ​២០១១ អេហ្ស៊ីប​ស្ថិត​ក្រោម​ច្បាប់​ប្រកាស​អាសន្ន អស់រយៈពេល​ជាង ៤០ឆ្នាំ។ រហូតទាល់តែ​ ក្រោយ​បដិវត្តន៍​ឆ្នាំ​២០១១​ទម្លាក់​លោក​មូបារ៉ាក់ ទើប​អេហ្ស៊ីប​បញ្ឈប់​ស្ថានភាព​​ប្រកាស​អាសន្ន​នេះ។ ប៉ុន្តែ​ ឥឡូវនេះ ច្បាប់​ប្រកាស​អាសន្ន​ ដែល​ជា​និមិត្តរូប​នៃ​អំណាច​ផ្តាច់ការ​របស់​លោក​មូបារ៉ាក់ ត្រូវ​បាន​រដ្ឋាភិបាល​បណ្តោះអាសន្ន​អេហ្ស៊ីប ប្រកាស​ដាក់​អនុវត្ត​ឡើងវិញ៖ រាល់​ការ​ប្រមូលផ្តុំ​ទាំងអស់​ត្រូវ​ហាមឃាត់ បម្រាម​គោចរណ៍​ត្រូវ​ដាក់​ជា​រៀងរាល់​យប់ ប៉ូលិស​មាន​សិទ្ធិ​ចាប់មនុស្ស​ដាក់​ឃុំ​ដោយ​គ្មាន​កាលកំណត់ ហើយ​ដោយ​គ្មាន​ការ​ជំនុំជម្រះ បណ្តាញ​ផ្សព្វផ្សាយ​ត្រូវ​បាន​រឹតបន្តឹង។

និយាយ​ជារួម​ទៅ នៅ​ក្នុង​ព្រឹត្តិការណ៍បង្រ្កាប​បាតុកម្ម​បង្ហូរឈាម កាល​ពី​​ថ្ងៃ​ពុធ​នេះ រដ្ឋាភិបាល​បណ្តោះអាសន្ន​អេហ្ស៊ីប​​​បាន​វាយបំបាក់​ក្រុម​ភាតរ​​អ៊ីស្លាម ដែល​ជា​ក្រុម​អ៊ីស្លាម​​ជ្រុលនិយម ក៏ប៉ុន្តែ ក្នុង​ពេល​ជាមួយគ្នា ក៏​បាន​​ក្តិច​ពន្លក​ប្រជាធិបតេយ្យ​ដ៏​​​​ក្មេងខ្ចី​របស់​អេហ្ស៊ីប​ឲ្យ​ស្លាប់​ទៅតាម​នោះដែរ។

ចំពោះ​ប្រតិកម្ម​ពី​សហគមន៍​អន្តរជាតិវិញ ក្រៅពី​មាន​ការ​ថ្លែង​ថ្កោលទោស ការ​ប្រើ​កម្លាំង​បង្រ្កាប​ដោយ​បង្ហូរឈាម លើ​បាតុកម្ម​ប្រឆាំង គេឃើញ​មាន​ប្រទេស​ខ្លះ ដូចជា ដាណឺម៉ាក​ ជាដើម បាន​ប្រកាស​ផ្អាក​ជំនួយ​ទៅអេហ្ស៊ីប។ ប្រទេស​ខ្លះទៀត ដូចជា បារាំង និង​អាល្លឺម៉ង់ ជាដើម បាន​កោះហៅ​ឯកអគ្គរដ្ឋ​ទូត​អេហ្ស៊ីប​ ដើម្បី​ធ្វើការ​តវ៉ា​ និង​ថ្កោលទោស​ដោយ​ផ្ទាល់​មាត់។ បារាំង និង​តួកគី បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស​.ប ឲ្យ​ចាត់វិធានការ​បន្ទាន់ ដើម្បី​បញ្ឈប់​ការ​បង្ហូរឈាម និង​បញ្ចៀស​សង្រ្គាម​ស៊ីវិល។

ក៏ប៉ុន្តែ ប្រតិកម្ម​ដែល​គេ​កំពុង​សំឡឹងមើល​ខ្លាំង​ជាងគេ គឺ​ប្រតិកម្ម​របស់​អាមេរិក ដែល​ជា​ប្រទេស​​មាន​ឥទ្ធិពល​ជាងគេ ​លើ​កងទ័ព​អេហ្ស៊ីប។ អាមេរិកគឺ​​ជា​សម្ព័ន្ធមិត្ត​របស់​អេហ្ស៊ីប ហើយ​​ជំនួយ​​បរទេស​ដែល​​អេហ្ស៊ីប​ទទួល​បាន​ច្រើន​ជាងគេ គឺ​បាន​ពី​អាមេរិក ពោលគឺ មាន​ ​រហូតដល់​ទៅ​​​១ ៣០០លាន​ដុល្លារ ក្នុងមួយឆ្នាំៗ ជាពិសេស ជា​ជំនួយ​ខាង​យោធា។ ក៏ប៉ុន្តែ រហូតមកទល់ពេលនេះ ប្រតិកម្ម​របស់​អាមេរិក ចំពោះ​ការ​បង្រ្កាប​បាតុកម្ម​ម្សិលមិញនេះ មាន​​ត្រឹមតែ​ធ្វើការ​ថ្កោលទោស និង​អំពាវនាវ​ឲ្យ​គ្រប់ភាគី​មាន​ការ​អត់ធ្មត់​ប៉ុណ្ណោះ។ ជំនួយ ១ពាន់ ៣រយលាន​ទៅ​ឲ្យ​អេហ្ស៊ីប ក៏​អាមេរិក​មិន​ប្រកាស​ផ្អាក ហើយ​សូម្បីតែ​​សមយុទ្ធរួមគ្នា​ ដែល​កងទ័ព​អាមេរិក​គ្រោង​ធ្វើ​ជាមួយ​កងទ័ព​​អេហ្ស៊ីប នៅ​ខែក្រោយ​នេះ ក៏​អាមេរិក​មិនបាន​ប្រកាសលុបចោល​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ