អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រទេស​អាហ្វហ្កានីស្ថាន​បិទ​ទំព័រសករាជ ១០ឆ្នំា​របស់​លោក​ប្រធានាធិបតី​ហាមីត កាហ្សាយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​សៅរិ៍ ទី៥ មេសា​នេះ មាន​ប្រជាជន​អាហ្វហ្កានីស្ថាន​ប្រមាណ​ជា ១៥លាននាក់​បាន​ចូល​រួម​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​ដើម្បី​បន្ត​តំណែង​ពី​លោក​ប្រធានាធិបតី​ផុត​អណត្តិ​ហាមីត កាហ្សាយ។ លោក​កាហ្សាយ​ដែល​បាន​កាន់​តំណែង​ចំនួន​ពីរ​អណត្តិ​បន្តបន្ទាប់​គ្នា​តំាង​ពី​ឆ្នំា ២០០៤ មក។ អ្វី​ជា​ការ​កត់សម្គាល់ ការ​រៀបចំ​បោះឆ្នោត​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន​ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​ប្រទេស​កំពុង​បន្ត​ទទួល​ការ​គំរាមកំហែង​វាយប្រហារ​ពី​ពួក​ឧទ្ទាម​តាលីបង់ និង​ចំ​ពេល​ដែល​កម្លំាង​របស់​អង្គការ​អូតង់​ត្រៀម​ដក​ទ័ព​ចេញ​ពី​អាហ្វហ្កានីស្ថាន​​នា​ដំណាច់​ឆ្នំា ២០១៤ នេះ។

ប្រជាជន​អាហ្វហ្កានីស្ថាន​កំពុង​ឈរ​តម្រង់ជួរ​ចូល​បោះឆ្នោតប្រធានាធិបតី​ថ្ងៃទី៥ មេសា ឆ្នំា ២០១៤
ប្រជាជន​អាហ្វហ្កានីស្ថាន​កំពុង​ឈរ​តម្រង់ជួរ​ចូល​បោះឆ្នោតប្រធានាធិបតី​ថ្ងៃទី៥ មេសា ឆ្នំា ២០១៤ REUTERS/Tim Wimborne
ផ្សាយពាណិជ្ជកម្ម

មណ្ឌល​បោះឆ្នោត​ទំាង ៦ ០០០កន្លែង​បាន​បើក​ទ្វារ​ពី​ម៉ោង ៧ព្រឹក ម៉ោង​ក្នុង​ស្រុក​ដើម្បី​ទទួល​អ្នកបោះឆ្នោត​ប្រមាណ​ជា ១៥លាននាក់។ ជា​រួម បរិយាកាស​ទូទៅ​នៃ​ការ​រៀបចំ​បោះឆ្នោត​នា​ជុំទីមួយ​មាន​ដំណើរ​ការ​ទៅ​ល្អ​គួរសម មិន​មាន​ឧប្បត្តិហេតុ ឬ​មួយ​ក៏​អំពើហិង្សា​អ្វី​ធំដុំ​កើត​ឡើង​ទេ។ តែ​មាន​មណ្ឌល​បោះឆ្នោត​យ៉ាង​តិច ១០% បាន​បិទទ្វារ​មុន​ពេល​កំណត់ ដោយ​មូលហេតុ​សន្តិសុខ។ គឺ​ខុស​ពី​ការ​បោះឆ្នោត​កាល​ពី​ឆ្នំា ២០០៩ ដែល​ថ្ងៃ​បោះ​ឆ្នោត​ត្រូវ​បាន​ទទួល​ការ​វាយប្រហារ​យ៉ាង​ហិង្សា​ពី​របស់​ពួកឧទ្ទាម​តាលីបង់។ តំាង​ពី​ថ្ងៃ​សុក្រ ទី៤ មេសា រដ្ឋាភិបាល​បាន​ដាក់​ពង្រាយ​កម្លំាង​ប៉ូលិស និង​ទាហាន​សរុប​ប្រមាណ​ជា ៣៥ម៉ឺននាក់​នៅ​ទូទំាង​ប្រទេស​ដើម្បី​ការពារ​សន្តិសុខ និង​រក្សា​សុវត្ថិភាព​នៅ​ក្នុង​ការ​បោះឆ្នោត។ ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ មាន​ផ្ទុះ​អំពើ​ភេរវកម្ម​បង្ហូរ​ឈាម​ជា​ច្រើន​ដែល​បង្ក​ឡើង​ដោយ​ពួក​ឧទ្ទាម​តាលីបង់​ក្នុង​គោលដៅ​ព្រមាន​​កុំ​ឲ្យ​ប្រជាជន​ចេញ​ទៅ​បោះឆ្នោត។ នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​ទៀត ពោល​មួយ​ថ្ងៃ​មុន​ថ្ងៃ​បោះឆ្នោត មាន​ការ​បាញ់​សម្លាប់​អ្នកកាសែត​ស្រ្តី​ម្នាក់​របស់​ទីភ្នាក់ងារ AP និង​របួស​ម្នាក់។

តែ​ទោះ​បី​ជា​មាន​ការ​គំរាមកំហែង​ពី​ពួក​ឧទ្ទាម​តាលីបង់​ក៏​ដោយ ក៏​ប្រជាជន​អាហ្វហ្កានីស្ថាន​មិន​ភ័យខ្លាច និង​បាន​នំា​គ្នា​ចេញ​ទៅ​បោះឆ្នោត ដោយ​ឈរ​តម្រង់​ជួរ​យ៉ាង​វែង ក្រោម​ដំណក់​ទឹកភ្លៀង។ លោក​ប្រធាន​គណៈកម្មការជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​ចេញ​ទៅ​បោះឆ្នោត​មុន​គេ បន្ទាប់​មក គឺ​លោក​ប្រធានាធិបតី​ផុតអណត្តិ​ហាមីត កាហ្សាយ។ លោក​កាហ្សាយ​ដែល​បាន​ថ្លែង​នា​ឱកាស​នោះ​ដោយ​សង្ឃឹម​ថា ការ​បោះឆ្នោត​នេះ​នឹង​ផ្តល់​ភាព​សម្បូររុងរឿង​ដល់​ប្រជាជន​អាហ្កហ្វានីស្ថាន​ក្នុង​ថ្ងៃ​នេះ និង​នៅ​ថ្ងៃ​អនាគត។ នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន​លើក​នេះ មាន​បេក្ខជន​ឈរ​ឈ្មោះ​ទំាង​អស់​ចំនួន ៨រូប​ដែល​ប្រជាជន​អាហ្វហ្កានីស្ថាន​ត្រូវ​ជ្រើសរើស។

បើ​អ្វីៗ​បាន​ប្រព្រឹត្តិ​ទៅ​ដូច​បាន​គ្រោង​ទុក នេះ​ជា​លើក​ទីមួយ​ដែល​ប្រទេស​អាហ្វហ្កានីស្ថាន​ស្គាល់​ការ​ផ្ទេរអំណាច​តាម​បែប​ប្រជាធិបេតយ្យ

នេះ​​ជា​លើក​ទី៣ ហើយ​ដែល​ប្រទេស​អាហ្វហ្កានីស្ថាន​បាន​រៀបចំ​ការ​បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ។ លើក​ទី១ ក្នុង​ឆ្នំា ២០០៤ ដែល​លោក​ហាមីត កាហ្សាយ​ជា​អ្នក​ជាប់​ឆ្នោត និង​លើកទី២ ក្នុង​ឆ្នំា ២០០៩ ដែល​លោក​ហាមីដ កាហ្សាយ​បាន​ជាប់​ឆ្នោត​មួយ​អណត្តិទៀត។ នៅ​លើក​នេះ និង​បើ​អ្វីៗ​បាន​ប្រព្រឹត្តិ​ទៅ​ដូច​បាន​គ្រោង​ទុក នេះ​ជា​លើក​ទីមួយ​ដែល​ប្រទេស​អាហ្វហ្កានីស្ថាន​ស្គាល់​ការ​ផ្ទេរអំណាច​តាម​បែប​ប្រជាធិបេតយ្យ។ ចូរ​កុំ​ភ្លេច​ថា តំាង​ពី​ក្រោយ​ការ​បិទបញ្ចប់​របប​រាជានិយម​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន​កាល​ពី​ឆ្នំា ១៩៧៣ មក ចង្វាក់​នយោបាយ ឬ​មួយ​ក៏​ថា​ការ​ឡើង​កាន់​អំណាច​នៅ​ក្នុង​ប្រទេស​មួយ​នេះ​មិន​ដែល​បាន​ធ្វើ​ឡើង​តាម​រយៈ​សន្លឹក​ឆ្នោត​នោះ​ទេ តែ​តាម​កម្លំាង​បាយ។

រដ្ឋប្រហារ​កុម្មុយនិស្ត​ក្នុង​ឆ្នំា ១៩៧៨ បាន​រុញ​ច្រាន​ប្រទេស​ឲ្យ​ធ្លាក់​ក្នុង​កណ្តាប់​ដៃ​សហភាព​សូវៀត​ក្នុង​ឆ្នំា ១៩៧៩ បន្ទាប់​មក ការ​វាយ​បណ្តេញ​ពួក​ទាហាន​សហភាព​សូវៀត​ដោយ​ក្រុម​ប្រដាប់​អាវុធ​ជីហាត​អ៊ីស្លាម​ក្នុង​ឆ្នំា ១៩៩២ បន្ទាប់​មក​ទៀត ការ​វាយ​យក​ទីក្រុង​កាប៊ូល​ដោយ​កម្លំាង​ឧទ្ទាម​តាលីបង់​ដឹក​នំា​ដោយ​ម៉ូលឡា អូម៉ារ​ក្នុង​ឆ្នំា ១៩៩៦ និង​ចុង​ក្រោយ គឺ​អន្តរាគមន៍​យោធា​របស់​កម្លំាង​អូតង់​ផ្តួលរំលំ​របប​តាលីបង់​របស់​ម៉ូលឡា អូម៉ារ​ក្នុង​ឆ្នំា ២០១១ ពោល​នៅ​ក្រោយ​ព្រឹត្តិការណ៍​ភេរវកម្ម​ថ្ងៃ១១ កញ្ញា ២០០១ នៅ​សហរដ្ឋអាមេរិក។

ប្រជាធិបតេយ្យ​ពេញលេញ​នៅ​អាហ្វហ្កានីសា្ថន​ត្រូវ​ការ​ពេល​យូរ

ដំណើរការ​បោះឆ្នោត និង​ដំណើរការ​ផ្ទេរអំណាច​តាម​បែប​ប្រជាធិបតេយ្យ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ពិបាក​នឹង​អាច​កើត​មាន​ដោយ​ស្រួល​ណាស់។ នេះ​ដោយសារ​មូលហេតុ ៣យ៉ាង ទី១ ការ​គំរាមកំហែង​ជាប់​ជា​ប្រចំា​របស់​ក្រុម​ឧទ្ទាម​តាលីបង់ ព្រោះ​ចូរ​កុំ​ភ្លេច​ថា ចលនា​ឧទ្ទាម​មួយ​នេះ​មិន​បាន​ចូល​រួម​បោះឆ្នោត​ទេ ព្រម​ទំាង​បាន​គំរាម​អុកឡុក​នៅ​ក្នុង​ការ​បោះឆ្នោត​នេះ​ទៀត​ផង។

ទី២ គឺ​ទាក់ទង​នឹង​ការ​លួចបន្លំ​សន្លឹកឆ្នោត​ជា​យថាហេតុ​ដែល​នឹង​អាច​ធ្វើ​ឲ្យ​បរិយាកាស​នយោបាយ​ឡើង​តានតឹង​ខ្លំាង​នៅ​ក្រោយ​ការ​បោះឆ្នោត។ សូម​ជម្រាប​ជូន​ថា មាន​គណៈកម្មការ​ចំនួន​ពីរ​ដែល​បាន​គ្របគ្រង រៀបចំ​ការ​បោះឆ្នោត និង​ដែល​ថ្នាក់ដឹកនំា​របស់​គណៈកម្មការ​ទំាង​ពីរ​នោះ​ជា​មនុស្ស​ជ្រើសរើស​ដោយ​លោក​ប្រធានាធិបតី​ផុតអណត្តិ​ហាមីត កាហ្សាយ។ ករណី​មួយ​ទៀត គឺ​ទាក់ទង​នឹង​ចំនួន​សន្លឹកឆ្នោត​ដែល​មាន​រហូត​ដល់​ទៅ​ជាង ២០លានសន្លឹក ពោល​គឺ​លើស​ជាង ៧លាន​សន្លឹក បើ​ធៀប​នឹង​ចំនួន​អ្នកចុះឈ្មោះ​បោះឆ្នោត​ដែល​មាន​តែ ១៥លាននាក់។

និង​៣ គឺ​ទាក់ទង​នឹង​បុគ្គល​លោក​ហាមីត កាហ្សាយ​ផ្ទាល់​ខ្លួន។ អ្វី​ដែល​គ្រប់​គ្នា​កំបុង​រង់ចំា​មើល​នោះ​គឺ​ថា តើ​លោក​កាហ្សាយ​នឹង​ចាកចេញ​ពី​អំណាច​ដោយ​សុចរិត ឬ​មួយ​ក៏​បន្ត​ដើរ​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​នៅ​ក្រៅ​វិមាន​ប្រធានាធិបតី​ទៅ​លើ​ប្រធានាធិបតី​ថ្មី​ដែល​ជា​មនុស្ស​របស់​លោក​នោះ។ ផ្ទុយ​ទៅ​វិញ តើ​លោក​កាហ្សាយ​អាច​នឹង​បន្ត​ធ្វើ​ការ​ជាមួយ​ប្រធានាធិបតី​ម្នាក់​ដែល​មិនមែន​ជា​មនុស្ស​របស់​ខ្លួន​ដែរ ឬ​យ៉ាង​ណា?។

សន្តិសុខ ជា​ប្រធានបទ​អាទិភាព​ចំពោះ​ប្រធានាធិបតី​ថ្មី

មាន​សំណុំរឿង​អាទិភាព​ជា​ច្រើន​ដែល​កំពុង​រង់ចំា​លោក​ប្រធានាធិបតី​ថ្មី។ តែ​ជា​បន្ទាន់​នៅ​ចំពោះ​មុខ គឺ​សន្តិសុខ។ តំាង​ពី​ក្រោយ​ការ​ផ្តួលរំលំ​របប​តាលីបង់​ក្នុង​ឆ្នំា ២០០១ មក និង​បើ​ទោះ​បី​ជា​មាន​វត្តមាន​កម្លំាង​អូតង់​ក៏​ដោយ ក៏​អំពើហិង្សា​បង្ក​ដោយ​ពួក​តាលីបង់​បាន និង​កំពុង​កើត​មាន​សឹង​តែ​រាល់​ថ្ងៃ។ ក្នុង​រយៈពេល ១៣ឆ្នំា​ចុង​ក្រោយ​នេះ អំពើហិង្សា​បាន​បណ្តាល​ឲ្យ​មាន​ជន​ស៊ីវិល​ស្លាប់ ១៦ ០០០នាក់ ទាហាន​បរទេស​ចម្រុះ​សាសន៍​ស្លាប់ ៣ ៥០០នាក់ ព្រម​ទំាង​ស្លាប់​ទាហាន​អាហ្វហ្កានីស្ថាន​ជា​ច្រើន​ពាន់នាក់​ផ្សេង​ទៀត។ នៅ​ក្នុង​បញ្ហា​សន្តិសុខ​នេះ ប្រធានាធិបតី​ថ្មី​ត្រូវ​តែ​ពង្រឹង​កម្លំាងជាតិ​ឲ្យ​បាន​លឿន ពោល​ឲ្យ​បាន​មុន​ការ​ដក​កម្លំាង​ទ័ព​អូតង់​ចេញ​នៅ​ដំណាច់​ឆ្នំា ២០១៤។

ក្រៅ​ពី​នោះ នៅ​មាន​បញ្ហា​អំពើពុករលួយ សិទ្ធិសេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ វិស័យ​តុលាការ និង​សិទ្ធិសេរីភាព​របស់​ស្រ្តី​ដែល​រដ្ឋាភិបាល​របស់​លោក​ហាមីត កាហ្សាយ​នៅ​មិន​ទាន់​បាន​ធ្វើ​ឲ្យ​ចម្រើន​ទេ ក្នុង​រយៈ​ពេល ១៣ឆ្នំា​កន្លង​ទៅ​នេះ។ យ៉ាង​ណា​ក៏​ដោយ គេ​ត្រូវ​រង់ចំា​រហូត​ដល់​ថ្ងៃទី២៤ មេសា​ទើប​ដឹង​លទ្ធផល​ដំបូង​នៃ​ការ​បោះឆ្នោត​ថ្ងៃ​នេះ។ បើ​គ្មាន​បេក្ខជន​ណា​ម្នាក់​ទទួល​បាន​សម្លេង​លើស​ពី ៥០% ទេ ការ​បោះឆ្នោត​ជុំទី២ នឹង​គ្រោង​រៀបបចំ​នៅ​ថ្ងៃទី២៨ ឧសភា​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ