អានតួអត្ថបទ
កូតឌីវ័រ

សហភាព​អឺរ៉ុប​សម្រេច​ដាក់​ទណ្ឌកម្ម​លើ​លោក​បាក់បូ​និង​មនុស្ស​ជំនិត

នៅថ្ងៃចន្ទ ២០​ ធ្នូ ២០១០​នេះ សហភាព​អឺរ៉ុប​បាន​សម្រេច​បញ្ចូល​ឈ្មោះ​លោក​បាក់បូ ព្រមទាំង​មនុស្ស​ជំនិត ១៨​នាក់ផ្សេង​ទៀត ទៅ​ក្នុង​បញ្ជីខ្មៅ ដែល​ត្រូវ​ហាមឃាត់​មិន​ឲ្យ​ធ្វើ​ដំណើរ​ចូល​ក្នុង​ទឹកដី​សហភាព​អឺរ៉ុប។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​កំពុង​ប្រជុំគ្នា ដើម្បី​សម្រេច​​បន្ត ឬមិនបន្ត​អាណត្តិ​កងរក្សា​សន្តិភាព នៅ​ក្នុង​ប្រទេស​កូតឌីវ័រ។

លោក​ឡូរ៉ង់ បាក់បូ (Laurent Gbagbo)
លោក​ឡូរ៉ង់ បាក់បូ (Laurent Gbagbo) ©Reuters
ផ្សាយពាណិជ្ជកម្ម

ការប្រឈមមុខគ្នា​រវាង​កូតឌីវ័រ​និង​អ.ស.ប.
05:44

បទវិភាគ​របស់ សេង ឌីណា

ក្រៅ​ពី​លោក​​ឡូរ៉ង់ បាក់បូ (Laurent Gbagbo) នៅ​មាន​មនុស្ស​ជំនិត​របស់​គាត់​ចំនួន ១៨​នាក់ផ្សេង​ទៀត ដែល​ត្រូវ​បាន​សហភាព​អឺរ៉ុប​ដាក់​ចូល​ក្នុង​បញ្ជីខ្មៅ។ ក្នុង​ចំណោម​នោះ ក៏​មាន​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ផងដែរ ដែល​ជា​អ្នក​បាន​​ប្រកាស​ឲ្យ​លោក​បាក់បូ​ឈ្នះឆ្នោត ដោយ​ផ្ទុយ​នឹង​លទ្ធផល​ប្រកាស​ដោយ​គណៈកម្មាធិការ​បោះឆ្នោត។​

កាល​ពីសប្តាហ៍មុន លោក​នីកូឡា សាកូហ្ស៊ី (Nicolas Sarkozy) បាន​ប្រកាសទុកពេល​​ត្រឹម​យប់ថ្ងៃ​អាទិត្យ ​​ឲ្យ​​​លោក​​​បាក់បូ​ចុះ​ចេញ​ពី​តំណែង ហើយ​ប្រគល់​អំណាច​ឲ្យ​ប្រធានាធិបតី​ជាប់ឆ្នោត​ថ្មី គឺ​លោក​អាឡាសាន វាត់តារ៉ា (Alassane Ouattara) ប្រសិន​បើ​មិន​ចង់​ជាប់ឈ្មោះ​ក្នុង​បញ្ជីខ្មៅ​សហភាព​អឺរ៉ុប។ ក៏ប៉ុន្តែ លោក​បាក់បូ​ មិន​បានរវីរវល់​នឹង​ឱសានវាទ​នេះ​ទេ។

ទណ្ឌកម្ម​ដែល​សម្រេច​ដោយ​សហភាព​អឺរ៉ុប​នេះ ចែកចេញ​ជា​ពីរផ្នែក។ ទី១ ​​​អ្នកដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​នឹង​ត្រូវ​ហាមឃាត់​មិនឲ្យ​ធ្វើ​ ដំណើរ​ទៅ​សហភាព​អឺរ៉ុប។ ទី២ ទ្រព្យសម្បត្តិ​​របស់​ពួកគេ​ ដែល​មាន​នៅបរទេស​នឹង​ត្រូវ​ផ្អាប់ទុក។ ក៏ប៉ុន្តែ នៅថ្ងៃ​ចន្ទនេះ សហភាព​អឺរ៉ុប​បាន​សម្រេច​ដាក់​តែ​ទណ្ឌកម្ម​ផ្នែក​​ទី១​សិន ដោយ​ទុក​ផ្នែក​ទី២ ដែល​​មាន​នីតិវិធី​ស្មុគស្មាញ​​ ទៅ​សម្រេច​នៅ​ពេលក្រោយ​វិញ។

រដ្ឋាភិបាល​អាមេរិក​បាន​ប្រកាស​ថា ខ្លួន​​ក៏​កំពុង​ពិចារណា​​​ក្នុង​ការ​ដាក់ទណ្ឌកម្ម​លើ​លោក​បាក់បូ​ដែរ។

នៅថ្ងៃ​ចន្ទ​នេះ​ ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប. កំពុង​ប្រជុំ​ ដើម្បី​សម្រេច​ថា តើ​ត្រូវ​បន្ត​អាណត្តិ​កងកម្លាំង​រក្សា​សន្តិភាព នៅ​ក្នុង​ប្រទេស​កូតឌីវ័រ​ទៀត​ឬ​ក៏យ៉ាងណា។ គួរ​បញ្ជាក់ថា អាណត្តិ​របស់​កងកម្លាំង​មួកខៀវ នៅ​កូតឌីវ័រ​ នឹង​ត្រូវ​​ផុត នៅថ្ងៃ​ទី​៣១ ធ្នូ ២០១០​ខាងមុខនេះ​ហើយ។

កាល​ពី​ថ្ងៃ​អាទិត្យ ម្សិលមិញ លោក​បាក់បូ បាន​ប្រកាស​បណ្តេញ​កងកម្លាំងមួកខៀវ និង​ទាហាន​បារាំង​ឲ្យ​ចេញ​ពី​កូតឌីវ័រ​ជាបន្ទាន់។ បើ​មិនដូច្នោះទេ កងទ័ព​ទាំងនេះ​នឹង​ត្រូវ​ចាត់ទុក​ជា​កងទ័ព​បរទេស ឈរជើង​ដោយ​ខុសច្បាប់ នៅ​កូតឌីវ័រ។ ក៏ប៉ុន្តែ អ.ស.ប. និង​រដ្ឋាភិបាល​បារាំង​បាន​ប្រកាស​បដិសេធ​ភ្លាមៗ មិន​ដកកងទ័ព​ចេញ​ពី​កូតឌីវ័រ​នោះទេ ហើយ​ថែមទាំង​​បាន​ព្រមាន​ទៀតផង​ថា អ្នក​ដែល​ហ៊ាន​ប៉ះពាល់​ដល់​កងទ័ព​មួកខៀវ អ្នកនោះ​​នឹង​ត្រូវ​​ទទួល​​ខុសត្រូវ។ រដ្ឋមន្រ្តី​ក្រសួងការបរទេស​បារាំង​ក៏​បាន​ព្រមាន​ផងដែរ​ថា កងទ័ព​បារាំង​មានសិទ្ធិ​ប្រើកម្លាំង​តបតវិញ ប្រសិន​បើ​​ទទួលរងការវាយប្រហារ​ណាមួយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ