អានតួអត្ថបទ
បារាំង-ភេរវកម្ម

ភេរវកម្ម​ទីក្រុង​នីស គឺជា​អំពើ​ព្រៃផ្សៃ​ថោកទាប យ៉ាង​ងងិត​ងងុល

ភ្លាមៗ ​ក្រោយ​ហេតុការណ៍​ភេរវកម្ម​ដ៏​សាហាវ​ព្រៃផ្សៃ ​នៅ​ទីក្រុង​នីស ​ប្រតិកម្ម​ថ្កោលទោស ​ បាន​ចេញ​ជា​បន្តបន្ទាប់ ​ពី​ថ្នាក់​ដឹកនាំ​បរទេស​នានា ​មិន​ថា​នៅ​អឺរ៉ុប ​ អាស៊ី ​ និង​តាម​បណ្តា​ប្រទេស​តំបន់​អារ៉ាប់​ នៅ​មជ្ឈឹមបូព៌ា។ គ្រប់គ្នា​បាន​ថ្កោលទោស​អំពើ​ភេរវកម្ម​នេះ ​ថា​ជា​អំពើ​ថោកទាប ​និង​កំសាក​បំផុត។ ដូចគ្នា​ដែរ​ ប្រទេស​ទាំងអស់​បាន​បញ្ជាក់​ពី ​ ការ​សាមគ្គី​ជា​មួយ​ប្រទេស​បារាំង ​ក្នុង​ការ​បោស​សំអាត​អំពើ​ភេរវកម្ម ​ឲ្យខាង​តែ​បាន។

មនុស្សម្នា​​នាំគ្នា​​យក​ផ្កាទៅ​​រំលឹក​វិញ្ញាណ​ខន្ធអ្នក​ស្លាប់ នៅ​ទីក្រុង​នីស ថ្ងៃ​ទី​១៥ កក្កដា ២០១៦
មនុស្សម្នា​​នាំគ្នា​​យក​ផ្កាទៅ​​រំលឹក​វិញ្ញាណ​ខន្ធអ្នក​ស្លាប់ នៅ​ទីក្រុង​នីស ថ្ងៃ​ទី​១៥ កក្កដា ២០១៦ REUTERS/Pascal Rossignol
ផ្សាយពាណិជ្ជកម្ម

“អំពើភេរវកម្ម​នៅ​ទីក្រុង​នីស ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី​ ១៤​ កក្កដា ​គឺ​ជា​អំពើ​ថោកទាប​ព្រៃផ្សៃ ​ហើយ​ដែល​វា​ផ្ទុយ​ស្រលះ​ពី​ទ្រឹស្តី​ដ៏​ផូរផង់​នៃ​សាសនា​អ៊ីស្លាម”។ ​នេះគឺ​ជា​ពាក្យ​ធ្ងន់ៗ​ ដែល​វិទ្យាស្ថាន​ជាន់​ខ្ពស់​សាសនា​អ៊ីស្លាម​ស៊ុនីត ​បាន​ធ្វើ​សារ​ផ្ញើរជូន​រដ្ឋាភិបាល​បារាំង។

វិទ្យាស្ថាន​ដែល​មាន​ទីតាំង​នៅ​ទីក្រុង ​គែរ ​ប្រទេស​អេហ្ស៊ីប​នេះ ​ គឺ​ជា​សកលវិទ្យាល័យ ​និង​ជា​ទី​ប្រជុំ​ផ្សព្វផ្សាយ​ទ្រឹស្តី ​នៃ​សាសនា​អ៊ីស្លាម​និកាយ​ស៊ុនីត ​ដ៏ធំ​និង​មាន​ឥទ្ធិពល​ជាង​គេ​បង្អស់ ​ក្នុង​ពិភពលោក។ ក្នុង​សារ​ថ្លែងថ្កោល​ទោស​នេះ ​ បាន​បញ្ជាក់​ទៀត​ថា ​ វា​គឺ​​ជារឿង​ចាំបាច់ ​និង​បន្ទាន់​បំផុត ​ ដែល​ពិភពលោក​ទាំង​មូល ​ត្រូវ​ខិតខំ​ប្រឹងប្រែង​ពួត​ដៃ​គ្នា ​ ដើម្បី​បោសសំអាត​អំពើ​ភេរវកម្ម​ទាំងអស់​នេះ​ ឲ្យ​វិនាស​ពី​ពិភពលោក​យើង។

 
ប្រទេស​ធំៗ​នៅក្នុង​ពិភព​អារ៉ាប់​ស៊ុនីត ​ មាន​អារ៉ាប៊ីសាអូឌីត ​ អេហ្ស៊ីប ​ និង​អេមៀរ៉ាត់ អារ៉ាប់រួម ​ ម្នាក់ៗ​សុទ្ធតែ​បាន​ថ្លែង​សារ​ថ្កោលទោស​ទៅ​លើ​អំពើ​ភេររវកម្ម ​ដែល​បាន​កើតឡើង​ជាថ្មី​ម្តងទៀត ​ក្នុង​ទឹកដី​បារាំង។ គ្រប់គ្នា​សុទ្ធតែ​បាន​អះអាង​បញ្ជាក់​ថា ​បារាំង​គឺ​ជាមិត្ត ​ហើយ​ពេល​នេះ​ចំណង​មិត្តភាព​នេះ ​នឹង​កាន់​តែ​រឹងមាំ ​ដោយ​ពួកគេ​សន្យា ​ពួតដៃ​គ្នា​ជា​មួយ​បារាំង ​ ដើម្បី​ចូលរួម​សហការ ​ប្រយុទ្ធ​ប្រឆាំង​នឹង​បណ្តាញ​ភេរវកម្ម​អ៊ីស្លាម ​ឲ្យខាង​តែបាន។

ចំណែក​សម្តេច​ប៉ាប ​ហ្រ្វង់ស័រ ​ប្រមុខ​សង្ឃ​កាតូលិក ​បាន​ថ្លែង​ថា ​អំពើ​ភេរវកម្ម​ដ៏​យង់ឃ្នង​ហួស​និស្ស័យ​នេះ ​ គឺ​ជា​អំពើ​ហិង្សា​ដ៏សែន​ងងឹង​ងងុល ​ជាទី​បំផុត។

ដោយឡែក​ ក្រុម​ប្រទេស​អាស៊ី ​និង​អឺរ៉ុប​ ទាំង​៥១​ប្រទេស​ដែល​កំពុង​តែ​ជួប​ប្រជុំ​គ្នា ​នៅ​ទីក្រុង​អ៊ូឡង់បាទ័រ​ ប្រទេស​ម៉ុងហ្គោលី ​បាន​រួមគ្នា​ធ្វើ​សេចក្តី​ប្រកាស​មួយ​នៅ​ថ្ងៃ​ទី​ ១៥​កក្កដា​នេះ ​ ដើម្បី​ថ្កោសទោស​ទៅ​លើ​អំពើ​ភេរវកម្ម​នេះ ​ហើយ​សូម​ចូលរួម​ចំណែក​រំលែកទុក្ខ​ដល់​ប្រទេស​បារាំង។ ក្រុម​ប្រទេស​ទាំង​៥១​ ​ក៏បាន​បញ្ជាក់​ជា​ថ្មី​ម្តងទៀត ​អំពី​សារៈសំខាន់​ នៃ​ការ​សហការ​គ្នា​ឲ្យ​កាន់​តែ​ប្រសើរ ​ ក្នុង​ការ​បោស​សម្អាត​បណ្តាញ​ភេរវកម្ម​អន្តរជាតិ​ ព្រោះថា​បារាំង​មិនមែន​ជា​ប្រទេស​រងគ្រោះ​តែ​ម្នាក់ឯង​ទេ។ គ្រប់​បណ្តា​ប្រទេស​ទាំង​អស់ ​មិនថា​នៅ​អឺរ៉ុប ​ នៅ​អាហ្រិក ​ ​រឺនៅ​អាស៊ី​ គឺ​សុទ្ធសឹង​តែ​ប្រឈមមុខ​នឹង​អំពើ​ភេរវម្ម ​របស់​ពួក​ជីហាដ​អ៊ីស្លាម​ជ្រុល​និយម​ទាំងអស់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ