អានតួអត្ថបទ
បារាំង-ភេរវកម្ម

ក្រោយ​ភេរវកម្ម បារាំង​ប្រកាស​បន្ត​ស្ថានភាព​អាសន្ន​ថែម​៣ខែ​ទៀត

ភេរវកម្ម​នៅក្នុង​ប្រទេស​បារាំង​ គឺ​ជា​រឿង​មួយ​ដែល​គេ​ព្រួយ​បារម្ភ ​និង​ខ្វាយខ្វល់​ជា​ប្រចាំ។ ជាក់ស្តែង​ដូចជា​កាលពី​ក្នុង​កំឡុង​ពេល​រៀបចំ​ការ​ប្រកួត​បាល់ទាល់​អឺរ៉ូ​២០១៦ ​ដែល​បារាំង​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ ទីបំផុត ​គឺ​ថ្ងៃ​បុណ្យ​ជាតិ​បារាំង  ​យប់ថ្ងៃ​ទី​១៤ ​ កក្កដា ​ដែល​ប្រទេស​បារាំង​ទាំង​មូល​បាន​អបអរ ​ ជាមួយ​នឹង​ការ​ប្រគុំតន្ត្រី ​ ការ​បាញ់​កាំជ្រួច​នៅ​តាម​ទីក្រុង​ធំៗ​នានា ​ដែល​ត្រូវ​បាន​រងគ្រោះ​ដោយ​អំពើ​ភេរវកកម្ម​ យ៉ាង​សាហាវ​ព្រៃផ្សៃ​ជាទី​បំផុត។ គ្រាន់តែ​បាន​ដំណឹង​ពី​ភេរវកម្ម​ភ្លាម ​ លោក​ប្រធានាធិបតី​បារាំង​ បាន​ធ្វើ​សន្ទរកថា ​ទាំង​កណ្តាល​អាធ្រាត្រ ​ដើម្បី​ថ្លែងសារ​ទៅ​កាន់​ប្រជាជាតិ​បារាំង​ទាំងមូល។

លោក François Hollande ធ្វើដំណើរចេញពី ​វិមាន​ប្រធានាធិបតី​ ដើម្បី​ទៅ​​ទីក្រុង​ Nice កន្លែង​​កើតហេតុ
លោក François Hollande ធ្វើដំណើរចេញពី ​វិមាន​ប្រធានាធិបតី​ ដើម្បី​ទៅ​​ទីក្រុង​ Nice កន្លែង​​កើតហេតុ REUTERS/Philippe Wojazer
ផ្សាយពាណិជ្ជកម្ម

ប្រសាសន៍​លោក ហ្វ្រង់ស័រ ហូឡង់ ប្រធានាធិបតី​បារាំង៖

 
“បារាំង​មាន​ទុក្ខ​ជា​ទំងន់ ​ក្រោយ​ហេតុការណ៍​ដ៏​អកុសល​ថ្មី​នេះ  ​បារាំង​ទាំងមូល​ក្តុកក្តួល​រន្ធត់ចិត្ត ​បន្ទាប់​ពីបាន​រង​នូវ​អ្វី​ដែល​ទើប​តែ​កើត​ឡើង​នេះ។​ ភាព​ព្រៃផ្សៃ ​ឃោរឃៅ​របស់​ឃាតករ ​ដែល​បាន​ប្រើ​រថយន្ត​Camion ​ជា​ឧបករណ៍​ដើម្បី​សម្លាប់ ​គឺ​វា​បាន​តាំងចិត្ត​បើក​មក​ស្លាប់ ​ មនុស្ស​ស្លូតត្រង់​រាប់​សិប​អ្នក​ ​ដែល​ពួកគេ​​មក​កម្សាន្ត​នៅ​ថ្ងៃ​បុណ្យ​ជាតិ ​១៤ កក្កដា។ បារាំង​មានទុក្ខ ​ តែ​បារាំង​មិន​តក់ស្លុត ​បារាំង​នៅ​តែ​ខ្លាំង​ដដែល ​ខ្ញុំ​ហ៊ាន​ធានា​ថា​បារាំង​រឹតតែ​ក្លាហាន ​ដើម្បី​តាម​កម្ចាត់​ពួក​មនុស្ស​មាន​ចិត្ត​ជា​សត្វ​តិរិច្ឆាន​ទាំងនោះ។
 
ទីក្រុង​Nice​ បាន​រង​ការ​វាយ​ប្រហារ​ភេរវកម្ម​នា​ពេល​នេះ​ តែ​គឺ​បារាំង​ទាំងមូល ​ដែល​កំពុងតែ​ប្រឈមមុខ​នឹង​ការ​គម្រាម​កំហែង​ភេរវកម្ម ​ពី​សំណាក់​ពួក​អ៊ីស្លាម​ជ្រុល​និយម។ ស្ថិត​ក្នុង​កាលៈទេសៈ​នេះ ​ យើង​គ្រប់គ្នា​ ត្រូវធ្វើ​ចិត្ត​ឲ្យ​រឹងមាំ ​កុំ​តក់ស្លុត ​ហើយ​តាំងចិត្ត​ឲ្យ​ម៉ឺងម៉ាត់​ជា​ទី​បំផុត។ គ្មាន​អ្វី​មួយ​អាច​មក​បំភ័យ​ រឺ​បំបាក់​ស្មារតី​របស់​បារាំង ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ភេរវកម្ម​នេះ​បាន​ទេ។ យើង​នឹង​បន្ថែម​ប្រតិបត្តិការ​ បេសកកម្ម​កម្ទេច​ក្រុម​ជីហាដ​អ៊ីស្លាម​ជ្រុល​និយម​នេះ ​ នៅ​ស៊ីរី​និង​នៅ​អ៊ីរ៉ាក់។ ហើយ​យើង​បន្ត​តាម​កម្ចាត់​ក្រុម​ព្រៃផ្សៃ​នេះ ​ដែល​បាន​មក​វាយ​ប្រហារ​ភេវកម្ម ​ នៅ​ក្នុង​ទឹកដី​របស់​យើង។
 
ខ្ញុំ​បាន​សម្រេច​ថា ​យើង​ត្រូវ​តែ​បន្ត​បេសកកម្ម​ពិសេស ​Sentinelle ​ដែល​បច្ចុប្បន្ន​កំពុង​ដាក់​ពង្រាយ​កម្លាំង​ទាហាន​ទាំង​អស់​១ម៉ឺន​នាក់​ទូទាំង​ប្រទេស ​ដើម្បី​ការពារ​សន្តិសុខ ​ បន្ថែម​លើ​ចំនួន​កង​អាវុធហត្ថ ​និង​នគរបាល ​ដែល​មាន​តួនាទី​នេះ​ស្រាប់។
 
ខ្ញុំ​ក៏​សម្រេច​ដែរ​ថា ​និង​បញ្ចេញ​កម្លាំង​ប្រតិបត្តិការ​បម្រុង ​ពោល​គឺ​កម្លាំង​ជំនួយ​របស់​កង​សមត្ថកិច្ច ​ទាំង​នគរបាល ​ទាំង​កង​អាវុធហត្ថ ​ដើម្បី​ជួយ​សម្រាល​បន្ទុក​ការងារ​ ក្នុង​បេសកកម្ម​ការពារ​សន្តិសុខ។ យើង​អាច​បញ្ជូន​កង​កម្លាំង​បម្រុង​ទាំង​នេះ​ ទីកាន់​ទី​តាំង​មុខ​សញ្ញា​គ្រោះថ្នាក់​ទូទាំង​ប្រទេស ​ជា​ពិសេស​គឺ​នៅ​តាម​ច្រក​ព្រំដែន។
 
ហើយ​ជា​ចុងក្រោយ​ ខ្ញុំ​បាន​សម្រេច​ថា ​ការ​ប្រកាស​ដាក់​ប្រទេស​ឲ្យ​នៅ​ក្នុង​ស្ថានភាព​អាសន្ន ​ ដែល​នឹង​ត្រូវ​ចប់​នៅ​ថ្ងៃ​ទី​២៦ ​កក្កដា​ខាង​មុខ​នេះ ​ គឺ​នឹង​ត្រូវ​បន្ថែម​ចំនួន​៣ខែ​ទៅ​មុខ​ទៀត។ សេចក្តី​ព្រៀង​ច្បាប់​ថ្មី​មួយ​ ​ទាក់ទិន​នឹង​បញ្ហា​នេះ ​នឹង​ត្រូវ​ដាក់​ស្នើរ​ទៅ​រដ្ឋសភា ​យ៉ាងយូរ​បំផុត ​ នៅ​សប្តាហ៍​ក្រោយ”៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ