អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ភេរវកម្មនៅ​អ៊ីស្តង់ប៊ូល ជម្រុញ​តួកគី ​និង​រុស្ស៊ី​ឲ្យ​ខិត​ជិត​គ្នា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

២ថ្ងៃ ​បន្ទាប់ពី​ភេរវកម្ម​អត្តឃាត ​ដ៏កាច​សាហាវ ​សម្លាប់​មនុស្ស​៤៣​នាក់ ​ដែល​បាន​កើតឡើង​នៅ​ទីក្រុង​ អ៊ីស្តង់ប៊ូល ​ប្រទេស​តួកគី ​ការ​ស៊ើបអង្កេត​ បាន​ផ្តល់​ពន្លឺ​ខ្លះៗ​ហើយ។ មនុស្ស​ជាង​២០នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ ជា​បន្តបន្ទាប់​ ដែល​ភាគ​ច្រើន​ជា​បណ្តាញ​បក្សពួក​របស់​ក្រុម​ជីហាដ​អ៊ីស្លាម​ មក​ពី​តំបន់​ឆេឆិន ​របស់​រុស្ស៊ី។ ស្ថានការណ៍ ​ហាក់បាន​ជម្រុញ​ឲ្យ​រដ្ឋាភិបាល​តួកគី ​និង​រុស្ស៊ី ​ខិត​មក​ចាប់​ដៃ​គ្នា​ឡើងវិញ ​ ព្រោះ​ពេល​នេះ ​តួកគី ​និង​រុស្ស៊ី ​មាន​សត្រូវ​រួម​តែមួយ ​គឺ​ពួក​ជីហាដ​អ៊ីស្លាម​តំបន់​ឆេឆិននី ​ ដែល​ជា​បក្សពួក​របស់​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម​ដែរ។

រូបថត​​ជនរងគ្រោះ​​ដោយ​​ភេរវកម្ម ​ដាក់​​តាំង​​នៅ​ព្រលាន​យន្តហោះក្រុង​អ៊ីស្តង់ប៊ូល
រូបថត​​ជនរងគ្រោះ​​ដោយ​​ភេរវកម្ម ​ដាក់​​តាំង​​នៅ​ព្រលាន​យន្តហោះក្រុង​អ៊ីស្តង់ប៊ូល Reuters
ផ្សាយពាណិជ្ជកម្ម

ជនដៃដល់​ ជាជីហាដ​មកពី​តំបន់​កូកាស ​រុស្ស៊ី៖

កាល​ពី​ល្ងាច​ថ្ងៃ​ទី៣០​ មិថុនា  ​នគរបាល​តួកគី ​ បាន​កំណត់​ពី​អត្តសញ្ញាណ​របស់​ជន​ដៃដល់​ទាំង​៣នាក់​ ដែល​បាន​ដាក់​គ្រាប់​បែក​បំផ្ទុះ​សម្លាប់​ខ្លួន ​​នៅ​ព្រលាន​យន្តហោះ។ ក្នុង​ចំណោម​ជន​ទាំង៣​នាក់​នេះ ​​ គឺ​សុទ្ធតែ​មក​ពី​តំបន់​កូកាស​ទាំងអស់ ​គឺ​ម្នាក់​ជា​ជនជាតិ​រុស្ស៊ី ​ម្នាក់​មក​ពី​តំបន់​ឆេឆិននី​ និង​ម្នាក់ទៀត​ជា​ជនជាតិ​កៀកហ្ស៊ីស្ថាន។

នរគបាលតួកគី ​បាន​ឆែកឆេរ​កន្លែង​លាក់ខ្លួន​មួយ​កន្លែង​របស់​បណ្តាញ​ជនដៃដល់ ​នៅ​អ៊ីស្តង់ប៊ូល ​ ដោយ​បាន​រកឃើញ​លិខិត​ឆ្លងដែន​រុស្ស៊ី​មួយ ​របស់​ជនដៃ​ដល់​ឈ្មោះ ​Osman Vadinov ​ដែល​មាន​ដើម​កំណើត​ នៅ​តំបន់​ Daghestan ​ភាគ​ខាង​ត្បូង​រុស្ស៊ី ​ដែល​ជា​តំបន់​សម្បូរ​អ្នក​កាន់​សាសនា​អ៊ីស្លាម។ ជន​នេះ​បាន​ចូល​មក​តួកគី ​កាល​ពី​ខែមុន ​ហើយ​កាល​ពី​ឆ្នាំ​២០១៥ ​ជននេះ ​ធ្លាប់​បាន​ចេញ​ចូល​ទៅ​តំបន់​រ៉ាខា ​នៅ​ស៊ីរី ​ ដែលជា​ទីតាំង​ធំ​របស់​ពួក​ជីហាដ​អង្គការ​រដ្ឋអ៊ីស្លាម​ទៀតផង។
 

រូបភាព​ជនដៃដល់​ជាភេរវករ​ជីហាដ​ទាំង៣នាក់ ប៉ុន្មាន​ម៉ោង​​មុនធ្វើ​ភេរវកម្ម​នៅ​ព្រលាន​យន្តហោះ​ ក្រុ​ង​​អ៊ីស្តង់ប៊ូល​ ថ្ងៃ​​ទី​២៨ មិថុនា ២០១៦
រូបភាព​ជនដៃដល់​ជាភេរវករ​ជីហាដ​ទាំង៣នាក់ ប៉ុន្មាន​ម៉ោង​​មុនធ្វើ​ភេរវកម្ម​នៅ​ព្រលាន​យន្តហោះ​ ក្រុ​ង​​អ៊ីស្តង់ប៊ូល​ ថ្ងៃ​​ទី​២៨ មិថុនា ២០១៦ Haberturk Newspaper/Handout via REUTERS TV

សរុប​មកដល់​ថ្ងៃ​សុក្រ ​ទី១ កក្កដា​ គេបាន​ចាប់​មនុស្ស​១១នាក់​បន្ថែម​ទៀត ​ដែល​សុទ្ធ​ជា​ជនសង្ស័យ​ជាប់ពាក់ព័ន្ធ ​ក្នុង​បណ្តាញ​របស់​ពួក​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម។ បណ្តាញ​ពួកនេះ ​ មាន​លាយ​ឡំ​គ្នា ​ដោយ​មាន​ភាគច្រើន​ជា​ជនជាតិ​តួកគី ​តែ​ក៏​មាន​ពួក​ជីហាដ​ដែល​មាន​ប្រភព​មក​ពី​តំបន់​កូកាស​រុស្ស៊ី​ដែរ។ ហើយ​ករណី​ភេរវកម្ម​ ដែល​ជា​ស្នាដៃ​របស់​ជន​ជីហាដ​មក​ពី​តំបន់​កូកាស​រុស្ស៊ីនេះ​ មិនមែន​ជា​លើក​ទីមួយ​ទេ​នៅ​តួកគី។  លោក​នាយករដ្ឋមន្ត្រី​តួកគី ​បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា ​ភេរវកម្ម​កាលពី​ថ្ងៃ​ទី​ ២៨​ មិថុនា​ ​គឺ​ពិត​ជា​ស្នាដៃ​របស់​ក្រុម​ជីហាដ​អង្គការ​រដ្ឋអ៊ីស្លាម។

ក្រុម​ជីហាដ​អង្គការ​រដ្ឋអ៊ីស្លាម​ មិន​បានចេញ​មុខ​​មក​ទទួលស្គាល់៖
ភេរវកម្ម​ថ្ងៃទី​២៨​មិថុនា ​នៅ​ព្រលាន​យន្តហោះ​អ៊ីស្តង់ប៊ូល​ មិន​ត្រូវ​បាន​ក្រុម​ជីហាដ​អង្គការ​រដ្ឋអ៊ីស្លាម​ប្រកាស​ទទួល​ស្គាល់ទេ។ និយាយ​ទៅ ​ក្រុម​នេះ​មិន​ដែល​ប្រកាស​ទទួល​ស្គាល់ ​ពី​សកម្មភាព​ភេរវកម្ម​របស់​ពួកវា​នៅ​តួកគី​ទេ។ ​បើ​គិត​ពី​ដើម​ឆ្នាំ​២០១៥​មក ​មាន​ភេរវកម្ម​កើតឡើង​នៅ​តួកគី ​ដល់ទៅ​៥០​ករណី​ឯណោះ ​តែ​មិនដែល​មាន​លើក​ណា ​ដែល​ក្រុម​ជីហាដ​អង្គការរដ្ឋ​អ៊ីស្លាម​នេះ​ ចេញ​មុខ​មក​ទទួល​ស្គាល់​ទេ។ ពោល​គឺ​វា​ខុស​គ្នា​ ពី​ករណី​ភេរវកម្ម ​នៅ​បារាំង ​នៅ​អាមេរិក ​ ​រឺនៅ​បែលហ្ស៊ិក ​ដែល​មិនត្រឹម​តែ​ក្រុមពួក​នេះ​ប្រកាស​ទទួល​ស្គាល់​ទេ ​តែ​ជន​ដៃដល់​ខ្លួនឯង ​បាន​ថត​រូប​បង្ហោះ​តាម​ហ្វេសប៊ុក​ទៀត។

ដើម្បី​យល់​ពី​ភាព​ខុសគ្នា​នេះ ​យើង​ត្រូវ​យល់​ថា ​ ភេរវកម្ម​នៅ​តួកគី ​និង​នៅ​ប្រទេស​ផ្សេង ​ គឺ​មាន​កម្មវត្ថុ​ខុសគ្នា។​​នៅ​អឺរ៉ុប​ រឺ​ប្រទេស​ណា​ៗ​ទៀត ​ ភេរកម្ម​ដែល​ជា​ស្នាដៃ​របស់​ពួក​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម​ គឺ​ដើម្បី​បង្ករ​ការ​ភ័យខ្លាច ​ដើម្បី​វាយ​ប្រហារ​សិទ្ធិ​សេរីភាព ​និង​របៀប​រស់នៅ​របស់​លោក​សេរី ​ ហើយ​កម្មវត្ថុ​ចំបង​មួយ​ទៀត​គឺ ​ដើម្បី​ផ្សាយ​ពាណិជ្ជកម្ម ​ឃោសនា​ពី​ចលនា​ប្រយុទ្ធ​របស់​ពួកវា ​ថា​ខ្លាំង​កំរិត​ណា ​ដើម្បី​ទៅ​អូសទាញ​យុវជន​រឺ​អ្នក​កាន់​សាសនា​អ៊ីស្លាម​ នៅតាម​ប្រទេស​ទាំង​នោះ។

ដោយឡែក ​ភេរវកម្ម​នៅ​តួកកី ​ មិន​ថា​លើក​នេះ​រឺ​លើក​មុនៗ​ទេ ​គឺ​ពួក​ជីហាដ​អង្គការរដ្ឋ​អ៊ីស្លាម​នេះ ​មាន​ចេតនា​សងសឹក​តែ​មួយ​មុខ​គត់​ទៅលើ​រដ្ឋាភិបាល​តួកគី។ ទីមួយ​សងសិក ​ទី​ពីរ​បំភ័យ ​ដើម្បី​កុំ​ឲ្យ​តួកគី​លូកដៃ​ចូល​ជា​មួយ​ប្រទេស​មហាអំណាច​ផ្សេងៗ ​ដែល​មាន​បំណង​កម្ទេច​បណ្តាញ​ពួកវា។ ដូច្នេះ​ ក្រុម​ជីហាដ​អង្គការ​រដ្ឋអ៊ីស្លាម ​ប្រើ​យុទ្ធសាស្ត្រ​ផ្សេង ​ដើម្បី​បំភ័យ​រដ្ឋាភិបាល​តួកគី ​ តែ​ពួក​វា​ក៏ត្រូវ​ប្រយ័ត្ន​ដែរ ​ ក្នុង​ការ​បិទ​ព័ត៌មាន​ឲ្យ​បានជិត ​ដើម្បី​កុំ​ឲ្យ​បណ្តាញ​ពួក​វា​មាន​គ្រោះថ្នាក់។ ចូរ​យើង​កុំភ្លេច​ថា ​តួកគី​ គឺ​ជា​ដែនដី​សំបុក​របស់​ពួក​ជីហាដ​នេះ​តែម្តង។ តួកគី​ជា​កន្លែង​បណ្តុះបណ្តាល ​ជា​កន្លែង​ឆ្លងកាត់​របស់​ពួក​ជីហាដ។ ដូច្នេះ ​លាក់​ឲ្យ​ជិត​កាលណា ​ល្អ​កាលហ្នឹង។ ហើយ​តាម​រយៈ​ភេរវកម្ម​បំភ័យ​ទាំងនេះ ​ក្រុម​នគរបាល​សម្ងាត់​តួកគី ​ពិត​ជា​ត្រូវតែ​ចរចា​ជាមួយ​ក្រុម​ជីហាដ ​ដើម្បី​ទុកផ្លូវ​ឲ្យ​គ្នា​ដើរ​ទៅ​វិញ​ទៅ​មក ​ មិនខាន។

តួកគី​ភ្លឺភ្នែក​ ប្រកាស​សង្រ្គាម ​ជាមួយ​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម៖
ច្រើន​ឆ្នាំ​មកនេះ​ នរណា​មិនដឹង​ថា ​អាជ្ញាធរ​តួកគី​ ជា​ពិសេស​នគរបាល​ចារកិច្ច​តួកគី ​បាន​បើកដៃ​ឲ្យ​ពួកជីហាដ​ធ្វើ​សកម្មភាព​តាម​ចិត្ត? ​នយោបាយ​របស់​លោក​អ៊ែកដូហ្កាន់ ​គឺ​ចង់​ខ្ចី​ដៃ​ពួក​ជីហាដ​នេះ ​ទៅ​សម្លាប់​របស់​បាស្ឆា ​អាល់​អាសាដ​នៅ​ស៊ីរី។ ក៏​ប៉ុន្តែ ​ទាំង​ក្រុម​ជីហាដ​អង្គការដ្ឋ​អ៊ីស្លាម ​ទាំង​រដ្ឋាភិបាល​តួកគី ​ គ្មាន​អ្នកណា​ទុក​ចិត្ត​អ្នក​ណាទេ​។

ក៏​ប៉ុន្តែ ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ​យើង​សង្កេត​ឃើញ​រដ្ឋាភិបាល​តួកកី ​ហាក់​បែរក្បាល​មក​ខាង​សម្ព័ន្ធមិត្ត​ដើម្បី​វាយ​កម្ទេច​ក្រុម​ជីហាដ​វិញ ​ដោយសារ​ទីមួយ​ចង់​លាង​មុខ​មាត់ ​ព្រោះគេ​ដឹង​ពី​ពុតត្បុត​អស់​ហើយ ​ហើយ​មួយទៀត​ក៏​គ្មាន​ជំរើស​ដែរ​ ព្រោះ​មាន​ជន​អន្តោប្រវេសន៍​មក​ពី​ស៊ីរី​ច្រើនពេក​ ហើយ​ត្រូវ​សហគម​អន្តរជាតិ​ស្តី​បន្ទោស​ទៀត។

អញ្ចឹង​ជា​សរុប​មក ​ភេរវកម្ម​នេះ ​គឺ​វា​ប្រាដក​ណាស់ ​ថា​ ក្រុម​ជីហាដ​អង្គការដ្ឋ​អ៊ីស្លាម ​បាន​ធ្វើ​ដើម្បី​សងសិក​តួកគី។ ហើយ​យើង​អាច​សំគាល់​បាន​ដែរ ​ថា​អំណេះ​តទៅ ​រដ្ឋាភិបាល​តួកគី ​បាន​ប្រកាស​សង្រ្គាម​ជាមួយ​ក្រុម​ជីហាដ​អង្គការដ្ឋ​អ៊ីស្លាម​ជា​ចំហរ​ដែរ​ ព្រោះ​នេះ​ជា​លើក​ទីមួយ​ហើយ ​ ដែល​គេ​បាន​ប្រកាស​ថាវា​ជា​ស្នាដៃ​របស់​ពួកនេះ។ លើក​មុនៗ​ក៏​គេ​ដឹង​ដែរ​ តែ​គ្រាន់តែ​គេ​មិន​និយាយ​ជា​ផ្លូវការ។
 

រុស្ស៊ី និង តួកគី៖ ​សត្រូវ​របស់​សត្រូវ​អញ្ញ  ​គឺជា​មិត្ត​របស់​អញ្ញ
ដូចយើង​ដឹង​ហើយ ​រុស្ស៊ី​និង​តួកគី ​មើល​មុខ​គ្នា​មិន​ត្រង់​ទេ​កន្លង​មក ​ដោយសារ​រឿង​ក្រុម​ជីហាដ​អង្គការរ​ដ្ឋអ៊ីស្លាម​នេះឯង។ តែ​ពេល​នេះ ​អ្នក​ទាំង​ពីរ​បាន​ខិត​មក​ជិត​គ្នា ​ព្រោះ​អ្នក​ទាំងពីរ​មាន​សត្រូវ​រួមគ្នា។ គេ​ថា ​សត្រូវ​របស់​សត្រូវ​អញ្ញ ​គឺ​ជា​មិត្ត​របស់​អញ្ញ ​ ​គឺ​មិន​ខុស​ទេ។ គ្រាន់តែ​មាន​ភេរវកម្ម​ភ្លាម ​ លោក​ពូទីន​ ​បាន​ទូរស័ព្ទ​ទៅ​និយាយ​ជា​មួយ​លោក​អ៊ែរដូហ្កាន់ ​ដើម្បី​រំលែក​ទុក្ខ ​ ហើយ​សន្យា​ចាប់ដៃ​ជា​មួយ​តួកគី​ទៀត។ វាជា​រឿង​មិន​ស្មាន​ដល់​ទេ ​ព្រោះ​ប៉ុន្មាន​ខែ​មុន​នេះ ​មេដឹកនាំ​ទាំង​ពីរ​នេះ ​ ផ្លែផ្កា​ដាក់​គ្នា​សំបើម​ណាស់។

ភ្លាមៗ​នោះ​ដែរ ​រដ្ឋាភិបាល​រុស្ស៊ី​ បាន​សម្រេច​លប់​ចោល​ទណ្ឌកម្ម​លើ​តួកគី ​ដោយ​បាន​អនុញ្ញាតិ ​ ឲ្យ​មាន​លក់​សំបុត្រ​ទេសចរណ៍​ទៅលេង​តួកគី ​នៅក្នុង​ប្រទេស​រុស្ស៊ី​ឡើងវិញ។ ហើយថ្ងៃ​សុក្រ​នេះ​ទៀត ​ លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​​ បាន​ជួប​ជាមួយ​លោក​រដ្ឋមន្ត្រី​ការបរទេស​តួកគី ​ដើម្បី​ពិភាក្សាគ្នា​ រក​យុទ្ធសាស្ត្រ​កម្ទេច​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម។ ក្រុម​ដែល​រៀបចំ​ភេរវកម្ម ​ថ្ងៃ​ទី​២៨ ​មិថុនា ​អាច​ជា​ក្រុម​អ៊ីស្លាម​ជីហាដ ​ដែល​មាន​ប្រភព​ចេញ​ពី​តំបន់​កូកាស​រុស្ស៊ី ​ហើយ​ត្រូវ​ក្រុម​ជីហាដ​អង្គការរដ្ឋ​អ៊ីស្លាម​អូសទាញ ​ដើម្បី​ខ្ចី​ដៃ​សម្លាប់​មនុស្ស​នៅ​តួកគី។

រុស្ស៊ី​បារម្ភ​ណាស់​រឿង​ចលនា​អ៊ីស្លាម​ជ្រុល​និយម​ នៅ​តំបន់​កូកាស​នេះ ​ដូច្នេះ​ហើយ​ បាន​ជា​រុស្ស៊ី​ប្រឹងប្រែង​ប្រយុទ្ធ​នៅ​ដើម​បូព៌ា ​ដើម្បី​កម្ទេច​ឥទ្ធិពល​ពួក​អ៊ីស្លាម​ជ្រុល​និយម​ កុំឲ្យ​វា​រីករាល​ដាល​ដល់​តំបន់​ឆេឆិនី​របស់​រុស្ស៊ី។ តួកគី ​ក៏​អញ្ចឹង​ដែរ​ មក​ដល់​តំណាល់កាល​នេះ ​ តួកគី​មិន​អាច​លង់​ខ្លួន​ទៅ​ឲ្យ​ជ្រៅ​ជាង​នេះបាន​ទេ។ តួកគី​ត្រូវ​តែ​រកវិធី ​ដើម្បី​ដោះដៃ​ចេញ​ពី​ក្រុម​ជីហាដ​អង្គការ​រដ្ឋអ៊ីស្លាម​ឲ្យ​បាន ​ ទោះ​បី​ជាត្រូវ​ ចំណាយ​ប៉ុណ្ណា​ក៏ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ