អានតួអត្ថបទ
អាមេរិក-អង់គ្លេស-អេហ្ស៊ីប-រុស្ស៊ី

ធ្លាក់​យន្តហោះ​រុស្ស៊ី៖លោក​អូបាម៉ា និង​លោក​កាមេរ៉ូន​លើក​ឡើង​ពី​គ្រាប់បែក​ក្នុង​យន្តហោះ

៥ថ្ងៃ​ក្រោយ​ឧប្បត្តិហេតុ​ធ្លាក់​យន្តហោះ​រុស្ស៊ី​មួយ​គ្រឿង​ប្រភេទ Airbus A៣២១ នៅ​តំបន់​ស៊ីណៃ ក្នុង​ប្រទេស​អេហ្ស៊ីប​ដែល​បាន​​ផ្តាច់​ជីវិត​មនុស្ស​ទំាង ២២៤នាក់​មក គេ​នៅ​មិន​ដឹង​ជា​ផ្លូវការ​ពី​មូលហេតុ​នៃ​ការ​ផ្ទុះ​ធ្លាក់​យន្តហោះ​នោះ​នៅ​ឡើយ​ទេ។ ទន្ទឹម​គ្នា​នេះ លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា និង​លោក​នាយករដ្ឋមន្រ្តី​អង់គ្លេស​កាមេរ៉ូន​បាន​បញ្ជាក់​រួម​គ្នា​ជា​ចំហ​ពី​វត្តមាន​គ្រាប់បែក​ជា​យថាហេតុ​នៅ​ក្នុង​យន្តហោះ​នោះ។ តែ​រដ្ឋអំណាច​អេហ្ស៊ីប និង​រុស្ស៊ី​នៅ​បន្ត​បដិសេធ​ដោយ​បាន​ចាត់​ទុក​ការ​លើកឡើង​នោះ​ថា ជា​ការ​ក្រឡុកព័ត៌មាន។

លោក​ប្រធានាធិបតី​អាមេរិក អូបាម៉ា
លោក​ប្រធានាធិបតី​អាមេរិក អូបាម៉ា Reuters
ផ្សាយពាណិជ្ជកម្ម

រហូត​មក​ដល់​ថ្ងៃ​នេះ ព័ត៌មាន​ស្រពិចស្រពិល និង​ពាក្យ​ចចាមអារ៉ាម​ជុំ​វិញ​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​រុស្ស៊ី​មួយ​គ្រឿង​កាល​ពី ៥ថ្ងៃ​មុន​កំពុង​កើត​មាន​យ៉ាង​ផុសផុល។ តែ​សម្មតិកម្ម​ដែល​កំពុង​លេចឮ​ខ្លំាង​ជាង​គេ​នា​រយៈពេល​ចុង​ក្រោយ​នេះ គឺ​វត្តមាន​គ្រាប់បែក​នៅ​ក្នុង​យន្តហោះ​នោះ។ ខណៈ​នេះ គឺ​លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា និង​លោក​នាយករដ្ឋមន្រ្តី​អង់គ្លេស​ដាវីដ កាមេរ៉ូន​ផ្ទាល់​ខ្លួន​ដែល​បាន​លើក​ឡើង​ជា​ចំហ​ចំពោះ​សម្មតិកម្ម​ខាង​លើ។ « ខ្ញុំ​យល់​ឃើញ​​ថា អាច​មាន​គ្រាប់បែក​នៅ​ក្នុង​យន្តហោះ​នោះ ហើយ​យើង​កំពុង​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​យ៉ាង​ខ្លំាង​ចំពោះ​សម្មតិកម្ម​មួយ​នេះ » នេះ​ជា​ការ​ថ្លែង​របស់​លោក​អូបាម៉ា​នៅ​តាម​វិទ្យុអាមេរិកំាង​មួយ​នា​ថ្ងៃ​ព្រហស្បតិ៍ ទី៥ វិច្ឆិកា។ តែ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ លោក​អូបាម៉ា​ក៏​បាន​គូសបញ្ជាក់​ថា នៅ​មិន​ទាន់​មាន​ភស្តុតាង​អ្វី​ដែល​អាច​បញ្ជាក់​ជា​ផ្លូវការ​នៅ​ឡើយ​ទេ​ក្នុង​ពេល​នេះ។

ចំណែក​នៅ​ក្នុង​ទីក្រុង​ឡុងដ៏ ប្រទេស​អង់គ្លសេ​ដែល​លោក​ប្រធានាធិបតី​អេហ្ស៊ីប​អាល់ស៊ីស៊ី​បាន​បញ្ចប់​ទស្សនកិច្ច​ថ្ងៃ​នេះ លោក​នាយករដ្ឋមន្រ្តី​អង់គ្លេស​ដាវីដ កាមេរ៉ូន​ក៏​បាន​លើកឡើង​ពី​ព័ត៌មាន​ដែល​បញ្ជាក់​ថា អាច​មាន​គ្រាប់បែក​នៅ​ក្នុង​យន្តហោះ​នោះ ហើយ​វា​ជា​គ្រាប់បែក​របស់​ពួក​ភេរវជន។ ដោយឡែក កាសែត​អង់គ្លេស The Times បាន​អះអាង​នៅ​ថ្ងៃ​នេះ​ថា កិច្ចសន្ទនា​តាម​សារអេឡិចត្រូនិច​ដែល​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិកំាង និង​អង់គ្លេស​ចាប់​បាន​នំា​ឲ្យ​គេ​យល់​ថា មាន​គ្រាប់បែក​មួយ​គ្រាប់​ត្រូវ​បាន​ដាក់​បង្កប់​នៅ​ក្នុង​យន្តហោះ​នោះ។ The Times បាន​សរសេរ​បន្ត​ថា ខ្លឹមសារ​នៃ​កិច្ចសន្ទនា​តាម​សារអេឡិចត្រូនិច​ត្រូវ​បាន​ក្រុមអ្នកវិភាគ​យល់​បាន​ថា អ្នក​ដែល​បាន​ដាក់​បង្កប់​គ្រាប់បែក​នៅ​ក្នុង​យន្តហោះ គឺ​ជា​អ្នកដំណើរ​ម្នាក់ ឬ​មួយ​ក៏​ជា​អ្នកបម្រើ​ម្នាក់​នៅ​ក្នុង​យន្តហោះ​នោះ។

យ៉ាង​ណា​ក៏​ដោយ ការ​លើក​ឡើង​ពី​វត្តមាន​គ្រាប់បែក​នៅ​ក្នុង​យន្តហោះ​ត្រូវ​បាន​រដ្ឋអំណាច​អេហ្ស៊ីប និង​រុស្ស៊ី​បដិសេធ​ដោយ​អះអាង​ថា គេ​ត្រូវ​រង់ចំា​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​របស់​ក្រុមអ្នកជំនាញ​ដែល​កំពុង​សិក្សា វិភាគ​លើ​ប្រអប់ខ្មៅ​ទំាង​ពីរ​របស់​យន្តហោះ។ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៥ វិច្ឆិកា ទីក្រុង​មូស្គូ​ថែម​ទំាង​បាន​ចាត់​ទុក​សម្មតិកម្ម​លើក​ឡើង​កន្លង​មក​ថា ជា​ការ​ក្រឡុក​ព័ត៌មាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ