អានតួអត្ថបទ
បារាំង-កីឡាបាល់ទាត់

Euro2016៖ បញ្ហា​សន្តិសុខ-សុវត្ថិភាព ​កាន់តែ​ធ្វើឲ្យ​អាជ្ញាធរ​បារាំង​ឈឺក្បាល

ការ​ប្រកួត​កីឡា​បាល់ទាត់​Euro 2016 ​នឹង​ត្រូវ​ចាប់ផ្តើម​បើក​នៅ​ថ្ងៃ​សុក្រ​ ស្អែក​នេះ ​ ដោយ​បារាំង​ជាប្រទេស​ម្ចាស់​ផ្ទះ ​ នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ រូម៉ានី។ នេះ​ជា​មហា​ព្រឹត្តិការណ៍​ដ៏ធំ​សម្រាប់​បារាំង ​ដែល​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ ​តែ​ក៏​ជា​ក្តី​ព្រួយ​បារម្ភ​មួយ​ដ៏​ធំ​ផង​ដែរ​ ព្រោះ​បារាំង​ត្រូវ​ធានា​ការពារ​សុវត្ថិភាព ​របស់​អ្នកគាំទ្រ​រាប់​លាន​នាក់។ យ៉ាងណា​មិញ ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ទៅ​ដល់​ ការ​គម្រាម​កំហែង​ ធ្វើ​ភេរវកម្ម ​ ជា​ពិសេស​គឺ​ក្រោយ​ពេល​ដែល​អ្នក​រៀបចំ ​បាន​សម្រេច​ចិត្ត​បើក​ឲ្យ​មាន​តំបន់​ Fan Zone ​ដែល​ជា​កន្លែង​ប្រមូលផ្តុំ​មើល​ការ​ផ្សាយ​បន្ត​ផ្ទាល់​ រាល់​ការ​ប្រកួត​ នៅ​តាម​ទីក្រុង​ធំៗ​ទាំង១០​ របស់​បារាំង។

មនុស្សយ៉ាងហោចណាស់ ជាង៦លាន​នាក់ ដែល​នឹង​មក​មើលការ​ផ្សាយ​​បន្តផ្តាល់​ការ​ប្រកូួត​​បាល់ទាត់ ​នៅតាម​Fan Zones
មនុស្សយ៉ាងហោចណាស់ ជាង៦លាន​នាក់ ដែល​នឹង​មក​មើលការ​ផ្សាយ​​បន្តផ្តាល់​ការ​ប្រកូួត​​បាល់ទាត់ ​នៅតាម​Fan Zones REUTERS/Eric Gaillard
ផ្សាយពាណិជ្ជកម្ម

មនុស្សម្នា បាក់ស្បាត ​ខ្លាច​មាន​ភេរវកម្ម​នៅ​បារាំង​ទៀត៖

បញ្ហា​សន្តិសុខ ​គឺជា​បញ្ហា​សំខាន់​បំផុត​ ហើយ​ដែល​អាជ្ញាធរ​បារាំង​ ខិតខំ​ប្រឹងប្រែង​ធ្វើ ​ព្រោះ​ថា​ដូច​យើង​ដឹង​ស្រាប់​ហើយ ​ ទីក្រុង​ប៉ារីស ​បាន​រង​ភេរវកម្ម​ផ្ទួនៗ​គ្នា ​នៅ​ឆ្នាំ​២០១៥។ ព្រឹត្តិការណ៍ ​ប្រកួត​កីឡា​បាល់ទាត់​ពាន​រង្វាន់​អឺរ៉ុប​លើក​នេះ​ គឺ​ជា​ព្រឹត្តិការណ៍​ធំណាស់។ បើ​តាម​ការ​ប៉ាន់ស្មាន​ មាន​មនុស្ស​ចូលរួម​ ដែល​ជា​អ្នក​គាំទ្រ​កីឡា​បាល់ទាត់​នោះ ​ ប្រមាណ​ជា​៨លាន​នាក់ ​ ហើយ​ក្នុង​នោះ​គឺ​២លាន​នាក់​ គឺ​​ជា​ជនបរទេស ​ដែល​ធ្វើ​ដំណើរ​មក​បារាំង ​ដើម្បី​ទស្សនា​ការ​ប្រកួត។

រដ្ឋាភិបាល​បារាំង ​បាន​ប្រកាស​ថា ​ការ​ការពារ​សន្តិសុខ​ នឹង​ត្រូវ​ធ្វើឲ្យ​បាន​កម្រិត​ខ្ពស់​បំផុត ​មិន​ថានៅ​តាម​ពហុកីឡាដ្ឋាន ​រឺ​ក៏​នៅ​តាម​ទី​ប្រជុំជន​នានា​ទេ។ មាន​ទីក្រុង​ធំៗ​របស់​បារាំង​ចំនួន​១០​ ដែល​នឹង​ត្រូវ​ទទួល​ធ្វើជា​អ្នក​រៀបចំ​ការ​ប្រកួត។ កម្លាំង​ការពារ​សន្តិសុខ ​ប្រមាណ​ជា​៩ម៉ឺន​នាក់ ​នឹង​ត្រូវ​ដាក់​ពង្រាយ ​នៅ​តាម​ទីតាំង​សំខាន់ ​ក្នុង​ឱកាស​ការ​ប្រកួត​ ដែល​មាន​រយៈពេល​មួយខែ​នេះ។ អាជ្ញាធរ​បារាំង​ ​ក៏​បាន​បង្កើត​កម្មវិធី​ទូរស័ព្ទ​មួយ​ផងដែរ ​ដើម្បី​អនុញ្ញាតិ​ឲ្យ​អ្នក​ប្រើប្រាស់ ​ធ្វើការ​ជូន​ដំណឹង​បន្ទាន់ ​ក្នុង​ករណី​មាន​ការ​សង្ស័យ​ថា​អាច​មាន​អំពើ​ភេរវកម្ម ​នៅ​ទី​កន្លែង​ណាមួយ។
 

ច្រកចូលរនាំដែក ត្រូវបាន​ដាក់​នៅជុំវិញ​Tour Eiffel
ច្រកចូលរនាំដែក ត្រូវបាន​ដាក់​នៅជុំវិញ​Tour Eiffel reuters

តែ​យ៉ាងណា​ក៏ដោយ​ សម្រាប់​អ្នក​ដែល​ខ្លាច ​ អ្នក​ដែល​មិន​ទុកចិត្ត​ ក៏​​គេ​នៅ​តែ​ព្រួយ​បារម្ភ​ដដែល។ ជាក់ស្តែង​ កីឡាករ​បាល់ទាត់​មួយ​ចំនួន ​បាន​ទាំង​ហាម​ប្រាម​មិន​ឲ្យ​ប្រពន្ធកូន ​រឺ​ក្រុម​គ្រួសារ​មក​មើល​ការ​ប្រកួត​នៅ​បារាំង​ទេ ​ដោយ​ខ្លាច​ក្រែង​មាន​ភេរវកម្ម។ ប៉ុន្តែ​សម្រាប់​ លោក​ហ្រ្វង់ស័រ ហូឡង់ ​ក៏ដូច​ជា​ក្នុង​នាម​រដ្ឋាភិបាល​បារាំង ​លោក​បាន​ប្រកាស​ថា ​គ្រប់​គ្នា​ដឹង​អំពី​គ្រោះថ្នាក់ ​តែ​បើ​យើង​សំងំ​នៅ​តែ​ក្នុង​ផ្ទះ ​មិន​ធ្វើ​អ្វី​សោះ​ មាន​ន័យ​ថា ​ពួកយើង​ចុះចាញ់​ពួក​ភេរវករ​យង់ឃ្នង​ទាំង​នោះ។ កីឡា​គឺ​បង្ហាញ​ពី​មិត្តភាព ​ភាតរភាព​រវាង​ជាតិសាសន៍​ទាំង​អស់ ​ដូច្នេះ​គ្រប់គ្នា​ត្រូវ​តែ​មាន​សិទ្ធិ​មាន​ឱកាស​សប្បាយ​រីករាយ ​ជាមួយ​នឹង​ការ​ប្រកួត​ទាំងនេះ ​ ដែល​បារាំង​មាន​កិត្តិយស​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

Fan Zones ​ទទួល​អ្នកគាំទ្រ​ជាង​៦លាន​នាក់៖
Fan Zones ​គឺ​មាន​ន័យ​ថា​ជា ​Zone​ រឺ​ក៏​បរិវេន​ដែល​គេ​រៀបចំ​សម្រាប់​ទទួល​អ្នក​គាំទ្រ​ទាំងអស់ ​ដើម្បី​មក​ទស្សនា​ការ​ផ្សាយ​បន្តផ្ទាល់។ ការ​ធ្វើ​របៀប​នេះ ​បាន​ចាប់​ផ្តើម​ដំបូង​កាលពី​ការ​ប្រកួត​បាល់ទាត់​Euro​2008 ​នៅ​ស្វីស​និង​អូទ្រីស។ កាលនោះ ​ពហុកីឡាដ្ឋាន​របស់​ប្រទេស​ទាំងពីរ​នេះ​ តូចៗ ​មិន​អាច​ដាក់​មនុស្ស​បាន​ច្រើន ​ ដូច្នេះ​ហើយ​គេ​ក៏​បង្កើត​ជា​បរិវេន​ពិសេស ​នៅ​ក្នុង​ទីក្រុង ​ដើម្បីឲ្យ​អ្នក​គាំទ្រ ​មក​មើល​ការ​ផ្សាយ​បន្ត​ផ្ទាល់​ជុំគ្នា។ គេ​មិនមែន​មាន​តែ​ការ​ផ្សាយ​បន្តផ្ទាល់​មួយ​មុខ​ទេ​ ​តែ​គេ​មាន​រៀបចំ​ជា​វេទិកា​ជជែក ​ ការ​លេងល្បែង​កម្សាន្ត​ផ្សេងៗ​ ទាក់ទិន​ទៅនឹង​កីឡា​បាល់ទាត់​ ហើយ​មាន​ការ​ប្រគុំ​តន្ត្រី ​ព្រមទាំង​ការ​លក់​ចំណី​អាហារ ​និង​ភេសជ្ជៈ​អី​ជាដើម។

សម្រាប់​Fan Zones​ ក្នុង​ឱកាស​ការ​ប្រកួត​Euro​2016​នេះ ​បារាំង​មាន​គម្រោង​បើក​នៅ​តាម​ទីក្រុងទាំង​១០ ​ដែល​មាន​រៀបចំ​ការ​ប្រកួត។ យោង​តាម​តួលេខ ​ តាម​ពហុកីឡាដ្ឋាន ​គឺ​ទទួល​មនុស្ស​ឲ្យ​ចូល​ទស្សនា​បាន​តែ​២លាន​៥សែន​នាក់ទេ ​តែ​Fan Zones ​វិញ​អាច​ទទួល​អ្នក​គាំទ្រ​បន្ថែម​ ដល់​ទៅ​៦លាន​៥សែន​នាក់​ឯណោះ ​ហើយ​ដោយ​មិន​គិត​ថ្លៃទៀត។ Fan Zones​ដែលធំ​ជាង​គេ ​គឺ​​នៅ​ទីក្រុង​ប៉ារីស ​ជាប់​នឹង​ជើង​Tour Eiffel ​តែម្តង ​ ដែល​តាម​គ្រោងទុក​ អាច​ទទួល​អ្នក​ចូលរួម​ដល់​ទៅ​៨ម៉ឺន​នាក់​ឯណោះ។ សាលា​ក្រុង​ប៉ារីស​បាន​បញ្ជាក់​ថា ​អេក្រង់​ផ្សាយ​បន្ត​ផ្ទាល់ ​មាន​ទំហំ​ដល់​ទៅ​៤២០​ម៉ែត្រ​ក្រឡា ​ដែល​នេះ​ជា​គឺ​ជា​អេក្រង់​ធំជាង​គេ​មិន​ធ្លាប់​មាន​ទេ។
 

Fan Zone នៅជើងTour Eiffel
Fan Zone នៅជើងTour Eiffel reuters

ការ​ព្រួយបារម្ភ​ នៅ​ពីក្រោយ​ការ​បើក​ឲ្យ​មាន ​Fan Zones៖
បញ្ហា​ចោទ​ គឺ​បញ្ហា​សន្តិសុខ។ កាលណា​បង្កើត​ Fan Zones ​នេះ ​មាន​ន័យ​ថា​នៅ​ជុំវិញ​នេះ ​ត្រូវ​ការពារ​សន្តិសុខ​ឲ្យ​បាន​ម៉ដ្ឋចត់។ ជាក់ស្តែង​នៅ​Tour Eiffel ​គេ​បាន​ធ្វើ​របង​ព័ទ្ធជុំវិញ ​ហើយ​សាងសង់នូ​វរ​នាំង​​និង​ច្រកចូល ​ប្រកប​ដោយ​សុវត្ថិភាព​ខ្ពស់។ អ្នក​ចង់ចូល ​ត្រូវ​កម្លាំង​សន្តិសុខ​ឆែកឆេរ ​ហើយ​គេ​មិន​ឲ្យ​យក​កាបូប​ចូលទេ ​គឺ​ចូល​បាន​តែ​ខ្លួន​ ប៉ុណ្ណោះ។ ធម្មតា​ទេ ​ពួក​ភេរវករ​វា​សម្លឹង​ទៅ​កន្លែង​ណា ​ដែល​មាន​ការ​ជួប​ជុំ​កកកុញ ​ដើម្បីធ្វើ​ឲ្យ​មាន​អ្នក​រងគ្រោះ​ច្រើន។

អ្វីដែល​គេព្រួយ​បារម្ភ​ មួយ​ទៀត​នោះ ​គឺ​ថា​តំបន់​ Fan Zones ​ទាំង​នេះ ​នឹង​ត្រូវធ្វើ​ឲ្យ​បែក​កម្លាំង​ការពារ​សន្តិសុខ ​មាន​ន័យ​ថា​គឺ ​គេ​ត្រូវ​ចែក​រំលែក​កម្លាំង ​មួយ​ផ្នែក​យក​ទៅ​ការពារ​នៅ​តាម​ពហុកីឡាដ្ឋាន ​ និង​មួយ​ផ្នែក​ត្រូវ​យក​មក​ការពារ​តំបន់ ​Fan Zones។ មាន​មតិ​មួយ​ចំនួន​ បាន​ប្រឆាំង​ដាច់​ខាត​ថា ​ដើម្បី​ការពារ​សន្តិសុខ​នៅ​ពហុកីឡាដ្ឋាន ​គឺ​គេ​មិន​ត្រូវ​បើក​ឲ្យ​មាន​ Fan Zones​នៅ​ខាងក្រៅ​ទេ។ តែ​មតិ​ខ្លះ​វិញ ​បាន​សំណូមពរ​ថា ​គួរណាតែ​បើក​ឲ្យ​មាន​ Fan Zones​នេះ ​នៅ​ពេល​ណា​ដែល​ទីក្រុង​នោះពុំ​​មាន​ការ​ប្រកួត​វិញ។ តាមធម្មតា ​កាល​វិភាគ​នៃ​ការ​ប្រកួត​ គឺ​ខុសៗ​គ្នា ​ដូច្នេះបើ​នៅ​ទីក្រុង​មួយ​មាន​ការ​ប្រកួត ​ គេ​មិន​ត្រូវ​បើក​ Fan Zones ​ទេ ​ដើម្បី​ទុក​កម្លាំង​សន្តិសុខ​ទៅ​ការពារ​នៅ​ពហុកីឡាដ្ឋាន។ តែ​មក​ទល់​ពេល​នេះ ​គឺ​នៅ​មិន​ទាន់​មាន​តំណឹង​ជាក់លាក់​ពី​អាជ្ញាធរ​ ថា​គេ​សម្រេច​យ៉ាង​ណា​ទេ។

បាតុកម្ម បាតុកម្ម  បាតុកម្ម
បាតុកម្ម​មិនចូល​ធ្វើការ ​កំពុងតែ​បន្ត​ធ្វើ​នៅឡើយ ​នៅ​ពាសពេញ​ប្រទេស។ ទីមួយ ​គឺ​បាតុកម្ម​របស់​សហជីព​នយោជិត​ខាង​សេវាកម្ម​ផ្លូវដែក។ នេះគឺ​ជា​បញ្ហា​ស្មុគស្មាញ​ជាងគេ​ ដោយសារ​តែ​ចរាចរណ៍​រថភ្លើង​ ត្រូវបាន​ជួប​ការ​រាំងស្ទះ​ខ្លាំង។ នៅ​បារាំង ​មនុស្សម្នា​ប្រើប្រាស់​សេវា​ដឹក​ជញ្ជូន​តាម​រថភ្លើង​ច្រើន​ណាស់ ​ដូច្នេះ​ពេល​មាន​បាតុកម្ម​ម្តងៗ​ ​ធ្វើ​ឲ្យ​អ្នក​ដំណើរ​មាន​ការ​លំបាក។ សម្រាប់​ការ​ប្រគួត​កីឡា​បាល់ទាត់​នេះ ​គឺ​គេ​បារម្ភថា​ វា​នឹង​បង្ក​ការ​លំបាក ​ដល់​ការ​ធ្វើ​ដំណើរ​របស់​អ្នក​គាំទ្រ​ទាំងអស់។

បន្ថែម​ពីនេះ​ទៀត ​ខាង​សហជីព​អ្នក​បើក​យន្តហោះ​របស់​ក្រុមហ៊ុន​ AirFrance ​ក៏​កំពុង​ត្រៀមខ្លួន​ធ្វើ​បាតុកម្ម​ដែរ។ ដូច្នេះ​បន្ថែម​ពី​បញ្ហា​ដឹក​ជញ្ជូន​តាម​ផ្លូវដែក ​ គឺ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស ​ក៏អាច​នឹង​ជួប​ការ​រាំងស្ទះ​ផងដែរ។ ហើយ​លើស​ពី​នេះទៀត ​នៅ​មាន​បាតុកម្ម​របស់​ក្រុម​ពលករ​អ្នក​ប្រមូល​សំរាម​ នៅ​ទីក្រុង​ប៉ារីស​ទៀត ​ដែល​បាន​បន្ត​ធ្វើ​៣​ថ្ងៃ​មក​ហើយ។

ដូច្នេះ​ក្រៅពី​បញ្ហា​សន្តិសុខ ​និង​បញ្ហា​គ្មាន​រថភ្លើង​ជិះ ​គឺ​ក្រុង​ប៉ារីស​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​អនាម័យ ​សណ្តាប់​ធ្នាប់​ក្រុង​ទៀត ​ដោយសារ​តែ​សំរាម​នៅ​កកកុញ ​គ្មាន​អ្នក​ប្រមូល។ រដ្ឋាភិបាល ​នៅ​តែ​បន្ត​ចរចា ​ជាមួយ​ក្រុម​សហជីព ​បើ​ទោះ​បី​ជា​ម្នាក់ៗ​នៅ​តែ​ចចេស ​ ទាមទា​ទៅ​តាម​ការ​ចង់បាន​របស់​ខ្លួន​ដដែល។ កាសែត​បរទេស​ជាច្រើន​បាន​សរសេរ​ថា ​បារាំង​ឆ្នាំនេះ​យីអ៊ុន​ដាក់​យក​តែមែន​ទែន។ ដូច្នេះ​គេ​សូម​ជូន​ពរ ​ឲ្យក្រុម​បាល់ទាត់​ជំរើស​ជាតិ​បារាំង​ ឈ្នះ​បាន​ពាន​Euro​ លើក​នេះ​ទៅ​ចុះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ