អានតួអត្ថបទ
សហភាពអឺរ៉ុប-អ៊ីស្រាអែល

អ៊ីស្រាអែល​ក្តៅក្រហាយ​អឺរ៉ុប​ដែល​បង្ខំ​ឲ្យ​បិទស្លាក​លើ​ផលិតផល​ដែល​ផលិត​ក្នុង​ដែនដី​អាណានិគម

នៅ​ថ្ងៃ​ពុធ ទី១១ វិច្ឆិកា គណៈកម្មការ​អឺរ៉ុប​បាន​បង្ខំ​ឲ្យ​មាន​ការ​បិទស្លាក​នៅ​លើ​ផលិតផល​ដែល​ផលិត​នៅ​ក្នុង​ដែនដី​អាណានិគម​គ្រប់គ្រង​ដោយ​អ៊ីស្រាអែល។ អ៊ីស្រាអេល​បាន​បញ្ចេញ​ប្រតិកម្ម​ភ្លាមៗ ដោយ​បាន​កោះហៅ​អ្នក​តំណាង​អឺរ៉ុប​នៅ​អ៊ីស្រាអែល​ទៅ​សួរនំា។ ទន្ទឹម​គ្នា​នេះ ប្រមុខ​ការទូត​អ៊ីស្រាអែល​ក៏​បាន​ចាត់​វិធានការ​មួយ​ចំនួន​ប្រឆំាង​អឺរ៉ុប​វិញ ពិសេស​ព្យួរ​កិច្ចសន្ទនា​ផ្លូវទូត​រវាង​អ៊ីស្រាអែល និង​អឺរ៉ុប។

អ៊ីស្រាអែល​ក្តៅក្រហាយ​អឺរ៉ុប​ដែល​បង្ខំ​ឲ្យ​បិទស្លាក​លើ​ផលិតផល​ដែល​ផលិត​ក្នុង​ដែនដី​អាណានិគម
អ៊ីស្រាអែល​ក្តៅក្រហាយ​អឺរ៉ុប​ដែល​បង្ខំ​ឲ្យ​បិទស្លាក​លើ​ផលិតផល​ដែល​ផលិត​ក្នុង​ដែនដី​អាណានិគម RFI/Nicolas Ropert
ផ្សាយពាណិជ្ជកម្ម

នៅ​ទីបំផុត និង​បន្ទាប់​ពី​បាន​លើក​ពេល​អស់​ជា​ច្រើន​ខែ​កន្លង​មក គណៈកម្មការ​អឺរ៉ុប​បាន​សម្រេច​ជា​ផ្លូវការ​ថា គ្រប់​ផលិតផល​ទំាង​អស់​ដែល​ផលិត​នៅ​ក្នុង​ដែនដី​អាណានិគម​គ្រប់គ្រង​ដោយ​អ៊ីស្រាអែល​នឹង​ត្រូវ​បិទស្លាក​របស់​ទីកន្លែង​ផលិត ពោល​ត្រូវ​ដាក់​ថា « ផលិត​ក្នុង​ដែនដី​អាណានិគម » គឺ​មិនមែន​ដាក់​ជា​លក្ខណៈ​ទូទៅ​ថា « ផលិត​ក្នុង​ប្រទេស​អ៊ីស្រាអែល » ទេ។ គួរ​រម្លឹក​ជូន​ថា ដែនដី​អាណានិគម​ស្ថិត​ក្នុង​ដែនដី​ប៉ាឡេស្ទីន តែ​កំពុង​គ្រប់គ្រង​ដោយ​អ៊ីស្រាអែល និង​ដែល​មាន​ផលិតផល​សម្រេច​ជា​ច្រើន ពិសេស​ផលិតកសិកម្ម​ត្រូវ​បាន​ផលិត​នៅ​ទីនោះ តែ​អ៊ីស្រាអែល​បាន​បិទស្លាក​ថា « ផលិត​ក្នុង​ប្រទេស​អ៊ីស្រាអែល »។

ការ​សម្រេចចិត្ត​របស់​អឺរ៉ុប​ពេល​នេះ​បាន​ទទួល​ប្រតិកម្ម​ភ្លាមៗ​ពី​អ៊ីស្រាអែល។ ទីក្រុង​ហ៊្សេរុយសាឡិម​បាន​ព្រមាន​ពី​ការ​ជះឥទ្ធិពល​អាក្រក់​​នៅ​ក្នុង​ទំនាក់ទំនង​រវាង​អ៊ីស្រាអែល និង​អឺរ៉ុប។ « អឺរ៉ុប​គួរ​តែ​ខ្មាស់អៀន​ខ្លួន​ឯង » នេះ​ជា​ការ​ថ្លែង​របស់​លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​បិនយ៉ាមីន នេតាន់យ៉ាហ៊ូ​នា​យប់​ថ្ងៃ​ពុធ ទី១១ វិច្ឆិកា។ ទន្ទឹម​គ្នា​នេះ និង​បន្ទាប់​ពី​បាន​កោះ​ហៅ​អ្នកតំណាង​អឺរ៉ុប​នៅ​អ៊ីស្រាអែល​ទៅ​សួរ​ដេញដោល​មក រដ្ឋាភិបាល​អ៊ីស្រាអែល​ក៏​បាន​ផ្សព្វផ្សាយ​សេចក្តី​ជូនដំណឹង​មួយ​ដោយ​បាន​សម្រេច​ព្យួរ​កិច្ចសន្ទនា​មួយ​ចំនួន​ជាមួយ​អឺរ៉ុប។

យ៉ាង​ណា​ក៏​ដោយ អឺរ៉ុប​បាន​បញ្ជាក់​ថា ការ​សម្រេច​ចិត្ត​របស់​ខ្លួន​ឲ្យ​មាន​ការ​បិទស្លាក​លើ​ផលិតផល​ពី​កន្លែង​ផលិត​របស់​វា គឺ​ក្នុង​គោលដៅ​ជូន​ព័ត៌មាន​ដល់​អតិថិជន​អឺរ៉ុប​ឲ្យ​បាន​ដឹង​ពី​ប្រភពដើម​របស់​ផលិតផល​នោះ ពោល​គ្មាន​គោលដៅ​នយោបាយ ឬ​មួយ​ក៏​ការ​អំពាវនាវ​ឲ្យ​ធ្វើ​ពហិការ​លើ​ផលិតផល​ដែល​ផលិត​ក្នុង​ដែនដី​អាណានិគម​នោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ