អានតួអត្ថបទ
រុស្ស៊ី-អាមេរិក-អឺរ៉ុប

អាមេរិក​សន្យាថា​នៅ​តែ​ជា​សម្ព័ន្ធមិត្ត​អឺរ៉ុប ​ខណៈ​រុស្ស៊ី​ប្រឹង​បញ្ចុះបញ្ចូល​ឲ្យ​ងាក​ទៅ​ខាង​ខ្លួន

ជំនួប​កំពូល​អន្តរជាតិ​នៅ​ទីក្រុង​មុយនិច ​ស្តីពី​បញ្ហា​សន្តិសុខ ​ បាន​ក្លាយ​ជា​ទីកន្លែង​ប្រកាស​អំពាវនាវ ​ពី​គោល​ជំហរ ​នៃ​ប្រទេស​មហាអំណាច ​ ក្នុង​បរិបទ​វិបត្តិ​រវាង​សហរដ្ឋ​អាមេរិក ​ សហភាព​អឺរ៉ុប ​និង​រុស្ស៊ី។ លោក​អនុប្រធានាធិបតី​អាមេរិក ​បាន​ប្រកាស​ថា ​អាមេរិក ​នឹងនៅតែ​ជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​បំផុត​របស់​អឺរ៉ុប ​ ហើយ​អាមេរិក ​នឹង​នៅ​តែ​ដើរ​តួនាទី​ចំបង​ ក្នុង​ការ​ការពារ​សន្តិសុខ​នៃ​តំបន់​អាត្លង់ទិក​ខាងជើង។​ ដោយឡែក ​លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​វិញ ​បាន​និយាយ ​ក្នុងន័យ​ផាត់​អឺរ៉ុប​ចោល ​​ថា ​រុស្ស៊ី​ចង់ឲ្យ​អាមេរិក ​និង​រុស្ស៊ី​កៀកស្មា​គ្នា​ឲ្យ​បាន​ស្និត ​តែ​ពីរនាក់ ​ដោយ​ឈរ​លើ​ផល​ប្រយោជន៍​ជាក់ស្តែង ​ដើម្បី​រក្សា​ស្ថិរភាព​សកលលោក។

លោក Mike Pence អនុ​ប្រធានាធិបតី​អាមេរិក​ ចាប់ដៃ​ ជាមួយ​លោកស្រី Angela Merkel
លោក Mike Pence អនុ​ប្រធានាធិបតី​អាមេរិក​ ចាប់ដៃ​ ជាមួយ​លោកស្រី Angela Merkel Reuters
ផ្សាយពាណិជ្ជកម្ម

ជាច្រើន​សប្តាហ៍​មក​ហើយ ​ដែល​រដ្ឋាភិបាល​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ និយាយ​មិន​ប្រាកដ ​ ម្តង​អញ្ចេះ​ម្តង​អញ្ចោះ ​ទាក់ទិន​ទៅ​នឹង​គោល​ជំហរ​របស់​អាមេរិក ​នៅ​ចន្លោះ​អឺរ៉ុប ​ និង​រុស្ស៊ី។ ទីបំផុត​ លោក​ Mike Pence​ អនុ​ប្រធានាធិបតី​អាមេរិក ​បាន​ថ្លែង​នៅ​ទីក្រុង​មុយនិច​ថា ​ចំណង​សម្ព័ន្ធមិត្ត​រវាង​អាមេរិក​ និង​អឺរ៉ុប​ គឺ​គ្មាន​អ្វី​មក​អាច​បំបែក​បានទេ។ នៅ​អាមេរិក ​នៅតែ​ជាមិត្ត ​និង​បន្ត​ដើរ​តួនាទី​ក្នុង​ការ​ការពារ​សន្តិសុខ ​ក្នុង​ក្រប​ខណ្ឌ​អង្គការ​សហប្រតិបត្តិការ​អាត្លង់ទិក​ខាង​ជើង ​ ហៅកាត់​ថា ​OTAN​ ជានិច្ច។

 
ចំពោះ​នាក់ទំនង​ជាមួយ​រុស្ស៊ី​វិញ ​លោក​អនុ​ប្រធានាធិបតី​ អាមេរិក​បាន​បញ្ជាក់​ថា ​សហរដ្ឋ​អាមេរិក​ នៅតែ​ប្រុង​ប្រយ័ត្ន​ជានិច្ច​ជាមួយ​រុស្ស៊ី។ ក៏​ប៉ុន្តែ​សហរដ្ឋ​អាមេរិក​ នឹង​ព្យាយាម​បញ្ចៀស​ការ​ប្រឈមមុខ​ដាក់គ្នា​ ហើយ​ងៀក​ទៅ​ចាប់ដៃ​ជាមួយ​រុស្ស៊ី​ លើ​វិស័យណា ​ដែល​អាច​ផ្តល់​ប្រយោជន៍​ឲ្យ​ទាំង​អស់​គ្នា។ យ៉ាងណា​មិញ​ទាក់​ទិន​នឹង​វិបត្តិ​អ៊ុយក្រែន ​ លោក​Mike Pence ​បាន​និយាយ​ថា ​លោក​ប្រធានាធិបតី​ដូណាល់​ ត្រាំ​ នៅតែ​ជឿជាក់​ថា ​គេអាច​មាន​លទ្ធភាព​ទាមទារ​ឲ្យ​រុស្ស៊ី ​គោរព​កិច្ច​ព្រមព្រៀង​សន្តិភាព​ ទីក្រុង​មីនស្គ៍។

សម្តី​របស់​លោក ​អនុប្រធានាធិបតី​អាមេរិក ​ ហាក់​មាន​ខ្លឹមសារ ​ ធ្វើឲ្យ​មហាអំណាច​នៅ​អឺរ៉ុប ​ មាន​ការ​កក់​​ក្តៅ​ក្នុង​ចិត្ត។ តែ​យ៉ាងណា​ក៏ដោយ ​ សម្រាប់​លោក ​Jean Marc Ayrault​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​បារាំង​ លោក​នៅ​តែ​មិន​ទុក​ចិត្ត​រដ្ឋាភិបាល​ថ្មី​របស់​លោក​ដូណាល់ ត្រាំ។ លោក​ថា ​ក្នុង​ពេល​មួយ​ខែ​មក​នេះ ​ រដ្ឋាភិបាល​ថ្មី​អាមេរិក ​ ប្តូរ​គោលជំហរ​ត្រឡប់ត្រឡិន ​មិន​អាច​ទុកចិត្ត​បាន​ទេ។ លោក​បន្ត​ថា ​ចូរ​យើង​កុំភ្លេច​ថា​ កាល​ពី​ប៉ុន្មាន​សប្តាហ៍​មុននេះ ​ គឺ​លោក​ដូណាល់ ត្រាំ​ ដែល​បាន​និយាយ​ក្នុង​ន័យ​បែប​សប្បាយចិត្ត ​ដែល​ឃើញ​សហភាព​អឺរ៉ុប​បែក​បាក់​គ្នា។ ជាង​នេះ​ទៅ​ទៀត ​លោក ​រដ្ឋមន្ត្រី​បារាំង​បាន​កត់​សម្គាល់​ថា ​ក្នុង​សម្តី​​របស់​លោក​អនុ​ប្រធានាធិបតី​អាមេរិក​ គឺ​មិនមាន​លើក​ឡើង​ពី​ សហភាព​អឺរ៉ុប​សូម្បីតែ​មួយ​ម៉ាត់។

ដោយ​ឡែក ​លោក​ រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី ​បាន​និយាយ​បែប​បញ្ចើច​បញ្ចើរ​ដាក់​អឺរ៉ុប​ថា ​ រុស្ស៊ី​មិន​យល់​ស្រប​ជា​មួយ​មេដឹកនាំ​ប្រទេស​មួយ​ចំនួន ​ដែល​ចោទ​រុស្ស៊ី​ថា​មាន​បំណង​បំផ្លាញ​ស្ថិរភាព​នយោបាយ​សកល​លោក។ លោក​បន្ត​ថា ​តាម​ការពិត ​គឺ​ប្រទេស​ទាំង​នោះ​ទេ ​ដែល​នៅ​តែ​ក្រាញ​ននាល ​មិន​ព្រម​មើល​ពី​កំហុស ​និង​ចំណុច​អវិជ្ជមាន​របស់​ខ្លួន។ លោក ​រដ្ឋមន្ត្រី​រុស្សី​បន្តថា​ រុស្ស៊ី​គ្មាន​ចង់​បាន​អ្វី​ក្រៅ​ពី​សម្ព័ន្ធភាព​ប្រកប​ដោយ​សមភាព​ជាមួយ​អាមេរិក​នោះ​ទេ ​ដើម្បី​រក្សា​ស្ថិរភាព​សកលលោក​សម័យ​ថ្មី។ ក្នុង​ន័យ​នេះ ​លោក​ Serguei Lavrov ​ ចង់​សំដៅ​ថា ​មាន​តែ​មហាអំណាច​ពីរទេ ​គឺ​អាមេរិក​ និង​រុស្ស៊ី ​ដែល​ត្រូវ​ចាប់​ដៃ​គ្នា​ដើម្បី​រក្សា​ស្ថិរភាព​សកល​លោក ​ ចំណែក​មហាអំណាច​លោក​ខាងលិច ​រឺ​អឺរ៉ុប​នោះ  ​គឺ​ជា​រឿង​ហួស​សម័យ​ទៅ​ហើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ