អានតួអត្ថបទ
អ៊ីរ៉ង់-រុស្ស៊ី

លោក​ប្រមុខ​ការទូត​រុស្ស៊ី​បាន​ទទួល​ជួប​ចរចា​ជាមួយ​សមភាគី​អ៊ីរ៉ង់ នៅ​ក្រុង​ម៉ូស្គូ

ក្រសួង​ការបរទេស​រុស្ស៊ី ក្នុង​សេចក្តីថ្លែងការណ៍ ឧទ្ទិស​ដល់​ជំនួប​ថ្ងៃ១៧ សីហា​នេះ ហៅ​អ៊ីរ៉ង់​ថា​ជា ដៃគូ​ដ៏​ជំនិត​របស់​ម៉ូស្គូ នៅ​តំបន់​ដើមបូព៌ា និង​បាន​ប្រកាស​ឲ្យ​ដឹង អំពី​ប្រធានបទ នៃ​ការ​ពិភាក្សា រវាង​រដ្ឋមន្ត្រី​ការបរទេស​ប្រទេស​ទាំង​ពីរ គឺ ជុំវិញ​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ និង ការ អភិវឌ្ឍន៍​តទៅ​ទៀត ទំនាក់ទំនង​ទ្វេភាគី ក្នុង​ផ្ទៃ​នៃ​កិច្ចព្រមព្រៀង ពាក់ព័ន្ធ​នឹង​កម្មវិធី​នេះ ដែល​មាន​សម្រេច​បាន នៅ​ក្រុង​វីយេន មួយ​ខែ​មុន។

លោកប្រមុខការទូតរុស្ស៊ីបានទទួលជួបចរចាជាមួយសមភាគីអ៊ីរ៉ង់ នៅក្រុងម៉ូស្គូ
លោកប្រមុខការទូតរុស្ស៊ីបានទទួលជួបចរចាជាមួយសមភាគីអ៊ីរ៉ង់ នៅក្រុងម៉ូស្គូ Reuters
ផ្សាយពាណិជ្ជកម្ម

ក្រសួង​ការបរទេស​រុស្ស៊ី កត់សម្គាល់​ថា កិច្ចចរចា​នៅ​ម៉ូស្គូ ថ្ងៃ១៧ សីហា​នេះ ធ្វើ​ឡើង គឺ​ក្នុង​បរិបទ​នៃ​ការ​ពិភាក្សា​ដើម្បី​ផ្តល់​សច្ចាប័ន ឲ្យ​បាន​រួច​ជា​ស្រេច​បាច់ ទៅ​ទល់​កណ្តាល ខែ​កញ្ញា​ខាង​មុខ ក្នុង​សមាជ​សភា​អាមេរិក ទៅ​លើ​ឯកសារ​អ៊ីរ៉ង់​នេះ​ដែល​ចុះ​បាន​ដូច​ចិត្ត ដោយ មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ខាង ពួកអ្នក​ការទូត​អាមេរិកាំង​ផង​ដែរ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​រុស្ស៊ី ថែម​ទាំង​បាន​លើក​យក​មក​និយាយ ការ​ព្រមាន​ធ្វើ​ដោយ លោក​ប្រមុខ​ការទូតស.រ.អា. John Kerry ទៅ​ពួកអ្នក​តែង​ច្បាប់​អាមេរិក​ថា បើ​គេ​ច្រាន​ចោល កិច្ចព្រមព្រៀង​អ៊ីរ៉ង់​នោះ គឺ​អាច​អូស ទាញ​អត្រា​ប្រាក់ដុល្លារ​អាមេរិក ឲ្យ​ចុះ​ថ្លៃ​តែ​ម្តង​។

ថ្លែង​ក្នុង​សន្និសីទ​កាសែត បន្ទាប់​ពី​កិច្ចចរចា​នេះ ទាំង​លោក រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី Serguei Lavrov ទាំង​លោក​រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់ Javad Zarif បាន​សំដែង​ដូច​គ្នា​នូវ​សេចក្តីសង្ឃឹម ថា កិច្ចព្រមព្រៀង​ដែល​មាន​ចុះ​នៅ​ក្រុង​វីយេន ថ្ងៃ១៤កក្កដា គង់​នឹង​ចូល​ជា​ធរមាន ពុំ​ខាន។ លោក​ប្រមុខ​ការទូតរុស្ស៊ី បាន​ឲ្យ​ដឹង​ថា នៅ​លើ​ផ្លូវ​នេះ គាត់​បាន​ពិភាក្សា​អំពី​ការ​ពង្រីក និង ស៊ីជម្រៅ សហប្រតិបត្តិការ​ពាណិជ្ជកម្ម សេដ្ឋកិច្ច ជាមួយ​អ៊ីរ៉ង់ សម្រាប់​ឆ្នាំ​២០១៥-២០១៨។

ទាក់ទង​នឹង​តំបន់​ដើមបូព៌ា លោក Lavrov បាន​ថ្លែង​ថា រុស្ស៊ី​និង​អ៊ីរ៉ង់ ប្រកាន់​គោលជំហរ​ដូច​គ្នា ចំពោះ​ដំណោះស្រាយ​ស្ថានការណ៍​វិបត្តិ​នៅ​តាម​ប្រទេស​តំបន់​នេះ បែប​យ៉ាង នៅ យេម៉ែន នៅ​លីប៊ី នៅ​អ៊ីរ៉ាក់ អាហ្វហ្កានីស្ថាន គឺ​ត្រូវ​ដោះស្រាយ ដោយ​គ្មាន ការ​លូកដៃ​ជ្រៀតជ្រែក​ពី​ក្រៅ និង​មិន​បាច់​មាន​ថ្នាំ​ផ្សំ​អ្វី​ណា​ជា​មុន សម្រាប់​ដំណោះស្រាយ​នេះ​ឡើយ។ អំពី​ដំណោះស្រាយ​ស្ថានការណ៍​នៅ​ស៊ីរី ប្រមុខ​ការទូត​រុស្ស៊ី គូស​បញ្ជាក់​ជា​ថ្មី​ពី គោលជំហរ ឥត​ប្រែប្រួល​របស់​ម៉ូស្គូ ដែល​ច្រាន​ចោល​ដាច់​អហង្ការ សម្តី​អារកាត់​ជា​មុន ដែល​ថា ក្នុង​អនាគត ប្រទេស​ស៊ីរី គឺ​គ្មាន​កន្លែង​ទេ សម្រាប់​លោក​ប្រធានាធិបតី Bashar all Assad។

គាត់​ថា​បញ្ហា​នេះ ជា​បុព្វសិទ្ធិ​សុទ្ធសាធ​របស់ ប្រជាជន​ស៊ីរី​ទាំង​មូល មិនមែន​របស់​ភាគី​ប្រឆាំង​ណា​មួយ​ឡើយ។ លោក​រដ្ឋមន្ត្រី​បរទេស​អ៊ីរ៉ង់ Javad Zarif ពី​ចំណែក​ខ្លួន បាន​សំដែង​អំណរគុណ ទៅ​កាន់ សមភាគី​រុស្ស៊ី ជា​មិត្ត​ដ៏​ជំនិត​របស់​អ៊ីរ៉ង់ គឺ លោក Lavrov ដែល​បាន​រួម​វិភាគទាន​កំណត់ ក្នុង​ការ ចុះ បាន​ជា​កិច្ចព្រមព្រៀង ជុំវិញ​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង ដែល​នឹង​នាំ​ទៅ​កាន់​ការ​លុប​ទៅ​វិញ ទណ្ឌកម្ម​អន្តរជាតិ​ប្រឆាំង​អ៊ីរ៉ង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ